2015-08-28 rfa
ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន។
RFA
|
បញ្ហាផែនទីទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម នៅតែមានការខ្វែងគំនិតគ្នានៅឡើយរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង បើទោះបីជាអង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យខ្ចីផែនទីមកផ្ទៀងផ្ទាត់គ្នារួចហើយក្តី។
មន្ត្រីរដ្ឋាភិបាលចាប់ផ្ដើមប្រតិកម្មជាថ្មីទៀតទាក់ទងបញ្ហាផែនទី បន្ទាប់ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង បកស្រាយអំពីផែនទីដែលលោកទទួលបានពីបណ្ណាល័យសភាអាមេរិក ថា អាចខុសគ្នានឹងផែនទីរបស់រដ្ឋាភិបាល។
ប្រធានគណៈកម្មាធិការព្រំដែន លោក វ៉ា គឹមហុង នៅរសៀលថ្ងៃទី២៨ ខែសីហា បានធ្វើសន្និសីទកាសែតបដិសេធការអត្ថាធិប្បាយរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងលើទំព័រហ្វេសប៊ុក (Facebook) ថា លោក វ៉ា គឹមហុង កុហកក្នុងរឿងសុំចម្លងផែនទីពីបណ្ណាល័យសភាអាមេរិក។
កាលពីថ្ងៃទី២៦ ខែសីហា លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុក (Facebook) លោកថា លោកបានមករកផែនទីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington DC) ហើយបានរកឃើញ និងទទួលផែនទីបោនរបស់កម្ពុជា ចំនួន ២៦ផ្ទាំង ទាំងផែនទី ឌីជីថល (Digital) និងផែនទីក្រដាស។ លោកថា ផែនទីទាំងនេះប្រហែលជាអាចសម្ដេចតាយកមកសុំឲ្យសហរដ្ឋអាមេរិក ទទួលស្គាល់ខ្សែព្រំដែនកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៦៤។ ផែនទីទាំងនេះគ្មានត្រាយួន និងហត្ថលេខាលោក ឌិត មុន្ទី និងលោក លីវ វ៉ាន់ឡឺយ ឆ្នាំ១៩៨៥ ដូចផែនទីរដ្ឋាភិបាលទេ។ លោកបន្តថា លោក វ៉ា គឹមហុង កុហកថា គាត់មកយកផែនទីនៅទីនេះជាន់ទី៥ តាមពិតផែនទីនៅជាន់ក្រោមដី មិនមែននៅជាន់ទី៥ ដូចលោក វ៉ា គឹមហុង និយាយឡើយ ហើយប្រហែលជាគាត់មិនបានមករកផែនទីនៅទីនេះទេ។
ត្រង់ចំណុចនេះ លោក វ៉ា គឹមហុង ប្រតិកម្មថា ជាការមួលបង្កាច់រូបលោកទាំងស្រុង ពីព្រោះលោកមិនដែលបាននិយាយថា លោកយកផែនទីនៅអគារណា ជាន់ទីប៉ុន្មាននៅសហរដ្ឋអាមេរិក នោះទេ តាមពិតលោកគ្រាន់តែនិយាយថា ផែនទីដែលយកមកនោះ គឺទុកនៅកន្លែងធ្វើការលោកនៅជាន់ទី៥ ប៉ុណ្ណោះ៖ «ខ្ញុំគ្រាន់តែនិយាយថាអ៊ីចេះទេ ថាផែនទីនេះយើងមានយូរហើយ យើងដាក់នៅទីស្នាក់ការរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅជាន់ទី៥ ព្រោះជាជាន់ដែលគេរក ខ្ញុំទុកនៅកន្លែងហ្នឹង ហើយគាត់ទៅ ថាខ្ញុំរកឃើញនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក នៅជាន់ទី៥ ទៅវិញ គាត់និយាយប្រកាច់ប្រកិនអ៊ីចឹង»។
លោកបន្តថា ផែនទីដែលលោក អ៊ុំ សំអាន ទើបទទួលបាន និងកំពុងរំភើបនោះ គឺរដ្ឋាភិបាលមានតាំងពីជាង ១០មុនម្ល៉េះ។
