ដោយ ជី វិតា
2015-05-01 RFA
2015-05-01 RFA
សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃសាលាក្តីខ្មែរក្រហម ដោយមិនមានការយល់ព្រមពីសហភាគីចៅក្រមជាតិ កាលពីដើមខែមីនា ឆ្នាំ២០១៥ បានដាក់ជនសង្ស័យបីរូបដែលជាអតីតមន្ត្រីខ្មែរក្រហម ឲ្យឋិតក្រោមការត្រួតពិនិត្យកំបាំងមុខ ដោយជាប់សង្ស័យថា ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមួយចំនួនដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជនសង្ស័យទាំង ៣រូបនោះមាន អ្នកស្រី អ៊ឹម ចែម លោក អោ អាន និងលោក មាស មុត។
សូមអញ្ជើញស្តាប់សេចក្តីរាយការណ៍របស់ លោក ជី វិតា ដែលបានព្យាយាមរកជួបជនសង្ស័យ អោ អាន និង អ៊ឹម ចែម កាលពីពេលថ្មីៗនេះ៖
ឋិតក្នុងបញ្ជីខ្មៅរបស់សាលាក្តីខ្មែរក្រហម លោក អោ អាន ជាប់សង្ស័យពាក់ព័ន្ធក្នុងអំពើមនុស្សឃាតដោយចេតនា និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ប្រព្រឹត្តឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលពេលនោះលោកជាលេខាតំបន់២៥ ភូមិភាគនិរតី។
លោក អោ អាន ដែលឋិតក្នុងសំណុំរឿង០០៤ កំពុងរស់នៅភូមិអូរតាគី ស្រុកកំរៀង ខេត្តបាត់ដំបង។ ផ្ទុយស្រឡះពីភូមិគ្រឹះរបស់ជនសង្ស័យ មាស មុត ផ្ទះរបស់ជនសង្ស័យ អោ អាន ឋិតនៅក្បែរថ្នល់កៅស៊ូ ប៉ុន្តែជាខ្ទមស្បូវដ៏ចាស់តូចមួយសង់ខ្ពស់ពីដីប្រមាណ ១ម៉ែត្រ។
ប៉ុន្តែនៅលើដីវាលក្បែរខ្ទមរបស់លោក យើងឃើញមានសម្ភារៈសំណង់ដែលរៀបចំបម្រុងសាងសង់ផ្ទះថ្មីមួយ។ ដោយសារគ្មានរបងហ៊ុមព័ទ្ធ យើងអាចដើរចូលត្រង់ទៅខ្ទមរបស់គាត់តែម្តង ប៉ុន្តែគ្រាន់តែក្រឡេកឃើញអ្នកយកព័ត៌មានយើងភ្លាម លោក អោ អាន ដែលមានវ័យជាង ៨០ឆ្នាំហើយនោះ បានស្ទុះចុះពីលើផ្ទះទៅពួនសម្ងំនៅខាងក្រោយផ្ទះបាត់ស្រមោល ទុកឲ្យកូនស្រីវ័យជំទង់របស់គាត់នៅប្រឈមមុខជាមួយអ្នកសារព័ត៌មាន។
ទោះជាយ៉ាងណា កូនស្រីរបស់ លោក អោ អាន ថ្លែងទាំងអល់អែកថា ឪពុករបស់នាងដែលបានទៅជួបសហចៅក្រមស៊ើបអង្កេតអន្តរជាតិ តាមដីកាកោះម្តងហើយនោះ មិនព្រួយបារម្ភអំពីការចោទប្រកាន់របស់សាលាក្តីខ្មែរក្រហមឡើយ៖ «»។
នៅក្នុងភូមិទួលប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឯណោះវិញ អ្នកស្រី អ៊ឹម ចែម ដែលជាជនសង្ស័យមួយរូបទៀតក្នុងសំណុំរឿង០០៤ ដែរនោះ មិនបាននៅផ្ទះទេ ពេលក្រុមការងាររបស់យើងចុះទៅដល់។ ទោះជាយ៉ាងណា កូនស្រីរបស់គាត់ គឺលោកស្រី អ៊ឹម រី ដែលមានទម្រង់មុខស្រដៀងគ្នានឹងម្តាយនោះ អះអាងប្រាប់យើងថា អ្នកស្រី អ៊ឹម ចែម បានទៅធ្វើបុណ្យនៅខេត្តតាកែវ ជាយូរថ្ងៃមកហើយ៖ «»។
លោកស្រី អ៊ឹម រី ក៏បានអះអាងដែរថា គ្រួសាររបស់លោកស្រីមិនមានការភ័យព្រួយអ្វីទេ ពីព្រោះជឿជាក់ថា ម្តាយរបស់ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សាលាក្តីកូនកាត់មួយនេះ៖ «»។
គិតមកដល់ពេលនេះ របបខ្មែរក្រហមដែលពោរពេញទៅដោយការកាប់សម្លាប់បានកន្លងផុតទៅអស់រយៈពេល ៣៦ឆ្នាំហើយ។ ហេតុដូច្នេះ អ្នកខ្លះយល់ឃើញថា ការផ្សះផ្សាជាតិ និងការថែរក្សាសន្តិភាពដែលកម្ពុជា កំពុងមាន ទើបជារឿងសំខាន់ជាងការស្វែងរកយុត្តិធម៌។
អ្នករស់នៅក្បែរខាងរបស់ អ្នកស្រី អ៊ឹម ចែម ម្នាក់គឺលោកស្រី គូ សារិម ក្រៅតែពីថ្លែងគោរព អ្នកស្រី អ៊ឹម ចែម ថាជាមនុស្សចាស់ទុំកាន់ធម៌អាថ៌ដ៏ល្អម្នាក់នៅក្នុងភូមិហើយ លោកស្រីក៏បានសម្ដែងការមិនពេញចិត្តចំពោះសាលាក្តីខ្មែរក្រហមដែរថា កំពុងឆ្កឹះឆ្កៀលដំបៅចាស់ឲ្យឈឺចាប់ឡើងវិញ៖ «»។
ចំណែកលោកមេភូមិទួលប្រាសាទ ដែលរស់នៅជិតខាង អ្នកស្រី អ៊ឹម ចែម ម្នាក់ទៀតក៏យល់ឃើញដូចគ្នាដែរថា អ្នកស្រី អ៊ឹម ចែម ជាមនុស្សល្អស្លូតបូតគួរជាទីគោរព៖ «»។
ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើ អ្នកស្រី អ៊ឹម ចែម ជាមនុស្សជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យមែននោះ ត្រូវឲ្យតុលាការជាអ្នកសម្រេច។ លោកថា លោកក៏បាត់បង់ញាតិមិត្តច្រើនដែរក្នុងសម័យខ្មែរក្រហម៖ «»។
មន្ត្រីសម្របសម្រួលកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជា លោក ឡុង បញ្ញាវុឌ្ឍ ឲ្យដឹងថា ការបង្ហាញខ្លួនរបស់ជនសង្ស័យក្នុងសំណុំរឿង០០៣ និង០០៤ នៅក្នុងសវនាការពិតជាមានសារសំខាន់ណាស់ ដើម្បីស្វែងរកការពិត ការផ្សះផ្សាជាតិ និងយុត្តិធម៌ជូនជនរងគ្រោះ៖ «»។
ក្នុងចំណោមជនសង្ស័យ ២រូបនៃសំណុំរឿង០០៤ មានតែ លោក អោ អាន ម្នាក់គត់ដែលគោរពតាមដីកាសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហម។ ចំណែក អ្នកស្រី អ៊ឹម ចែម ដែលត្រូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចេញដីកានាំខ្លួនមកតុលាការនោះ មិនត្រូវបាននគរបាលយុត្តិធម៌យកទៅអនុវត្តឡើយ។
ទាក់ទងនឹងការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះសង្គ្រាម ប្រសិនបើមានការចាប់ជនសង្ស័យបន្ថែមយកមកកាត់សេចក្តីនោះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ មានប្រសាសន៍ថា ការព្រួយបារម្ភនេះ មិនអាចក្លាយជាការពិតនោះទេ៖ «»។
លោក អោ អាន ដែលជាលេខាតំបន់២៥ នៃភូមិភាគនិរតីនៃរបបកម្ពុជាប្រជាធិបតេយ្យនោះ ជាប់សង្ស័យពាក់ព័ន្ធក្នុងការសម្លាប់មនុស្សនៅគោកព្រីង មន្ទីរសន្តិសុខទួលបេង និងមន្ទីរសន្តិសុខវត្តអូរត្រកួន ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
ចំណែក អ្នកស្រី អ៊ឹម ចែម ដែលជាលេខាស្រុកព្រះនេត្រព្រះ តំបន់៥ នៅខេត្តបាត់ដំបង ក្រោមរបបកម្ពុជាប្រជាធិបតេយ្យវិញ ជាប់ចោទពីបទរំលោភក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅទីកន្លែងផ្សេងៗរួមមាន មន្ទីរសន្តិសុខ ភ្នំទ្រយោង និងការដ្ឋានស្ពានស្រែង ជាដើម។
របបកម្ពុជាប្រជាធិបតេយ្យ ដែលស្គាល់ជាទូទៅថាសម័យខ្មែរក្រហម ដែលគ្រប់គ្រងកម្ពុជា ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះ បានផ្តាច់ជីវិតមនុស្សប្រមាណ ២លាននាក់ ឬម្នាក់ក្នុងចំណោមបួននាក់ តាមរយៈការបង្ខំឲ្យធ្វើការបាក់កម្លាំង ការបង្ហត់អាហារ ជំងឺ និងការប្រហារជីវិត។
មាត្រា១ នៃច្បាប់ស្ដីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ចែងថា ច្បាប់នេះរៀបចំឡើងក្នុងគោលបំណងវិនិច្ឆ័យទោសមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិដែលប្រទេសកម្ពុជា ទទួលស្គាល់ ហើយដែលបានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ទោះជាយ៉ាងណាក៏ដោយចុះ តាមផ្លូវច្បាប់ លោក អោ អាន និងអ្នកស្រី អ៊ឹម ចែម ត្រូវបានសន្មតថា ជាមនុស្សគ្មានទោសកំហុសអ្វីទាំងអស់ ដរាបណាតុលាការនៅមិនទាន់បើកសវនាការបញ្ជាក់ថា លោកបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់ណាមួយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment