ថ្មីៗនេះនៅតាមបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) និងបណ្ដាញសារព័ត៌មានជាតិនិងអន្ដរជាតិ បានផ្សាយពីបុរសជាតិអេស្ប៉ាញមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារ ក្នុងសំណុំរឿងការពារតំបន់អារ៉ែង ដែលជាព្រៃចុងក្រោយរបស់កម្ពុជា មានទំហំប្រមាណជា ៤០ម៉ឺនហិចតា ស្ថិតនៅខេត្តកោះកុង នៃប្រទេសកម្ពុជា។
លោក Alex Gonzalez-Davidson (អាឡិច) ប្រធានចលនាមាតាធម្មជាតិ បានផ្ដល់បទសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍ អំពីប្រវត្តិរបស់លោកត្រួសៗ និងលម្អិតអំពីសកម្មភាព ការពារព្រៃឈើ នៅកម្ពុជា។
តើលោក អាឡិច ជានរណា ហើយហេតុអ្វីបានជាកិច្ចការរបស់លោកត្រូវបានរារាំងដោយរាជរដ្ឋាភិបាលកម្ពុជា?
លោក អាឡិច មានស្រុកកំណើតនៅប្រទេស អេស្ប៉ាញ ប៉ុន្តែគាត់បានចេញពីអេស្ប៉ាញតាំងពីអាយុ ១៦ ឆ្នាំមកម្ល៉េះ។ ដោយសារពិបាកសម្របសម្រួលខ្លួននៃរបៀបរស់នៅក្នុងប្រទេសអេស្ប៉ាញ អាឡិចក៏បានមករស់នៅប្រទេសអង់គ្លេសរយៈពេល ២ ឆ្នាំ រួចបន្ដមករស់នៅប្រទេស ថៃ បានមួយឆ្នាំ និងចុងក្រោយគឺប្រទេសកម្ពុជា។
អាឡិច បានរម្លឹកថា៖ «ខ្ញុំមិនចេះនៅតែម្ដង...បន្ទាប់មកខ្ញុំទៅនៅអង់គ្លេសពីរឆ្នាំ ល្ងីល្ងើរៗ ក៏ចេញពីអង់គ្លេសទៅថៃ ហើយបានមួយឆ្នាំអត់ចេះនៅទៀត ហើយក៏មកស្រុកខ្មែរ ដូចជាលង់ស្នេហ៍ភ្លាម ជាមួយព្រៃឈើ ជាមួយប្រជាជន ជាមួយនឹងអាកប្បកិរិយា វាត្រូវគ្នាជាមួយនឹងខ្ញុំមែនទែន»។ ខ្ញុំធ្លាប់ស្នើសុំសញ្ជាតិ ៣ ដង តាមរយៈក្រសួងមហាផ្ទៃ តែគេប្រាប់ថា ឲ្យតែមានលុយ ៥ ម៉ឺនដុល្លារគេរត់ការឲ្យភ្លាម តែបើគ្មានលុយ ៥ ម៉ឺនដុល្លារ គេមិនឲ្យទេ។ ខ្ញុំគិតថា រឿងសញ្ជាតិនៅក្នុងបេះដូងមានហើយ មនសិការជាខ្មែរ មុខមាត់បរទេស ប៉ុន្ដែបេះដូងខ្មែរសុទ្ធ ប៉ាស្ព័រខ្មែរអត់មានមែន តែខ្ញុំថា ប៉ាស្ព័រមិនសំខាន់ទេ សំខាន់បំផុតគឺឆន្ទៈ មនសិការនិងបេះដូង។
បុរសអាយុ ៣៧ ឆ្នាំ រូបនេះ ចេះនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញ និងយល់ដឹងពីវប្បធម៌ខ្មែរបានច្បាស់លាស់ល្អ។ បច្ចុប្បន្ន លោកបានចាត់ទុកខ្លួនឯង ជាជនជាតិខ្មែរក្នុងចំណោមប្រជាជន ជាង ១៤ លាននាក់ ហើយលោកបានត្រៀមខ្លួនលះបង់ជីវិតសម្រាប់ប្រទេសនេះផងដែរ។
