អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ទា ផល្លា (កណ្ដាល) ថ្លែងនៅក្នុងសន្និសីទកាសែត នាខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
RFA/Hang Savyouth
2015-05-01 RFA
រដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការចំណាយថវិកាជាតិប្រមាណ ៣លាន ៧សែនដុល្លារ សម្រាប់រយៈពេល ៣ឆ្នាំទៅមុខ ក្នុងការទិញថ្នាំប្រឆាំងមេរោគអេដស៍ ជួយសង្គ្រោះអ្នកកើតជំងឺអេដស៍នៅទូទាំងប្រទេសនេះចំនួនប្រមាណ ៧ម៉ឺននាក់។
ការបង្កើនការចំណាយថវិកាជាតិនេះ គឺបន្ទាប់ពីមូលនិធិសកល (Global Fund) ដែលធ្លាប់តែផ្ដល់ជំនួយទឹកប្រាក់ប្រមាណ ៥០លានដុល្លារក្នុងមួយឆ្នាំលើគម្រោងប្រឆាំងមេរោគអេដស៍នោះ បានកាត់បន្ថយជំនួយប្រមាណជា ៤០% មក។
មន្ត្រីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍របស់ប្រទេសកម្ពុជា ឲ្យដឹងថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តហើយថា នឹងប្រឹងប្រែងទប់ស្កាត់បញ្ចប់ការចម្លងមេរោគអេដស៍មិនឲ្យមានអ្នកជំងឺថ្មីនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ ការប្ដេជ្ញាចិត្តនេះ គឺជាផែនការមួយដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជា គ្មានអ្នកជំងឺអេដស៍ឲ្យបានមុនផែនការកំណត់របស់ពិភពលោកនៅឆ្នាំ២០៣០។
អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺលោកវេជ្ជបណ្ឌិត ទា ផល្លា។ លោកមានប្រសាសន៍នៅក្នុងសន្និសីទកាសែត បន្ទាប់ពីចូលរួមបើកកិច្ចប្រជុំសម្របសម្រួលប្រចាំឆមាសឆ្នាំ២០១៥ សម្រាប់មណ្ឌលមិត្តជួយមិត្ត (MMM) នៅឯខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ថា រដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងយកចិត្តទុកដាក់លុបបំបាត់ការចម្លង អេច្ឆ.អាយ.វី (HIV) ដើម្បីកុំឲ្យមានអ្នកជំងឺអេដស៍ថ្មីនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ លោកវេជ្ជបណ្ឌិត ទា ផល្លា បញ្ជាក់ទៀតថា ក្នុងផែនការលុបបំបាត់មិនឲ្យមានអ្នកជំងឺអេដស៍ថ្មីនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏កំពុងប្រឹងប្រែងលើវិធានការមួយចំនួនទៀត ដើម្បីសង្គ្រោះអ្នកកើតជំងឺអេដស៍មិនឲ្យស្លាប់ទៀតទេ។ លោកវេជ្ជបណ្ឌិត ទា ផល្លា អះអាងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយសារការប្រឹងប្រែងប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា បានធ្វើឲ្យអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍មានចំនួនថយចុះយ៉ាងទាប៖ «លើកមុនការចម្លងក្នុងមួយថ្ងៃនោះ គឺអាចដល់ ១០០ករណី។ ឥឡូវនេះ គឺយើងឆ្លងប្រហែលជា ២នាក់ទេក្នុងមួយថ្ងៃ។ អ៊ីចឹង គឺយើងបានកាត់បន្ថយ ប៉ុន្តែយើងចង់ឲ្យការចម្លងហ្នឹងនៅទាបជាង ៣០០ករណីក្នុងមួយឆ្នាំនៅក្នុងឆ្នាំ២០២០»។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដឹងថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណ ៧ម៉ឺននាក់ ក្នុងចំណោមនោះ គឺអ្នកដែលមកទទួលថ្នាំពន្យារចំនួនប្រហែល ៥ម៉ឺននាក់។ តាមការនិទស្សន៍បង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលផ្ទុកមេរោគអេដស៍ ៧ម៉ឺននាក់នោះ អាចមានអ្នកស្លាប់ប្រហែល ២.០០០នាក់ក្នុងមួយឆ្នាំៗ។
ដៃគូសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ បានលើកសរសើរថា ក្នុងរយៈពេល ៣-៤ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ និងដោះស្រាយចំពោះបញ្ហាអ្នកកើតជំងឺអេដស៍យ៉ាងច្រើន។
