A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 29 April 2015

និស្សិត​ពេទ្យ​ឯកជន​ជាង​១០០​នាក់​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ឧសភា


និស្សិត​ពេទ្យនៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ តវ៉ា​នៅមុខ​សាលា ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។


ដោយ ម៉ម មុនីរតន៍
2015-04-28 RFA

ក្រុម​និស្សិត​ពេទ្យ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ១៣០​នាក់ ព្រមាន​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ឧសភា ខាង​នេះ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ចាត់​វិធានការ​ចំពោះ​សាលា​ពេទ្យ​ឯកជន ដែល​ក្រុម​និស្សិត​ចាត់​ទុក​ថា កំពុង​ធ្វើ​នំ​អត់​ម្សៅ។

តំណាង​និស្សិត​ពេទ្យ​ដែល​អះអាង​ថា ពួក​គេ គឺ​ជា​អ្នក​រងគ្រោះ​ដោយសារ​ម្ចាស់​សាលា​បោកប្រាស់ ប្រកាស​ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​គោលការណ៍​របស់​សាលា ដែល​បន្ត​ឆបោក​និស្សិត​អស់​ពេល ៣​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ។

លោក ថន រដ្ឋា ដែល​អះអាង​ថា​ជា​តំណាង​ឲ្យ​ក្រុម​និស្សិត​ពេទ្យ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ប្រមាណ ១៣០​នាក់ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៨ មេសា ថា លោក​នឹង​ដឹក​នាំ​ក្រុម​និស្សិត​ធ្វើ​យុទ្ធនាការ​នៅ​ខាង​មុខ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ខាង​មុខ​នេះ។ លោក​បន្ត​ថា បាតុកម្ម​គ្រោង​នឹង​រៀបចំ​ដែល​មាន​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ផង​នោះ គឺ​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​សាលា ត្រូវ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​រាល់​ថ្លៃ​សិក្សា ចេញ​វិញ្ញាបនបត្រ និង​បើ​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ទេ គឺ​អាច​ឲ្យ​និស្សិត​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​លើ​ជំនាញ​វិទ្យាសាស្ត្រ​នៅ​សាលា​ផ្សេង​បាន។


លោក ថន រដ្ឋា បន្ត​ថា «ធ្វើ​ហ្នឹង​ក្នុង​គោល​បំណង ៣​ចំណុច។ ទី​មួយ គឺ​ទាមទារ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល ចុះ​ឈ្មោះ​និស្សិត​ដែល​បណ្តុះបណ្តាល​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ចូល​ទៅ​ក្នុង​គល់​បញ្ជី​ថា​បាន​រៀន​ផ្នែក​ពេទ្យ​ដូច​គេ​ដូច​ឯង​មែន។ ចំណុច​ទី​ពីរ គឺ​ចង់​ឲ្យ​ផ្ទេរ​ពួក​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​ផ្សេងៗ​ទៀត នៅ​ឆ្នាំ​ទី​៣ ដោយ​ឥត​គិត​ថ្លៃ ហើយ​ចំណុច​ទី​បី ចង់​ឲ្យ​ក្រសួង​គាត់​ចុះ​ទៅ​ត្រួត​ពិនិត្យ​សាលា​ហ្នឹង ទាក់ទង​ថា​សាលា​បើក​ឥត​មាន​អាជ្ញាប័ណ្ណ»។

បើ​ដូច​អ្វី​ដែល ថន រដ្ឋា លើក​ឡើង​មែន គឺ​និស្សិត​ដែល​រៀន​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​នេះ បង់​ថ្លៃ​សិក្សា​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​បញ្ចប់​ឆ្នាំ​សិក្សា ចន្លោះ​ពី ៥០០​ដុល្លារ ដល់ ៧៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី លោក ហាក់ ចន្នី ម្ចាស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៨ មេសា។