អាឡិចនិយាយថា ៖ «បងមើលមុខខ្ញុំ ទើបដឹងថា វាជាការពិតមែន ខ្ញុំត្រៀមខ្លួនលះបង់អាយុជីវិតសម្រាប់ប្រទេសខ្មែរ ដោយសារក្លាយជាប្រទេសរបស់ខ្ញុំ ហើយកិច្ចការ ការពារព្រៃឈើ ខ្ញុំបានធ្វើតែ ២ ឆ្នាំ កន្លះទេ ពីមុនខ្ញុំធ្វើជាគ្រូបង្រៀន ជាអ្នកបកប្រែ…តែឈឺចាប់ពេក យូរទៅអត់ជម្រើសក្រៅពីចូលរួមតែម្ដង»។
លោកនៅមិនទាន់ប្រាកដនៅឡើយទេ ថា តើការវិវត្តចុងក្រោយទាក់ទិននឹងការបណ្ដេញចេញ ដោយសារអស់សុពលភាពនៃទិដ្ឋាការយ៉ាងណា ពីព្រោះអីមិនមាននាយកដ្ឋានណាមួយ ឬក៏ក្រសួងមហាផ្ទៃទាក់ទងជាមួយគាត់ផ្ទាល់ទេ។
លោកថ្លែងថា «អ្វីដែលខ្ញុំដឹង គឺដឹងតាមរយៈសារព័ត៌មាន ដែលសម្ភាសគេ អ៊ីចឹងការវិវត្តចុងក្រោយឮថា ខៀវ សុភគ្រ អ្នកមានពាក្យរបស់ក្រសួងមហាផ្ទៃ និយាយថា មិនទាន់ចាត់វិធានការទេ រួចហើយម្សិលមិញឮថា ចាត់វិធានការជាប់ពន្ធនាគារ ឯថ្ងៃនេះ(ថ្ងៃសុក្រ) ថាមិនទាន់ទេ វាកំពុងតែវិវត្ដទៅមុខ តែខ្ញុំមិនដឹងថា អ្វីជាការពិត ឬអាចមានអន្តរាគមន៍ពីព្រះមហាក្សត្រផង អាចមានអន្តរាគមន៍ពី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលគាត់ត្រឡប់ពីជប៉ុន ឬអាចមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
រដ្ឋាភិបាលកម្ពុជាបានទទូចឲ្យអ្នកស្នេហាបរិស្ថាន និងព្រៃឈើរូបនេះ ចេញពីកម្ពុជាមួយរយៈសិន ហើយរង់ចាំការទទួលឲ្យចូលកម្ពុជាវិញ នៅពេលក្រោយ។ អាឡិចក៏មិនជឿដែរថា រដ្ឋាភិបាលកម្ពុជា នឹងចាប់បញ្ជូនលោកទៅអេស្ប៉ាញវិញតាមយន្តហោះ ឬតាមបព្រំដែនណាមួយ។
ក្នុងករណីនេះ អាឡិច និយាយថា៖ «ខ្ញុំគិតថា មិនងាយទេ ហេតុអីបានជាគេគម្រាមជាផ្លូវការ ដោយសារគេអត់ហានធ្វើ ប៉ុន្ដែបើគេល្ងង់រហូតដល់ចាប់ អាឡិច បណ្ដេញចេញមែន…អាហ្នឹងគ្មានអ្វីព្រួយបារម្ភទេ ព្រោះវាជួយឲ្យយុវជនដែលជួយការពារព្រៃឈើនេះ នឹងជួយបំផុសបំផុលថែមទៀត ជួយឲ្យព័ត៌មានជាតិ និងអត្តរជាតិផ្សាយទៀត អ៊ឺចឹងយើងមានតែចំណេញទេតើ»? ខ្ញុំជឿថា គេនឹងមិនហានធ្វើសកម្មភាពអ្វីប៉ុន្មានទេ យ៉ាងហោចគេជ្រុលដៃចាប់ដាក់ពន្ធនាគារព្រៃស ៣ខែ ទៅ៦ ខែ ឬគេចាប់ដាក់ក្នុងយន្តហោះ មិនមែនបាញ់សម្លាប់ដូច ឈុត វុទ្ធីទេ សព្វថ្ងៃ អ្វីដែលខ្ញុំខ្មាស់ជាងគេ គឺខ្មាស់ ឈុត វុទ្ធី ខ្មាស់ ជា វិជ្ជា និងខ្មាស់អស់វីរបុរសខ្មែរ ដែលជាប់ពន្ធនាគារ និងស្លាប់បាត់បង់អាយុជីវិត ដូច្នេះខ្ញុំអាចលះបង់អ្វីដែលខ្ញុំមានដើម្បីគោរពវិញ្ញាណខ័ណ្ណរបស់គេ អ៊ីចឹងខ្ញុំគ្មានអ្វីគួរឲ្យខ្លាចទេ ការពិតមិនមែនខ្ញុំ មិនខ្លាចទេ តែពេលយើងធុញពេក យើងពិបាកទ្រាំ យើងខ្លាចមែន ប៉ុន្តែយើងនឹងបន្តសកម្មភាពទៅមុខដដែលហ្នឹង។