លោក វ៉ា គឹមហុង បានហៅការថ្លែងរបស់លោ អ៊ុំ សំអាន ម្តងហើយម្ដងទៀតអំពីបញ្ហាផែនទីដោយមិនទទួលយកលទ្ធផលផ្ទៀងផ្ទាត់ផែនទីកន្លងមកនោះ គឺជាការញុះញង់ធ្វើឲ្យខូចទំនាក់ទំនងអន្តរជាតិ នាំឲ្យមានអស្ថិរភាពនៅតាមបណ្តោយព្រំដែន និងអស្ថិរភាពដល់សង្គមជាតិទាំងមូល។ លោកព្រមានទៀតថា ទង្វើទាំងនេះមិនអាចអត់អោនឲ្យបានទេ៖ «ឥឡូវគេថាបាត់ប៉ុន្មានពាន់ម៉ែត្រការ៉េទៀត? គឺថានិយាយផ្ដេសផ្ដាស ជាការញុះញង់ធ្វើឲ្យគេលែងទុកចិត្តមកលើរដ្ឋាភិបាល ធ្វើឲ្យចលាចលក្នុងសង្គមជាតិ»។
នៅរសៀលថ្ងៃទី២៨ ខែសីហា លោក អ៊ុំ សំអាន ដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិក មិនទាន់មានការឆ្លើយតបចំពោះការថ្លែងរបស់លោក វ៉ា គឹមហុង ក្នុងសន្និសីទកាសែតថា យ៉ាងណានោះទេ។
ទាក់ទងនឹងបញ្ហាផែនទីនេះដែរ ប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច កាលពីថ្ងៃទី២៧ សីហា ផ្ញើលិខិតជូនលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីខ្ចីផែនទីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីដែលក្រុមស្រាវជ្រាវទទួលបានពីភាគីនានា។ ឆ្លើយតបរឿងនេះ លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោកនឹងរៀបចំជូនតាមសំណើនៅពេលឆាប់ៗខាងមុខនេះ។
ក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៤ សីហា បានផ្ទៀងផ្ទាត់ផែនទីដែលខ្លួនទទួលបានពីភាគីនានារួចហើយ ក្នុងនោះរួមមានផែនទីរបស់រដ្ឋាភិបាលចំនួន ២៦ផ្ទាំងផែនទីពីគណបក្សសង្គ្រោះជាតិ ចំនួន ២៤ផ្ទាំង ផែនទីពីបណ្ណាល័យព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំនួន ២៦ផ្ទាំង ផែនទីពីអង្គការសហប្រជាជាតិ ចំនួន ១៨ផ្ទាំង និងផែនទីពីបណ្ណាល័យវិទ្យាស្ថានភូមិសាស្ត្រជាតិបារាំង ចំនួន ២៦ផ្ទាំង។ ក្រោយការផ្ទៀងផ្ទាត់ក្រុមស្រាវជ្រាវអះអាងថា ផែនទីទាំងអស់គឺសុទ្ធតែដូចគ្នាទៅនឹងផែនទីរបស់រដ្ឋាភិបាលដែលកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម៕
1 comment:
ឆ្កែ វា៉ គិមហុង កំពុងប្រើឥទ្ធិពលសំឡុត អោយពួកCPP មានចារិកដូចគ្នា ហើយអួតផាខ្លួនជាបង្រួបបង្រួមជាតិ ឬ ស្នេហាជាតិ តែអ្វីៗជាក្លែងបន្លំបោកប្រាស នឺងឃោសនាបំ ភាន់មតិសាធារណៈ អោយប្រជាពលរដ្ឋយល់ច្រឡំ សព្វផ្ងៃគេកំពុងលេងឆាកល្បែងបំបែកអ្នកស្នេហាជាតិ ដោយជួលពួកអ្នកដែលគាំទ្រតាមfacebookឬអ្នកមានប្រជាប្រីយ ដូចជាលោកម្នាក់ធ្លាប់ដឺកនាំខាងកសិកម្មឥឡូវត្រូវឈប់ផ្នែកកសិកម្មមកឈរឈ្មោះជាគណបក្សមួយដើម្បីបំបែកសន្លឺកឆ្នោត យើងធ្លាប់ដឺងហើយបក្សផ្មីមិនដែលបានសន្លឺក ឆ្នោតច្រើនទេ តែគេចង់បំបែកជាចំណែកៗ ដើម្បីកុំអោយបក្សសង្រ្គោះជាជាតិមានអ្នកគាំទ្រសន្ធឺកសន្ធាប់ដូចមុនឦដោយមានលោក ម៉ម សាណន់ដូ,មកជួយវាយបំបាក់,ឯ សួន សេរិរដ្ឋា នឺង ខិម វាសនា ជាមនុស្សឡប់ៗ មិនអាចមានអ្នកគាំទ្រច្រើនទេ នឺងមានបក្សដ៏ទៃជាច្រើនទៀត ដូច្នេះបងប្អូនអ្នកស្នេហាជាតិត្រូវប្រុងប្រយ័ត្តចាញ់ឃោសនាពួក ដៃជើងហុនសែន នេះជាល្បិចដែលហុ៊នសែនយកមកប្រើក្នុងពេលនេះ បើពួកគេប្រាកដជាស្នេហាជាតិដូចគេប្រកាសជារឿយៗមែន គេនឺងមករួបរួមជាមួយបក្សសង្រ្គោះជាតិ ដើម្បីវាយសត្រូវតែមួយទាំងអស់គ្នា ព្រោះសត្រូវរបស់យើងជាបុរសខ្លាំង គេគ៏ដឺងដែរ ។
Post a Comment