School of Vice: This CPP administration is far more efficient at signing treaties giving away Cambodia's islands, territorial waters and border lands to neighbouring countries; and to the country in the east in particular?
----
ដោយ ដែន អយុធ្យា
2015-05-07
សកម្មភាពអនាធិបតេយ្យ ទូកភ្លើងរបស់អ្នកនេសាទជនជាតិវៀតណាម ប្រើឧបករណ៍ល្មើសច្បាប់ នៅក្នុងដែនសមុទ្រ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។
Photo/Provided
មន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានបន្តរិះគន់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ឬស្ថាប័នពាក់ព័ន្ធ ថាគ្មានសកម្មភាពចុះបង្ក្រាបបទល្មើសនាំទំនិញគេចពន្ធ និងបទល្មើសនេសាទជាដើម ដែលកំពុងធ្វើសកម្មភាពក្នុងលំហសមុទ្រខេត្តនេះទេ។
ពលរដ្ឋចោទថា បទល្មើសនេសាទ ឬបទល្មើសនាំទំនិញគេចពន្ធមានប្រេងសាំងជាដើម អាចធ្វើសកម្មភាពក្នុងលំហសមុទ្រទៅបាន ទំនងជាមានជាប់ពាក់ព័ន្ធមន្ត្រីជំនាញនៃស្ថាប័នមួយចំនួនក្នុងខេត្តនេះ ជាអ្នកបើកដៃឲ្យឈ្មួញជាថ្នូរទទួលបានសំណូកលុយកាក់។
មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រមួយចំនួន បានបង្ហាញភាពមិនទទួលខុសត្រូវ ឬឆ្លើយដាក់គ្នាចំពោះសកម្មភាពបង្ក្រាបបទល្មើសទំនិញគេចពន្ធ ឬបទល្មើសផ្សេងៗកំពុងកើតមានក្នុងដែនសមុទ្រខេត្តព្រះសីហនុ។
បញ្ហានេះ ប្រជាពលរដ្ឋស្រុកស្ទឹងហាវ និងតំបន់ទំនប់រលកខេត្តព្រះសីហនុ បានអះអាងថា បទល្មើសនេសាទបានបន្តកើតមាន ជាពិសេសសកម្មភាពនាំទំនិញគេចពន្ធមានម៉ូតូ គ្រឿងឧបភោគបរិភោគ និងប្រេងសាំងជាដើម។
ទាក់ទិនបញ្ហានេះ លោក លី ឌី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មកពីគណបក្សសង្គ្រោះជាតិ បានដាក់ការសង្ស័យទៅលើមន្ត្រីដឹកនាំស្ថាប័នជំនាញជលផល ឬអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ជាដើម ថាអាចជាប់ពាក់ព័ន្ធបទល្មើសនៅលើលំហសមុទ្រ ទើបបទល្មើសនាំទំនិញគេចពន្ធ ឬបទល្មើសនេសាទជាដើម បានបន្តកើតមាន និងគ្មានសកម្មភាពបង្ក្រាប៖ «បទល្មើសនេសាទ ឬបទល្មើសនាំទំនិញគេចពន្ធមានប្រេងសាំងជាដើម បើយើងទៅពិនិត្យជាលក្ខណៈមនុស្សច្រើន ឬប្រមូលផ្តុំមិនបានជួបបទល្មើសទេ។ ប៉ុន្តែបើទៅជាលក្ខណៈឯកជន ឬលួចទៅពិនិត្យមើលស្ងាត់ៗនៅក្នុងលំហសមុទ្រ នឹងជួបប្រទះ ពិសេសអាចសួរនាំ ឬឲ្យអ្នកនេសាទខ្មែរជាអ្នកជូនដំណើរ ឬចង្អុលបង្ហាញទីតាំងបង្កបទល្មើសនេសាទ ឬទំនិញគេចពន្ធមានម៉ូតូគេចពន្ធ ប្រេងសាំងគេចពន្ធ ជាដើម កំពុងធ្វើសកម្មភាពនាខេត្តព្រះសីហនុ។ អំពើពុករលួយនៅលើលំហសមុទ្រ បើគ្មានអ្នកមានអំណាចកាងការពារ ឬនៅពីក្រោយបទល្មើសទេ គឺបទល្មើសនៅលើលំហសមុទ្រមិនអាចធ្វើសកម្មភាពបានទេ»។