អ្នកសម្របសម្រួលថ្នាក់ជាតិនៃបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងប្រទេសកម្ពុជា លោក ស៊ន សុធារិទ្ធ មានប្រសាសន៍ថា បន្ថែមពីលើចំនួនអ្នកជំងឺអេដស៍ប្រមាណ ៧ម៉ឺននាក់នៅទូទាំងប្រទេសនោះ កាលពីពេលថ្មីៗចំនួនអ្នកផ្ទុក អេច្ឆ.អាយ.វី (HIV) នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានផ្ទុះឡើងជាច្រើនរយនាក់គួរឲ្យចាប់អារម្មណ៍។ លោក ស៊ន សុធារិទ្ធ បញ្ជាក់ទៀតថា ករណីអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ខេត្តបាត់ដំបង នោះ គឺលោកឃើញរដ្ឋាភិបាលធ្វើអន្តរាគមន៍ទាន់ពេលវេលា ដូចជាចាប់ផ្ដើមសង់អគារមួយសម្រាប់ចែកចាយឱសថដល់អ្នកផ្ទុកមេរោគអេដស៍នៅក្នុងឃុំនោះផ្ទាល់ ដែលស្រុកខ្មែរមិនទាន់មានកម្មវិធីណាដូចនៅឃុំនោះនៅឡើយ។
លោក ស៊ន សុធារិទ្ធ បញ្ជាក់ថា រដ្ឋាភិបាលមិនមែនជួយអន្តរាគមន៍តែផ្នែកសុខាភិបាល ដើម្បីកាត់បន្ថយការឈឺ និងស្លាប់ប៉ុណ្ណោះទេ គឺរដ្ឋាភិបាលកំពុងតែមានផែនការជួយដោះស្រាយបញ្ហាជាច្រើនទៀត៖ «គឺយើងអន្តរាគមន៍ផ្នែកមិនមែនសុខាភិបាល តាំងពីសេវាសង្គមផ្សេងៗ គាត់ត្រូវមានមុខរបរផ្ដល់ការលើកទឹកចិត្ត កុំឲ្យគាត់បាក់ទឹកចិត្ត។ ជាកសិករធ្វើយ៉ាងណាឲ្យគាត់ធ្វើការងារបានវិញ»។
ក្រុមអ្នកជំងឺអេដស៍មួយចំនួនឲ្យដឹងថា កាលពីដំបូងនៅពេលដែលគេដឹងថា ខ្លួនឯងមានផ្ទុក អេច្ឆ.អាយ.វី គឺមានការតក់ស្លុត និងអស់សង្ឃឹម ក៏ប៉ុន្តែក្រោយពីមានកម្មវិធីបណ្ដាញចុះអប់រំ និងលើកទឹកចិត្ត គឺពួកគេមានស្មារតីឡើងវិញ និងមានសង្ឃឹមជាថ្មី។
អ្នកជំងឺអេដស៍ម្នាក់ដែលស្កាត់មកពីខេត្តបាត់ដំបង ដើម្បីចូលរួមប្រជុំសម្របសម្រួលប្រចាំឆមាសឆ្នាំ២០១៥ សម្រាប់មណ្ឌលមិត្តជួយមិត្ត (MMM) នៅខេត្តសៀមរាប មានប្រសាសន៍ថា គាត់ផ្ទុកមេរោគអេដស៍ជាច្រើនឆ្នាំមកហើយ គឺគាត់មិនមានអារម្មណ៍តក់ស្លុតទេ។ ប៉ុន្តែអ្វីដែលរូបគាត់ និងអ្នកជំងឺអេដស៍ជាច្រើនទៀតចង់បាន គឺឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនផ្សេងៗ ជួយលើកទឹកចិត្ត គឺភាពមិនរើសអើង និងការផ្ដល់ការងារ ដើម្បីឲ្យមានលទ្ធភាពរកកម្រៃប្រចាំថ្ងៃ ពីព្រោះអ្នកផ្ទុកមេរោគ អេច្ឆ.អាយ.វី មួយចំនួនជាអ្នកក្រីក្រ ហើយបើកាលណាគាត់គ្មានការងារធ្វើ គឺគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក៖ «បើគាត់ចំណាកស្រុក ការទៅយកថ្នាំលេបពន្យារជីវិត គឺត្រូវបោះបង់ខកខាន។ អ៊ីចឹងចង់ឲ្យអង្គការ ឬក៏ស្ថាប័នសហគ្រាសណាជួយលើកទឹកចិត្តឲ្យបានធ្វើការនៅក្នុងស្រុកយើង»។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា កាលពីឆ្នាំ២០១២ កន្លងទៅ មូលនិធិសកល (Global Fund) ធ្លាប់បានផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ ៥០លានដុល្លារសហរដ្ឋអាមេរិក មកឲ្យកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១៥ តទៅ មូលនិធិសកល បានកាត់បន្ថយជំនួយនេះប្រហែល ៤០% ជាហេតុធ្វើឲ្យរដ្ឋាភិបាលកម្ពុជា បង្កើនការចំណាយថវិកាជាតិប្រមាណជាង ៣លានដុល្លារអាមេរិក ទៅលើការទិញថ្នាំប្រឆាំងមេរោគអេដស៍ក្នុងរយៈពេល ៣ឆ្នាំទៅមុខ។
ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា អ្នកស្រីគាំទ្រចំពោះការបង្កើនថវិកាជាតិ ចំណាយដើម្បីទិញថ្នាំប្រឆាំងមេរោគអេដស៍នោះ ក៏ប៉ុន្តែអ្នកស្រីចង់ឲ្យការប្រើប្រាស់ថវិកានោះមានតម្លាភាពពិតប្រាកដ៖ «យើងព្រួយបារម្ភថា តើថវិកាហ្នឹងប្រើប្រាស់មានតម្លាភាពឬទេ? ហើយការបែងចែកហ្នឹងជួយលើកទឹកចិត្តផ្ដល់ថ្នាំគ្រប់គ្រាន់ដល់អ្នកជំងឺអេដស៍ដោយមិនរើសអើងឬក៏អត់?»។
គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ជំរុញឲ្យរដ្ឋាភិបាលត្រូវតែបង្កើនការពិនិត្យយកចិត្តទុកដាក់ទៅលើការផ្ដល់ថ្នាំ និងអាហារូបត្ថម្ភដល់អ្នកជំងឺអេដស៍ឲ្យបានដល់ដៃពិតប្រាកដ ទើបជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍យ៉ាងជោគជ័យ៕
No comments:
Post a Comment