ដោយ សិរីមុនី
2015-06-02
2015-06-02
មន្ត្រីសង្គមស៊ីវិល លើកឡើងថា កុមារកម្ពុជា មួយចំនួនក្លាយជាឧបករណ៍សម្រាប់រកលុយជូនម្តាយឪពុក។ ការប្រើប្រាស់កម្លាំងពលកម្មកុមារ បានកើតមានច្រើនទៅលើក្រុមគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ មិនថានៅទីជនបទ ឬនៅទីក្រុងនោះឡើយ។
កុមារមួយចំនួនរស់នៅតំបន់ជនបទ ត្រូវបង្ខំចិត្តធ្វើការងារធ្ងន់ៗជួយសម្រាលបន្ទុកឪពុកម្ដាយ ជួយដកសន្ទូង និងការងារផ្សងទៀត។ រីឯនៅទីក្រុងវិញ ឪពុកម្ដាយ ឬកុមារកំព្រាដើរសុំទាន លក់ផ្កា ជួយសម្អាតឡាន ម៉ូតូ តាមដងផ្លូវ ជាដើម។
នេះជាការលើកឡើងនៃកុមារម្នាក់ដែលមានមាឌតូចល្អិត សម្បុរស្រអែម សក់រលាស់ ស្បែកមានកមរមាស់ និងមានទឹកមុខស្លេកស្លាំង ដែលតែងតែដើរលក់ផ្កាជាប្រចាំនៅស្តុបកាណាឌីយ៉ា ក្រុងភ្នំពេញ។ កុមារម្នាក់នេះមានឈ្មោះថា ហេង។ ក្មេងប្រុសនេះមានអាយុ ៧ឆ្នាំ និងមានស្រុកកំណើតនៅអ្នកលឿង ខេត្តកណ្ដាល។ គាត់រៀនបានត្រឹមថ្នាក់ទី២ និងមានបងប្អូនប្រាំបីនាក់។ កុមារ ហេង បានរៀបរាប់ថា ប្អូនចង់រៀន និងមិនចង់មកលក់ផ្កាស្ថិតនៅក្រោមកម្ដៅថ្ងៃក្ដៅហែងនេះទេ។ ការដែលមកលក់ផ្កានេះ ដោយសារការបង្ខំពីម្តាយឪពុករបស់គាត់៖ «ជួនពេលខ្លះរកលុយបានយកទៅមើលម៉ែឈឺ និងពេលខ្លះពុកបង្ខំខ្ញុំឲ្យឈប់រៀន»។
កុមារម្នាក់ផ្សេងទៀតដែលតែងតែរត់ចុះរត់ឡើងនៅស្តុបអាងទឹកអូឡាំពិក ក្រុងភ្នំពេញ កុមារ សុជាតិ និយាយថា គាត់ទើបបានចូលរៀននៅអង្គការមួយក្នុងរាជធានីភ្នំពេញ។ ក្មេងប្រុសម្នាក់នេះបន្តថា គាត់ចង់រៀនឲ្យបានទៀងទាត់ដែរ ប៉ុន្តែនៅពេលទៅរៀនម្តងៗ ម្តាយឪពុករបស់គាត់តែងតែមើលមុខ ដោយការមិនពេញចិត្ត និងបង្ខំឲ្យគាត់ដើរសុំលុយអ្នកដំណើរ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ៖ «ដល់សាលា គ្រូខ្ញុំវ៉ៃរហូត កុំឲ្យឈប់កុំឲ្យឈប់ ឈប់រហូត»។
កុមារនៅក្នុងទីក្រុងខ្លះមានឪពុកម្ដាយរស់នៅជាមួយខ្លះទៀតមកពីតាមបណ្ដាខេត្ត ប្រមូលផ្ដុំគ្នាដើម្បីដើរសុំទាននៅតាមស្តុបមួយចំនួនក្នុងរាជធានីភ្នំពេញ។ មួយចំនួនទៀតនៃពួកគាត់ បានប្រើប្រាស់គ្រឿងញៀន ហិតកាវ គ្មានអាណាព្យាបាលគ្រប់គ្រងច្បាស់លាស់ទេ។ ពួកគេដើរផ្សងព្រេងរកលុយដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃ។ កុមារខ្លះ បានចងគ្នាជាក្រុមដើរលក់ផ្កាឲ្យអ្នកធ្វើដំណើរនៅតាមស្ដុបក្នុងរាជធានីភ្នំពេញ។
