A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 7 June 2015
អង្គការអន្តរជាតិជំរុញឲ្យកម្ពុជាផ្ដន្ទាទោសអ្នករំលោភសិទ្ធិមនុស្សចាប់ពីឆ្នាំ២០១២
ដោយ ជី វិតា
2015-06-07 rfa
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ (Amnesty International) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា វែកមុខ និងនាំខ្លួនអ្នកទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្សចាប់តាំងពីឆ្នាំ២០១២ ទៅតុលាការ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
របាយការណ៍ដែលដាក់ចំណងជើងថា ការចេញតវ៉ាតាមថ្នល់៖ សេរីភាពនៃការជួបជុំដោយសន្តិវិធីនៅកម្ពុជា (Taking to the Streets: Freedom of Peaceful Assembly in Cambodia) លាតត្រដាងយ៉ាងលម្អិតអំពីកងកម្លាំងនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានបាញ់សម្លាប់ និងវាយបង្ក្រាបក្រុមបាតុករអ្នកតវ៉ាហួសពីភាពស្របច្បាប់ ដែលរហូតមកដល់ពេលនេះ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ របាយការណ៍ ក៏បានជំរុញឲ្យរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលដល់កងកម្លាំងសន្តិសុខអំពីវិធីឆ្លើយតបចំពោះបាតុកម្មនានា តាមរបៀបគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិផងដែរ។
របាយការណ៍ដែលមានកម្រាស់ជាង ១២០ទំព័ររបស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International ចុះកាលបរិច្ឆេទថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ រកឃើញថា មិនមានកម្លាំងអាជ្ញាធរ ឬមន្ត្រីសន្តិសុខណាម្នាក់ត្រូវបាននាំខ្លួនទៅតុលាការ ដោយសារអំពើបង្ក្រាបដ៏ឃោរឃៅរបស់ពួកគេទៅលើក្រុមបាតុករអហិង្សា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ។
របាយការណ៍សង្កត់ធ្ងន់លើព្រឹត្តិការណ៍បាតុកម្មធំៗ២ ដែលផ្ដើមឡើងដោយសន្តិវិធីទាក់ទងនឹងលទ្ធផលបោះឆ្នោតក្នុងឆ្នាំ២០១៣ និងព្រឹត្តិការណ៍ទាមទារដំឡើងប្រាក់ខែគោលរបស់កម្មកររោងចក្រនៅដើមឆ្នាំ២០១៤ ប៉ុន្តែបាតុករតវ៉ាទាំងនោះ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញប្រើកម្លាំងបង្ក្រាបជ្រុលហួសពីភាពចាំបាច់ ដូចជាការប្រើអាវុធបាញ់សម្លាប់អ្នកតវ៉ាដែលមានកម្លាំងមិនសមាមាត្រ ជាការផ្ទុយពីច្បាប់កម្ពុជា និងច្បាប់អន្តរជាតិដែលកម្ពុជា ជាហត្ថលេខី។
