ដោយ ថា កិត្យា
2015-05-07
សន្និសីទសារព័ត៌មានស្ដីពីក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេសឆបោកប្រជាពលរដ្ឋ នាទីស្នាក់ការសមាគមអាដហុក (Adhoc) នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០១៥។
RFA/Tha Kitya
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ស្នើអោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត ចាត់វិធានការចំពោះក្រុមហ៊ុនចំនួនពីរដែលជ្រើសរើសពលករទៅធ្វើការនៅបរទេស រួមមានក្រុមហ៊ុន រ៉ៃស៍ ណេតឆឺរ៉ល (Rice Natural) និងក្រុមហ៊ុន សេនឆឺរី (Century)។
សំណើនេះធ្វើឡើងបន្ទាប់ពីសមាគមអាដហុក ទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាង ២០០នាក់ ដែលចាញ់បោកក្រុមហ៊ុនទាំងពីរនេះ ក្នុងម្នាក់ៗអស់ប្រាក់ ៤០០ដុល្លារ។ ទាក់ទិនបញ្ហានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងតាមដាន ហើយសន្យាដោះស្រាយឲ្យបានឆាប់។
រហូតមកដល់ពេលនេះ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក នៅតែពុំទាន់ឃើញមានការដោះស្រាយណាមួយពីភាគីក្រុមហ៊ុនជ្រើសរើសពលករឈ្មោះ Rice Natural និង ក្រុមហ៊ុន Century ក្នុងការសងប្រាក់មកពលកររងគ្រោះវិញនោះទេ។
ទាក់ទងបញ្ហានេះដែរ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្គាប់ដាច់ណាត់ឲ្យក្រុមហ៊ុនទាំងពីរនេះបញ្ចប់បញ្ហាជាមួយពលករដែលរងគ្រោះមិនឲ្យលើសពី ៤៥ថ្ងៃក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាទីស្នាក់ការសមាគមអាដហុក ក្រុងភ្នំពេញ នៅថ្ងៃទី៧ ឧសភា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ ស្នើអោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដកប្រាក់ធនាគាររបស់ក្រុមហ៊ុនទាំងពីរ មកសងពលកររងគ្រោះនូវប្រាក់ដែលបានបង់ទៅឲ្យក្រុមហ៊ុនទាំងនេះកន្លងមកឲ្យបានឆាប់ជាទីបំផុត។ ស្របពេលនេះដែរ លោកក៏ស្នើអោយតុលាការ និងក្រសួងមានសមត្ថកិច្ច ត្រូវតែស្វែងរកចាប់ជនឆបោកជាអ្នកទទួលខុសត្រូវនៃក្រុមហ៊ុនទាំងពីរនេះមកផ្ដន្ទាទោសតាមច្បាប់៖ «ទី១ សុំឲ្យក្រសួងការងារ យកលុយតម្កល់របស់ក្រុមហ៊ុនទាំងពីរ មកសង ព្រោះបងប្អូនយើងឥឡូវនេះ កំពុងជួបបញ្ហាដូចគាត់លើកឡើងអ៊ីចឹង ថាពួកគាត់ទៅខ្ចីបុលលុយគេ ហើយការប្រាក់ចេះតែឡើង ហើយក៏គ្មានលុយសងការប្រាក់ផង ជាពិសេសតិចទៀតនេះ នឹងប្រឈមការរឹបអូសយកផ្ទះសម្បែងទៀត។ តែកាលណាគាត់អស់ផ្ទះសម្បែងទៀត មិនដឹងទៅនៅណាទៀត? ទី២ គឺទាមទារឲ្យតុលាការធ្វើកិច្ចការនេះឲ្យបានហ្មត់ចត់»។
សំណើទាំងនេះ ធ្វើឡើងបន្ទាប់ពីសមាគមអាដហុក ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ២០១នាក់ ក្នុងខែមេសា ឆ្នាំ២០១៥ មកពីគ្របបណ្ដាខេត្តរាជធានី ដែលក្រុម Rice Natural និងក្រុមហ៊ុន Century ជ្រើស រើសពលករទៅធ្វើការផ្នែកកសិកម្ម ឧស្សាហកម្ម និងសំណង់នៅប្រទេសជប៉ុន ដោយតម្រូវអោយពួកគាត់បង់ប្រាក់ជាមុនក្នុងម្នាក់ ៤០០ដុល្លារ។ ប៉ុន្តែនៅទីបំផុត ក្រុមហ៊ុនទាំងពីរនេះ បានទម្លាក់ផ្លាកក្រុមហ៊ុនចោលមិនគោរពតាមសន្យារបស់ខ្លួនក្នុងការរកការងារធ្វើឲ្យប្រជាពលរដ្ឋ ដែលបង់ប្រាក់ទាំងនេះទេ។
