A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 8 May 2015

បណ្ដាញ​ស្ត្រី​អតីត​សហគមន៍​បឹងកក់​សែនព្រេន​ដាក់​បណ្ដាសា​ក្រុមហ៊ុន​ស៊ូកាគូ


ដោយ អ៊ុំ រង្សី
2015-05-07
  

ក្រុម​សន្តិសុខ​​និង​​ក្រុម​អ្នក​តវ៉ា​ប្រឈម​មុខ​គ្នា​នៅ​ខាង​មុខ​​​សាលា​រាជធានី។
បណ្ដាញ​ស្ត្រី​អតីត​សហគមន៍​បឹងកក់ ដែល​រង​ការ​បណ្ដេញ​ចេញ​ប្រមាណ​ជាង ១០០​នាក់ បាន​ធ្វើ​ពិធី​សែនព្រេន​នៅ​ខាង​មុខ​ទីតាំង​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ស្ថិត​នៅ​លើ​ដី​របស់​ពួកគេ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​តំបន់​បឹងកក់។ ពិធី​សែនព្រេន​នេះ ធ្វើ​ឡើង​ដើម្បី​ដាក់​បណ្ដាសា​ក្រុមហ៊ុន​ដែល​រំលោភ​យក​ដី​របស់​ពួកគេ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ផ្ដល់​សំណង​បន្ថែម​ដល់​ពួកគាត់។

អតីត​ស្ត្រី​បណ្ដាញ​សហគមន៍​បឹងកក់ ដែល​ធ្លាប់​ព្រម​ទទួល​យក​សំណង​រួច​ម្ដង​ហើយ​នោះ បាន​រៀបចំ​ពិធី​សែនព្រេន​នេះ បន្ទាប់​ពី​បាន​ឡើង​តវ៉ា​ដាក់​ញត្តិ​​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា។
តំណាង​បណ្ដាញ​ស្ត្រី​អតីត​សហគមន៍​បឹងកក់ លោកស្រី ស៊ា ណារ៉េត បាន​និយាយ​ថា ការ​ឡើង​តវ៉ា និង​រៀបចំ​ពិធី​សែនព្រេន​របស់​អតីត​សហគមន៍​បឹងកក់ ដោយ​មាន​សែន​អំបិល និង​ម្ទេស​ផង​នោះ គឺ​ជា​ការ​ដាក់​បណ្ដាសា​ឲ្យ​ក្រុមហ៊ុន​វិនាស​ហិនហោច​នៅ​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​លើ​ទឹក​ភ្នែក​របស់​រាស្ត្រ។

តំណាង​ស្ត្រី​រូប​នេះ​បន្ត​ថា មូលហេតុ​ពួកគេ​ធ្វើ​ពិធី​សាសនា​បែប​នេះ ដោយសារ​តែ​សហគមន៍​អស់​ជំនឿ​ជឿជាក់​លើ​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​បាន​ស្វែង​រក​ដំណោះស្រាយ​ជូន​អ្នក​អតីត​សហគមន៍​បឹងកក់៖ «ខ្ញុំ​សូម​ដាក់​បណ្ដាសា​បណ្ដា​ក្រុម​ដែល​កំពុង​វិនិយោគ​គម្រោង​សាងសង់​នៅ​ក្នុង​តំបន់​បឹងកក់ សូម​ក្តៅ​ក្រហាយ​រក​ស៊ី​ខាត ព្រោះ​ក្រុមហ៊ុន​ទាំង​នោះ​ជា​ចំណែក​ធ្វើ​ពួក​ខ្ញុំ​រង​ទុក្ខ​វេទនា និង​ទទួល​រង​ភាព​អយុត្តិធម៌»។


តំណាង​អតីត​សហគមន៍​បឹងកក់ ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​ម្នាក់​ទៀត លោកស្រី អ៊ីម ស្រីទូច ឲ្យ​ដឹង​ដែរ​ថា បើ​ទោះ​បី​ជា​អតីត​អ្នក​បឹងកក់ បាន​សំណង​ដូចជា ផ្ទះ និង​ថវិកា​មួយ​ចំនួន​ក្តី តែ​ជា​ការ​ទទួល​យក​ទាំង​បង្ខំ និង​ជា​សំណង​តិចតួច​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា ទង្វើ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ស៊ូកាគូ បាន​ធ្វើ​អោយ​អ្នក​បឹងកក់ រង​ទុក្ខវេទនា បាត់​ដី និង​ទ្រព្យសម្បត្តិ​អស់​រលីង​គ្មាន​សល់ ដោយសារ​តែ​ការ​បណ្ដេញ​ចេញ៖ «ក្រុមហ៊ុន និង​រដ្ឋាភិបាល​ឃុបឃិត​គ្នា​យក​ដី​ពលរដ្ឋ​បឹងកក់ សង​សំណង​មិន​សមរម្យ ហើយ​ជា​យក​ដី​នោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ទៅ​វិញ»។

