លោក គីមសួរ ភិរិទ្ធិ សមាជិករដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ។ រូបថត គេហទំព័ររដ្ឋសភា |
Fri, 15 May 2015 ppp
វង្ស សុខេង
លោក គីមសួរ ភិរិទ្ធិ សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិបានលាតត្រដាងនូវប្រវត្តិនយោបាយរបស់លោក ដែលធ្វើជាអ្នកតំណាងរាស្រ្ត ២០ ឆ្នាំ មកហើយគឺមានគោលដៅនយោបាយតែមួយគត់ដើម្បីចង់ឲ្យមានការផ្លាស់ប្តូររបៀបដឹកនាំប្រទេសតាមរយៈការបោះឆ្នោតដើម្បីប្រយោជន៍ជាតិ។
លោកនិយាយថា៖ «ជីវិតនយោបាយរបស់ខ្ញុំ គឺដើម្បីការផ្លាស់ប្តូរមួយ ដែលមិនបង្កឲ្យមានអំពើហិង្សានៅក្នុងសង្គម និងឆន្ទៈនយោបាយ ដើម្បីផលប្រយោជន៍ជាតិ។ ២០ ឆ្នាំហើយ បើអាចធ្វើឲ្យមានការផ្លាស់ប្តូរបាន នាពេលបោះឆ្នោតខាងមុខ ខ្ញុំនឹងចូលនិវត្តន៍ ដើម្បីទុកឱកាសនយោបាយឲ្យយុវជនស្រករក្រោយ»។
លោក ភិរិទ្ធិ បានចាប់ផ្ដើមប្រឡូកក្នុងជីវិតនយោបាយ ក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩៣ ក្នុងអំឡុងពេលដែលគណបក្ស ហ៊្វុនស៊ិនប៉ិច មានការបែកបាក់ផ្ទៃក្នុង ជាពិសេសនៅពេលដែលមានការបណ្ដេញលោក សម រង្ស៊ី ចេញពីគណបក្ស ហ៊្វុនស៊ិនប៉ិច និងដកលោកចេញពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។
«ដោយសារខ្ញុំមានមនោសញ្ចេតនាជួយគណបក្ស ហ៊្វុនស៊ិនប៉ិច ពេលនោះគោលបំណងសំខាន់របស់ខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរមេដឹកនាំនៅក្នុងប្រទេសកម្ពុជា ដើម្បីស្ដារឡើងវិញនូវអ្វីដែលប្រជាពលរដ្ឋបានផ្ដល់ការទុកចិត្តឲ្យមានការផ្លាស់ប្តូរក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ខ្ញុំក៏ចូលរួមនៅក្នុងក្រុមការងារមួយគេហៅថាក្រុមការងារចំពោះកិច្ចដើម្បីរៀបចំបង្កើតនូវសមាសភាពផ្សេងៗដើម្បីបង្កើតគណបក្សជាតិខ្មែរ ហើយនៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ១៩៩៥ បង្កើតបានគណបក្សជាតិខ្មែរ ពេលនោះហើយគឺជាការចាប់ផ្ដើមនូវជីវិតនយោបាយរបស់ខ្ញុំ»។
គោលបំណងរបស់លោក គឺប្រឆាំងនឹងភាពអយុត្តិធម៌ និងការប្រព្រឹត្តអំពើពុករលួយនៅក្នុងសង្គម។ មុនឈានជើងប្រឡូកនៅក្នុងឆាកនយោបាយ លោកភិរិទ្ធិបានបញ្ចប់ការសិក្សាក្នុងអំឡុងឆ្នាំ ១៩៨៩ ទន្ទឹមគ្នានឹងកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា។
«ខ្ញុំរៀនចប់ជំនាញជាវេជ្ជបណ្ឌិត ចំពេលដែលយួនដកចេញពីស្រុកខ្មែរ អ៊ីចឹងខ្ញុំត្រូវតែបង្ខំចិត្តធ្វើគ្រូពេទ្យវះកាត់នៅសមរភូមិមុខជាមួយអង្គការកាកបាទក្រហមអន្តរជាតិ នៅពេទ្យយោធានៅខេត្តបាត់ដំបង និងពេទ្យស៊ីវិល នៅមង្គលបុរីខេត្តបន្ទាយមានជ័យរយៈពេលពីរឆ្នាំទើបត្រឡប់មកមន្ទីរពេទ្យព្រះកុសុមៈទីក្រុងភ្នំពេញវិញជំនាញរបស់ខ្ញុំគឺវះកាត់ផ្នែកពោះ»។
