ដោយ ហង្ស សាវយុត
2015-06-01 rfa
ការខ្វែងគំនិតគ្នារវាងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ជាមួយនឹងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អំពីរឿងចាប់ឃុំខ្លួនអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ២នាក់ ដែលមានទំនាស់ដីធ្លីជាមួយសហគមន៍ដីសម្បទានវៀតណាម បានកើតមានរយៈពេលជាងកន្លះខែមកហើយ ដោយមិនអាចសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការបាន។
មន្ត្រីតុលាការខេត្តសៀមរាប ឲ្យដឹងថា កាលពី ៣ថ្ងៃមុន ព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ២រូប ដែលធ្លាប់ទទួលរងការរិះគន់យ៉ាងចាស់ដៃ បានដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រកាន់ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក អះអាងថា គេបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីតតាំងរឿងក្តីតាមផ្លូវច្បាប់ជាមួយនឹងព្រះរាជអាជ្ញារង ព្រមទាំងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ចំនួន ២រូប ប្រសិនបើតុលាការក្រុងភ្នំពេញ កោះហៅទៅសាកសួរនៅពេលណាមួយ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក នី ចរិយា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១ ខែមិថុនា ថា រហូតមកដល់ពេលនេះ គឺលោកនៅតែមិនទាន់បានទទួលព័ត៌មានច្បាស់លាស់ ជុំវិញរឿងមន្ត្រីតុលាការខ្លះនៅខេត្តសៀមរាប ដាក់ពាក្យប្ដឹងរូបលោកនៅតុលាការក្រុងភ្នំពេញ នៅឡើយទេ។ លោក នី ចរិយា បញ្ជាក់ថា នៅថ្ងៃទី២ ខែមិថុនា ខាងមុខ លោកនឹងចាត់មេធាវីឲ្យទៅតុលាការក្រុងភ្នំពេញ ដើម្បីឆែករឿងនេះ។ លោកបង្ហាញជំហរមិនតក់ស្លុតទេ បើទោះបីជាមន្ត្រីតុលាការខ្លះនៃខេត្តសៀមរាប ប្ដឹងចោទប្រកាន់រូបលោកមែនក៏ដោយ៖ «យើងត្រូវតែហ៊ានប្រឈមជាមួយបញ្ហាទាំងហ្នឹង ពីព្រោះអ្នកការពារសិទ្ធិមនុស្សត្រូវតែជួបបញ្ហាដូចនេះហើយ គឺមិនមែនតែរឿងមួយនេះទេ មានរឿងច្រើនហើយដែលយើងបានជួប»។
ប្រភពពីមន្ត្រីតុលាការខេត្តសៀមរាប បានបង្ហើបដោយមិនបញ្ចេញឈ្មោះថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប គឺលោក សុក កែវបណ្ឌិត បានផ្ទេរសិទ្ធិឲ្យមេធាវីម្នាក់ឈ្មោះ លោក ច័ន្ទ វិចិត្រ ដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ ប្រឆាំងនឹងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សុក កែវបណ្ឌិត និងលោក ច័ន្ទ វិចិត្រ ដែលជាមេធាវី ដើម្បីសុំការអធិប្បាយបានយ៉ាងណានៅឡើយ ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទសន្ទនា។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) តាំងតែពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ បានផ្សព្វផ្សាយព័ត៌មានជុំវិញរឿងមន្ត្រីតុលាការខេត្តសៀមរាប ប្ដឹងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក នេះ។ ការដកស្រង់មកផ្សព្វផ្សាយបញ្ជាក់ថា លោកមេធាវី ច័ន្ទ វិចិត្រ បានដាក់ពាក្យប្ដឹង លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចំនួន ៣ករណី គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ (តុលាការ) តាមមាត្រា៣០៥ មាត្រា៣១១ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។
ការប្ដឹងចោទប្រកាន់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក នេះ បានធ្វើឡើងបន្ទាប់ពី លោក នី ចរិយា បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅ រិះគន់ព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ម្នាក់ទៀត គឺលោក គឺ ឬទ្ធី ថាបានចាប់ឃុំខ្លួនអ្នកភូមិ ២នាក់ នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ដែលមានទំនាស់ជាមួយសហគមន៍ដីសម្បទានវៀតណាម មិនត្រឹមត្រូវតាមនីតិវិធីច្បាប់។
សង្គមស៊ីវិល សម្ដែងការសោកស្ដាយចំពោះមន្ត្រីតុលាការ ដែលបានដាក់ពាក្យប្ដឹងអង្គការសិទ្ធិមនុស្សនេះ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរទាំងពីររូបរបស់តុលាការខេត្តសៀមរាប មិនបានអនុវត្តខុសច្បាប់ក្នុងរឿងចាប់ប្រជាពលរដ្ឋ ២នាក់ឃុំខ្លួននោះទេ ហេតុអ្វីក៏មិនធ្វើការពិនិត្យឡើងវិញនៅពេលដែលអង្គការក្រៅរដ្ឋាភិបាល ធ្វើការរិះគន់ ចាំបាច់ខ្វែងគំនិតគ្នារហូតដល់ដាក់ពាក្យប្ដឹងធ្វើអ្វី៖ «ប្រព័ន្ធតុលាការ ហើយប្រព័ន្ធអយ្យការក៏ជាអ្នកអនុវត្តន៍ច្បាប់ ជាអ្នកផ្ដល់យុត្តិធម៌។ អ៊ីចឹងមួយចង់បានយុត្តិធម៌ និងមួយទៀតជាអ្នកផ្ដល់យុត្តិធម៌។ តើវាចាំបាច់អីត្រូវប្ដឹងផ្ដល់ និងឌឺដងដាក់គ្នា?»។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ យល់ថា ការដែលមន្ត្រីតុលាការខេត្តសៀមរាប ប្ដឹងសកម្មជនសិទ្ធិមនុស្សនេះ គឺជារឿងមួយមិនល្អទេ ពីព្រោះសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលរិះគន់មន្ត្រីខ្លះនៃតុលាការខេត្តសៀមរាប គ្មានចេតនាអ្វីផ្សេងក្រៅតែពីការចង់ពង្រឹងការអនុវត្តច្បាប់ឡើយ៕
No comments:
Post a Comment