ដូចសព្វមួយដងដែរ រដ្ឋាភិបាលកម្ពុជា តែងច្រានចោលរបាយការណ៍របស់អង្គការសិទ្ធិមនុស្សភ្លាមៗ ដោយចាត់ទុកអ្នកដែលធ្វើរបាយការណ៍ ថាអត់ស្គាល់កម្ពុជា ច្បាស់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា បាតុកម្មដោយកម្មកររោងចក្រកាលពីដើមឆ្នាំ២០១៤ គឺជាបាតុកម្មបង្កឡើងដោយក្រុមញុះញង់ ដើម្បីធ្វើបដិវត្តន៍ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល៖ «បរទេសគាត់នៅតែពីក្រៅ ហើយគាត់ចេះតែនិយាយទៅ ប៉ុន្តែគាត់អត់បានរួមចំណែកសុខទុក្ខជាមួយយើងទេ យើងដឹងគេចង់ចម្លងផ្ដួលរំលំតាមរយៈ People’s Power ប៉ុន្តែ People’s Power បានអនុវត្តនៅប្រទេសមួយចំនួន ចុះបើរដ្ឋាភិបាលមិនមានវិធានការតឹងរ៉ឹង រហូតដល់ថ្ងៃនេះមិនដឹងប៉ុន្មាននាក់ស្លាប់នោះទេ»។
លោកបន្តអះអាងថា ចំពោះការស៊ើបអង្កេតវិញ ក៏បានធ្វើឡើងរួចរាល់ដែរ។ ការស៊ើបអង្កេតរួចរាល់ដែល លោក ខៀវ សុភ័គ មានប្រសាសន៍នេះ មិនបានចេញលទ្ធផលក្នុងការនាំខ្លួនជនដៃដល់ ឬអ្នកទទួលខុសត្រូវណាម្នាក់មកកាត់សេចក្តីនៅតុលាការ ដូចការទាមទាររបស់ Amnesty International ទេ។
លោក ចន ខសលេន (Jhon Coughlan) មន្ត្រីទទួលបន្ទុកផ្នែកស្រាវជ្រាវនៃអង្គការ អេមណេស្ទី អេនថឺណែសិនណល (Amnesty International) និយាយថា លទ្ធផលស្រាវជ្រាវស៊ើបអង្កេតរបស់អង្គការលោករកឃើញថា ប្រព័ន្ធយុត្តិធម៌មិនទាន់ដោះស្រាយជូនជនរងគ្រោះណាម្នាក់ពីការបង្ក្រាបក្រោយឆ្នាំ២០១៣ ឡើយ៖ «យើងបានសិក្សាស្រាវជ្រាវអំពីបាតុកម្មរយៈពេល ២ឆ្នាំ ដែលចាប់ផ្តើមពីអំឡុងពេលឃោសនាបោះឆ្នោតនៅក្នុងខែកក្កដា ឆ្នាំ២០១៣។ យើងពិនិត្យឃើញថា បាតុកម្មតវ៉ានានាក្រោយពេលបោះឆ្នោតទាក់ទងនឹងលទ្ធផលបោះឆ្នោតក្តី ឬទាក់ទងនឹងប្រាក់ខែកម្មករក្តី គឺធ្វើឡើងដោយសន្តិវិធី ប៉ុន្តែការឆ្លើយតបរបស់អាជ្ញាធរ មិនបានឆ្លើយតបដោយសន្តិវិធីឡើយ។ អាជ្ញាធរឆ្លើយតបដោយរឹតត្បិត រារាំង និងចាប់ចងតាមទំនើងចិត្ត។ បើទោះជាបាតុកម្មអហិង្សាខ្លះក្រោយមកប្រែក្លាយទៅជាហិង្សា ប៉ុន្តែអាជ្ញាធរប្រើកម្លាំងខ្លាំងហួស ដែលគ្មានភាពចាំបាច់ ដោយប្រើអាវុធបង្កការឈឺចាប់ និងផ្តាច់ជីវិត ហើយបន្ទាប់មកកាត់ទោសដោយអយុត្តិធម៌។ ការបង្ក្រាបបាតុកម្មដោយហិង្សាក្នុងរយៈពេល ២ឆ្នាំនោះ បណ្ដាលឲ្យស្លាប់ចំនួន ៧នាក់ បាត់ខ្លួនម្នាក់ និងរងរបួសធ្ងន់ស្រាលរាប់សិបនាក់។ បើទោះជាមានការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរបែបនេះក្តី ក៏រហូតមកដល់ពេលនេះ មិនមានមន្ត្រី ឬភ្នាក់ងារសន្តិសុខណាម្នាក់ត្រូវបាននាំខ្លួនទៅតុលាការ បើទោះជាមានការដាក់ពាក្យបណ្ដឹងពីជនរងគ្រោះក៏ដោយ»។
លោក ចន ខសលេន បន្តថា ក្នុងការទាមទាររកយុត្តិធម៌ជូនជនរងគ្រោះនេះ មន្ត្រីអង្គការ Amnesty International ក៏បានជួបជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ដែរ ប៉ុន្តែមន្ត្រីទាំងនោះឆ្លើយថា នោះជាកិច្ចការរបស់តុលាការ។ ក្រៅពីការទាមទាររកអ្នកទទួលខុសត្រូវក្នុងឧក្រិដ្ឋកម្មនេះ របាយការណ៍របស់អង្គការ Amnesty International ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។
