យោងតាមពាក្យបណ្តឹងរបស់លោកស្រី តាំង គឹមឆេង ជាភរិយារបស់សពឧកញ៉ា អ៊ឹង ម៉េងជឺ អតីតថៅកែលក់គ្រឿងសំណង់ស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ និងជាអ្នកជំនួញដីធ្លីដ៏ល្បី ដែលបានប្តឹងប្រឆាំងនឹងឧកញ៉ាម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងរឿងជំពាក់លុយសពឧកញ៉ា អ៊ឹង ម៉េងជឺ ព្រមទាំងបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ពាក្យសាមញ្ញហៅថា "ចេញសែកស្អុយ" ចំនួនជិត៥លានដុល្លារអាមេរិក ឲ្យឧកញ៉ា អ៊ឹង ម៉េងជឺ ជាម្ចាស់បំណុលនោះ គឺបានបង្ហាញថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលនៅរស់រានមានជីវិតធ្លាប់មានជម្លោះពាក្យសម្តីយ៉ាងខ្លាំងជាមួយឧកញ៉ាជំពាក់លុយ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ជិត៥លានដុល្លារអាមេរិកម្នាក់នោះ ប៉ុន្តែមិនមែនជាលោកឧកញ៉ា ថោង សារ៉ាត់ នាយកក្រុមហ៊ុន Meanchey International Investment និងក្រុមហ៊ុនបុរី៩៩៩ ដែលបានជាប់ចោទ និងកំពុងរត់គេចខ្លួនក្នុងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅស្ថាប័នតុលាការនោះទេ ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ម្សិលមិញនេះ លោកស្រី តាំង គឹមឆេង ជាភរិយាសពឧកញ៉ា អ៊ឹង ម៉េងជឺ និងជាដើមបណ្តឹងរដ្ឋប្បវេណី រួមមានមេធាវីតំណាងសិទ្ធិ និងការពារក្តីអមជាមួយផង បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខលោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការទទួលបន្ទុកសំណុំរឿង ដើម្បីការពារលើបណ្តឹងរបស់ខ្លួន ។
ព័ត៌មានពីមន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញ និងពីអ្នកស្និទ្ធនឹងក្រុមគ្រួសារសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ព្រមទាំងភរិយារបស់សព បានឲ្យដឹងថា អ្នកជំនួញដែលលោកស្រី តាំង គឹមឆេង ភរិយាសពឧកញ៉ា អ៊ឹង ម៉េងជឺ ប្តឹងទៅស្ថាប័នតុលាការក្នុងបទល្មើសព្រហ្មទណ្ឌរឿងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ជិត៥លានដុល្លារអាមេរិកនោះ គឺលោកឧកញ៉ា នង សាវុត ជានាយកក្រុមហ៊ុនពិភពអេស៊ា ត្រេឌីង និងក្រុមហ៊ុនសុវណ្ណវឌ្ឍនៈ ដែលជាឈ្មួញម្នាក់រកស៊ីមុខរបរជំនួញដីធ្លីយ៉ាងសកម្ម ព្រមទាំងមានទំនាក់ទំនងស្និទ្ធជាមួយស្ថាប័ននគរបាលជាតិ ។
ដំណើររឿងនេះគឺមានភាពផ្ទុយស្រឡះទៅនឹងព័ត៌មានដែលបង្ហើបប្រាប់ដោយមន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃថា លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះដើមជាភាសាយួនថា "ប៊ិន ទឹង" បានជំពាក់លុយកាក់ថ្លៃទិញគ្រឿងសំណង់ពីលោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រមាណជិត៣០ម៉ឺនដុល្លារអាមេរិក ហើយត្រូវលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលនៅរស់ទូរស័ព្ទទារលុយជំពាក់នោះ និងគំរាមប្តឹងទៅតុលាការផង ទើបនាំឲ្យលោកឧកញ៉ា ថោង សារ៉ាត់ ខឹងសម្បាតបតាមទូរស័ព្ទវិញថា "បើហ៊ានប្តឹងនឹងបាញ់សម្លាប់ចោល" ។ ម្យ៉ាងទៀត ព័ត៌មានដែលថា លោកឧកញ៉ា ថោង សារ៉ាត់ ជំពាក់លុយលោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រមាណជិត៣០ម៉ឺនដុល្លារអាមេរិកនោះ ក៏ត្រូវបានលោកឧកញ៉ា ថោង សារ៉ាត់ ធ្វើការបដិសេធតាម Video Clip ខណៈកំពុងសំងំលាក់ខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ចសាធារណៈ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការរួចហើយដែរ ។
លោក នង សាវុត នាយកក្រុមហ៊ុនសុវណ្ណវឌ្ឍនៈ និងក្រុមហ៊ុនពិភពអេស៊ា ត្រេឌីង ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០៨/១២២៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ ។
លោកឧកញ៉ា នង សាវុត ក្នុងនាមនាយកក្រុមហ៊ុនសុវណ្ណវឌ្ឍនៈ ធ្លាប់មានរឿងអាស្រូវមួយដោយជំពាក់លុយរដ្ឋមិនព្រមសង លើការដោះដូរអចលនវត្ថុជាមួយរដ្ឋ ហើយត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញលិខិតចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ឲ្យស្ថាប័នធនាគារជាតិនៃកម្ពុជាធ្វើការបង្កកគណនីសាច់ប្រាក់របស់លោកឧកញ៉ារូបនេះទៀតផង ៕
No comments:
Post a Comment