លោកអាឡិចថ្មីនេះហាក់ដូចជាបានប្ដេជ្ញាចិត្តថា ការពារតំបន់អារ៉ែងឲ្យខាងតែបាន ព្រោះតំបន់នេះមានតម្លៃលើសអាយុជីវិតលោក និងក្រុមគ្រួសារ ១០០ ដង។
លោកបញ្ជាក់ថា អារ៉ែងនេះ មាន ៤០ ម៉ឺនជាងហិចតា មានក្រពើ ៦០ ទៅ ៧០ ក្បាល មានដំរី មានខ្លាំ និងមានអ្វីៗច្រើនទៀត ប្រសិនបើបាត់បង់អាឡិច ហើយប្រៀបធៀបជីវិតសត្វ និងប្រជាជនរស់នៅទីនោះ ១៥០០ នាក់ ជីវិតអាឡិចគ្មានអ្វីសំខាន់សោះ។ ហេតុដែលខ្ញុំលូកដៃចូលរឿងអារ៉ែង ហើយអត់លូកដៃរឿងព្រៃឈើនៅមណ្ឌលគិរី និងតំបន់ផ្សេងទៀត ដោយសាររឿងគម្រោងវារីអគ្គិសនី ស៊ិនណូហាយដ្រូ គឺជាគម្រោងខ្មោចទេ គេសិក្សាប៉ុន្មានដងហើយ អត់មានភ្លើងទេ គ្រាន់តែជាលេសមួយសម្រាប់កាប់ព្រៃឈើ និងរករ៉ែខុសច្បាប់ អ៊ីចឹង ខ្ញុំគិតថា បើលូកដៃអាចឈ្នះបាន ហើយមួយវិញទៀត សត្វកម្រជាង ៣០ ប្រភេទ ហើយអារ៉ែងក៏ជាប់ព្រៃអភិរក្សភ្នំក្រវ៉ាញភាគកណ្ដាល ជាព្រៃការពារធំជាងគេ រហូតដល់ ៤០ ម៉ឺនហិចតា អ៊ីចឹងវាជាព្រៃចុងក្រោយបំផុតដែលនៅសេសសល់ក្នុងទំហំធំ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តលូកដៃចូលក្នុងរឿងការពារអារ៉ែង។
លោកថ្លែងថា៖ «ជាការពិត យើងមិនមែនការពារតែព្រៃអារ៉ែងទេ យើងក៏លូកដៃរឿងបូមខ្សាច់ទន្លេ នៅកោះកុង ឬក៏រឿងជម្លៀសប្រជាជនដោយបង្ខំនៅឧទ្យានជាតិនៅបទុមសាគរដែរ»។
អាឡិច ជាទូទៅមិនមានការភ័យព្រួយរឿងការលួចបាញ់សម្លាប់ដូចសកម្មជនព្រៃឈើខ្មែរ លោកឈុត វុទ្វីទេ។ «ខ្ញុំគិតថាដូចជាមិនមានអ្វីព្រួយបារម្ភ តែបើនិយាយកាលពីមួយឆ្នាំមុន អាចមានបារម្ភខ្លះៗ តែឥឡូវអត់ទេ ខ្ញុំអត់បារម្ភរឿងហ្នឹងទេ ក៏ប៉ុន្តែខ្ញុំបារម្ភយើងសកម្មជន អ្នកការពារព្រៃឈើរស់នៅតំបន់អារ៉ែង ឬ សកម្មជនព្រៃឈើ ដែលជាសមាជិកមាតាធម្មជាតិកំពុងធ្វើការងារ បារម្ភថាគេលួចសម្លាប់ ក៏ប៉ុន្តែខ្ញុំនិយាយជាមួយគេច្រើន ដោយជំរុញឲ្យគេចាកចេញពីមាតាធម្មជាតិ ខ្ញុំចង់ឲ្យគេចេញ តែគេថាគេចេញមិនបានទេ គេត្រូវតែលះបង់ជីវិតដើម្បីប្រទេសជាតិខ្លូនឯង អ៊ីចឹងជារឿងដែលគេក៏ត្រៀមខ្លួន ខ្ញុំក៏ត្រៀមខ្លួន ដូច្នេះយើងត្រូវទៅមុខទៀត។ អ្វីដែលយើងធ្វើរាល់ថ្ងៃ យើងមានវិធីសាស្ត្រមួយដែលធ្វើឲ្យរដ្ឋាភិបាលចាប់អត់ទាន់ គេមើលឃើញថា អាឡិចមេ… អាឡិចជាអ្នកដឹកនាំ ឬប្រធានចលនា គេភ្លេចថា នៅមានមនុស្សម៉ាកំភ្លុះទៀតដែលកំពុងធ្វើសកម្មភាពខ្លាំងជាង អាឡិច ១០០ ដង។ ខ្ញុំអាចលើកឧទាហរណ៍ ដូចជាកាលពីខែ ៦ (ខែ មិថុនា ឆ្នាំ ២០១៤) ហើយបានផ្ទេភារកិច្ច កាតព្វកិច្ចទាំងអស់ឲ្យសកម្មជនព្រៃឈើខ្មែរ អ៊ីចឹងបើអាឡិចអត់នៅ ចលនាការពារព្រៃឈើគឺនឹងនៅដដែលហេស៍ ដូចខ្ញុំនិយាយដដែលៗ អាឡិចគ្រាន់តែជានិមិត្តរូបមួយតែប៉ុណ្ណោះ។
នៅកម្ពុជា សកម្មជនដូចជារូបអាឡិច ដែលជាជនបរទេស ប្រហែលជាមិនអីទេ តែបើអាឡិចជាខ្មែរវិញ នោះអាចនឹងងាយរងគ្រោះជាង ដ៏អាចថាបាន។ ហេតុដូចនេះហើយទើបថ្មីៗនេះ អាឡិច បានលេចធ្លោជាងសកម្មជនការពារព្រៃឈើទាំងឡាយ នៅក្នុងបណ្ដាញសារព័ត៌មាន។
អាឡិច បាននិយាយថា៖ «ខ្ញុំគិតថា សកម្មជនខ្មែរមួយចំនួន ដែលខ្លាំងជាងខ្ញុំ ខ្ញុំគិតទុកសិនកុំអាលឲ្យចេញមុខខ្លាំងពេក ព្រោះខ្លាចពីសុវត្ថិភាព ប៉ុន្តែយើងបានជជែកគ្នាជាមួយគេហើយ យើងបានសម្រេចចិត្ត អស់ពីអាឡិចទៅ ពួកគេនឹងចាប់ផ្តើកលេចធ្លោ ទោះជាមានការគំរាមកំហែងលើពួកគេ ក៏គេសម្រេចចិត្តចេញមុខដើម្បីទាញប្រជាជនខ្មែរឲ្យគេចូលរួមកាន់តែច្រើន»។
ការបាត់បង់អារ៉ែង វានឹងខូចខាតប្រយោជន៍ធំណាស់សម្រាប់ប្រទេសកម្ពុជា ហើយអារ៉ែងក៏មិនមែនជាធុងអាគុយមួយរបស់កម្ពុជា ដូចអាជ្ញាធរបានលើកឡើងនោះទេ។ នោះបើតាមលោកអាឡិច។
លោកថា អ្វីដែលក្រុមរបស់លោកកំពុងធ្វើរាល់ថ្ងៃគ្រាន់តែជានិមិត្តរូបទេ ហើយចលនាមាតាធម្មជាតិកំពុងលះបង់អ្វីទាំងអស់ដើម្បីតំបន់អារ៉ែង ចាំតែប៉ុន្មានខែទៀត ពិតជាមានចលនាការពារព្រៃឈើនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅបណ្ឌលគិរី ស្ទឹងត្រែង យើងចាប់ផ្តើមមុខគេ បន្ដិចទៀតយើងនឹងឃើញមានចលនាការពារព្រៃឈើខ្លាំងជាងយើងទៅទៀត។
លោកអាឡិចបញ្ជាក់ថា ៖ «បើនិយាយអំពីថាតំបន់នោះជាធុងអាគុយប្រទេសកម្ពុជា និយាយឲ្យចំខ្ញុំខ្ពើមពាក្យសម្តីអ៊ីចឹងណាស់ ព្រោះមិនមែនការពិតទាល់តែសោះ ព្រោះអារ៉ែង មានក្រុមហ៊ុនមកសិក្សាប៉ុន្មាន វានិយាយថាការដកគម្រោងចេញពីអារ៉ែងដោយសារអត់ភ្លើង ការបន្តវិនិយោគ វានឹងខាត អ៊ីចឹងតើមានធុងអាគុយមកពីណា»?
