ដោយ ទីន ហ្សាការីយ៉ា
2015-05-01 RFA
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) បានបើកកិច្ចពិភាក្សាមួយជាមួយតំណាងអង្គការជាតិ និងអន្តរជាតិ និងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅទីក្រុងភ្នំពេញ (UNHCR) ដើម្បីពិភាក្សាទៅលើច្បាប់បោះឆ្នោតថ្មី ដែលអឺរ៉ា បានធ្វើការវិភាគ និងវាយតម្លៃអំពីផលអវិជ្ជមាន និងវិជ្ជមាននៃច្បាប់ថ្មី។
ការលើកឡើងពីភាពអវិជ្ជមាននៃច្បាប់បោះឆ្នោតថ្មីនេះ មិនមែនជាលើកទី១ទេដែលខាងអង្គការសង្គមស៊ីវិល បានលើកឡើងពីការព្រួយបារម្ភ និងស្នើឲ្យសភាធ្វើការកែប្រែនៅមុនពេលសភាអនុម័តច្បាប់នេះជាផ្លូវការមកម្ល៉េះ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា បានធ្វើការវាយតម្លៃច្បាប់បោះឆ្នោតថ្មីចំនួន ៣០ចំណុច និងមានភាពអវិជ្ជមានធ្ងន់ធ្ងរចំនួន ១១ចំណុចនៃច្បាប់បោះឆ្នោតថ្មីមាន ១១ជំពូក បើប្រៀបធៀបទៅនឹងច្បាប់បោះឆ្នោតចាស់។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត នឹងប្រមូលយកអនុសាសន៍ជាច្រើនទៀតនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី៣០ មេសា អំពីភាពអវិជ្ជមានទាំងឡាយនៅក្នុងច្បាប់បោះឆ្នោតថ្មី បញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ទោះបីជាសភាបានអនុម័តច្បាប់បោះឆ្នោតនេះហើយក្ដី។
តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា លោក គល់ បញ្ញា មានប្រសាសន៍ថា ច្បាប់បោះឆ្នោតថ្មីដែលមានចំណុចអវិជ្ជមានធ្ងន់ធ្ងរទាំង ១១ចំណុចនោះ ដូចជាមាត្រា១៦២ ដែលភ្ជាប់បុគ្គលឯកជនទៅនឹងគណបក្សនយោបាយ បើសិនជាបុគ្គលនេះធ្វើខុសនៅពេលឃោសនាបោះឆ្នោត នឹងត្រូវឈានដល់ការរំលាយគណបក្ស។ មាត្រា១៦០ បញ្ញត្តិនេះដាក់ទណ្ឌកម្មទៅលើអ្នកសង្កេតការណ៍បោះឆ្នោតស្ម័គ្រចិត្តពី ១លានរៀលទៅ ១០លានរៀល។ មាត្រា១៤៨ ដែលរឹតត្បិតអង្គការសង្គមស៊ីវិល និងមាត្រាមួយចំនួនទៀត៖ «»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ គណបក្សកាន់អំណាចមានចេតនានយោបាយ ដើម្បីកេងចំណេញនយោបាយនៅពេលខាងមុខ។ លោក កែម ឡី បញ្ជាក់ថា ច្បាប់នេះអាក្រក់ជាងច្បាប់ចាស់ទៅទៀត៖ «»។
ការពិភាក្សាអំពីការវាយតម្លៃច្បាប់បោះឆ្នោត ដែលរៀបចំឡើងដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនេះ ក្រៅពីមន្ត្រីអង្គការសង្គមស៊ីវិលចូលរួមនោះ ក៏មានមន្ត្រីតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅទីក្រុងភ្នំពេញ និងអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ចូលរួម។ ដោយឡែកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនបានទៅចូលរួមទេ ដែលច្បាប់នេះគណបក្សទាំងពីរបានរៀបចំធ្វើឡើង និងសភាអនុម័តកាលពីខែមេសា កន្លងទៅ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យ លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ លោកឯកភាពទៅលើចំណុចអវិជ្ជមានមួយចំនួនដែលអឺរ៉ា បានរកឃើញនោះ រួមមាន ការរឹតត្បិតអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត។ល។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកដៃអនុម័តច្បាប់នេះកាលពីខែមេសា នោះ ដោយសារតែគណបក្សសង្គ្រោះជាតិ គិតពីផលប្រយោជន៍រួម៖ «»។
មេធាវីប្រធានការិយាល័យក្រុមអ្នកច្បាប់អមរិន្ទ្រ លោកបណ្ឌិត សុក សំអឿន លើកឡើងថា ច្បាប់បោះឆ្នោតថ្មីនេះ លោកបារម្ភនៅពេលបោះឆ្នោតខាងមុខ បើសិនជាមានបញ្ហាអ្វីមួយដោយគេប្រើប្រាស់ច្បាប់នេះដើម្បីដាក់ទោស ពីព្រោះចំណុចមួយចំនួនក្នុងច្បាប់នេះមិនបានបកស្រាយឲ្យបានច្បាស់លាស់៖ «»។
តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា ធ្លាប់បានស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញដកចេញចំណុចអវិជ្ជមាននៅក្នុងច្បាប់បោះឆ្នោតនេះដែរ ក្រោយពីសភាបានអនុម័តភ្លាមៗកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។ ក៏ប៉ុន្តែមកទល់ពេលនេះ ពុំមានការឆ្លើយតបពីក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។ លោក គល់ បញ្ញា បញ្ជាក់ថា លោកនឹងយកលទ្ធផលនៃកិច្ចប្រជុំនេះដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យដឹងអំពីភាពអវិជ្ជមាននៅក្នុងច្បាប់បោះឆ្នោតថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment