2015-06-01
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលភ្នំពេញ ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ |
រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដំណើរការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើទោះជាមានភាពចម្រូងចម្រាសពីមជ្ឈដ្ឋានមួយចំនួន ដោយបារម្ភថា សេចក្ដីព្រាងច្បាប់នេះនឹងមិនល្អសម្រាប់ផលប្រយោជន៍សង្គម។
នៅថ្ងៃទី១ មិថុនា គណបក្សសង្គ្រោះជាតិ ក៏ចេញសេចក្ដីថ្លែងការណ៍មួយ ដោយអំពាវនាវដល់រដ្ឋាភិបាលឲ្យធានាដល់ការបើកចំហ និងមានតម្លាភាពក្នុងដំណើរការធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាល ថាគួររង់ចាំលទ្ធផលសេចក្ដីព្រាងនោះសិន។
មន្ត្រីរាជរដ្ឋាភិបាល ចាត់ទុកការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ថាគ្រាន់តែជាការកេងចំណេញសម្រាប់ផលប្រយោជន៍គណបក្ស។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងនៅល្ងាចថ្ងៃទី១ មិថុនា ថា សេចក្ដីថ្លែងការណ៍នេះមានទិសដៅទាក់ទាញអារម្មណ៍របស់គណបក្ស ឬហៅថា ប្រជាភិថុតិ មិនពាក់ព័ន្ធអ្វីនឹងសេចក្ដីព្រាងច្បាប់នោះទេ៖ «ខ្ញុំចង់ជម្រាបថា បើគណបក្សសង្គ្រោះជាតិ មានសុចរិត ហើយមានយុត្តិធម៌ជាមួយនឹង អិន.ជី.អូ (NGO) គួរគាត់ចូលរួមចំណែកយ៉ាងខ្លាំងនៅពេលការពិចារណា នៅពេលជជែកគ្នានៅសភា ជាជាងការចេញសេចក្ដីថ្លែងការណ៍ដែលអត់មានន័យ ដោយសារយល់ច្បាស់ហើយថា យើងខ្ញុំខាងរាជរដ្ឋាភិបាលបានផ្ដល់ឱកាស ដើម្បីទទួលអនុសាសន៍ពីភាគីពាក់ព័ន្ធ»។
លោក ផៃ ស៊ីផាន ថ្លែងទៀតថា ដំណាក់កាលនេះ គឺជាដំណាក់កាលសមត្ថកិច្ច និងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ហើយគណបក្សសង្គ្រោះជាតិ គួរតែផ្ចង់អារម្មណ៍របស់ខ្លួននៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តច្បាប់ដែលការពារផលប្រយោជន៍របស់ពលរដ្ឋ ដែលខ្លួនជាតំណាង។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចេញសេចក្ដីថ្លែងការណ៍នេះ គឺអំពាវនាវដល់រដ្ឋាភិបាលឲ្យធានាថា ខ្លួនបានបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ជាពិសេសសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមផ្ដល់យោបល់ នៅមុនពេលសេចក្ដីព្រាងច្បាប់នេះបញ្ជូនមកដល់រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត។ លោក យឹម សុវណ្ណ ថ្លែងថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យដាក់សេចក្ដីព្រាងច្បាប់នេះក្នុងវេទិកាពិគ្រោះយោបល់សាធារណៈ មិនមែនជាបញ្ហានយោបាយទេ៖ «គ្មានចង់បានចំណេញផ្នែកនយោបាយអីទេ។ យើងចង់ឲ្យប្រទេសជាតិយើង ប្រជាពលរដ្ឋយើងចំណេញ ហើយសង្គមស៊ីវិលធ្វើការបម្រើប្រយោជន៍ជាតិមកដល់សង្គមច្រើនណាស់ ជួយរដ្ឋាភិបាលច្រើនណាស់ ហើយនៅក្នុងដំណើរការនៃការធ្វើច្បាប់ ជាធម្មតា យើងត្រូវប្រមែប្រមូលមតិយោបល់ពីមជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ មុននឹងធ្វើសេចក្ដីព្រាងច្បាប់ ហើយមុននឹងច្បាប់ហ្នឹងចូលទៅដល់រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត។ បើសិនជាយើងចាំដល់សភាពិភាក្សា និងអនុម័ត ហើយបានទៅសួរយោបល់សង្គមស៊ីវិល ភាគីពាក់ព័ន្ធ អាហ្នឹងវាយឺតពេលទៅហើយ។ អ៊ីចឹងដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យ ដំណើរការនៃការធ្វើច្បាប់ យើងត្រូវតែគិតជាមុន»។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ គូសបញ្ជាក់ថា ការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋាន ជាពិសេសសេរីភាពក្នុងបង្កើតសហជីព សមាគម ឬអង្គការសង្គមស៊ីវិល ជាគោលបំណងសំខាន់នៃច្បាប់នេះ។ ដូច្នេះ ច្បាប់នេះគប្បីការពារឆន្ទៈរបស់សហគមន៍មូលដ្ឋាន សមាគម និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលកំពុងប្រតិបត្តិការបម្រើផលប្រយោជន៍សង្គមខ្មែរទាំងមូល និងការចូលរួមវិភាគទានរបស់ពលរដ្ឋក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការការពារសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌។
កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា គណៈកម្មការជំនាញទី៥ រដ្ឋសភា នឹងមានសិក្ខាសាលាពិគ្រោះយោបល់ ទាក់ទងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
ទោះជាដូច្នេះក្ដី លោក ផៃ ស៊ីផាន បញ្ជាក់ថា នៅពេលនេះជាដំណាក់កាលធ្វើសេចក្ដីព្រាង គឺនៅមិនទាន់បង្ហាញអ្វីពីជំហររបស់រដ្ឋាភិបាលទេ។ លោកថា នៅពេលសេចក្ដីព្រាងច្បាប់ចប់ ទើបឃើញជំហររបស់រដ្ឋាភិបាល ហើយអ្នកពាក់ព័ន្ធផ្សេងទៀត អាចយកជំហររបស់ខ្លួនមកប្រជែងបាន៕
No comments:
Post a Comment