កុមារដើរបោសសម្អាតឡានអ្នកដំណើរ និងសុំលុយនៅតាមដងផ្លូវមួយនារាជធានីភ្នំពេញ។ រូបថតថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥។ RFA/Chanthuna |
ការប្រើប្រាស់កម្លាំងពលកម្មកុមារទាំងនេះ ទោះជាបង្ខំ ឬមិនបង្ខំក្ដី គឺជាការរំលោភសិទ្ធិកុមារធ្ងន់ធ្ងរ ហើយខុសនឹងអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលកម្ពុជា ក្លាយជារដ្ឋភាគីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។
ថ្ងៃទី១ មិថុនា នេះ គឺជាទិវាកុមារអន្តរជាតិ និងទិវាកុមារជាតិកម្ពុជា ដែលកុមារជាច្រើនទៀតរស់នៅក្នុងស្ថានភាពគ្រួសារមធ្យម និងកូនអ្នកមានជាដើម បានឈប់សម្រាកពីការសិក្សា ហើយត្រូវបានអាណាព្យាបាលនាំទៅដើរកម្សាន្តនៅកន្លែងកម្សាន្តនានា។ ខ្លះទៀត ទៅលេងនៅផ្សារទំនើប និងហូបអាហារជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគាត់។ ស្ថានភាពនេះ បើប្រៀបធៀបនឹងកុមារនៅតាមចិញ្ចើមផ្លូវដើរសុំទាន ឬដើរលក់ផ្កានោះ ពួកគាត់មានវាសនាខុសគ្នាស្រឡះ។
អ្នកឯកទេសសុវត្ថិភាពកុមារនៃអង្គការមិត្តសំឡាញ់ លោក សែម រតនា លើកឡើងថា ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់លោកតែងមកយកក្មេងដែលសុំទាននៅតាមភ្លើងស្តុបទៅរៀន។ លោកបន្តថា ភាគច្រើន កុមារទាំងនេះចូលចិត្តរៀន និងរៀនបានពូកែ។ ទោះជាយ៉ាងនេះក្តី លោកអះអាងថា កុមារដែលដើរសុំទានតាមភ្លើងស្តុប មិនបានទៅរៀនទៀងទាត់ប៉ុន្មានទេ ដោយសារតែការផ្លាស់ប្ដូរទីលំនៅ មិនមានការជំរុញ និងលើកទឹកចិត្តពីឪពុកម្ដាយដើម្បីបញ្ជូនកូនឲ្យទៅរៀន៖ «១២៨នាក់ទាំងចាស់ទាំងក្មេង គួរកុំឲ្យលុយគាត់ កាលណាយើងឲ្យលុយ យើងទិញផ្កា ការឲ្យសម្ភារៈហាក់គាំទ្រឲ្យមកនៅនឹងភ្លើងស្តុបអ៊ីចឹង។ យើងចង់ឲ្យគាត់ចាកចេញពីជីវិតតាមថ្នល់ និងមានការងារធ្វើត្រឹមត្រូវ»។
លោក សែម រតនា បញ្ជាក់ថា ការដែលកុមាររស់នៅជាប្រចាំតាមសួនផ្កា តាមសំយាបផ្ទះ គឺខ្វះអនាម័យ ខ្វះភាពកក់ក្តៅ ហើយអាចប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ លោកបន្តថា គ្រួសារ គឺជាទីជម្រកដ៏មានន័យក្នុងជីវិត ហើយឪពុកម្ដាយត្រូវតែផ្តល់ឱកាសឲ្យកុមារបានសិក្សា ដើម្បីអាចផ្លាស់ប្ដូរជីវិតរបស់គាត់នៅពេលអនាគត។
ស្ត្រីម្នាក់ដែលកំពុងរាប់លុយដែលមានក្រដាស ១០០ ៥០០ ១០០០ ២០០០ ដែលបានមកពីការសុំទានរបស់កូនគាត់និយាយថា គាត់មិនចង់ឲ្យកូនដើរសុំទានគេទេ ប៉ុន្តែមកពីក្រុមគ្រួសាររបស់គាត់ក្រ គ្មានដីស្រែធ្វើ និងម្យ៉ាងជំពាក់លុយគេច្រើនពេក។ គាត់ប្រើកូនគាត់ទាំងបង្ខំចិត្ត និងគ្មានជម្រើស។ ស្ត្រីវ័យចំណាស់ម្នាក់ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង នេះបន្តថា បើសិនគាត់មានការងារ មានដីស្រែចម្ការធ្វើត្រឹមត្រូវនឹងគេ ម្ល៉េះលោកស្រីនឹងឈប់សុំទានទៀតហើយ៖ «ព្រោះតែក្រហ្នឹងហើយ បានជាដាច់ចិត្តមកសុំទាន ឡានដេញចាប់ អត់ចេះជួយមើលអ្នកក្រផង»។
បុរសម្នាក់អង្គុយលើរទេះជនពិការ ដៃ និងជើងស្វិតទាំងអស់ រួមទាំងពិការភ្នែកស្តាំផងនោះប្រាប់ថា លោកពិតមិនចង់នាំកូនមកសុំទានគេនោះទេ។ លោកចង់ឲ្យកូនបានរៀនសូត្រនឹងគេ ក្រែងអនាគតអាចមានជីវិតល្អប្រសើរជាងលោក។ លោកនិយាយបន្តើរទឹកមុខប្រែពណ៌ពីខ្មៅមកជាក្រហម អមនឹងការរមៀលចុះនៃទឹកភ្នែកទាំងមិនបានព្រៀងទុក៖ «ចង់ចោទសួរសម្ដេច ហ៊ុន សែន ដែរថា ហេតុអ្វីបានគាត់អត់គិតគូរជនពិការសោះចឹង ខ្មាសសាសន៍គេដទៃទៀតណាស់»។
លោកបន្តថា ក្នុងគ្រួសាររបស់លោកមានជនពិការបីនាក់ ហើយគ្មាននរណារកស៊ីចិញ្ចឹមនោះទេ។ លោកអះអាងថា ឲ្យតែរដ្ឋាភិបាលមានផែនការជួយលោកពិតប្រាកដ ដោយបង្កើតការងារឲ្យលោកធ្វើ ហើយប្រាក់ខែអាចចាយបាន លោកនឹងឈប់សុំទានភ្លាម។
បុរសអ្នកដំណើរម្នាក់លើកឡើងថា លោកមិនពេញចិត្តចំពោះការដើរសុំទានរបស់ក្មេងៗទាំងនេះទាល់តែសោះ៖ «កុំឲ្យនៅសុំទានអ៊ីចឹង វាប៉ះពាល់ដល់សុខភាព វាគ្រោះថ្នាក់ ធ្វើអ៊ីចឹងក្មេងទម្លាប់អត់ល្អ ក្មេងខូចអនាគត»។
កុមារីម្នាក់ដែលអាយុត្រឹម ៨ឆ្នាំ និងកំពុងរៀនថ្នាក់ទី២ នៃអង្គការមួយក្នុងរាជធានីភ្នំពេញ និយាយថា គាត់មិនចង់ដើរសុំទានទេ តែបើមិនសុំលុយគេទេ ឪពុកនឹងរករឿងជាក់ជាមិនខាន៖ «ពេលខ្ញុំទៅរៀន ខឹងខ្ញុំ មិនប៉ាច់ទៅទេ ដល់ចឹងខ្ញុំខឹងអត់ទៅរៀនហ្មង»។
មាត្រា១៨ នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារឆ្នាំ១៩៨៩ ចែងថា រដ្ឋភាគីត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធានាការទទួលស្គាល់គោលការណ៍ដែលថា ឪពុកម្ដាយទាំងពីរមានការទទួលខុសត្រូវរួម ក្នុងការចិញ្ចឹមបីបាច់ និងធ្វើឲ្យកុមារមានការអភិវឌ្ឍ។ ការទទួលខុសត្រូវបឋមក្នុងការចិញ្ចឹមបីបាច់កុមារ នឹងធ្វើឲ្យកុមារមានការអភិវឌ្ឍ ត្រូវស្ថិតនៅលើឪពុកម្ដាយ ឬបើពុំនោះទេ អ្នកអាណាព្យាបាលស្របច្បាប់របស់កុមារ។ ពួកគេនេះ ត្រូវគិតមុនបង្អស់ដល់ឧត្តមប្រយោជន៍របស់កុមារ។