ពលករទាំងនេះរៀបរាប់ថា ពួកគេបានសម្រេចខ្ចីប្រាក់ពីធនាគារដោយដាក់បញ្ចាំនូវផ្ទះសំបែង ដីធ្លី ដើម្បីបង់អោយក្រុមហ៊ុនទាំងពីរនេះជាមុនសិនជាថ្នូរនឹងការនាំពួកគេទៅធ្វើការនៅក្រៅប្រទេស ដើម្បីរកប្រាក់បានច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ទាប់ពីពួកគេពុំអាចរកការងារធ្វើបាននៅក្នុងប្រទេស។
ពលករម្នាក់ក្នុងចំណោមពលករអស់ប្រាក់ ៤០០ដុល្លារ ទាំង ២០១នាក់នោះ លោក សាត សៀត មកពីខេត្តព្រៃវែង និយាយថា ដោយសារធ្វើការនៅក្នុងស្រុកយ៉ាប់យ៉ឺនពេក ទើបលោកចង់ទៅបំពេញការងារនៅក្រៅប្រទេស។ ប៉ុន្តែនៅទីបំផុត លោកត្រូវរងការបោកប្រាស់ពីក្រុមហ៊ុនហើយក្លាយជាកូនបំណុលគេដែលពុំមានលទ្ធភាពសងប្រាក់ទៅម្ចាស់បំណុលវិញឡើយ។ លោកក៏អំពាវនាវអោយប្រជាពលរដ្ឋកម្ពុជា ត្រូវសាកសួរព័ត៌មានឲ្យបានច្បាស់មុននឹងចំណាយលុយដើម្បីបានទៅធ្វើការនៅបរទេស៖ «ខ្ញុំបង់លុយឲ្យក្រុមហ៊ុនអស់ ៤០០ដុល្លារ ឥឡូវគេរត់បាត់ហើយ។ ឥឡូវហ្នឹង គឺឲ្យគេសងលុយមកពួកយើងទាំងអស់វិញ។ រកលុយនៅស្រុកនេះ វាតឹងពេក ពិបាករកពេក ដូច្នេះចង់ទៅធ្វើការងារនៅក្រៅប្រទេស វាបានលុយច្រើន ដើម្បីជួយគ្រួសារខ្ញុំឲ្យបានរីកចម្រើន»។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានតាមដានករណីនេះរហូត។ លោកបន្តថា លោករដ្ឋមន្ត្រីក៏បានបង្គាប់ឲ្យទីភ្នាក់ងារនាំពលករទៅក្រៅប្រទេសទាំងពីរនេះ ដោះស្រាយជូនពលករទាំងនេះមិនអោយលើសពី ៤៥ថ្ងៃដែរ។ បើពុំដូច្នេះទេ ក្រសួងការងារនឹងដកប្រាក់ដែលតម្កល់ចំនួន ១០ម៉ឺនដុល្លារ ជូនពលករទាំងនោះវិញ៖«ក្នុងករណីដែលភាគីទាំងពីរដោះស្រាយហើយ តែមិនទាន់សម្រេច ហើយមានភស្តុតាងបញ្ជាក់ថា នេះជាករណីយកកម្រៃសេវាមួយដែលមិនបានបំពេញកិច្ចការងារនោះ គឺប្រាក់ ១០ម៉ឺនដុល្លារនេះ នឹងប្រគល់ជូនទៅបងប្អូនកម្មករវិញ»។
បើតាមតួលេខរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា ក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេសមានចំនួន ៣៨ ដែលបានចុះបញ្ជីត្រឹមត្រូវ។ ប៉ុន្តែសមាគមអាដហុក អះអាងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦០ ដែលមានសិទ្ធិនាំពលករទៅធ្វើការនៅក្រៅប្រទេស ដូចជាប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន ជាដើម។ បច្ចុប្បន្នមានក្រុមហ៊ុនខ្លះបានប្រើប្រាស់អាជ្ញាប័ណ្ណដែលចេញដោយរដ្ឋាភិបាលទៅបោកប្រាក់ពីប្រជាពលរដ្ឋជាច្រើននាក់ រួចទម្លាក់ផ្លាកក្រុមហ៊ុនចោល ហើយគេចខ្លួនបាត់។
ដោយផ្អែកលើបទពិសោធន៍នេះ សមាគមអាដហុក បញ្ចេញអនុសាសន៍មួយចំនួនជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺត្រូវត្រួតពិនិត្យឲ្យបានទៀងទាត់លើសកម្មភាពរបស់ក្រុមហ៊ុន និងមណ្ឌលផ្សេងៗ ឲ្យបានហ្មត់ចត់។ ជាមួយគ្នានេះ មុននឹងអនុញ្ញាតឲ្យផ្សព្វផ្សាយព័ត៌មានស្ដីពីការជ្រើសរើសពលករនោះ ក្រសួងព័ត៌មានត្រួតពិនិត្យលើកិច្ចសន្យាជាមួយក្រុមហ៊ុនបរទេសនៃប្រទេសទទួល និងចំនួនពលករឲ្យបានជាក់លាក់ជាមុនសិន។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវមានវិធានការ ឬដកអាជ្ញាប័ណ្ណជាបន្ទាន់នូវក្រុមហ៊ុនណាដែលមានបញ្ហាប្រព្រឹត្តិផ្ទុយនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករទៅធ្វើការនៅបរទេសឲ្យបានទាន់ពេលវេលា៕
No comments:
Post a Comment