ដោយ សូត សុខប្រាថ្នា
2015-06-06 rfa
បណ្ដាញអ្នកការពារព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ព្រួយបារម្ភថាប្រភេទសត្វព្រៃមួយចំនួនកាន់តែថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការថយចុះ បណ្ដាលមកពីសកម្មភាពបរបាញ់ និងចរាចរសត្វព្រៃដោយគ្មានការទប់ស្កាត់ រួមនឹងការបំផ្លាញជម្រកសត្វទាំងនោះផង។ យ៉ាងណា មន្ត្រីជំនាញព្រៃឈើ អះអាងដដែលៗថាគ្មានសកម្មភាពបរបាញ់ជាលក្ខណៈធ្វើជំនួញនោះទេ ព្រោះអាជ្ញាធរតែងចាត់វិធានការជាប្រចាំលើបញ្ហានេះ។
សកម្មភាពដាក់អន្ទាក់ចាប់សត្វព្រៃពីសំណាក់ពលរដ្ឋមួយចំនួន ព្រមទាំងដាក់លក់សាច់សត្វព្រៃតាមផ្លូវនៅស្រុកសណ្ដាន់ ចេះតែបន្តកើតមានឡើង។ លើសពីនេះទៀត តម្រូវការឈ្មួញកាន់តែច្រើន រហូតពួកគេចុះទៅបង្គាប់បញ្ជាឲ្យពលរដ្ឋមូលដ្ឋាន ខិតខំដើរប្រមាញ់សត្វព្រៃយកមកលក់ឲ្យពួកគេទៀតផង។
សកម្មជនការពារព្រៃឡង់ម្នាក់នៅឃុំមានរិទ្ធិ លោក ឈាង វុទ្ធី ឲ្យដឹងថា មានពលរដ្ឋនៅក្នុងភូមិមួយចំនួន នាំគ្នាទៅដាក់អន្ទាក់ចាប់សត្វព្រៃនៅក្នុងតំបន់ព្រៃឡង់ ដើម្បីយកមកលក់ឲ្យឈ្មួញ ឬម្ចាស់អាជីវកម្មអាហារដ្ឋានមួយចំនួននៅស្រុកសណ្ដាន់ ឬក៏បញ្ជូនមកខេត្តកំពង់ធំ ឬចែកចាយទៅតំបន់ផ្សេងទៀតផង។ លោកបន្តថា ប្រភេទសត្វព្រៃទាំងនោះរួមមាន សត្វជ្រូកព្រៃ ឈ្លូស ប្រើស ទន្សាយ និងពពួកល្មូន ជាដើម៖ «ពេលគេទិញពីប្រជាពលរដ្ឋបានហើយ គេតាំងឲ្យរយោងនៅតាមដងផ្លូវ អត់មានជំនាញ ឬអាជ្ញាធរទប់ស្កាត់ផង បើកដៃរលុងហ្មង។ ហើយខ្ញុំគិតថា រឿងសត្វព្រៃហ្នឹងបើអត់មានជំនាញ អត់មានខាងរដ្ឋបាលព្រៃឈើទប់ស្កាត់ទេ អនាគតទៅហិនហោចអត់មានសល់ទេ»។
ប្រភពដដែលឲ្យដឹងទៀតថា សត្វព្រៃកំពុងគំរាមកំហែងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ខុសប្លែកពីដើមឆ្នាំ២០០០ ព្រោះការចុះល្បាតព្រៃរបស់ប្រជាសហគមន៍កាលណោះ តែងប្រទះឃើញប្រភេទសត្វព្រៃជាច្រើនប្រភេទ ដូចជាទន្សោង ខ្ទីង ខ្លាឃ្មុំ ខ្លាធំ ប្រើស ប៉ុន្តែរហូតមកដល់ពេលនេះ គេកម្រនឹងប្រទះឃើញសត្វទាំងនេះណាស់។ សកម្មជនរូបនេះបញ្ជាក់ថា មូលហេតុមួយចំនួនដែលធ្វើឲ្យសត្វព្រៃក្នុងតំបន់ព្រៃឡង់ខេត្តកំពង់ធំ ចេះតែបាត់បង់ទៅៗ គឺដោយសារការបំផ្លាញជម្រករបស់វាតាមរយៈផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ។ ការបរបាញ់ ឬដាក់អន្ទាក់ពីសំណាក់ពលរដ្ឋ និងក្រុមអ្នកយាមកាមឲ្យក្រុមហ៊ុន ដែលធ្វើឲ្យសត្វព្រៃទាំងឡាយភិតភ័យ នាំគ្នារត់ទៅជ្រកកោននៅតំបន់ផ្សេងៗដែលមានព្រៃឈើក្រាស់ៗ។
យ៉ាងណាក៏ដោយចុះ នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ លោក សៅ វន្នី មានប្រសាសន៍ថា មិនមានបទល្មើសសត្វឯណាកើតឡើងនៅក្នុងស្រុកសណ្ដាន់ នោះទេ ហើយបើមានខ្លះ គឺអ្នកភូមិចាប់ពីព្រៃសម្រាប់តែបរិភោគក្នុងគ្រួសារ មិនមែនជាលក្ខណៈជួញដូរឡើយ៖ «បើសិនជាគាត់មានអ៊ីចឹង សុំឲ្យលេខទូរស័ព្ទ ឈ្មោះហ្នឹងឲ្យច្បាស់មកខ្ញុំមក ព្រោះយើងមិនអនុញ្ញាតឲ្យឈ្មួញឯណាទៅដើរទិញអ៊ីចឹងទេ»។
មន្ត្រីជំនាញព្រៃឈើដដែលឲ្យដឹងទៀតថា លោកមិនសូវប្រទះឃើញពពួកសត្វព្រៃក្នុងតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ គឺចាប់តាំងពីលោកទៅកាន់តួនាទីនៅស្រុកសណ្ដាន់ ម្ល៉េះ ព្រោះសត្វព្រៃទាំងនោះច្រើនមានវត្តមាននៅក្នុងខេត្តផ្សេងទៀត។
បើទោះបីជាមានអះអាងបែបនេះក៏ដោយ ក៏នៅតាមភោជនីយដ្ឋានក្នុងស្រុកសណ្ដាន់ និងនៅភោជនីយដ្ឋាន ឬហាងស៊ីផឹកមួយចំនួនក្នុងទីរួមខេត្តកំពង់ធំ គឺមានលក់ម្ហូបជាប្រភេទសត្វព្រៃ។ កន្លែងទាំងនោះ ខ្លះលក់ម្ហូបសត្វព្រៃដោយលួចលាក់ ក៏ប៉ុន្តែនៅកន្លែងខ្លះទៀតហាក់បើកចំហ ព្រោះម្ចាស់ហាង ឬអ្នកទទួលភ្ញៀវមកប្រាប់អ្នកចូលទៅបរិភោគអាហារនៅទីនោះតែម្តង។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា៤៨ ចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា គឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ ដូចជា ថនិកសត្វ បក្សីសត្វ ឧរង្គសត្វជាដើម។ ពពួកសត្វទាំងនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការអភិរក្សដោយរដ្ឋបាលព្រៃឈើ លើកលែងតែសត្វត្រី និងសត្វបង្កកំណើតក្នុងទឹក។ ចំណែកមាត្រា៤៩ វិញ គឺគេហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយីបំផ្លិចបំផ្លាញសត្វព្រៃគ្រប់ប្រភេទដោយការប្រើប្រាស់មធ្យោបាយបង្កគ្រោះថ្នាក់ដល់សត្វទាំងនោះ ការប្រមាញ់ក្នុងរដូវកាលហាមឃាត់ និងនៅតំបន់ការពារ ព្រមទាំងទីសាធារណៈ ជាដើម។
ទាក់ទិនបញ្ហានេះ អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី កត់សម្គាល់ថា ការបរបាញ់សត្វព្រៃសម្រាប់ធ្វើអាជីវកម្ម គឺបង្កវិនាសកម្មមួយផ្នែក ប៉ុន្តែការឈូសឆាយ និងដុតបំផ្លាញព្រៃឈើរាប់ពាន់ហិកតារ គឺជាចំណែកយ៉ាងធំធ្វើឲ្យសត្វព្រៃត្រូវប្រឈមការផុតពូជ៖ «ហើយទាំងអស់ហ្នឹងបើអាជ្ញាធរគាត់ចង់ចាប់គាត់ចង់បិទជិតឈឹងតែម្តង មិនអាចយកចេញបានទេ ព្រោះផ្លូវនៅព្រៃឡង់តូចចង្អៀត ហើយផ្លូវមិនមានច្រើន។ ហើយអាជ្ញាធរបណ្ដាក់គ្នាឈរ ប៉ុន្តែឈរយកលុយតែម្តងហ្នឹង»។
លោកបន្ថែមទៀតថា សត្វព្រៃអាចនៅគង់វង្សទៅមុខទៀតបាន លុះណាតែរាជរដ្ឋាភិបាលបង្កើតច្បាប់រក្សាព្រៃឡង់ និងជីវចម្រុះទុកជាតំបន់ព្រៃអភិរក្ស ហើយបង្កើតច្បាប់ពិសេសសម្រាប់ដាក់ទោសទណ្ឌដល់ក្រុមអ្នកបំផ្លាញសត្វ និងព្រៃឈើទាំងនោះ។ ក្រៅពីនេះ រដ្ឋគប្បីដកសិទ្ធិគ្រប់គ្រងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើទាំងអស់ ហើយប្រគល់ទៅឲ្យក្រុមអ្នកស្រឡាញ់ព្រៃឈើគ្រប់គ្រងវិញ៕
No comments:
Post a Comment