Posted by DTN7 on April 23, 2015
ថ្វីដ្បិតអំណាចរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកាត់បន្ថយមួយចំនួននាអាណត្តិទី៥រាជរដ្ឋាភិបាលនេះ ដូចជាក្នុងវិស័យតុលាការ និងវិស័យអប់រំ ព្រមទាំងអាជ្ញាធរប្រេងកាតជាតិកម្ពុជា (អាជ្ញាធរប្រេងកាតជាតិកម្ពុជាដែលបានបង្កើតឡើងនាដើមឆ្នាំ១៩៩៨ ឋិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ត្រូវបានផ្ទេរ និងធ្វើសមាហរណកម្មឲ្យឋិតនៅក្រោមក្រសួងរ៉ែ និងថាមពលវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣)ក៏ដោយ ក៏ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាប់ឈ្មោះជាមន្ត្រីមានដៃច្រើនជាងព្រះនារាយណ៍នោះ បានស្ពាយអំណាចតាមខ្លួនលើការគ្រប់គ្រងធនធានប្រេងកាតនៅតំបន់ត្រួតគ្នាកម្ពុជា-ថៃដដែល ក្នុងនាមជាប្រធានគណៈកម្មាធិការបច្ចេកទេសចម្រុះទទួលបន្ទុកការកំណត់ព្រំដែន និងការអភិវឌ្ឍរួមគ្នាលើធនធានប្រេងកាតនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ ។
គណៈកម្មាធិការបច្ចេកទេសចម្រុះទទួលបន្ទុកការកំណត់ព្រំដែន និងការអភិវឌ្ឍរួមគ្នាលើធនធានប្រេងកាតនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាប្រធាននោះ ត្រូវបានបុរសខ្លាំងជាប្រមុខរាជរដ្ឋាភិបាលបង្កើតឡើងដោយសេចក្តីសម្រេចលេខ១៤៨សសរ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ។ គណៈកម្មាធិការនេះមានសិទ្ធិប្រើប្រាស់មូលនិធិដែលជាចំណូលពីវិស័យប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ក្នុងការបំពេញការងាររបស់ខ្លួន តែមានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមានសិទ្ធិប្រើប្រាស់ត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ មានន័យថា ទោះបីអាជ្ញាធរប្រេងកាតជាតិកម្ពុជាត្រូវបានផ្ទេរ និងសមាហរណកម្មឲ្យឋិតនៅក្រោមក្រសួងរ៉ែ និងថាមពល មានឯកឧត្តម ស៊ុយ សែម ជានាយករដ្ឋមន្ត្រីរួចហើយក៏ដោយ ក៏ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អាចស្ពាយអំណាចតាមខ្លួនលើការគ្រប់គ្រងធនធានប្រេងកាតនៅតំបន់ដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃយ៉ាងរំភើយ ខណៈឯកឧត្តម ស៊ុយ សែម ត្រឹមបានធ្វើជាអនុប្រធានគណៈកម្មាធិការប៉ុណ្ណោះ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ធ្លាប់បានមានប្រសាសន៍កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ឲ្យដឹងថា នៅតំបន់ត្រួតគ្នាក្នុងដែនសមុទ្រកម្ពុជា-ថៃ ត្រូវបានអ្នកឯកទេសវាយតម្លៃថា មានធនធានប្រេងច្រើនជាងគេ បើធៀបនឹងតំបន់នានាក្នុងដែនសមុទ្រកម្ពុជា ។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ធ្លាប់បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ឲ្យដឹងដែរថា កម្ពុជាអាចនឹងទទួលបានចំណូលជាង១០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ប្រសិនបើការបូមប្រេងកាតនៅប្លុក A បានសម្រេច និងមានការចរចាត្រូវរ៉ូវគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនប្រេង Chevron ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ធ្លាប់បានធ្វើការព្យាករណ៍ទុកថា កម្ពុជានឹងអាចទទួលបានចំណូលប្រេងប្រចាំឆ្នាំកើនឡើងដល់១,៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ខាងមុខ ។ ជាមួយគ្នានេះ លោក ឆាយ សារ៉េត នាយកប្រតិបត្តិសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ធនធានប្រេងកាតនៅកម្ពុជាអាចធ្វើអាជីវកម្មបានរយៈពេល៣០ឆ្នាំ ។
ទោះយ៉ាងណាក៏ដោយ ប្រកាសជាសាធារណៈរបស់បុរសខ្លាំងកាលពីអំឡុងខែកក្កដា ឆ្នាំ២០១១កន្លងទៅ ដែលថា "កម្ពុជានឹងទទួលបានតំណក់ប្រេងដំបូងរបស់ខ្លួននៅវេលាម៉ោង១២ នាថ្ងៃទី១២ ខែ១២(ធ្នូ) ឆ្នាំ២០១២" បានរលាយសាបសូន្យគ្មានន័យខ្លឹមសារឡើយ ខណៈក្រុមហ៊ុនប្រេង Chevron របស់សហរដ្ឋអាមេរិកបានបោះបង់សិទ្ធិរុករក និងធ្វើអាជីវកម្មបូមប្រេងក្នុងដែនសមុទ្រកម្ពុជា ព្រមទាំងបានសម្រេចលក់គម្រោងវិនិយោគឲ្យទៅក្រុមហ៊ុនប្រេងប្រទេសសិង្ហបុរីមួយឈ្មោះ Kris Energy ក្នុងតម្លៃ៦៥លានដុល្លារអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៤កន្លងទៅបាត់ទៅហើយ ៕
1 comment:
Khmerization and KI (Khmer Idiot),
You moderation and ID's requirement for readers who made comments must bestopped.
Look at your blogs yourselves.
Without people's comments or mostly comments from the CPP's supporters especially at KI, your blogs look so dull and so stupid.
Remove your moderation and your requirement for commentators' IDs.
Your dumb actions have helped only the Yuon's slave party CPP.
People who criticize Ah Kwack don't want to show their IDs. Is it difficult for you to comprehend?
Hun Sess
Post a Comment