ដោយ ឡេង ម៉ាលី
2015-06-03
2015-06-03
អង្គការអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ចំនួន២២០ នៅប្រទេសចំនួន៧០ ចេញសេចក្ដីអំពាវនាវដល់រដ្ឋាភិបាល ឲ្យធានាការគោរពសិទ្ធិមនុស្សតាមបទដ្ឋានអន្តរជាតិ នៅពេលធ្វើការអភិវឌ្ឍ។
ក្នុងលិខិតរបស់បណ្ដាញអង្គការអន្តរជាតិ ដែលផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះលក្ខខណ្ឌរស់នៅរបស់អ្នកបឹងកក់ រាប់ពាន់គ្រួសារ ដែលកំពុងរស់នៅ និងធ្លាប់រស់នៅទីនោះមុនពេលបណ្ដេញចេញ។
នាយកបណ្ដាញសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ លោក គ្រីស្ទ ក្រូវ៍ (Chris Grove) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា ការបណ្ដេញចេញដោយបង្ខំពីតំបន់ជុំវិញបឹងកក់ បានបង្ហាញជាក់ស្ដែងថា មិនស្របតាមការតម្រូវនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ទេ។ បណ្ដាញអង្គការនេះ បារម្ភពីផលប៉ះពាល់ដល់អ្នកបឹងកក់ ដែលរស់នៅដោយទឹកលិច គ្មានលូបង្ហូរ និងគ្មានការស្ដារហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធ។ បណ្ដាញនេះ អំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិកាន់កាប់ដីស្របច្បាប់ និងផ្ដល់ថវិកា និងបច្ចេកទេសអ្នកបឹងកក់ដែលនៅសល់ ដើម្បីរៀបចំផ្ទះសម្បែងរស់នៅឲ្យស្របតាមគោលនយោបាយជាតិស្ដីពីលំនៅឋាន និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងតបថា នេះជាសិទ្ធិនិយាយរបស់បណ្ដាញអន្តរជាតិ ប៉ុន្តែសាលារាជធានីភ្នំពេញនៅតែជជែកគ្នា ដើម្បីដោះស្រាយបញ្ហាបឹងកក់នេះតាមជម្រើសផ្សេងៗទៀត៖ «ឯកឧត្ដមអភិបាលរាជធានីបញ្ជាក់ច្រើនលើកហើយថា យើងអភិវឌ្ឍដោយមិនចង់ឲ្យមានការប៉ះពាល់ក្នុងការបណ្ដេញចេញអី យើងអត់ចង់ឲ្យមានអ៊ីចឹងទេ។ យើងប្រើពាក្យជាការដូរទីតាំងយ៉ាងនេះដោយមិនមានការយល់ព្រមជាមុនទេ។ មានទីតាំងជាច្រើនទៀតដែលយើងត្រូវដោះស្រាយទៅមុខទៀត ការអភិវឌ្ឍដី ដែលកន្លងមកជាដីសាធារណៈរបស់រដ្ឋហ្នឹង។ ដូច្នេះ យើងមានវិធានការរបស់យើងរួចហើយ យើងតែងតែផ្សារភ្ជាប់ការជជែកគ្នា ដូចវប្បធម៌សន្ទនាអ៊ីចឹង យើងជជែកគ្នាដោះស្រាយបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកគាត់បានកាន់កាប់ ឬរស់នៅដីជារដ្ឋ។ ដូច្នេះយើងនឹងមានវិធីសាស្ត្រក្នុងការដោះស្រាយ មិនមែនថាយើងត្រូវតែដោះដូរគាត់ឲ្យចេញទាល់តែបានអី គឺអត់ទេ»។
លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា រូបមន្តដោះស្រាយបញ្ហានេះ គឺអ្នកបឹងកក់ត្រូវចូលរួមជាមួយក្រុមហ៊ុនជាបដិភាគ ដើម្បីរៀបចំផ្ទះសម្បែងឡើងវិញ ឬត្រូវបរិច្ចាគដីខ្លះ ប្រសិនបើគាត់ចង់រស់នៅទីនោះ។ ផ្ទុយទៅវិញ បណ្ដាញសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ អំពាវនាវដល់រដ្ឋាភិបាល ឲ្យមានការធានាថា ការអភិវឌ្ឍតំបន់បឹងកក់នឹងមិនរំលោភសិទ្ធិសហគមន៍ដែលប៉ះពាល់ទេ ហើយផ្ដល់វិភាគទាន ដើម្បីលើកស្ទួយជីវភាពរបស់អ្នកមានចំណូលទាប៕
No comments:
Post a Comment