បើ​ទោះ​ជា​បែប​ណា លោក រស់ សាលីន មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ ធ្លាប់​ទទួល​បាន​ពាក្យ​បណ្ដឹង​រួច​ហើយ​របស់​ក្រុម​និស្សិត​ពេទ្យ​ទាំង​នេះ។ លោក​បន្ត​ថា រហូត​មក​ពេល​នេះ ស្ថាប័ន​ទាំង​ពីរ គឺ​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ កំពុង​ពិនិត្យ និង​រក​លទ្ធផល​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​និស្សិត​ទាំងអស់​មាន​ឱកាស ក្នុង​ការ​សិក្សា​លើ​មុខ​ជំនាញ​បន្ត​ទៀត។ លោក​បន្ត​ថា «ក្រសួង​ទាំង​ពីរ​នេះ​កំពុង​តែ​ធ្វើ​ការ​ជាមួយ​គ្នា​ច្បាស់លាស់​ណាស់ គឺ​ថា​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស អាច​ឲ្យ​មាន​ការ​ប្រឡង​ធ្វើ​តេស្ត​ឡើង​វិញ ហើយ​អាច​រក​លទ្ធភាព​ឲ្យ​សិស្ស​ទាំង​នោះ​ចូល​រៀន​បាន​តាម​រូបភាព​បង់​ថ្លៃ ឬ​រូបភាព​មិន​បង់​ថ្លៃ។ យើង​កំពុង​ធ្វើ​ការ​ជាមួយ ដើម្បី​រក​ច្រក​លទ្ធភាព​ណា​មួយ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ជូន​ទៅ​ដល់​និស្សិត»។

លោក រស់ សាលីន ឲ្យ​ដឹង​ទៀត​ថា វិទ្យាស្ថាន​ដែល​បើក​លើ​ជំនាញ​សុខាភិបាល​នេះ គឺ​ពិត​ជា​រក​ពុំ​ឃើញ​ថា មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ។ លើស​នេះ​ទៀត ក្រសួង​អប់រំ ក៏​បាន​ចេញ​លិខិត​ព្រមាន​រួច​មក​ហើយ​ឲ្យ​ផ្អាក​សកម្មភាព​បណ្តុះបណ្តាល​សិស្ស លើ​មុខ​ជំនាញ​ពេទ្យ​នេះ។

ដោយ​ឡែក​ប្រធាន​ស្តីទី​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ឃើញ​ថា ភាព​ខ្វះ​ចន្លោះ​នៃ​ការ​គ្រប់គ្រង​នេះ គឺ​ជា​កំហុស​មួយ​ដ៏​ធំ​របស់​រដ្ឋាភិបាល។ ជាង​នេះ​ទៀត អ្នកស្រី​ថ្លែង​ថា ដោយសារ​រដ្ឋាភិបាល​មិន​មាន​ការ​ផ្តល់​អំណាច និង​សិទ្ធិ​សម្រេច​ចិត្ត​ឲ្យ​ស្ថាប័ន​ដែល​ជា​ក្រសួង​សាមី ទើប​បញ្ហា​នៅ​តែ​បន្ត​កើត​ឡើង​ដូច​នេះ។ អ្នកស្រី អ៊ុក ឆាយ៉ាវី ចាត់​ទុក​ថា ប្រសិន​រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ជុំវិញ​ការ​ផ្ទេរ​សិទ្ធិ​អំណាច​នេះ វា​នឹង​នៅ​តែ​ជា​ការ​ប្រឈម​ចំពោះ​មុខ​ដ៏​ធ្ងន់ធ្ងរ​បន្ត​ទៀត ជាពិសេស វា​នឹង​ជំរុញ​ឲ្យ​សេវា​សាធារណៈ​របស់​រដ្ឋ​កាន់​តែ​បន្ត​ចុះ​ខ្សោយ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។ អ្នកស្រី​បន្ត​ថា «តាម​ពិត​ទៅ​ក្នុង​ការ​ដែល​ឃ្លាំ​មើល មិន​ថា​ឡើយ​តែ​ក្រសួង​សុខាភិបាល​ទេ គ្រប់​វិស័យ គឺ​ធ្លាក់​ទៅ​លើ​តែ​រដ្ឋាភិបាល​តែ​មួយ​ទេ ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​ដ៏​ធំ​ធេង​នេះ»។

បើ​ទោះ​ជា​បែប​ណា​ក៏ដោយ លោក រស់ សាលីន អំពាវនាវ​ដល់​សិស្ស​និស្សិត​ដែល​ចង់​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា ត្រូវ​ត្រួត​ពិនិត្យ និង​ថ្លឹងថ្លែង​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ក្រោយ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: