A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 May 2015

មន្ត្រី​សង្ឃ​មិនទាន់​ឆ្លើយ​តប​ផ្លូវការ​លើ​ករណី​ព្រះចៅ​អធិការ​វត្ត​លើ គៀត ច័ន្ទធុច


ដោយ ដែន អយុធ្យា
2015-05-08


ព្រះតេជព្រះគុណ គៀត ច័ន្ទធុច ព្រះ​ចៅ​អធិការ​វត្ត​លើ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៥។
 RFA/Den Ayuthyea

បញ្ហា​នេះ​ប្រជា​ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ​អង្គ​ខ្លះ​ដែល​ត្រូវ​ព្រះសង្ឃ គៀត ច័ន្ទធុច បណ្ដេញ​ចេញពី​វត្ត​ហាក់​មិន​មាន​ជំនឿ​ទៅលើ​ដំណោះស្រាយ របស់​សភា​សង្ឃ​នោះ​ទេ ព្រោះ​កន្លងមក​ស្ថាប័ន​ពាក់ព័ន្ធ នានា មិន​ហ៊ាន​ចាត់ការ ព្រះ​ចៅ​អធិការ​អង្គ​នេះ​ទេ ហើយ​បាន​បន្ត​ដំឡើង​បុណ្យស័ក្ដិ​ថែមទៀត។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី មាន​ប្រសាសន៍​ថា មក​ដល់​ថ្ងៃ​សុក្រ ទី​៨ ខែ​ឧសភា មន្ត្រី​គណៈសង្ឃ​នាយក ឬ​សភា​សង្ឃ នៅ​មិន​ទាន់​ឆ្លើយតប​ជា​លាយ​លក្ខ​អក្សរ ទៅ​លើ​បទ​ចោទ ព្រះ​ចៅ​អធិការ​វត្ត​ជោតញាណ ហៅ​វត្ត​លើ ព្រះនាម គៀត ច័ន្ទ​ធុច មាន​ទីតាំង​ក្នុង​សង្កាត់​លេខ ១ ក្រុង​និង​ខេត្ត​ព្រះសីហនុ ថា​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ ឬ​ព្រះពុទ្ធសាសនា​នោះ​ទេ។ ប៉ុន្តែ​សម្ដេច ព្រះពោធិវង្ស អំ លឹមហេង បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា កំពុង​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ទៅលើ​សំណុំរឿង ព្រះសង្ឃ គៀត ច័ន្ទ​ធុច ដោយ​យក​ទុកដាក់។

លោក សេង សុមុនី បាន​បន្ត​ថា ពេលនេះ ខាង​មន្ត្រី​គណៈ​សង្ឃ​នាយក​កំពុង​ស្នើសុំ​យោបល់ ឬ​ឯកសារ​បញ្ជាក់​បន្ថែម​ទៀត ពី​អភិបាលខេត្ត​ព្រះសីហនុ លោក ឈិត សុខុន និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ ដើម្បី​បានជា​មូលដ្ឋាន ឬ​ភស្តុតាង​ទៅលើ​បទ​ចោទ​ទាំងនោះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ចេញ​លទ្ធផល​សម្រេច​ជា​ផ្លូវការ បែប​ណា ទៅលើ​ព្រះ​ចៅ​អធិការ​វត្ត​លើ គៀត ច័ន្ទធុច។



ទោះ​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធម្មការ ឲ្យ​ដឹង​ថា មក​ដល់​ពេលនេះ ក្រសួង​នៅ​មិនទាន់​ទទួល​បាន​ឯកសារ​បន្ថែម​ពី លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ​នៅឡើយ​ទេ ព្រោះ​លោក​កំពុង​ជាប់រវល់​ចូលរួម​កម្មវិធី របស់​កាកបាទក្រហម ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ។

