School of Vice: But, aren't Australia and Cambodia engaged in official human-trafficking?
---
ដោយ សិរី មុនី
2015-05-01 RFA
2015-05-01 RFA
ប្រទេសទាំង៦ ក្នុងមហាអនុតំបន់ទន្លេមេគង្គ គឺកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម បានចុះហត្ថលេខាក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី១០ និងថ្នាក់រដ្ឋមន្ត្រីដំណើរការ ខមមីត លើកទី៤ បានព្រមព្រៀងគ្នាចូលរួម លុបបំបាត់រាល់ទម្រង់នៃការធ្វើអាជីវកម្មទិញលក់ ចាប់ពង្រាត់ បង្ខំឲ្យរៀបការ និងការកេងប្រវ័ញ្ចធ្ងន់ធ្ងរដែលប្រាសចាកពីគោលការណ៍គោរពសិទ្ធិមនុស្សជាមូលដ្ឋាន។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ មេសា ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសន័រវេសន៍ (Norway) និងរាជរដ្ឋាភិបាលប្រទេសស៊ុយអែត (Sweden)។
ប្រទេសទាំង៦ ក្នុងមហាអនុតំបន់ទន្លេមេគង្គ ត្រូវបានគេមើលឃើញថា មានការកេងប្រវ័ញ្ចការជួញដូរមនុស្សធ្ងន់ធ្ងរជាងគេក្នុងពិភពលោក។
តាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា មានមនុស្សប្រហែល ២០លាននាក់ (២០,៩លាននាក់) ជាជនរងគ្រោះនៃពលកម្មដោយបង្ខំ។ ទន្ទឹមគ្នានេះដែរ ការកេងប្រវ័ញ្ចលើផ្លូវភេទទូទាំងពិភពលោក ក្នុងនោះស្ត្រី និងក្មេងស្រីប្រមាណ ៥៥% (ជាង ១១,៤លាននាក់) កុមារប្រមាណ ២៦% (ជាង ៥,៥លាននាក់)។
ក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានចំនួនច្រើនជាងគេបំផុត គឺប្រមាណជាង ១១លាននាក់ (១១,៧លាននាក់)។
ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ភាគច្រើនធ្លាក់ចូលក្នុងពលកម្មដោយបង្ខំលើទូកនេសាទ ស្ត្រីបម្រើការតាមផ្ទះ ឧស្សាហកម្មម្ហូបអាហារសមុទ្រ រោងចក្រ កសិកម្ម សំណង់ និងការរៀបអាពាហ៍ពិពាហ៍ទៅរស់នៅក្រៅប្រទេស ជាដើម។
ទាក់ទងបញ្ហានេះ រាជរដ្ឋាភិបាលប្រទេសន័រវេសន៍ និងរាជរដ្ឋាភិបាលប្រទេសស៊ុយអែត ដែលជាអ្នកឧបត្ថម្ភគាំទ្រដល់ដំណើរការ ខមមីត តាំងពីដំបូងមក បានអបអរសាទរដល់រដ្ឋាភិបាលនៃប្រទេសទាំង៦ និងដៃគូផ្សេងទៀត ចំពោះសមិទ្ធផលរបស់ខ្លួនដែលទទួលបានកន្លងមក និងបានទទូចឲ្យរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ អនុវត្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឲ្យបានស៊ីជម្រៅ ពិសេសជាមួយសហគមន៍ដែលធ្វើការងារប្រឆាំងការជួញដូរមនុស្ស។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ ការជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ទោះបីមិនទាន់មានស្ថិតិច្បាស់លាស់ក៏ដោយ ប៉ុន្តែមានភាពល្អប្រសើរ បើធៀបទៅនឹងប្រទេសដទៃទៀតក្នុងមហាអនុតំបន់ទន្លេមេគង្គ។ ការផ្ដន្ទាទោសរបស់តុលាការមានដំណើរការលឿន ហើយប្រជាពលរដ្ឋមានការយល់ដឹង និងប្រុងប្រយ័ត្នជាងមុន។
អ្នកស្រីបានមានប្រសាសន៍បន្តថា បច្ចុប្បន្នការជួញដូរមនុស្ស គឺមិនចំពោះតែស្ត្រី និងកុមារនោះទេ ប៉ុន្តែបុរស ស្ត្រី ក្មេងស្រី កុមារាកុមារី គឺសុទ្ធតែប្រឈមនឹងការជួញដូរ ហើយការជួញដូរមនុស្សជាអំពើឧក្រិដ្ឋកម្មដ៏យង់ឃ្នង៖ «យើងត្រូវគិតគូរទៅលើបុគ្គលនីមួយៗទៅតាមភេទ ទៅតាមអាយុរបស់គាត់។ ដោយសារការជួញដូរវាមានរូបភាពខុសៗគ្នា។ ស្ត្រី និងកុមារីភាគច្រើនគេយកគាត់ទៅជួញដូរក្នុងបំណងកេងប្រវ័ញ្ចផ្លូវភេទ។ បុរស និងកុមារាភាគច្រើនគេយកទៅធ្វើពលកម្ម ដោយបង្ខិតបង្ខំ»។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី១០ និងថ្នាក់រដ្ឋមន្ត្រីដំណើរការ ខមមីត លើកទី៤ នៃប្រទេសទាំង៦ ក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ ក៏បានផ្តល់ឱកាសសម្រាប់តំណាងយុវជននៃប្រទេសទាំង៦ ក្នុងមហាតំបន់ទន្លេមេគង្គដែរ។
តំណាងយុវជនកម្ពុជា លោក ប្រុស សុខ បានលើកឡើងថា ការផ្តល់ឱកាសឲ្យយុវជនបានចូលរួម និងលើកឡើងនូវកង្វល់ស្ដីពីការជួញដូរមនុស្សនេះ គឺពិតជាល្អណាស់ ព្រោះថា យុវជនជាកោសិកាសង្គម និងជាអ្នកស្នងកិច្ចការផ្សេងៗទៅថ្ងៃខាងមុខ។ លោកបានបន្ថែមថា សព្វថ្ងៃយុវជនកម្ពុជា មានសកម្មភាពផុសផុល ទប់ស្កាត់ការជួញដូរមនុស្សជាច្រើននៅតាមសហគមន៍។ លោកបានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលកម្មវិធីសិក្សាស្ដីពីការជួញដូរមនុស្ស ទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ៖ «យុវជនសព្វថ្ងៃចូលរួមច្រើនក្នុងការតស៊ូមតិជាមួយឃុំ ប្រជាពលរដ្ឋតាមសហគមន៍ ក្នុងប្រឆាំងការជួញដូរមនុស្ស»។
លោក ស៊ិបប៊េស្ទៀន បូល (Sebastian Boll) មន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអង្គការសហប្រជាជាតិ ដើម្បីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (UN-ACT) បាននិយាយថា យើងជំរុញឲ្យប្រទេសទាំង៦ ក្នុងមហាអនុតំបន់ទន្លេមេគង្គ ត្រូវតែសហការគ្នាដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ ប្រទេសទាំងនេះ មិនអាចទប់ស្កាត់អំពើជួញដូរមនុស្សតែម្នាក់ឯងបានទេ ព្រោះការជួញដូរមនុស្សនេះ មានភាពស្មុកស្មាញច្រើន ហើយពិសេស ឈ្មួញមានកលល្បិចច្រើនក្នុងការប្រព្រឹត្ត។ លោកបានបញ្ជាក់ថា ដើម្បីអាចទប់ស្កាត់ការជួញដូរមនុស្សបាន ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ត្រូវកំណត់គោលការណ៍រួម និងត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាឲ្យមានប្រសិទ្ធភាព៖ «ជាការពិតមានទិន្នន័យជាច្រើនមានការខុសគ្នាតិចតួច មិនថាវិស័យឯកជន ឬអង្គការសង្គមស៊ីវិលនោះ។ ដូច្នោះខ្ញុំគិតថា យើងគួរចូលរួមជាមួយនឹងរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ហើយវានឹងទទួលជោគជ័យបើយើងរួមគ្នា ពីព្រោះដូចខ្ញុំនិយាយអ៊ីចឹង រដ្ឋាភិបាលម្នាក់ឯងមិនអាចទប់ស្កាត់បានទេ។ ម្ល៉ោះហើយយើងត្រូវចូលរួមទាំងអស់គ្នា មិនថាវិស័យឯកជន ពិសេសអង្គការសង្គមស៊ីវិល ដែលធ្វើការលើការជួញដូរមនុស្សហ្នឹង និងរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវបង្កើនសហប្រតិបត្តិការរួមគ្នា ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សប្រកបដោយភាពជោគជ័យ នេះជាគោលដៅរបស់ ខមមីត»។
លោកបានអះអាងទៀតថា មានហេតុផលជាច្រើនបណ្ដាលឲ្យមានអំពើជួញដូរមនុស្សកើតឡើង ក្នុងនោះការធ្វើចំណាកស្រុកដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ដោយសារលិខិតនេះថ្លៃ ការចាញ់បោកមេខ្យល់ ខ្វះព័ត៌មាន ការប្រាថ្នាចង់បានជីវភាពរស់នៅល្អប្រសើរ ជាដើម។
លោកបានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សបាន លុះត្រាតែប្រទេសទាំង៦ ក្នុងមហាអនុតំបន់ទន្លេមេគង្គ បង្កើតការងារធ្វើជូនប្រជាជនឲ្យបានច្រើន កាត់បន្ថយការធ្វើចំណាកស្រុក ពង្រឹងនូវគោលការណ៍ដែលបានដាក់ចេញ និងអនុវត្តច្បាប់ស្ដីពីការជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព៕
No comments:
Post a Comment