ដោយ ម៉ម មុនីរតន៍
2015-04-28 RFA
ក្រោយពីមានវប្បធម៌សន្ទនារវាងមេបក្សប្រឆាំង លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល បានសាទរ និងស្វាគមន៍ចំពោះការឯកភាពគ្នារវាងមេដឹកនាំទាំងពីរ ដោយគេសង្ឃឹមថា មេដឹកនាំទាំងពីរនឹងធ្វើការសហការគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិដោយពិតប្រាកដ។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានផ្ញើលិខិតចំហមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែងពីការសាទរ និងគាំទ្រចំពោះវប្បធម៌សន្ទនានេះ។ ក៏ប៉ុន្តែ លោកជំរុញឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់រដ្ឋឲ្យច្បាស់លាស់មួយ ព្រោះថាកន្លងមកនេះ ការដឹកនាំរបស់រដ្ឋាភិបាលមានបញ្ហាជាច្រើនដែលមន្ត្រីមានអំណាចបានធ្វើអ្វីស្រេចតែចិត្ត និងគាបសង្កត់ប្រជាពលរដ្ឋ ជាដើម។
លិខិតដែលមានខ្លឹមសារផ្ដល់អនុសាសន៍នោះ ត្រូវបានអ្នកវិភាគសង្គមចាត់ទុកថា វា គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋដ៏មានប្រសិទ្ធភាព។ ជាងនេះទៀត ថ្វីបើលិខិតនេះវាហាក់ដើរយឺតមួយជំហាននៃចរន្តនយោបាយ តែវាក៏នៅតែជាលិខិតដែលពោរពេញដោយខ្លឹមសារដ៏មានតម្លៃនៅឡើយ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បានផ្ញើលិខិតចំហរបស់ខ្លួនទៅ លោក ហ៊ុន សែន កាលពីថ្ងៃទី២២ មេសា កន្លងទៅ។ ដោយខ្លឹមសារក្នុងលិខិតនោះ ត្រូវបានក្រុមអ្នកឃ្លាំមើលការវិវឌ្ឍស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថា ជាការរួមចំណែកដ៏សំខាន់ក្នុងកំណែទម្រង់រដ្ឋ និងជាមូលដ្ឋាននៃការបែងចែកអំណាចរដ្ឋដោយសុក្រឹត និងតម្លាភាព។
ក្នុងរយៈពេល ៨ថ្ងៃក្រោយ ពោលគឺកាលពីថ្ងៃទី២២ មេសា កន្លងទៅនេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានផ្ញើលិខិតចំហមួយច្បាប់ទៅ លោក ហ៊ុន សែន។ ខ្លឹមសារលិខិតនោះ ក្រៅពីចំណាប់អារម្មណ៍រឿងកំណែទម្រង់រដ្ឋហើយ លោកបានបញ្ចូលអនុសាសន៍ដែលមានគោលការណ៍សំខាន់ៗចំនួន ៤ចំណុចបន្ថែមទៀត។
អនុសាសន៍ទាំង ៤ចំណុចនោះរួមមានជាអាទិ៍ ទី១ ដាក់ប្រទេសឲ្យឋិតក្រោមការដឹកនាំដោយប្រព័ន្ធប្រជាធិបតេយ្យមួយដ៏ពិតប្រាកដ។ ដោយចាប់ផ្ដើមពីឯករាជភាពរបស់មន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ និងបែងចែកអំណាចដាច់ពីគ្នារវាងនីតិប្បញ្ញត្តិ ប្រតិបត្តិ និងតុលាការ។ ទី២ ធ្វើជាគំរូក្នុងការដាក់ទោសតាមច្បាប់លើមន្ត្រីដែលប្រព្រឹត្តបទល្មើស ឬធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ បើទោះបីអ្នកនោះជាសមាជិកគ្រួសារ ឬបក្សក៏ដោយ។ ទី៣ ជាគំរូក្នុងការអត់ឱនផ្នែកនយោបាយ និងទស្សនៈប្រឆាំងគ្រប់រូបភាព តាមរយៈការការពារគ្រប់សកម្មភាពនយោបាយស្របច្បាប់ក្នុងប្រទេស មិនប្រកាន់ទោសចំពោះទស្សនៈប្រឆាំង និងទី៤ ធ្វើជាគំរូក្នុងការលើកស្ទួយ និងការពារឯករាជ្យ សេរីភាពឲ្យបានទូលាយនៃប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ជាជាងគ្រប់គ្រងដោយតឹងរ៉ឹង។