មុន​ពេល​ពិធី​សែនព្រេន​ត្រូវ​បាន​ប្រារព្ធ ការ​តវ៉ា​របស់​បណ្ដាញ​ស្ត្រី​អតីត​បឹងកក់ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក មាន​ការ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលាក្រុង​ភ្នំពេញ ខណៈ​ស្ត្រី​បឹងកក់ ព្យាយាម​អង្គុយ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​ស្រែក​ដាក់​មេក្រូ​ទាមទារ​រក​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ។ យ៉ាង​ណា​មិញ​ការ​បង្ក្រាប​នោះ មិន​បាន​ធ្វើ​ឲ្យ​អ្នក​តវ៉ា​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ទេ។

ទាក់ទង​នឹង​ការ​តវ៉ា​របស់​អ្នក​បឹងកក់ នេះ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) មាន​ប្រសាសន៍​ថា តាម​ការ​អង្កេត​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​ពលរដ្ឋ​ទាំង​នោះ​ពិតជា​ជួប​នឹង​បញ្ហា​ជីវភាព​រស់​នៅ​ដោយសារ​គ្មាន​មុខ​របរ​ចិញ្ចឹម​ជីវិត បន្ទាប់​ពី​ចាក​ចេញ​ពី​បឹងកក់  និង​ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ៖ «ខ្ញុំ​គិត​បញ្ហា​របស់​អតីត​សហគមន៍​បឹងកក់​មក​ពី​ការ​ដោះស្រាយ​មិន​សមរម្យ មិន​មាន​តម្លាភាព និង​យុត្តិធម៌»។

​ឆ្លើយ​តប​នឹង​ការ​ទាមទារ​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា ការ​តវ៉ា​របស់​អតីត​អ្នក​បឹងកក់ នៅ​ពេល​នេះ គឺ​វា​ហួស​ពី​សមត្ថភាព​របស់​សាលា​រាជធានី​ភ្នំពេញ។ លោក​ថា អ្វី​ដែល​សាលា​រាជធានី​អាច​ជួយ​បាន គឺ​ព្យាយាម​អភិវឌ្ឍ​នៅ​កន្លែង​ដែល​អ្នក​អតីត​បឹងកក់ ទៅ​រស់​នៅ​ប៉ុណ្ណោះ៖ «ខ្ញុំ​យល់​ថា​អ្វី​ដែល​ពួក​គាត់​ស្នើ​មក​សាលា​រាជធានី គឺ​ជា​ខ្ពស់​ហួស​ពេក តែ​សាលា​រាជធានី​នឹង​ខិតខំ​អភិវឌ្ឍ​នៅ​តំបន់​ដែល​ពួក​គាត់​រស់នៅ ដោយ​កសាង​ជា​ហេដ្ឋារចនាសម្ពន្ធ​ជាដើម»។

មុន​នឹង​ចាកចេញ​ពី​តំបន់​បឹងកក់ គ្រួសារ​អតីត​អ្នក​បឹងកក់ ធ្លាប់​បាន​ទទួល​សំណង​ម្ដង​រួច​មក​ហើយ ដែល​មាន​ទឹកប្រាក់ ៨​ពាន់​ដុល្លារ និង​ប្រាក់ ២​លាន​រៀល​ក្នុង​មួយ​គ្រួសារ។ រហូត​មក​ដល់​ពេល​នេះ ពួកគាត់​បាន​ទាមទារ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ស៊ូកាគូ ឲ្យ​ផ្ដល់​សំណង​បន្ថែម​ទៀត គឺ​ជា​ផ្ទះ និង​ដី​ទំហំ ៤​ម៉ែត្រ គុណ ១៨​ម៉ែត្រ នៅ​ក្នុង​តំបន់​បឹងកក់។ ចំណែក​គ្រួសារ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យក​ផ្ទះល្វែង​ដែល​គ្មាន​គុណភាព​នៅ​តំបន់​ដំណាក់ត្រយឹង កន្លង​មក​នោះ បច្ចុប្បន្ន​ក៏​ទាមទារ​សំណង​បន្ថែម​ទៀត​ដែរ គឺ​គិត​ជា​ទឹក​ប្រាក់​ចំនួន ២០.០០០​ដុល្លារ សម្រាប់​ជួសជុល​ផ្ទះ និង​សង​បំណុល​គេ ព្រមទាំង​បង្កើត​មុខ​របរ​ថ្មី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​ផ្គត់ផ្គង់​ដល់​ការ​សិក្សា​របស់​កូនៗ​ពួកគាត់៕​

No comments: