2015-06-07 rfa
គល់ឈើដែលត្រូវបានគេដុតក្នុងតំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ |
ក្រុមយុវជននៅតែព្រួយបារម្ភចំពោះសកម្មភាពកាប់បំផ្លាញព្រៃឡង់ ស្របពេលដែលព្រៃទាំងនោះកំពុងរងការបំផ្លាញក្នុងរូបភាពស្របច្បាប់ និងដោយឈ្មួញទុច្ចរិតមួយចំនួន។ យ៉ាងណាមិញ នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៥ ខែមិថុនា ទាំងវាគ្មិន និងលោកអ្នកស្តាប់ទូរស័ព្ទចូលរួម នៅតែបង្ហាញការព្រួយបារម្ភពីកាប់បំផ្លាញនេះ។
ក្រៅពីព្រួយបារម្ភពីវិនាសកម្មព្រៃឡង់ ការបង្ហាញពីសកម្មភាពស្ម័គ្រចិត្តចំពោះកិច្ចការពារព្រៃឡង់ ក្រុមយុវជនទាមទាររកមុខអ្នកទទួលខុសត្រូវនៅពេលព្រៃឡង់បាត់បង់។
វាគ្មិនក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កញ្ញា ខេង ស្រីហ័ង ដែលជាសិស្សរៀនថ្នាក់ទី៩ ទើបមានអាយុ ១៤ឆ្នាំ ដែលធ្លាប់ចុះល្បាតព្រៃឡង់ លើកឡើងថា ព្រៃឡង់មិនមែនជារបស់អ្នកណាម្នាក់នោះទេ ប៉ុន្តែជាសម្បត្តិទ្រព្យរបស់ពលរដ្ឋខ្មែរទាំងអស់គ្នា។ កញ្ញា ស្រីហ័ង ថា សម្រស់ព្រៃឡង់បូករួមនឹងសំឡេងសត្វយំ លាយឡំជ្រោះជ្រងជ្រលងដងអូរ ធ្វើឲ្យកញ្ញាមានអារម្មណ៍ស្រស់ស្រាយ ចង់ថែរក្សាព្រៃឡង់មិនឲ្យបាត់បង់សូម្បីតែមួយដើម។ យុវតីវ័យក្មេងរូបនេះ ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចេះស្រឡាញ់ការពារព្រៃឡង់ ដូចអ្វីដែលកញ្ញាស្រឡាញ់ព្រៃឡង់៖ «យើងឃើញឈើមួយដូចជាថូផ្កាដែលលាបថ្នាំស្អាត ប៉ុន្តែសុំប្រាប់ថា អត់ស្មើអ្វីដែលយើងឃើញអ្វីពិតក្នុងព្រៃឈើក្នុងព្រៃមានសត្វ មានចាបយំទេ»។
នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ទី៥ ខែមិថុនា មានវាគ្មិនពីររូបចូលរួម គឺលោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងកញ្ញា ខេង ស្រីហ័ង អ្នកស្ម័គ្រចិត្តការពារព្រៃឡង់។
អ្នកស្តាប់វេទិកាវិទ្យុអាស៊ីសេរី គឺលោក សៅ ដែលទូរស័ព្ទចូលរួមកម្មវិធី កោតសរសើរយុវជនដែលបានចូលរួមការពារតំបន់ព្រៃឡង់។ ជាងនេះទៅទៀត លោកចោទសួរថា តើការអភិវឌ្ឍដែលកាប់បំផ្លាញព្រៃឈើជាធនធានធម្មជាតិ ចំណេញឬខាតដល់សេដ្ឋកិច្ចជាតិ?៖ «ពាក្យសម្ដីរបស់ប្អូនស្រី ហ័ង បានធ្វើឲ្យទឹកចិត្តរបស់ខ្ញុំប៉ះដល់បេះដូងតែម្តង»។
ឆ្លើយនឹងសំណួរនេះ លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍ ដាក់បន្ទុកទៅស្ថាប័នថ្នាក់កំពូលជាអ្នកទទួលខុសត្រូវ ជាពិសេសគឺរដ្ឋាភិបាល។ លោក កែម ឡី រិះគន់ចំណាត់ការរបស់រដ្ឋាភិបាល ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងតំបន់ព្រៃឡង់៖ «ទទួលខុសត្រូវធំជាងគេ គឺនាយករដ្ឋមន្ត្រី ការអភិវឌ្ឍដែលបំផ្លាញធនធានធម្មជាតិជាការអភិវឌ្ឍដែលផុយស្រួយ»។
ជាញឹកញាប់គេអង្កេតឃើញថា ក្រុមយុវជនតែងតែចុះអង្កេតការពារតំបន់ព្រៃឡង់ ដោយចំណាយពេលវេលាទំនេរពីការសិក្សា និងថវិកាផ្ទាល់ខ្លួនចុះល្បាតព្រៃ។ កន្លងមក សកម្មភាពចុះល្បាតការពារតំបន់ព្រៃឡង់ ក៏ធ្លាប់ជួបគ្រោះថ្នាក់ និងឧបសគ្គដែរ។
យ៉ាងណាមិញ កាលពីខែឧសភា អាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំអភិបាលស្រុកថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ ចេញមករារាំងក្រុមយុវជន សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវសង្គម មិនឲ្យចុះល្បាតព្រៃឡង់ក្នុងស្រុកថាឡាបរិវ៉ាត់ ដោយទាមទារឲ្យការអនុញ្ញាត។
ជាងនេះទៅទៀត ក្នុងសកម្មភាពចុះល្បាតព្រៃឡង់កន្លងមក មានយុវជនខ្លះលង់ទឹក មួយចំនួនទៀតឈឺរហូតដល់សន្លប់។ ករណីធ្ងន់ធ្ងរមួយទៀត កាលពីថ្ងៃទី២ ខែមិថុនា ក្រុមសហគមន៍ការពារព្រៃឡង់ ជួបគ្រោះថ្នាក់ក្រឡាប់គោយន្តនៅក្នុងសកម្មភាពរបស់ខ្លួន ធ្វើឲ្យបុរសម្នាក់បាត់បង់ជីវិត និងពីរនាក់ទៀតរបួសធ្ងន់ ម្នាក់បែកក្បាល និងម្នាក់ទៀតបាក់ឆ្អឹងកងក។ ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
កញ្ញា ហ៊ិន ស៊ីណា ដែលធ្លាប់ចុះល្បាតព្រៃឡង់ក្នុងខេត្តកំពង់ធំ រៀបរាប់ថា មូលហេតុនៃការចុះល្បាតព្រៃឡង់ ព្រោះចង់ឃើញព្រៃឡង់ដែលធ្លាប់តែឮគេនិយាយថា ព្រៃឡង់ព្រៃស្រោងក្រាស់ៗសម្បូរសត្វព្រៃ និងជីវចម្រុះ ប៉ុន្តែក្តីសង្ឃឹម កញ្ញា ហ៊ិន ស៊ីណា ប្រែជាសោកសង្រេង ព្រោះព្រៃដែលកញ្ញាឃើញ បានក្លាយជាវាលរហោឋានទៅហើយ៖ «នៅពេលខ្ញុំបានទៅដល់ហ្នឹង ព្រៃឡង់មិនដូចអ្វីដែលខ្ញុំគិតទេ សូម្បីតែសត្វមួយក្បាលក៏គ្មានផង ចឹងហើយវាខុសស្រឡះពីរំពឹងទុករបស់ខ្ញុំ»។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ឆ្នាំ២០១៣-២០១៤ បង្ហាញថា ទំហំព្រៃឡង់បច្ចុប្បន្ននៅសល់តែប្រមាណ ៣៦ម៉ឺនហិកតារ ដែលពីមុននៅក្នុងអនុក្រឹត្យស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ គឺមានផ្ទៃដីទំហំជាង ៦១ម៉ឺនហិកតារ លាតសន្ធឹងចាប់ពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។
ព្រៃឡង់រិចរិលខ្លាំងជាងគេនៅក្នុងខេត្តកំពង់ធំ។ យ៉ាងណាមិញ ព្រៃឡង់នៅក្នុងឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ឈើក្នុងព្រៃឡង់ត្រូវបានគេកាប់ដេកដួលពេញដី ព្រៃខ្លះត្រូវពលរដ្ឋដុតចោលឆេះឆួលផ្សេងហុយពេញព្រៃ ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានទៅកាប់រានដើម្បីយកដីធ្វើចម្ការ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងថា ជនណាក៏ដោយឲ្យតែចូលរួមការពារធនធានធម្មជាតិ លោកស្វាគមន៍។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលរូបនេះ ចង់ឃើញសកម្មភាពណាជាលក្ខណៈផ្លូវប្រព្រឹត្តទៅតាមនីតិវិធី ទើបមានប្រសិទ្ធភាព៖ «ការចូលរួមការពារព្រៃឡង់របស់យុវជន ឬក្រៅផ្លូវការ យើមិនអាចសន្និដ្ឋានទទួលបានផលប្រយោជន៍យ៉ាងណាទេ យើងទាមទារឲ្យធ្វើការចូលរួមការពារប្រព្រឹត្តទៅតាមផ្លូវច្បាប់»។
យ៉ាងណាក៏ដោយចុះ អ្នកសិក្សាស្រាវជ្រាវសង្គម លោក កែម ឡី និយាយថា ព្រៃឡង់ជាកន្លែងសាធារណៈរបស់រដ្ឋ ដូច្នេះប្រសិនបើប្រជាពលរដ្ឋ ឬយុវជនចង់ទៅទស្សនៈ អង្កេតសិក្សា ពុំចាំបាច់សុំអនុញ្ញាតពីអាជ្ញាធរឡើយ។ លោក កែម ឡី លើកទឹកចិត្តឲ្យក្រុមយុវជន ចូលរួមសកម្មភាពចុះទៅទស្សនកិច្ចសិក្សាតំបន់ព្រៃឡង់។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលមិនអាចទៅចូលរួមបាន ពួកគេអាចចូលរួមចំណែកតាមរយៈថវិកា ឬសម្ភារៈដល់អ្នកដែលចុះតំបន់ព្រៃឡង់៕
No comments:
Post a Comment