ឆ្លើយតបរឿងនេះ លោក ទិត្យ សុធា មន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដោយភាគីរដ្ឋាភិបាលផង ចាត់ទុកថា លិខិតចំហនេះទំនងជានយោបាយ ច្រើនជាងការផ្ដល់ភាពស្មោះត្រង់មួយចំពោះរដ្ឋាភិបាលដ៏ពិតប្រាកដ។ លោកថ្លែងបន្តថា គេដឹងជាទូទៅហើយថា លោក ប៉ា ងួនទៀង គឺមាននិន្នាការនយោបាយបក្សប្រឆាំងតាំងពីអតីតកាលមក។ ហេតុនេះ ការផ្ដល់អនុសាសន៍ណាមួយរបស់លោកនៅពេលនេះ គឺគ្រាន់តែជាសារក្នុងចេតនានយោបាយប៉ុណ្ណោះ។ ជាងនេះទៀត លោក ទិត្យ សុធា ចាត់ទុកថា ការពិតលិខិតនេះ គឺវាដើរយឺតពេលមួយជំហាននៃគោលនយោបាយរបស់រដ្ឋាភិបាលរួចទៅហើយថែមទៀតផង៖ «»។
បើទោះជាបែបនេះក៏ដោយ នៅក្នុងខ្លឹមសារនៃលិខិតចំហរបស់អតីតអ្នកធ្លាប់ជាប់ពន្ធនាគារព្រោះធ្លាប់ទាមទារសិទ្ធិសេរីភាពរូបនេះ បញ្ជាក់ថា ឥឡូវនេះជាពេលវេលាមួយដ៏សមស្រប និងចាំបាច់ក្នុងការកែទម្រង់ពិតប្រាកដមួយសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ទាំងមូល។ វាជាពេលវេលាមួយដ៏សក្ដិសមបំផុត ព្រោះកំណើននៃប្រជាពលរដ្ឋដែលទាមទារឲ្យមានការផ្លាស់ប្ដូរស្ទើរពាក់កណ្ដាលប្រទេស។ នេះបើផ្អែកតាមចំនួនអាសនៈក្នុងរដ្ឋសភា។ ក្រៅពីនេះ ប្រសិនបើបាត់បង់ការគាំទ្របន្តទៀតនោះ ខ្ញុំយល់ថា សម្ដេចនឹងបាត់បង់ឱកាសមាសទាំងស្រុងហើយ ជាពិសេសនោះ កត្តាដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់អាសនៈនៅក្នុងរដ្ឋសភាកាលពីឆ្នាំ២០១៣ កន្លងទៅ គឺពុំមែនដោយសារតែយុទ្ធសាស្ត្ររបស់គណបក្សប្រឆាំងទាំងស្រុងទេ តែវាជាកំហុសជាច្រើនរបស់រដ្ឋាភិបាលដែរ។
ជុំវិញរឿងរ៉ាវនេះ សម្រាប់ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជា វិញយល់ឃើញថា លិខិតចំហនៅពេលនេះ គឺនៅតែមានសារសំខាន់សម្រាប់កំណែទម្រង់រដ្ឋដ៏ចាំបាច់នៅឡើយ ថ្វីបើហាក់យឺតពេលបន្តិចក៏ដោយចុះ។
លោក នី ចរិយា មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ចាត់ទុកថា លិខិតនេះនឹងជាការរួមចំណែកមួយដ៏ចាំបាច់សម្រាប់ការតាក់តែងគោលនយោបាយ និងយុទ្ធសាស្ត្របន្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកយល់ឃើញថា លិខិតចំហនេះវាពុំយឺតពេលទេ បើទោះជាធ្វើឡើងក្រោយពេល លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានធ្វើសេចក្ដីសម្រេចចិត្តរួចទៅហើយក្នុងការរួមដៃគ្នា កសាងជាតិឲ្យក្លាយជាធ្លុងមួយក្ដី។ លោក នី ចរិយា មានប្រសាសន៍ថា លិខិតនេះនឹងជាត្រីវិស័យចង្អុលទិសមួយបន្ថែមទៀតដែលខ្វះមិនបាន សម្រាប់កំណែទម្រង់រដ្ឋ ហើយអាចរំងាប់នូវវប្បធម៌សងសឹកបានទៀតផង ប្រសិនបើរដ្ឋាភិបាលងាកមកពិចារណានូវអ្វីដែលមានក្នុងខ្លឹមសារនៃលិខិតចំហនេះ៖ «»។
ដោយឡែក លោក រស់ រ៉ាវុធ បណ្ឌិតវិទ្យាសាស្ត្រនយោបាយវិញយល់ឃើញថា ជាទម្លាប់ នេះជាភារកិច្ចរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលក្នុងការពិនិត្យ និងតាមដានភាពចន្លោះប្រហោងនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ លោក រស់ រ៉ាវុធ ហាក់ពុំមានការភ្ញាក់ផ្អើលអ្វីប៉ុន្មានទេជុំវិញលិខិតចំហនៅពេលនេះ។ លោកចាត់ទុកថា ព្រោះជាធម្មតាក្នុងការអនុវត្តកម្មវិធីនយោបាយ តែងមានភាពខ្វះចន្លោះដោយចៀសមិនផុតទេ។ ម្យ៉ាងអ្នកនយោបាយដែលធ្លាប់តែអង្គុយបែរខ្នងដាក់គ្នា ឥឡូវនេះបានវិលមករកតុចរចាវិញហើយ និងសន្យាចំពោះមុខថា នឹងធ្វើឲ្យនាវាកម្ពុជា ពោរពេញដោយក្ដីរំពឹង និងសន្តិភាពមួយដ៏ពិតប្រាកដ៖ «»។
បើទោះជាបែបណា លោក នី ចរិយា វិញហាក់នៅស្ទាក់ស្ទើរនៅឡើយជុំវិញជំហរ និងការប្ដេជ្ញាចិត្តរបស់មេដឹកនាំនៃគណបក្សនយោបាយ ដែលឈ្នះឆ្នោតទាំងពីរនៅពេលនេះ។ លោកយល់ឃើញថា ព្រោះការវិវឌ្ឍស្ថានការណ៍នយោបាយ គឺនៅលើផ្លូវដ៏វែងឆ្ងាយបន្តទៀត។ យ៉ាងណា លោក នី ចរិយា មានជំនឿថា អាចមានស្ថានភាពមួយដ៏ប្រសើរ ព្រោះការសន្យាក្នុងដំណាក់កាលចុងក្រោយនេះ ហាក់ប្លែកពីលើកមុនៗដែលផ្ទុយពីគណបក្សហ៊្វុនស៊ិនប៉ិច។
ភាពផ្ទុយគ្នានេះ លោក នី ចរិយា មើលឃើញថា សម្ពន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច កាលនោះ គឺផ្ដោតទៅលើការបែងចែកអំណាច និងតួនាទីក្នុងស្ថាប័នរដ្ឋ។ ក៏ប៉ុន្តែចរន្តនយោបាយចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញារៀងៗខ្លួនថា នឹងកសាងវប្បធម៌សន្ទនា ទោះឋិតក្នុងកាលៈទេសៈអ្វីក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបានថ្លែងថា ឲ្យតែនៅ ពេលជួបសម្តេចម្តងៗលោក កឹម សុខាអនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្ស សង្រ្គោះជាតិ តែងតែនិយាយល្អៗនិងសមរម្យ ប៉ុន្តែឲ្យតែនៅឆ្ងាយពីសម្តេច គឺលោកប្រើពាក្យ សំដីឈ្លើយច្រឡឺសបើស។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជា អធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់រោងចក្រ ចម្រាញ់ប្រេងដូងទី២ របស់ ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ជិតជើងភ្នំបូកគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ថា ឲ្យតែនៅឃ្លាតឆ្ងាយពីសម្តេច ឬក៏សម្តេចទៅចូលរួមកិច្ចប្រជុំនៅ ក្រៅប្រទេស លោក កឹម សុខា តែងប្រើពោលពាក្យសំដីឈ្លើៗមកលើសម្តេច។សម្តេចបញ្ជាក់ថា “ខ្ញុំបានប្រាប់ឯកឧត្តមសម រង្ស៊ី និងភរិយារបស់ឯកឧត្តមថា កុំទុកឲ្យប្រាប់ លោក កឹម សុខា ទាក់ជើងខ្ញុំ។សម្តេចក៏បានផ្តាំផ្ញើទៅគណបក្សសង្រ្គោះជាតិវិញថាកុំរងចាំឱកាសថ្ងៃ ដែលគណបក្សប្រជាជនកម្ពុជាបរាជ័យ ឬក៏បែកបាកគ្នា ព្រោះគ្មានថ្ងៃនោះកើតឡើង ដោយសារតែគណបក្ស ប្រជាជនធ្វើការងារ ជាក្រុមមានបញ្ហាអ្វីក៏ត្រូវពិភាក្សាជាមួយគ្នា។សម្តេចថា សម្តេចក៏លែងចង់ទុកចិត្តលោក សម រង្ស៊ី ព្រោះលោក អាចដើរតួសម្តែងម្នាក់ស្រែកជេរ និងម្នាក់ទៀតនៅក្បែរសម្តេច៕
Post a Comment