កាលពីសប្ដាហ៍មុនក្រុមសកម្មជនអ្នកស្នេហាបរិស្ថាន ព្រមទាំងព្រះសង្ឃបានដង្ហែញត្តិដាក់ជូនរដ្ឋសភា ដើម្បីអន្តរាគមន៍ធ្វើយ៉ាងណាឲ្យអាឡិចបានស្នាក់នៅបន្តកិច្ចការរបស់លោកតទៀត។
ក្នុងករណីនេះ អាឡិចបានគិតថា ពួកគេគួរផ្ទេរពីការចង់ជួយអាឡិច មកជាការជួយអារ៉ែងវិញទើបជាការប្រសើរ។ លោកថ្លែង៖ «ខ្ញុំបានប្រជុំជាមួយពួកគេហើយ ឥឡូវនេះចលនា ឬកម្លាំងដែលកំពុងមាននៅក្នុងខ្លួនដើម្បីជួយអាឡិចហ្នឹងសូមផ្ទេរ ឬផ្លាស់ប្ដូរមកជួយអារ៉ែងវិញ អាឡិចអត់សំខាន់ទេ ឈប់និយាយពីអាឡិច សូមនិយាយពីអារ៉ែងសិន ហើយកត្តាគេបាតុកម្មឬអត់ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំខ្លួនឯង ឃើញថា រដ្ឋាភិបាលអួតថា ប្រទេសកម្ពុជាជាប្រទេសលិទ្ធិប្រជាធិបតេយ្យ តែផ្ទុយទៅវិញការអនុវត្តគឺផ្ដាច់ការជាងវៀតណាម ផ្ដាច់ការជាងចិន បាតុកម្មគឺមិនបានតែម្ដង។ បើដេញគេនឹងធ្វើខុស រីឯប៉ះពាល់កិត្តិយសជាងគេគឺគណបក្សកាន់អំណាច និងអ្នកនយោបាយទាំងអស់។ ខ្ញុំមិនមែនអ្នកជួញដូរគ្រឿងញៀន មិនមែនចោរប្លន់ដើរបាញ់គេ ខ្ញុំនិយាយពីការពិត ការពារព្រៃឈើពីការបំផ្លាញ តើមានអីខុសអាហ្នឹង។
នៅពេលសួរថាតើ លោកធ្លាប់មានអ្នកណាសាកល្បងសូកប៉ាន់អាឡិចទេ? អត់ដែលមានទេ ព្រោះគេគ្រាន់តែគេមើលមុខ គេដឹងថា ទោះជាឲ្យ ១០០០ លានដុល្លារ ក៏ទៅមិនរួចហ្នង ខ្ញុំអត់ចេះអារឿងលុយចឹង អត់ចេះហ្នង៕
6 comments:
Alex,
You are my hero.
Khmer people must do something to make Alex a Citizen of Cambodia.
Chhary
Dear Alex,
I am an American Khmer who have studied, worked and lived in the United States for 53 years.
I solemnly take my hat off to you,dear Khmer compatriot !
Alex,
Because of your personal sacrifice to" save" Cambdia, would you consider marrying a young Cambdian woman ?
Thank you Alex for your true love of Cambodia's naturals. You are a
Godsend modern days hero. My hat off
to your kindness toward my beloved
country, from a Khmer son, Phirun
Alex, i truly admire your love and care for Cambodia and its natural beauties. You are a Godsend to rescue this exploited land. I salute you for your admiration,
Phirun
My hat off to you Alex and I certainly hope you will keep the
light shining in saving our beloved
forests. Phirun
Post a Comment