2015-05-31 rfa
ព្រះសង្ឃ |
Photo Supplied
ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនៅទីក្រុងអាឌែលឡេដ (Adelaide) ប្រទេសអូស្ត្រាលី (Australia) ជួបជុំគ្នានៅថ្ងៃទី៣១ ខែឧសភា ដើម្បីប្រារព្ធពិធីរម្លឹកខួបលើកទី៦៦ ថ្ងៃដែលបារាំង បានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាម កាន់កាប់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចំណែកនៅប្រទេសកម្ពុជាវិញ ពិធីនេះនឹងត្រូវអង្គការ-សមាគមខ្មែរកម្ពុជាក្រោម រៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
ពេលវេលានៃការប្រារព្ធខួបរម្លឹកបាត់បង់ទឹកកម្ពុជាក្រោម បានកក្រើកឡើងវិញទៀតហើយ នៅតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ពិសេសនៅក្នុងប្រទេសដែលមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរស់នៅ លើកលែងតែក្នុងប្រទេសវៀតណាម ដែលអាជ្ញាធរហាមឃាត់។
អនុប្រធានទី១គណៈកម្មការវត្តពុទ្ធិកខ្មែរក្រោម និងជាឧត្ដមប្រឹក្សាសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទីក្រុងអាឌែលឡេដ ប្រទេសអូស្ត្រាលី ព្រះតេជព្រះគុណ លី រ៉ាន់។ ព្រះអង្គមានថេរដីកាពីប្រទេសអូស្ត្រាលី នៅថ្ងៃទី៣១ ឧសភា ថា ការជួបជុំនោះមានមនុស្សចូលរួមប្រមាណជាង ២០០នាក់ ក្នុងនោះមានទាំងព្រះសង្ឃពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរដទៃទៀតដែលរស់នៅទីនោះ។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា ក្រៅពីធ្វើពិធីបែបសាសនា រាប់បាត្រព្រះសង្ឃ សូត្រមន្តបង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរជនខ្មែរដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ-មាតុភូមិកម្ពុជាក្រោម ពិធីនោះក៏មានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ឬច្បាប់ដែលបារាំង កាត់ទឹកដីកម្ពុជាក្រោម ដល់អ្នកចូលរួមផងដែរ។
ព្រះតេជព្រះគុណ លី រ៉ាន់ មានថេរដីកាថា ថ្ងៃទី៤ មិថុនា គឺជាទិវាចងចាំសម្រាប់ខ្មែរទាំងអស់គ្នាមិនថាខ្មែរក្រោម ឬខ្មែរណាឡើយ ហើយថា ការប្រារព្ធពិធីនេះគឺដើម្បីកុំឲ្យពលរដ្ឋខ្មែរបំភ្លេចចោលនូវប្រវត្តិសាស្ត្រខ្មែរក្រោម។ មួយវិញទៀត ពិធីនេះក៏ធ្វើឲ្យសហគមន៍អន្តរជាតិ បានស្គាល់ និងដឹងពីបញ្ហារបស់ខ្មែរកម្ពុជាក្រោម ដូច្នេះពួកគេអាចចូលរួមជួយខ្មែរក្រោមនៅពេលដែលខ្មែរក្រោមមានបញ្ហា ដូចជាការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលវៀតណាម ជាដើម។
ព្រះតេជព្រះគុណ លី រ៉ាន់៖ «បើទោះជាអង្គការយើងបង្កើតយ៉ាងណាក៏ដោយ បើសិនបើយើងមិនឆ្លៀតឱកាស ធ្វើពិធីជួបជុំដូចនេះទេ ប្រជារាស្ត្រនៅតែមិនយល់ មិនដឹងច្រើន ដូច្នេះយើងចង់ឲ្យពួកគាត់ បានដឹងបានយល់ឲ្យច្រើនទើបយើងធ្វើពិធីនេះ ដើម្បីឆ្លៀតឱកាសផ្សព្វផ្សាយនៅពេលជួបជុំ ដើម្បីឲ្យពួកគេដឹងថា អង្គការកំពូលរបស់ខ្មែរក្រោមរាល់ថ្ងៃធ្វើបានអ្វីខ្លះ ហើយបានចូលរួមការពារសិទ្ធិរបស់ខ្មែរក្រោមបានយ៉ាងណា»។
គិតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ គឺមានរយៈពេល ៦៦ឆ្នាំគត់ដែលអាណានិគមនិយមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យស្ដេចយួន បាវ ដាយ កាលពីឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមកខ្មែរក្រោមបានយកថ្ងៃទី៤ មិថុនា គឺជាទិវាចងចាំតៗរៀងមក។
ព្រះតេជព្រះគុណ លី រ៉ាន់ មានថេរដីកាថា មូលហេតុដែលយកថ្ងៃទី៣១ ឧសភា ដើម្បីប្រារព្ធខួបនៅឆ្នាំនេះ ដោយសារវាជាថ្ងៃអាទិត្យ ពលរដ្ឋភាគច្រើនទំនេរពីការងារ និងអាចចូលរួមបានច្រើន ដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរក្រោមនៅទីនោះ មិននាំគ្នាធ្វើពិធីរំលឹកខួបនៅថ្ងៃទី៤ ខែមិថុនា។
ដោយឡែកសម្រាប់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសដទៃទៀត ក៏បានដាក់កាលបរិច្ឆេទខុសៗគ្នាក្នុងខែមិថុនា សម្រាប់ធ្វើពិធីរម្លឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម នេះផងដែរ ក្នុងនោះមានដូចជានៅសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង អ៊ីតាលី ហុឡង់ដ៍ ដាណឺម៉ាក និងប្រទេសស្វីស ជាដើម។
ចំណែកនៅប្រទេសកម្ពុជាវិញ ពិធីនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា នានៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខព្រះបរមរាជវាំង ត្រើយខាងកើតទន្លេ។ ការសម្រេចធ្វើពិធីរំលឹកខួបនៅសង្កាត់ជ្រោយចង្វារ នេះ នៅបន្ទាប់ពីសាលារាជធានីភ្នំពេញ មិនផ្ដល់ទីលានប្រជាធិបតេយ្យឲ្យ អង្គការ-សមាគម ខ្មែរកម្ពុជាក្រោម ដើម្បីប្រារព្ធពិធីរំលឹកពីប្រវត្តិសាស្ត្របាត់បង់អំណាចគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមនេះ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ពិធីនេះអាចមានមនុស្សច្រើនពាក់នាក់ចូលរួមក្នុងនោះព្រះសង្ឃជិត ២ពាន់អង្គនឹងត្រូវនិមន្តឲ្យចូលរួមក្នុងពិធីរាប់បាត្រ។ លើសពីនេះ ព្រះរាជតំណាងរបស់ព្រះមហាក្សត្រ គឺសម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ក៏នឹងយាងចូលរួមជាអធិបតីក្នុងពិធីនោះផងដែរ៕
No comments:
Post a Comment