លោកបន្តថា ដោយសារមានការរើសអើងផ្នែកនយោបាយនៅឆ្នាំ ១៩៩៨ លោកបានលាឈប់ធ្វើគ្រូពេទ្យ ខណៈពេលដែលលោកបានជាប់ជាតំណាងរាស្រ្តនៅខេត្តបន្ទាយមានជ័យក្រោយការបោះឆ្នោតឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០០៣ មានការបោះឆ្នោតថ្នាក់ជាតិសាជាថ្មីលោកក៏បានជាប់ជាតំណាងរាស្រ្តមួយអាណត្តិទៀតនៅក្នុងមណ្ឌលដដែល រហូតដល់ឆ្នាំ ២០០៨ ។
ការបោះឆ្នោតនៅឆ្នាំ ២០០៨ លោកបានជាប់ឆ្នោតសាជាថ្មីនៅក្នុងមណ្ឌលខេត្តកំពង់ចាមរហូតដល់បច្ចុបន្ន។
លោកបានថ្លែងថា៖ «ទោះបីខ្ញុំជាតំណាងរាស្រ្តជាប់គ្នារយៈពេល ២០ ឆ្នាំក៏ដោយក៏ខ្ញុំនៅតែផ្សារជាប់ជាមួយបច្ចេកទេសដែរគឺរាល់ចុងសប្ដាហ៍ខ្ញុំតែងតែយកជំនាញពេទ្យរបស់ខ្ញុំចុះមូលដ្ឋានជួយព្យាបាលមនុស្សចាស់តាមសមត្ថភាពដែលខ្ញុំមាន។ ខ្ញុំមានទស្សនវិស័យមួយថា បើសិនជាការដឹកនាំស្ថិតនៅក្នុងគណបក្សនយោបាយតែមួយ ហើយចេញពីប្រភពមួយ ដែលមាននិន្នាការកុម្មុយនីស្ត អ៊ីចឹងទេខ្ញុំគិតថា ប្រទេសកម្ពុជា នឹងជួបបញ្ហាច្រើនថែមទៀត ទាំងការអភិវឌ្ឍ បញ្ហាសង្គម និងអយុត្តិធម៌ ដូច្នេះហើយធ្វើឲ្យខ្ញុំចូលរួមនយោបាយដើម្បីធ្វើឲ្យមានកំណែទម្រង់មួយ ដោយចាប់ផ្ដើមសរសេរអត្ថបទឲ្យកាសែតសំឡេងយុវជនខ្មែរនាពេលនោះ»។
ដោយអ្នកសារព័ត៌មានទាំងនោះសុទ្ធតែជានិសិ្សតពេទ្យ និងជាសិស្សប្អូនៗរបស់លោក ភិរិទ្ធិ លោកភិរិទ្ធិ ដូចជារៀមច្បងគេ «វាអាចថា ជីវិតនយោបាយរបស់ខ្ញុំចាប់ផ្ដើមពីការសរសេរកាសែតដែរ ហើយក៏បានក្លាយខ្លួនធ្វើសកម្មភាពនយោបាយ»។
អ្វីដែលលោក ភិរិទ្ធិ មិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ៤ គ្រាប់ទៅលើហ្វូងបាតុករអហិង្សាមួយនៅមុខរដ្ឋសភាកាលពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ១៩៩៧ ដែលទាមទារឲ្យមានកំណែទម្រង់តុលាការ និងផ្ដល់ភាពយុត្តិធម៌ ដោយសារតែប្រព័ន្ធតុលាការបានក្លាយជាឧបករណ៍នយោបាយ ហើយលែងជាប្រព័ន្ធមួយដែលស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងសង្គម។
«នេះគឺជាព្រឹត្តិការណ៍មួយសំខាន់ដែលខ្ញុំមិនអាចបំភ្លេចបានគឺការគប់គ្រាប់បែកមកលើហ្វូងបាតុករ។ ខ្ញុំបានរងគ្រោះដោយត្រូវអំបែងគ្រាប់បែកពីរគ្រាប់ មួយនៅខាងខ្នងហើយទុករហូតមកដល់ពេលនេះមិនទាន់បានវះកាត់យកចេញទេ ហើយមួយទៀតត្រូវស្មងជើង ហើយគ្រាប់ទីបីមួយទៀតជាអំបែងធំមកបុកត្រូវចំភ្លៅខ្ញុំតែសំណាងល្អពេលនោះ ខ្ញុំមានទូរស័ព្ទប្រើហើយបានដាក់នៅក្នុងហោប៉ៅខោ អំបែងគ្រាប់នោះ បានជាប់នឹងថ្មទូរស័ព្ទ បើកុំមានទូរស័ព្ទរងជំនួសខ្ញុំអាចនឹងបាត់បង់ជីវិត។ នេះជាសំណាងរបស់ខ្ញុំ»។