មាន​តួនាទី​ជា​ព្រះ​មេគណ ខេត្ត​ព្រះសីហនុ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​ព្រះ​សង្ឃរាជ ទេព វង្ស ផង​នោះ ព្រះ​ចៅ​អធិការ​វត្ត​លើ គៀត ច័ន្ទធុច ត្រូវ​មន្ត្រីរាជការ ប្រជា​ពុទ្ធ​បរិស័ទ តាជី​យាយជី និង​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ក្នុង​វត្ត​នេះ ចោទ​ថា បាន​ឆាន់​ស្រា​ជាប្រចាំ និង​ធ្លាប់​ឃើញ​មាន​អាវុធ​ខ្លី​ជាប់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​មួយ​គ្រាប់ នៅ​ក្នុង​កុដិ ឬ​បណ្ណាល័យ​សម្ដេច​សង្ឃ ជួន ណាត នៅ​ក្នុង​បរិវេណ​វត្ត​លើ នៅមុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ៗ​នេះ។

ព្រះសង្ឃ និង​ប្រជា​ពុទ្ធ​បរិស័ទ​ចោទ​ថា ព្រះមេគណ គៀត ច័ន្ទធុច នៅ​ពេល​ព្រះអង្គ​ឆាន់​ស្រា​ស្រវឹង​ជោគ​ជាំ​ម្តងៗ តែង​បាន​រក​រឿង​ព្រះសង្ឃ ឬ​តាជី​យា​ជី​ជាដើម ហើយ​បាន​ប្រើ​ថេរៈ​ដីកា ឬ​ពាក្យ​សម្តី​មិន​សមរម្យ​ជា​អ្នកបួស ឬ​មាន​តួនាទី​ក្នុង​ស្ថាប័ន​សង្ឃ​នោះ​ទេ។

ទោះជា​បែបនេះ​ក្ដី ព្រះ​ចៅ​អធិការ​វត្ត​ជោតិ​ញាណ ហៅ​វត្ត​លើ ព្រះនាម គៀត ច័ន្ធធុច មាន​ថេរៈ​ដីកា ទាំង​នៅ​តាម​បទសម្ភាសន៍​តាម​ទូរស័ព្ទ និង​ក្នុង​សន្និសីទកាសែត​ជា​បន្តបន្ទាប់ ដោយ​បដិសេធ​ថា ព្រះអង្គ​មិនបាន​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ឬ​វិន័យ​សង្ឃ​ដូច​ការ​ចោទ​នោះ​ទេ។

ជាង​នេះ ព្រះសង្ឃ គៀត ច័ន្ទធុច ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី បាន​ចាត់​ទុក​ក្រុម​អ្នកចោទ​ព្រះអង្គ​ថា មាន​ឆាន់​ស្រា និង​ជាប់​ពាក់ព័ន្ធ​បញ្ហា​ផ្សេងៗ គឺ​មាន​ចេតនា​បង្ខូច​កិត្តិនាម​ព្រះអង្គ ដោយ​គ្រាន់តែ​ឮ​ពាក្យ​ចរ​ចាម​អារាម​តៗ​គ្នា​តែប៉ុណ្ណោះ៖ «គ្រាន់តែ​ជា​ពាក្យ​ចរចា​ម​អារាម​ទេ ព្រោះ​រឿង​នេះ​គ្រាន់តែ​ជា​ការ​បរិហារ ឬ​ការចោទប្រកាន់​ខ្វះ​ការពិត​ទេ។ ហើយ​ឆ្នាំនេះ អាត្មាភាព​បាន​រៀប​ចំ​ពិធីបុណ្យ​ចូលឆ្នាំ​តាម​ប្រពៃណី និង​មាន​ប្រជា​ពុទ្ធ​បរិស័ទ​ចេញចូល​ធ្វើបុណ្យ​ជា​ធម្មតា»។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី លោក ឈិន សុខុន អភិបាលខេត្ត​ព្រះសីហនុ ជុំវិញ​បញ្ហា របស់ លោក គៀត ច័ន្ទធុច បាន​ទេ តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា។ ប៉ុន្តែ​កន្លងមក លោក​មាន​ប្រសាសន៍​ថា រាល់​សេចក្ដី​សម្រេច​ផ្សេងៗ ទាក់ទង​បញ្ហា របស់ ព្រះ​ចៅ​អធិការ​វត្ត​លើ គៀត ច័ន្ទធុច ត្រូវ​រង​ការ​ចាំ​សេចក្ដី​សម្រេច​ពី លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ពិសេស​មន្ត្រី​គណៈសង្ឃ​នាយក ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ជា​អ្នក​សម្រេច។ ជាង​នេះ​លោក​ថា ទៅ​ថ្ងៃ​អនាគត ព្រះ​មេគណ ឬ​ព្រះ​ចៅ​អធិការ​អង្គ​នេះ អាច​គង់​បន្ត​ក្នុង​វត្ត​ជោតញាណ ឬ​វត្ត​លើ​ជា​បន្ត​ទៀត ឬ​បែប​ណា​នោះ គឺ​វា​អាស្រ័យ​ទៅ​លើ​សភា​សង្ឃ ព្រះសង្ឃ និង​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះជើងវត្ត ខេត្ត​ព្រះសីហនុ ជា​អ្នក​សម្រេច​៖ «បើ​និយាយ​ពី​វិន័យ​សង្ឃ គឺ​សង្ឃ​ខុស​ធម៌​វិន័យ ដូច្នេះ​ខាង​ខេត្ត​ត្រូវ​មាន​លិខិត​មួយ​ទៅ​ក្រសួង​ធម្មការ​ពិនិត្យ។ ប៉ុន្តែ​រឿង​ដាក់ទោស​ទណ្ឌ​បែប​ណា​នោះ គឺ​ត្រូវ​ទុក​ឲ្យ​ខាង​ក្រសួង​ធម្មតា ឬ​សភា​សង្ឃ​ជា​អ្នក​សម្រេច។ ប៉ុន្តែ​បញ្ហា​នេះ បើកាលណា​មាន​ទំនាស់​មិន​ប្រក្រតី​កើតឡើង គឺ​ព្រះសង្ឃ​ជាប់​ពាក់ព័ន្ធ ដែល​មាន​បញ្ហា​នោះ មិន​អាច​គង់​នៅ​ក្នុង​វត្ត​នេះ​បាន​ទៀត​ទេ ហើយ​បញ្ហា​នេះ វា​អាស្រ័យ​ទៅ​លើ​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះជើងវត្ត យល់ព្រម​ឲ្យ​គង់​នៅ ឬ​បែប​ណា គឺ​ពួកគាត់​ជា​អ្នក​សម្រេច»។

ចំណែក លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី បញ្ជាក់​ថា ក្រោយពេល​ទទួល​បាន​ដំណឹង ព្រះសង្ឃ គៀត ច័ន្ធធុច មាន​ប្រើ​ប្រាស់​អាវុធ ឬ​ផ្ទុះ​អាវុធ និង​ស្រវឹង​ស្រា នៅមុខ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ រូប​គាត់​ក៏បាន​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ និង​តាមដាន​សកម្មភាព របស់​ព្រះ​ចៅ​អធិការ គៀត ចន្ទធុច ប៉ុន្តែ​រក​មិន​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​ទេ។ យ៉ាងណា លោក​ថា បើ​រក​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​មែន​នោះ កម្លាំង​សមត្ថកិច្ច​លោក នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៖ «នៅ​ក្នុង​វត្ត​នោះ គ្រាន់តែ​ខ្ញុំ​ទទួល​បាន​ភ្លាម ខ្ញុំ​ក៏បាន​ចាត់​លោក ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​។ ប៉ុន្តែ​ឃើញ​មាន​ចាក់​ធុងបាស​នៅមុន​បុណ្យចូលឆ្នាំ ហើយ​មិន​ឃើញ​មានការ​ប្រើ​អាវុធ​ដូច​ការ​ចោទ​នោះ​ទេ»។

