តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប ទាមទារឲ្យរដ្ឋាភិបាលបង្ហាញផែនទីព្រំដែន ដែលបានប្រើប្រាស់សម្រាប់កំណត់ទឹកដីប្រទេសកម្ពុជា ដែលអតីតព្រះមហាក្សត្រ នរោត្តមសីហនុ បានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋខ្មែរឲ្យបានដឹង និងយល់ច្បាស់ពីអធិបតេយ្យភាពរបស់ខ្លួន។ ជាមួយគ្នានេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏គ្រោងនឹងសរសេរលិខិតទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំផែនទីព្រំដែនកម្ពុជា ដែលរដ្ឋាភិបាលអនុវត្តគ្រប់គ្រងទឹកដីបច្ចុប្បន្ននេះ បង្ហាញជាសាធារណៈដល់ប្រជាពលរដ្ឋទៀតផង។
សំឡេង៖
Listen to the voice here.
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលគ្រាន់អះអាងថា ខ្លួនបានអនុវត្តគ្រប់គ្រងព្រំដែនតាមរយៈផែនទីផែនទីបំពេញបន្ថែមខ្នាត១លើ១០០០០០ ប៉ុណ្ណោះ។ ប៉ុន្ដែផែនទីនេះមិនបានបង្ហាញជាសាធារណៈជន ដល់ប្រជាពលរដ្ឋឲ្យបានដឹងពីអធិបតេយ្យភាពរបស់ខ្លួននោះទេ សូម្បីតែរូបលោកផ្ទាល់ក៏មិនដែលបានឃើញផែនទីនោះផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ឧសភា លោក ម៉ៅ មុនីវណ្ណ ក៏ទាមទារឲ្យរដ្ឋាភិបាលបង្ហាញពីវិធីសាស្ត្ររបស់ខ្លួន ក្នុងការកំណត់ព្រំដែនឲ្យប្រជាពលរដ្ឋបានដឹង ដើម្បីបង្ហាញពីសុឆន្ទៈរបស់រាជរដ្ឋាភិបាល«ខ្ញុំនឹងធ្វើលិខិតស្នើ ក្នុងនាមអ្នកតំណាងរាស្ត្រ ព្រោះខ្ញុំរងចាំរដ្ឋាភិបាលបកស្រាយ ឥឡូវគាត់ឆ្លើយហើយ គាត់ឆ្លើយតបមកហើយ គាត់អះអាងថាគាត់យកផែនទីតម្កល់នៅអង្គការសហប្រជាជាតិ។ អ៊ីចឹងខ្ញុំនឹងស្នើ ខ្ញុំធ្វើលិខិតស្នើផែនទីនេះតែម្ដង បើបានផែនទីហ្នឹង យើងនឹងរកថវិកាធ្វើម៉េច យកមកថតចំលងផែនទីហ្នឹង ផ្សព្វផ្សាយជាសាធារណៈ។ ហើយយើងសុំវិធីសាស្ត្រក្នុងការបោះបង្គោលព្រំដែន ដែលរដ្ឋាភិបាលធ្វើជាមួយប្រទេសវៀតណាម»។
ជាមួយគ្នានេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន បានបញ្ជាក់ថា រូបលោកបានទទួលរបាយការណ៍ពីអ្នកស្នេហាជាតិម្នាក់ ដែលបានផ្ដល់ឯកសារទាក់ទងនឹងបញ្ហាព្រំដែននេះ ដោយក្នុងឯកសារបង្ហាញថា លោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានអនុវត្តកិច្ចការងារកន្លងមកតាមឯកសារព្រំដែន ដែលលោក វ៉ា គីមហុង បានស្នើសុំឯកសារចំលងពីប្រទេសវៀតណាម ដែលជាគូបដិបក្សព្រំដែនជាមួយកម្ពុជា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបានបន្ថែមយ៉ាងដូច្នេះថា៖«ក្នុងកំណត់ហេតុឆ្នាំ២០០៧ ចំណុចទី៥គឺគាត់ចំលងផែនទីខ្នាត១លើ១០០០០០ មកលើផែនទីUTMខ្នាត១លើ៥០០០០ ហើយយួនជាអ្នកចំលងឲ្យ ហើយបោះពុម្ពឲ្យ យើងយកពីយួនមក។ ហើយបើយើងចង់បានផែនទីដែលសម្ដេចតាតម្កល់នៅUN ហេតុអ្វីមិនទៅចំលងពីUN នៅប្រទេសបារាំង ហេតុអ្វីទៅសុំពីយួន» ។
លោក អ៊ុំ សំអានបន្ដថា៖«ហើយនៅចំណុចទី៥នេះដែរ គឺសុំអ្នកបច្ចេកទេសយួន មកបណ្ដុះបណ្ដាលអ្នកបច្ចេកទេសខ្មែរ ហើយយួនជាគូបដិបក្ខរបស់យើង រឿងអីសុំឲ្យយួនបណ្ដុះបណ្ដាលខ្មែរយើង បើយួនថាភូមិ ហេង សំរិន ស្ថិតក្នុងដីយួន ដូចនេះយើងថាដីយួនដែរ? ដូច្នេះយើងខុសចំណុចនេះហើយ ដែលពឹងទៅលើយួនទាំងអស់ ទាំងអ្នកជំនាញ និងផែនទី គឺយកពីស្រុកយួន នេះនៅក្នុងកំណត់ហេតុនេះ។ ហើយកំណត់ហេតុនេះគឺលេចពីស្នេហាជាតិ គេឲ្យគឺជាសម្ងាត់តែម្ដង»។
ជុំវិញបញ្ហានេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីររូបនេះ ក៏បានលើកឡើងថា ផែនទីដែលរដ្ឋាភិបាលអះអាងកន្លងមក មិនមែនផ្អែកលើផែនទីខ្នាត១លើ១០០០០០នោះទេ ពោលគឺរដ្ឋាភិបាលគ្រាន់តែអះអាងយកផែនទីខ្នាត១លើ១០០០០០មកធ្វើជាមូលដ្ឋាន ដើម្បីបិទបាំងប្រជាពលរដ្ឋប៉ុណ្ណោះ។ ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏គ្រោងនឹងសរសេរលិខិតទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំផែនទីព្រំដែនកម្ពុជា ដែលរដ្ឋាភិបាលអនុវត្តគ្រប់គ្រងទឹកដីបច្ចុប្បន្ននេះ បង្ហាញជាសាធារណៈដល់ប្រជាពលរដ្ឋទៀតផង។
នៅក្នុងវីដេអូវេទិកាតុមូលដែលរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាម ដោយមានវត្តមានលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ឡុង វិសាលោ អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមផងដែរនោះ។ លោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានអះអាងថា រដ្ឋាភិបាលមានផែនទីចំលងមួយច្បាប់ចេញពីផែនទីដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ហើយផែនទីចំលងនោះ បានតម្កល់ទុកនៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
គួរបញ្ជាក់ថា បញ្ហាព្រំដែនដែលកំពុងក្លាយជាប្រធានបទក្ដៅនាពេលនេះ បានកើតឡើងក្រោយពីប្រជាពលរដ្ឋវៀតណាម បាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរ ចំនួន ១៦, ៦ ហិចតា និងបញ្ហានៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅតំបន់មួយចំនួនទៀត៕
No comments:
Post a Comment