លោក ភិរិទ្ធិ បានឲ្យដឹងទៀតថា មនុស្សមួយចំនួន រួមទាំងអ្នកកាសែត បានស្លាប់នៅក្នុងការគប់គ្រាប់បែកនោះ រហូតមកដល់ពេលនេះ ជនដៃដល់ មិនទាន់ត្រូវបានគេយកមកកាត់ទោសនៅឡើយទេ។ និទ្ទណ្ឌភាពនៅតែកើតមានបើកាលណាគ្មានការផ្លាស់ប្តូរនោះទេ។
«ខ្ញុំធ្វើនយោបាយចង់បានការផ្លាស់ប្ដូររបៀបដឹកនាំបើអ្នកនយោបាយដែលកាន់អំណាចមិនផ្លាស់ប្តូររបៀបដឹកនាំ មានតែយើងប្រឹងប្រកួតប្រជែង ដើម្បីឲ្យមានការផ្លាស់ប្តូរ និងឈានទៅរកកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ខ្ញុំគិតថា ប្រទេសកម្ពុជាមិនត្រូវការពេលយូរទៀតទេ ក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរពីព្រោះលទ្ធផលនៃការបោះឆ្នោតកន្លងមកនេះ ពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត»។
លោក ភិរិទ្ធិ មានជំនឿថា ឆ្នាំ ២០១៨ នឹងមានការផ្លាស់ប្តូរ។
លោក ភិរិទ្ធិ មានស្រុកកំណើតនៅទីរួមខេត្តកំពង់ចាមលោកបានចាប់ផ្ដើមសិក្សានៅក្នុងឆ្នាំ ១៩៦៥ ដែលមានឪពុកជាគ្រូបង្រៀន។
សម័យសង្គមរាស្រ្តនិយម រហូតដល់ឆ្នាំ ១៩៧០ លោកបានរៀនចប់បឋមសិក្សា ហើយឆ្នាំ ១៩៧៣ ជិតប្រឡងឌីប្លូម លោកក៏បានគេចចេញពីខេត្ត ដោយសារតែប្រទេសបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ហើយបានមកបន្តការសិក្សានៅភ្នំពេញ នៅសាលាយុគន្ធររហូតដល់ឆ្នាំដែលខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញ លោកបានរៀនចប់ថ្នាក់ទីមួយទំនើប។ ពេលខ្មែរក្រហមចូលភ្នំពេញលោកត្រូវបានជម្លៀសចេញទៅកំពង់ចាមធ្វើការក្នុងកងចល័តដូចគេឯងដែររហូតដល់បែក ១៩៧៩ ។
ឆ្នាំ ១៩៨២ លោកបានមកភ្នំពេញបន្តការសិក្សាប្រឡងជាប់បាក់ឌុបសម័យរដ្ឋកម្ពុជាហើយបានចូលរៀននៅសាកលវិទ្យាល័យពេទ្យរហូតដល់ឆ្នាំ ១៩៨៩ បានរៀនចប់ក្លាយជាវេជ្ជបណ្ឌិតតាំងពីពេលនោះមក។
«ខ្ញុំកើតនៅឆ្នាំ ១៩៥៩ ជីវភាពគ្រួសារមធ្យមព្រោះឪពុកខ្ញុំគ្រូបង្រៀនមានប្រាក់ខែច្រើនរស់នៅបានស្រួលនាជំនាន់នោះ។ ខ្ញុំរៀបការនៅឆ្នាំ ១៩៩៣ រហូតដល់ពេលនេះ មានកូនបីនាក់ក្នុងបន្ទុក ប្រុសពីរ ស្រីមួយ។ ពួកគេបានរៀនចប់មហាវិទ្យាល័យអស់ហើយ»។
លោកភិរិទ្ធិ គ្មានបំណងចង់ឲ្យកូនៗរបស់លោកចូលធ្វើនយោបាយដូចលោកនោះទេ ប៉ុន្តែទោះជាយ៉ាងណា លោកថា លោកក៏គ្មានសិទ្ធិ ហាមឃាត់កូនដែរ បើពួកគេមានសមត្ថភាព៕
No comments:
Post a Comment