ចំណែក លោក ឃុន សាវឿន មន្ត្រីអង្កេតនៃអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ បានបង្ហាញទស្សនៈថា បទល្មើសគ្រប់ប្រភេទមានបទល្មើសនេសាទ បទល្មើសនាំទំនិញគេចពន្ធ មានប្រេងសាំងជាដើម អាចធ្វើសកម្មភាពទៅបានទាល់តែមានការអនុញ្ញាត ឬបើកដៃពីស្ថាប័នជំនាញបង្ក្រាបបទល្មើស។ មន្ត្រីរូបនេះ បានលើកយកម៉ូតូគ្មានស្លាកលេខដែលកំពុងធ្វើចរាចរនៅតាមផ្លូវសាធារណៈ ឬកំពុងដាក់លក់នៅតាមហាងនានាក្នុងខេត្តព្រះសីហនុ គឺភាគច្រើនជាប្រភេទម៉ូតូគេចពន្ធ។
ផ្ដើមពីបញ្ហានេះ ទាំងប្រជាពលរដ្ឋ មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ពិសេសគណៈកម្មការអង្កេត បោសសម្អាត ប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ឬគណៈកម្មការទី១០ ត្រូវបញ្ជូនមន្ត្រីចុះស៊ើបអង្កេតជុំវិញកង្វល់នាំទំនិញគេចពន្ធ និងបទល្មើសផ្សេងៗ ដែលកំពុងធ្វើសកម្មភាពក្នុងលំហសមុទ្រខេត្តព្រះសីហនុ។
លោក ឃុន សាវឿន សង្កត់ធ្ងន់ថា បទល្មើសនេសាទសមុទ្រ ឬទំនិញគេចពន្ធអាចធ្វើសកម្មភាពទៅបាននៅក្នុងលំហសមុទ្រខេត្តព្រះសីហនុ ទាល់តែមានការអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធបង្ក្រាបបទល្មើសលើលំហសមុទ្រ។ បើមិនដូច្នេះទេ បទល្មើសមិនអាចធ្វើសកម្មភាពបានទេ៖ «នៅខេត្តព្រះសីហនុ មានទីតាំងលក់ម៉ូតូអត់មានពន្ធជាច្រើនកន្លែង ប៉ុន្តែមិនឃើញមានសមត្ថកិច្ចបង្ក្រាបនោះទេ។ សំណួរសួរថា តើម៉ូតូអត់ពន្ធអាចធ្វើសកម្មភាពទៅបាននាមូលដ្ឋាននេះ តើថវិកាដែលទទួលបានត្រូវប្រមូលចូលពន្ធរដ្ឋ ឬក៏ប្រមូលចូលហោប៉ៅឯកជន។ បញ្ហានេះ គឺបានកើតមានអនាធិបតេយ្យនាខេត្តព្រះសីហនុ ហើយម៉ូតូអត់ពន្ធទាំងនេះនាំចូលមកពីណា? អ្នកណា ឬក្រុមណាជាអ្នកអនុញ្ញាត?»។
ឆ្លើយតបបញ្ហានេះ លោក ឌឹម សំបូរ អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មានប្រសាសន៍ថា រាល់បទល្មើសផ្សេងៗដែលកើតមាននៅលើលំហសមុទ្រ ទាល់តែមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ទើបស្ថាប័នចេញធ្វើសកម្មភាពបង្ក្រាប។ លោកបន្តថា សកម្មភាពបង្ក្រាប ឬទប់ស្កាត់បទល្មើសផ្សេងៗមានដូចជា បទល្មើសនេសាទ និងបទល្មើសនាំទំនិញគេចពន្ធ គឺមានស្ថាប័នជលផល និងស្ថាប័នគយជាដើមជាអ្នកទទួលខុសត្រូវ ក្នុងការបង្ក្រាបទៅវិញ។ ចំណែកស្ថាប័នលោក ទាល់តែមានបណ្ដឹង ឬសំណើសុំកិច្ចសហការពីស្ថាប័នជំនាញ ទើបមានសកម្មភាពបង្ក្រាប៖ «កន្លងមកសកម្មភាពបង្ក្រាបបទល្មើសកន្លងមក គឺខ្ញុំបានសហការជាមួយនគរបាលសេដ្ឋកិច្ច ដោយបានបង្ក្រាបការនាំចូលជង្គង់មាន់ខូចគុណភាពជាដើម។ បញ្ហានេះ បើសិនជាមានសំណើសុំអន្តរាគមន៍ ឬមានសំណើពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាដើម គឺខាងស្ថាប័ននេះអាចចេញធ្វើសកម្មភាពបង្ក្រាបបាន»។
ត្រង់ចំណុចនេះ លោក នេន ចំរើន ប្រធានជលផលខេត្តព្រះសីហនុ ថ្លែងថា ស្ថាប័នខ្លួនមិនមានមធ្យោបាយដើម្បីចេញប្រតិបត្តិការបទល្មើសនេសាទ ឬបទល្មើសផ្សេងៗនៅលើលំហសមុទ្រទេ។ លោកបានដាក់ការទទួលខុសត្រូវសកម្មភាពបង្ក្រាបបទល្មើសនេសាទសមុទ្រ ទៅលើអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងស្ថាប័នជំនាញដទៃទៀត ទើបមានមធ្យោបាយ និងកម្លាំងគ្រប់គ្រាន់ ដើម្បីចុះបង្ក្រាបបទល្មើសផ្សេងៗ៖ «សមត្ថភាព និងកម្លាំងរបស់ខ្ញុំក្នុងសកម្មភាពបង្ក្រាបបទល្មើសនេសាទ គឺបានត្រឹមជិតនាមូលដ្ឋានខេត្តព្រះសីហនុ ទេ ប៉ុន្តែបើនៅក្នុងលំហសមុទ្រ ទាល់តែខាងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ឬគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ទើបមានលទ្ធភាព និងមានមធ្យោបាយគ្រប់គ្រាន់»។
ទោះយ៉ាងណា លោក ឌឹម សំបូរ អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ថ្លែងថា រាល់ការចុះបង្ក្រាបបទល្មើសផ្សេងៗមានបទល្មើសនេសាទ និងទំនិញគេចពន្ធជាដើម ទាល់តែសំណើ ឬពាក្យបណ្ដឹងពីស្ថាប័នពាក់ព័ន្ធ៖ «អង្គភាពខ្ញុំនេះ គឺគ្រាន់តែជាអង្គភាពអន្តរាគមន៍ត្រៀមសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះអាសន្នពីគ្រោះធម្មជាតិ មានលិចទូកនៅក្នុងលំហសមុទ្រជាដើម ហើយត្រូវការជំនួយសង្គ្រោះបន្ទាន់ គឺខាងស្ថាប័នខ្ញុំត្រៀមសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា»។
ផ្ដើមពីបញ្ហានេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ បានរិះគន់ថា ស្ថាប័នជំនាញបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ គឺបង្កើតឡើងឲ្យតែល្អមើល និងហាក់មិនទទួលខុសត្រូវក្នុងការងាររបស់ខ្លួនទេ។ លោកបន្តថា រាល់ថ្ងៃនេះ បទល្មើសដែលធ្វើសកម្មភាពនៅលើលំហសមុទ្រខេត្តនេះ មានដូចជា