ដើម្បីធានា និងលើកស្ទួយសិទ្ធិដូចចែងក្នុងអនុសញ្ញានេះ រដ្ឋភាគីត្រូវផ្តល់ជំនួយសមស្របដល់ឪពុកម្តាយ និងអាណាព្យាបាលស្របច្បាប់របស់កុមារ ដើម្បីបំពេញតួនាទីចិញ្ចឹម អប់រំកុមារ និងធានាដល់ការបង្កើតឲ្យមានស្ថាប័ន គ្រឹះស្ថាន និងសេវាកម្មទទួលបន្ទុកថែទាំកុមារ។
ការរៀបចំផែនការចំពោះជីវិតកុមារសុំទានតាមភ្លើងស្តុបក្នុងក្រុងភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា សាលាក្រុងភ្នំពេញតែមួយមិនគ្រប់គ្រាន់នោះទេ គឺទាមទារឲ្យការចូលរួមពីស្ថាប័នពាក់ព័ន្ធដទៃផ្សេងទៀត។ លោកបន្តថា សាលាក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ នឹងយកក្មេងទាំងនោះទៅសាលា ដើម្បីទទួលបានការអប់រំនឹងគេ៖ «មានសង្កាត់រួមគ្នា ដើម្បីជួយទប់ស្កាត់ការសុំទានរបស់កុមារ។ នៅពេលខាងមុខ យើងនឹងអនឡាញសម្រាប់សាធារណជន ដើម្បីទាក់ទងប្រាប់កន្លែងដែលមានក្មេងសុំទាន»។
តាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ឆ្នាំ២០១៣ បង្ហាញថា ប្រជាជនខ្មែររស់នៅក្រោមបន្ទាត់ក្រីក្រមានចំនួន ២០,៥% ប្រជាជនជិតក្រីក្រ ហើយរងគ្រោះមានចំនួន ៦៥%។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី អះអាងថា ក្មេងអាយុពី ៦ ដល់ ១៤ឆ្នាំ ដែលរងគ្រោះដោយការប្រើប្រាស់កម្លាំងពលកម្មមានចំនួន ១៦% ហើយក្មេងក្រោមអាយុ ១៨ឆ្នាំ ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចមានចំនួន ៤៥%។
ទិវាកុមារអន្តរជាតិខួបលើកទី៦៦ឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ "លើកកម្ពស់អាហារូបត្ថម្ភប្រកបដោយគុណភាពដើម្បីកុមារ"។
មន្ត្រីសង្គមស៊ីវិលសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដើម្បីធានាថា កុមារមានសិទ្ធិស្មើគ្នាក្នុងការអប់រំ និងចំពោះមុខច្បាប់។
ម្តាយឪពុករបស់កុមារសុំទាន ទទូចឲ្យរដ្ឋាភិបាលត្រូវរៀបចំឲ្យពួកគាត់មានការងារ មានប្រាក់ខែសមរម្យ និងដីផ្ទះ ស្រែចម្ការធ្វើនឹងគេ។ ពួកគាត់អះអាងថា គាត់មិនចង់ឲ្យកូនដើរសុំទានគេនោះទេ ហើយចង់ឲ្យកូនៗរបស់ពួកគាត់មានការសិក្សាដូចកូនអ្នកដទៃទៀតដែរ៕
No comments:
Post a Comment