ទោះ​យ៉ាង​ណា​ព្រះសង្ឃ​គង់នៅ​វត្ត​លើ និង​ប្រជា​ពុទ្ធ​បរិស័ទ​មួយ​ចំនួន បាន​អះអាង​ថា សកម្មភាព​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ឬ​វិន័យ​សង្ឃ ផ្ដើម​ដោយ​ចៅអធិការ​វត្ត គៀត ច័ន្ទធុច មិនមែន​ទើប​កើតឡើង​ថ្មីៗ​នេះ​ទេ ប៉ុន្តែ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយៗ គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ឈឺឆ្អាល​នោះ​ទេ។

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​គង់នៅ​វត្ត​លើ មាន​ថេរៈ​ដីកា​ថា បញ្ហា​របស់​ព្រះ​ចៅ​អធិការ គៀត ច័ន្ធធុច បាន​កើតឡើង​ជា​ថ្មី​ទៀត នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ តែ​ប៉ុន្មាន​ថ្ងៃ ដោយសារ​ចៅ​អធិការ​អង្គ​នេះ បាន​ឆាន់​ស្រា​ស្រវឹង​ជោកជាំ ២​ទៅ ៣​ថ្ងៃ​ជាប់ៗ​គ្នា និង​បាន​បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម ជួន វុទ្ធី មិន​ឲ្យ​គង់​ក្នុង​វត្ត​នេះ​រហូត​មក​ដល់​ពេល​នេះ។

ព្រះ​ភិក្ខុ នាម ជួន វុទ្ធី ដែល​ត្រូវ​ចៅអធិការ​វត្ត​លើ គៀត ច័ន្ធធុច បណ្ដេញ​ចេញពី​វត្ត​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំនេះ មាន​ថេរៈ​ដីកា ដោយ​ស្នើ​ដល់​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ពិសេស​មន្ត្រី​គណៈ​សង្ឃ​នាយក​ត្រូវ​ចុះ​អង្កេត ឬ​ទប់ស្កាត់​ចំពោះ​ទង្វើ និង​សកម្មភាព របស់​ព្រះ​ចៅ​អធិការ​វត្ត​លើ គៀត ច័ន្ធធុច ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រះពុទ្ធសាសនា។

ព្រះ​ភិក្ខុ​អង្គ​នេះ ត្រូវ​បាន​ប្រជា​ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ​គង់​ក្នុង​វត្ត​នេះ ទទួល​ស្គាល់​ថា ជា​ព្រះសង្ឃ​មួយ​អង្គ ចេះ​ធម៌​វិន័យ​ជ្រៅជ្រះ និង​បាន​សម្ដែង​ព្រះ​ធម្មទេសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ តាម​ប៉ុស្តិ៍​វិទ្យុ​នា​ខេត្ត​ព្រះសីហនុ មុន​ត្រូវ​ព្រះសង្ឃ គៀត ច័ន្ទធុច បណ្ដេញ​ចេញពី​វត្ត។

ព្រះ​ភិក្ខុ ជួន វុទ្ធី មាន​ថេរៈ​ដីកា សំណូមពរ​ដល់​ក្រសួង​ធម្មការ ឬ​ស្ថាប័ន​សភា​សង្ឃ ជួយ​ជ្រោមជ្រែង​ទី​អារាម​ជា​ព្រះ​កិត្តិនាម របស់ សម្ដេច​សង្ឃ ជួន ណាត និង​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ កសាង​មកនេះ ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ឡើងវិញ៖ «សំខាន់​មិនមែន​មានតែ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​ទេ ដែល​ដឹងឮ​លើ​ករណី​ព្រះសង្ឃ គៀត ច័ន្ទធុច ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​សង្ឃ។ សូម្បី​ប្រជា​ពុទ្ធ​បរិស័ទ​មកពី​ខេត្ត​ដទៃ​ទៀត ក៏បាន​ដឹងឮ​រឿង​ហ្នឹង​ដែរ ព្រោះ បាន​ប្រព្រឹត្តិ​ដូចនេះ​ជា​យូរ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​មិន​មាន​ស្ថាប័ន ឬ​បុគ្គល​ណាមួយ​ហ៊ាន​ប៉ះពាល់​សង្ឃ​អង្គ​នេះ​ទេ ព្រោះ​បាន​អួតអាង​យក​ខ្នងបង្អែក​អ្នកធំ​នេះ អ្នកធំ​នោះ មក​និយាយ​បង្ហាញ​ធ្វើជា​ខ្នង ឬ​ជា​រនាំង​ជាដើម»។

បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ហាក់​មិន​មាន​ទំនុក​ចិត្ត​ទោស​លើ​ការវិនិច្ឆ័យ​កំហុស​ឆ្គង​ព្រះសង្ឃ ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ផ្សេងៗ របស់ មន្ត្រីសភា​សង្ឃ ឬ​មន្ត្រី​គណៈ​សង្ឃនាយក​នោះ​ទេ ព្រោះ​យល់ថា​មិន​ឯករាជ្យ មាន​បក្សពួកនិយម និង​មាន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នយោបាយ​បក្ស​កាន់អំណាច​ផង។

អ្នកវិភាគ​រូប​នេះ​សង្កេត​ឃើញ​ថា វិន័យ​សង្ឃ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ភាព​ធូរ​លុង ហើយ​បញ្ហា​នេះ តែង​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន បាន​ចុះផ្សាយ ព្រះសង្ឃ​អង្គ​ខ្លះ ឬ​ព្រះ​ចៅ​អធិការ​អង្គ​ខ្លះ មាន​ចិញ្ចឹម​ស្រី​ស្នេហ៍​ក្មេងៗ ឬ​មាន​លប​លួច​ដោះ​ស្បង់​ចីវរ ចេញ​ដើរ​ផឹកស៊ី​ច្រៀង​រាំ នៅ​តាម​ក្លឹប​រាត្រី​ជាដើម។

ងាក​មក​ករណី​បទ​ចោទ​ព្រះ​ចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​វិញ លោក កែម ឡី បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បើក​ការ​ស៊ើប​អង្កេត ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​យុត្តិធម៌ ពិត​ប្រាកដ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងពីរ​ស្ងប់​អារម្មណ៍៖ «យើង​អត់​អាច​ប្រើ​តែ​ប្រព័ន្ធ​ពី​ថ្នាក់លើ ដើម្បី​ចាត់ការ​ទៅលើ​បញ្ហា របស់​ព្រះសង្ឃ​នោះ​ទេ។ ពី​ដើម​យើង​អនុញ្ញាត​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជា​ភ្នែក​ជា​ច្រមុះ ដើម្បី​លើក​តម្កើង​ព្រះពុទ្ធសាសនា។ តាមដាន​និង​សម្រេច​ខ្លះ​ដោយ​ពលរដ្ឋ​នៅ​ជុំវិញ​វត្ត ឬ​នៅ​ជុំវិញ​ស្រុកភូមិ ជាជាង​យក​ដាវ​អាជ្ញាសឹក​ពី​លើ ដើម្បី​ធ្វើ​ការ​គាបសង្កត់​ដល់​ព្រះសង្ឃ»។

ទាក់ទិន​បញ្ហា​នេះ អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​កំពុង​កាន់អំណាច ប្រជាពលរដ្ឋ មន្ត្រីរាជការ​នៅ​តាម​មន្ទីរ ស្ថាប័នរដ្ឋ​ភាគច្រើន នា​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​ចូលនិវត្តន៍ សុទ្ធតែ​បាន​ដឹង​ឮ​ថា ព្រះសង្ឃ គៀត ច័ន្ទធុច ពិតជា​បាន​ញៀន​ស្រា​ជាប្រចាំ​កន្លងមក។ ហើយ​ករណី​នេះ ពួកគេ​ក៏​ចង់​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ សភា​សង្ឃ ឬ​ស្ថាប័ន​ថ្នាក់​ជាតិ បើក​ការស៊ើបអង្កេត​ដ៏​ឯករាជ្យ​មួយ ទៅលើ​បញ្ហា របស់​ព្រះ​ចៅ​អធិការ​វត្ត​ជោតញាណ ហៅ​វត្ត​លើ ព្រះនាម គៀត ច័ន្ទធុច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​នា​ថែមទៀត​នា​ថ្ងៃ​អនាគត៕

No comments: