2015-06-03
ប្រជាពលរដ្ឋនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលរស់នៅជាប់ដងស្ទឹងសែន ព្រួយបារម្ភខ្លាចបាក់ដីច្រាំងស្ទឹង ប៉ះពាល់ដល់ដីស្រែចម្ការ និងផ្ទះរបស់ពួកគាត់នៅពេលខាងមុខ។ ការបារម្ភនេះ បន្ទាប់ពីមានសកម្មភាពបូមខ្សាច់នៅតំបន់នោះប្រមាណ ២ខែមកហើយ ដោយមិនមានការទប់ស្កាត់។ យ៉ាងណា អាជ្ញាធរបញ្ជាក់ថា ការបូមខ្សាច់នោះនឹងមិនបង្កផលប៉ះពាល់ដល់ពលរដ្ឋទេ ឲ្យតែពួកគេបូមតាមការកំណត់របស់អាជ្ញាធរ។
ពលរដ្ឋនៅភូមិកំពង់ជ្វា ឃុំគោល ប្រមាណ ១០០គ្រួសារ នាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងព្យាយាមឲ្យមានការបកស្រាយជុំវិញការបូមខ្សាច់ស្ទឹងសែន ពីសំណាក់ក្រុមហ៊ុនឯកជនមួយ។
តំណាងពលរដ្ឋម្នាក់រស់នៅភូមិកំពង់ជ្វា លោក នួន យ៉ែម ឲ្យដឹងថា មានគ្រឿងចក្រមួយគ្រឿងនៅប្រចាំការ និងរថយន្តដឹកខ្សាច់ពី ៦ ទៅ ៧គ្រឿងសម្រាប់នាំខ្សាច់ចេញពីតំបន់នោះ។ លោកថា តាមគម្រោងនៃការបូមខ្សាច់ គឺគេតម្រូវឲ្យបូមនៅផ្នែកខាងក្រោមស្ទឹង ឆ្ងាយពីភូមិប្រជាពលរដ្ឋ ប៉ុន្តែសកម្មភាពបូមបែរជានៅក្បែរៗតំបន់ពលរដ្ឋរស់នៅទៅវិញ៖ «ប៉ុន្តែវស្សានេះប្រាកដជាស្រុតហើយលោកគ្រូ ព្រោះមិនទាន់បូមផងវាស្រុតដែរ ប៉ុន្តែវាស្រុតតាមដំណើរវា»។
កាលពីខែមេសា កន្លងទៅ ពលរដ្ឋ ១០០គ្រួសារ នាំគ្នាផ្ដិតមេដៃប្ដឹងទៅអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ ដើម្បីឲ្យជួយដោះស្រាយបញ្ហាក្រុមហ៊ុនបូមខ្សាច់ ដែលកំពុងដំណើរការនៅចំណុចអូរបាក់ទូក ភូមិកំពង់ជ្វា។ ពលរដ្ឋហៅសកម្មភាពនោះថាគ្មានការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ទៀតផង។ ក្នុងពាក្យបណ្ដឹងរៀបរាប់ថា ការបូមខ្សាច់នឹងធ្វើឲ្យដីស្រែចម្ការ ផ្ទះសម្បែងរបស់ពលរដ្ឋបាក់ស្រុត ហើយនឹងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ជាដើម។
ឆ្លើយតបការបារម្ភនេះ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ធំ លោក នឹម ចន្ថា មានប្រសាសន៍ថា ម្ចាស់អាជីវកម្មបូមខ្សាច់នោះ គឺឈ្មោះ ជាវ ប៊ុនធឿន។ លោកពន្យល់ថា ម្ចាស់អាជីវកម្មរូបនោះបានស្នើសុំអាជ្ញាប័ណ្ណទៅក្រសួងរួចរាល់ហើយ ប៉ុន្តែនៅរង់ចាំការយល់ព្រមពីក្រសួងមកវិញ។ លោកអះអាងថា ថ្វីត្បិតតែមិនទាន់មានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ ប៉ុន្តែដំណើរការបូមខ្សាច់អាចប្រព្រឹត្តទៅបាន គឺមានការសិក្សាយ៉ាងលម្អិតពីសំណាក់គណៈកម្មការថ្នាក់ខេត្តរួចទៅ ហើយ។ ម្យ៉ាងទៀត ការបូមខ្សាច់តំបន់នោះ គឺមានការយល់ព្រមពីអាជ្ញាធរឃុំ ស្រុក និងខេត្ត ព្រមទាំងធ្វើឡើងតាមសំណើរបស់អាជ្ញាធរឃុំឈូក និងស្រុក ឲ្យយកខ្សាច់ពីបាតស្ទឹងចេញ ដើម្បីបញ្ចៀសបញ្ហាមួយចំនួន និងស្របពេលដៃគូរបស់ក្រុមហ៊ុននេះ ត្រូវការខ្សាច់ប្រញាប់ផង ទើបខេត្តអនុញ្ញាតឲ្យដំណើរការមុនពេលមានអាជ្ញាប័ណ្ណពីក្រសួង៖ «អ៊ីចឹងនៅក្នុងកំណត់ហេតុ គឺមានយ៉ាងល្អិតល្អន់ថា ឃុំស្នើសុំឲ្យយកអាហ្នឹងចេញដោយគាត់បារម្ភខូចខាត ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំគាត់»។
តាមគម្រោង អាជីវកម្មបូមខ្សាច់មួយនេះនឹងនាំផលិតផលខ្សាច់របស់ខ្លួនដែលបូម ចេញពីស្ទឹងសែន ទៅឲ្យក្រុមហ៊ុនចិន មួយឈ្មោះ ស៊ីណូហាយដ្រូ (Sino Hydro) និងក្រុមហ៊ុនចិន មួយទៀត ដើម្បីយកទៅធ្វើទំនប់ប្រឡាយនៅស្រុកស្ទោង និងនៅខេត្តសៀមរាប។ ចំនួនបរិមាណខ្សាច់ដែលក្រុមហ៊ុនឯកជននេះបានធ្វើកិច្ចសន្យាជាមួយ ក្រុមហ៊ុនចិន គឺចំនួន ៨ម៉ឺនម៉ែត្រគូប សម្រាប់រយៈពេល ៥ឆ្នាំ។
ប្រធានមន្ទីររ៉ែ និងថាមពល ដដែលអះអាងថា ការបូមខ្សាច់នៅឃុំឈូក នឹងមិនបង្កផលប៉ះពាល់ដល់ពលរដ្ឋនៅទីនោះទេ។ ផ្ទុយទៅវិញ ប្រជាសហគមន៍នឹងទទួលបានអត្ថប្រយោជន៍ថែមទៀត ឲ្យតែការបូមខ្សាច់នោះធ្វើឡើងតាមការកំណត់របស់អាជ្ញាធរ។ ជាមួយគ្នានេះ អាជ្ញាធរគ្រោងនឹងចុះទៅពន្យល់ប្រាប់ប្រជាពលរដ្ឋចំពោះបញ្ហានេះ។
យ៉ាងណា មេភូមិកំពង់ជ្វា លោក វ៉ាន់ សេស បញ្ជាក់ថា ត្បិតតែសកម្មភាពបូមខ្សាច់មិនទាន់ប៉ះពាល់ដល់ពលរដ្ឋក៏ដោយ ប៉ុន្តែលោកថាបើសកម្មភាពនោះនៅតែបន្តបូមដេញមកផ្នែកខាងលើស្ទឹង ទៀត ថ្ងៃអនាគតនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋមិនខាន។
ដោយឡែកសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ ដែលទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លោក ស៊ុន ចន្ធី មានប្រសាសន៍ថា លោកនឹងសួរបញ្ហានេះទៅអភិបាលខេត្តបន្តទៀត ដើម្បីបន្ថែមលើការលើកឡើងរបស់ប្រធានមន្ទីររ៉ែ និងថាមពល។ លោកថា លោកនឹងអាចស្នើឲ្យអាជ្ញាធរខេត្តផ្អាកសកម្មភាពបូមខ្សាច់នោះ ដោយរង់ចាំអាជ្ញាប័ណ្ណតាមផ្លូវច្បាប់ពីក្រសួង ជៀសវាងធ្វើឲ្យពលរដ្ឋចេះតែបារម្ភ៕
No comments:
Post a Comment