លោក ហ៊ុយ វណ្ណៈ អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ CNC ទទួលបន្ទុកជានាយកគ្រប់គ្រងផ្នែកព័ត៌មាន និងជាមនុស្សជំនិតរបស់លោកឧកញ៉ា គិត ម៉េង សេដ្ឋីល្បីឈ្មោះនៅកម្ពុជានោះ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៥/៣៤១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ព្រះករុណាព្រះមហាក្សត្យជាទីសក្ការៈ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មុនកាន់តំណែងជាអគ្គនាយករងស្ថានីយ៍ទូរទស្សន៍ CNC ទទួលបន្ទុកជានាយកគ្រប់គ្រងផ្នែកព័ត៌មាននោះ លោក ហ៊ុយ វណ្ណៈ ធ្លាប់បម្រើការងារផ្នែកកិច្ចការសាធារណៈនៅសាលាក្តីខ្មែរក្រហម បន្ទាប់ពីធ្លាប់បានកាន់តំណែងជាអ្នកដឹកនាំផ្នែកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ CTN របស់លោកឧកញ៉ា គិត ម៉េង ខណៈលោក ហ៊ុយ វណ្ណៈ ជាអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីផងដែរ។
ក្នុងនាមជាសកម្មជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងត្រូវជាកូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីជាប្រធាន និងក្នុងនាមជាអ្នកគ្រប់គ្រងព័ត៌មានស្ថានីយ៍ទូរទស្សន៍ CNC របស់លោកឧកញ៉ា គិត ម៉េង នោះ លោក ហ៊ុយ វណ្ណៈ ធ្លាប់ត្រូវបានបុគ្គលិកទូរទស្សន៍ CTN ម្នាក់ឈ្មោះ រស់ ឌីណា ប្តឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌកាលពីពាក់កណ្តាលឆ្នាំ២០១៤ កន្លងទៅ (លោក ហ៊ុយ វណ្ណៈ ដកកាំភ្លើងភ្ជង់ក្បាលលោក រស់ ឌីណា) ប៉ុន្តែ ពាក្យបណ្តឹងរបស់លោក រស់ ឌីណា មិនអាច «ហក់រួច» នឹងឥទ្ធិពលលោក ហ៊ុយ វណ្ណៈទេ ដ្បិតលោក ហ៊ុយ វណ្ណៈ ជាមនុស្សជំនិតរបស់លោកឧកញ៉ា គិត ម៉េង ជាថៅកែទូរទស្សន៍ CTN, CNC និង MyTV ខាងភាគីខ្មែរទៅហើយ ធ្វើឲ្យរឿងអាស្រូវទំនាស់ផ្ទៃក្នុងនៃស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់លោកឧកញ៉ា គិត ម៉េង នេះ ត្រូវស្ងប់ស្ងាត់ទល់បច្ចុប្បន្ន។
គេមិនទាន់បានដឹងថា នៅពេលចូលកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ លោក ហ៊ុយ វណ្ណៈ ដែលនឹងទទួលបានងារជា «ឯកឧត្តម» នឹងទទួលបន្ទុកការងារអ្វីនៅឡើយទេ ខណៈក្រសួងមហាផ្ទៃ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រីបច្ចុប្បន្នមានអនុរដ្ឋលេខាធិការជិត២០នាក់ទៅហើយ៕
No comments:
Post a Comment