បទល្មើសនេសាទ បទល្មើសនាំទំនិញគេចពន្ធ មានប្រេងសាំង និងម៉ូតូជាដើម គឺមានរូបភាពអនាធិបតេយ្យ ប៉ុន្តែសកម្មភាពបង្ក្រាបរបស់ស្ថាប័នជំនាញមានតិចតួច។ បញ្ហានេះ លោក សុខ សុខុម បង្ហាញមន្ទិលសង្ស័យថា បទល្មើសនាំទំនិញគេចពន្ធ ឬបទល្មើសនេសាទ អាចធ្វើសកម្មភាពក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដោយគ្មានការបង្ក្រាប ទំនងជាអាចជាប់ពាក់ព័ន្ធអំពើពុករលួយផ្ដើមដោយមន្ត្រីជំនាញបង្ក្រាបបទល្មើស ឬជនល្មើសមានជាប់សែស្រឡាយមន្ត្រីមានអំណាច។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានស្នើដល់រដ្ឋាភិបាល និងស្ថាប័នថ្នាក់ជាតិ ត្រូវមានវិធានការទប់ស្កាត់ ឬឈានដល់បង្ក្រាបបទល្មើសនេសាទ ឬបទល្មើសនាំទំនិញគេចពន្ធមានប្រេងសាំងជាដើម ឲ្យមានប្រសិទ្ធភាព៖ «មានតែស្ថាប័នរដ្ឋាភិបាល ឬថ្នាក់ជាតិទេដែលត្រូវពង្រឹងការអនុវត្តច្បាប់ ឬពង្រឹងតួនាទីរបស់មន្ត្រីជំនាញបង្ក្រាបបទល្មើសផ្សេងៗនៅលើលំហសមុទ្រឲ្យបានត្រឹមត្រូវឡើងវិញ ទើបសកម្មភាពបង្ក្រាបបទល្មើសលើលំហសមុទ្រមានប្រសិទ្ធភាពឡើងវិញ។ ប៉ុន្តែបើរដ្ឋាភិបាលនៅតែបណ្តោយ ឬគ្មានវិធានការទប់ស្កាត់មន្ត្រីជំនាញទាំងនោះទេ បទល្មើសនឹងបន្តកើតមាន ហើយរដ្ឋាភិបាលនៅតែបន្តខាតបង់ថវិការដ្ឋជារៀងរាល់ឆ្នាំ ដោយសារតែអំពើពុករលួយនៃបទល្មើសនេសាទ ការរត់ពន្ធទំនិញគេចពន្ធមានម៉ូតូ និងប្រេងសាំងជាដើម»។
បន្ថែមលើនេះ មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ពិសេសគណៈកម្មការអង្កេត បោសសម្អាត ប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ឬគណៈកម្មការទី១០ បញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេតលើករណីទំនិញគេចពន្ធកំពុងកើតមាននាខេត្តព្រះសីហនុ ដោយការទទួលខុសត្រូវខ្ពស់។
ប្រជាពលរដ្ឋមួយចំនួនមានលំនៅឋាននៅតំបន់ទំនប់រលកតំបន់ស្ទឹងហាវ បានអះអាងថា សកម្មភាពនាំទំនិញគេចពន្ធនៅតាមលំហសមុទ្រខេត្តនេះ នៅតែបន្តកើតមានដោយគ្មានស្ថាប័នជំនាញពាក់ព័ន្ធណាមួយបង្ក្រាបទេ។ ជាងនេះ ក្រុមប្រជាពលរដ្ឋ ក៏បានចោទស្ថាប័នមួយចំនួនដែលទទួលខុសត្រូវក្នុងសកម្មភាពបង្ក្រាបបទល្មើសក្នុងលំហសមុទ្រ មានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រជាដើម ថាអាចជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសនេសាទ និងបទល្មើសនាំទំនិញគេចពន្ធផ្សេងៗក្នុងដែនសមុទ្រខេត្តព្រះសីហនុ៕
No comments:
Post a Comment