អនុសាសន៍ទាំងនោះរួមមាន៖
១. ធ្វើវិសោធនកម្មច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីឲ្យស្របតាមច្បាប់ និងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធី។
២. ផ្ទេរការទទួលខុសត្រូវរបស់នគរបាលទាំងអស់ចេញពីកងសន្តិសុខតាមខណ្ឌនានា ទៅឲ្យនគរបាល ឬមន្ត្រីអនុវត្តន៍ច្បាប់ដែលមានអំណាចចែងច្បាស់ក្នុងច្បាប់ ដែលទទួលបានការហ្វឹកហ្វឺន និងបំពាក់ឧបករណ៍ត្រឹមត្រូវ ដើម្បីអនុវត្តភារកិច្ចក្នុងការប្រើប្រាស់កម្លាំង និងអាវុធឲ្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
៣. ផ្តល់ការហ្វឹកហ្វឺនដល់មន្ត្រីអនុវត្តន៍ច្បាប់អំពីវិធីគ្រប់គ្រងហ្វូងមនុស្ស ដើម្បីឲ្យចេះវាយតម្លៃស្ថានភាពគំរាមកំហែង និងវិធីកាត់បន្ថយភាពប្រឈមតានតឹងជាមួយបាតុករ។
៤. រដ្ឋាភិបាល ក៏ត្រូវធានាថា រាល់ករណីសង្ស័យអំពីអំពើរំលោភសិទ្ធិមនុស្សទាក់ទងនឹងការស្លាប់ជីវិតមនុស្ស និងរងរបួសធ្ងន់ធ្ងរ ត្រូវតែស៊ើបអង្កេតភ្លាមៗដោយឯករាជ្យ មិនលម្អៀង និងឲ្យបានពេញលេញ។
៥. ផ្តល់ព័ត៌មានអំពីការស៊ើបអង្កេតដល់ជនរងគ្រោះ និងសាធារណជន រួមទាំងព័ត៌មានទាក់ទងនឹងជនរងគ្រោះដែលស្លាប់ និងរងរបួសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ព្រមទាំងបោះពុម្ពផ្សាយលទ្ធផលនៃការរកឃើញទាំងនេះផងដែរ។
៦. ស៊ើបអង្កេតឲ្យបានពេញលេញ និងផ្តល់ព័ត៌មានដល់គ្រួសារកុមារបាត់ខ្លួនដោយបង្ខំ ឈ្មោះ ខឹម សាផាត អាយុ ១៦ឆ្នាំ។
៧. ធានាថា ជនសង្ស័យទាំងឡាយដែលទទួលខុសត្រូវទាក់ទងនឹងបទល្មើសរំលោភសិទ្ធិមនុស្ស ត្រូវឆ្លងកាត់ការកាត់សេចក្តីត្រឹមត្រូវតាមច្បាប់បទដ្ឋានអន្តរជាតិ។
៨. ធានាថា មិនត្រូវមានជនណាម្នាក់ត្រូវចាប់ខ្លួន ចោទប្រកាន់ ផ្ដន្ទាទោស ឬដាក់ពន្ធនាគារ ដោយសារតែប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគេ ដើម្បីជួបជុំបង្កើតសមាគម និងបញ្ចេញមតិដោយសន្តិវិធីឡើយ និងនៅចុងក្រោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏ទទូចឲ្យមានការពិនិត្យឡើងវិញនូវសំណុំរឿងដែលពាក់ព័ន្ធទាំងអស់ ហើយលើកលែងការចោទប្រកាន់ និងដោះលែងជនទាំងឡាយដែលកាត់ទោសហើយ ប៉ុន្តែមានភស្តុតាងបញ្ជាក់ថា ពួកគេគ្មានទោសអ្វីក្រៅតែពីប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយសន្តិវិធីតែប៉ុណ្ណោះ។
នៅពេលសួរថា តើហេតុអ្វីទើបរដ្ឋាភិបាលកម្ពុជា គួរស្តាប់ និងទទួលអនុសាសន៍ទាំងនេះ? លោក ចន ខសលេន មន្ត្រីទទួលបន្ទុកផ្នែកស្រាវជ្រាវនៃអង្គការ Amnesty International ឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា គួរតែឆក់ឱកាសនេះដើម្បីធ្វើការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឲ្យល្អប្រសើរឲ្យស្របតាមច្បាប់កម្ពុជា របស់ខ្លួន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជា ទទួលស្គាល់ និងផ្តល់សច្ចាប័នជាឱឡារិក៖ «ខ្ញុំយល់ថា នៅកម្ពុជា បច្ចុប្បន្ន ខណៈគណបក្សនយោបាយទាំងពីរកំពុងធ្វើការជាមួយគ្នាដូច្នេះ គេគួរតែឆក់ឱកាសនេះដើម្បីធ្វើកំណែទម្រង់កងកម្លាំងសន្តិសុខ។ នេះហើយជាអ្វីដែលយើងកំពុងជំរុញឲ្យកើតមានឡើង ដើម្បីចៀសវាងមិនឲ្យព្រឹត្តិការណ៍បែបនេះកើតឡើងម្តងទៀតនៅថ្ងៃមុខ។ ម្យ៉ាងវិញទៀត យើងត្រូវដឹងថា បើទោះជាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងបាតុកម្មប្រឆាំងនឹងប្រាក់ខែគោលរបស់កម្មករបានស្ងប់ស្ងាត់នៅពេលនេះក៏ដោយ វាមិនប្រាកដថា នឹងអត់កើតឡើងទៀតនៅថ្ងៃអនាគតនោះទេ។ កម្ពុជា នៅមានបញ្ហាច្រើនទៀតដែលអត់ទាន់ដោះស្រាយ។ ដូច្នេះ បាតុកម្មអាចនឹងកើតឡើងទៀតនៅថ្ងៃអនាគត។ ហេតុដូចនេះហើយ ខ្ញុំគិតថា វាដល់ពេលហើយដែលកងកម្លាំងសន្តិសុខកម្ពុជា ត្រូវទទួលការហ្វឹកហ្វឺន និងរៀនសូត្រអំពីវិធីប្រើប្រាស់កម្លាំងប៉ូលិស ក្នុងការឆ្លើយតបទៅនឹងបាតុកម្មនានាតាមរបៀបមួយដែលគោរពបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
ព្រះរាជក្រឹត្យឆ្នាំ២០០១ ស្ដីពីលក្ខន្តិកៈគ្រប់គ្រងមន្ត្រីនគរបាលជាតិ និងច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីយោធានៃកងកម្លាំងខេមរភូមិន្ទ ចែងថា រាល់បទបញ្ជាទាំងឡាយដែលផ្ទុយពីច្បាប់ ឬផ្ទុយពីអនុសញ្ញាអន្តរជាតិត្រូវហាមឃាត់។ នៅពេលណាបទបញ្ជាផ្ទុយពីច្បាប់ទាំងនេះត្រូវបានដាក់ចេញ និងអនុវត្ត ទាំងអ្នកចេញបញ្ជា និងអ្នកអនុវត្តន៍ នឹងត្រូវចាប់ឲ្យទទួលខុសត្រូវទៅតាមច្បាប់ជាធរមាន។
កាលពីខែឧសភា ឆ្នាំ២០១៥ នេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានពិភាក្សាអំពីលទ្ធផលរកឃើញក្នុងរបាយការណ៍នេះជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃកម្ពុជា ប៉ុន្តែការព្យាយាមជួបជាមួយមន្ត្រីពាក់ព័ន្ធដទៃទៀតមិនបានសម្រេចឡើយ។ ទោះជាយ៉ាងណា នៅមុនការចេញផ្សាយរបាយការណ៍ជាង ១២០ទំព័រស្ដីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា នេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International ក៏បានដាក់សេចក្តីព្រាងរបាយការណ៍នេះជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទុកឱកាសឲ្យផ្តល់អត្ថាធិប្បាយផងដែរ ប៉ុន្តែរហូតដល់ថ្ងៃចេញផ្សាយរបាយការណ៍នេះកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ អង្គការនេះមិនបានទទួលព័ត៌មានអ្វីសោះពីរដ្ឋាភិបាលកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment