ដោយ ហង្ស សាវយុត
2015-04-19
កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៥១អនក្រ ដោយសម្រេចកាត់ផ្ទៃដីទំហំជាង ១១៥ហិកតារចេញពីផ្ទៃដីបុរីសណ្ឋាគារទេសចរណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ប្រគល់មកឱ្យប្រជាពលរដ្ឋដែលរស់នៅភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។
អាជ្ញាធរមួយចំនួនអះអាងថា បើទោះបីជារដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីជាង ១១៥ហិកតារ (១១៥,៤១ហិកតារ) ពីអាជ្ញាធរអប្សរា ហើយប្រគល់ឱ្យអ្នកភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម គ្រប់គ្រងវិញក៏ដោយ ក៏បញ្ហាវិបត្តិដីធ្លីដូចគ្នានេះ កំពុងកើតមាននៅភូមិព្រៃគុយ សង្កាត់អំពិល ជាប់គ្នានោះដែរ។
ប្រជាពលរដ្ឋច្រើនរយគ្រួសារនិងអាជ្ញាធរមូលដ្ឋានក្នុងក្រុងសៀមរាប បានសំដែងការត្រេកអរជាខ្លាំងនៅពេលដែលពួកគេបានឃើញអនុក្រឹត្យលេខ ៥១អនក្រ របស់រដ្ឋាភិបាលដែលសម្រេចកាត់ផ្ទៃដីបុរីសណ្ឋាគារគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយប្រគល់ជូនប្រជាពលរដ្ឋឱ្យធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់នោះ។
ការសំដែងអារម្មណ៍ត្រេកអរនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋរាប់រយគ្រួសារ និងអាជ្ញាធរមូលដ្ឋាន បានប្រឈមមុខយ៉ាងតឹងតែងជាមួយអាជ្ញាធរអប្សរា ដែលហាមឃាត់មិនឱ្យសាងសង់ផ្ទះសម្បែង ឬក៏បង្គន់អនាម័យនៅលើដីរបស់ខ្លួនឯងអស់រយៈពេលជាង ២០ឆ្នាំមកហើយនោះ។
អភិបាលខេត្តសៀមរាប គឺលោក ឃឹម ប៊ុនសុង។ លោកមានប្រសាសន៍ក្នុងពេលចុះទៅប្រកាសអនុក្រឹត្យលេខ៥១ របស់រដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែមេសា ថារដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីទំហំ ១១៥,៤១ហិកតារចេញពីតំបន់បុរីសណ្ឋាគារទេសចរណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាប្រគល់មកឱ្យប្រជាពលរដ្ឋនៅភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់វិញ៖ «ដូចបងប្អូនមួយចំនួនបានស្ដាប់អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីរួចហើយ ពេលដែលលោកចុះផ្ទាល់ជួបប្រជាពលរដ្ឋ។ លោកបានមើលឃើញបញ្ហាពិតប្រាកដ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ចំពោះការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ លោកបានយកចិត្តទុកដាក់ព្យាយាមជួយដោះស្រាយរឿងនេះ ដោយមិនទុកពេលវេលាឱ្យអូសបន្លាយទេ»។
កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យជាបន្ទាន់ លេខ ៥១អនក្រ.បក ដើម្បីកាត់ផ្ទៃដីទំហំជាង ១១៥ហិកតារ ចេញពីតំបន់បុរីសណ្ឋាគារទេសចរណ៍ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយប្រគល់មកជូនប្រជាពលរដ្ឋ ភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ គ្រប់គ្រងដោយស្របច្បាប់វិញ។
ការសម្រេចកាត់ផ្ទៃដីចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរានេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលចុះពិនិត្យផ្ទាល់ ហើយរកឃើញថា ផ្ទៃទាំងនោះគឺប្រជាពលរដ្ឋបានកាន់កាប់ ព្រមទាំងដាំដុះជាក់ស្ដែងជាយូរមកហើយ។
ប្រភពពីអាជ្ញាធរមូលដ្ឋានខ្លះឱ្យដឹងថា ទន្ទឹមគ្នានឹងការប្រកាសអនុក្រឹត្យលេខ៥១ ដែលកាត់ផ្ទៃដីជាង ១១៥ហិកតារប្រគល់ជូនប្រជាពលរដ្ឋនៅភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ នៃសង្កាត់ស្លក្រាម គ្រប់គ្រងស្របច្បាប់នោះ គឺប្រជាពលរដ្ឋមួយចំនួនបានចេញផុតពីបញ្ហាទំនាស់ដីធ្លី ក៏ប៉ុន្តែប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅភូមិព្រៃគុយ សង្កាត់អំពិល គឺនៅតែប្រឈមមុខជាមួយអាជ្ញាធរអប្សរាដដែល។
ចៅសង្កាត់ស្លក្រាម ក្រុងសៀមរាប លោក ខៀវ សត មានប្រសាសន៍ថា លោកត្រេកអរជាខ្លាំងនៅពេលឃើញអនុក្រឹត្យលេខ៥១ ដែលសម្រេចកាត់ផ្ទៃដីជាង ១១៥ហិកតារ ចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ហើយប្រគល់មកឱ្យប្រជាពលរដ្ឋរបស់លោកគ្រប់គ្រងស្របច្បាប់នោះ។ ចៅសង្កាត់បញ្ជាក់ថា រូបលោក ក៏ដូចជាប្រជាពលរដ្ឋជាង ៧០០គ្រួសារ គឺមានការពិបាករយៈពេល ២០ឆ្នាំមកហើយ ក្នុងការប្រឈមមុខជាមួយអាជ្ញាធរអប្សរា ដែលតែងតែហាមឃាត់មិនឱ្យម្ចាស់ដីធ្វើអ្វីកើតនៅលើដីរបស់ខ្លួនឯងនោះ៖ «ខ្ញុំវាអរនោះអរសែនអនេកប្បការ ដោយឃើញប្រជាជនបានប្រើប្រាស់ដីស្របច្បាប់វិញ ហើយទី២ ក៏ខ្ញុំស្នើសុំឱ្យមានការចុះបញ្ជីដីធ្លីឱ្យបានឆាប់រហ័សដែរ»។
ចំណែកក្រុមប្រជាពលរដ្ឋដែលធ្លាប់តែទទួលរងការដាក់សម្ពោធពីអាជ្ញាធរអប្សរាជាយូរមកហើយ នៅពេលដែលអនុក្រឹត្យសម្រេចប្រគល់សិទ្ធិគ្រប់គ្រងដីធ្លីស្របច្បាប់មកឱ្យពួកគេវិញនោះ គឺខ្លះក៏សំដែងការត្រេកអរ និងខ្លះទៀតនៅតែមានកង្វល់។
បុរសអ្នកភូមិចុងកៅស៊ូ នៃសង្កាត់ស្លក្រាម ម្នាក់ ក្នុងចំណោមអ្នករស់នៅតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា គឺលោក ឡឹក ខេន មានប្រសាសន៍ថា លោកសែនត្រេកអរ នៅពេលដែលឭថា ទឹកដីរបស់លោកត្រូវរដ្ឋាភិបាលប្រគល់សិទ្ធិឱ្យចាត់ចែងតាមអ្វីដែលខ្លួនចង់បាននោះ។
លោក ឡឹក ខេន យល់ថា រដ្ឋាភិបាលពិតជាបានយកចិត្តទុកដាក់ដោះស្រាយចំពោះបញ្ហារបស់ប្រជាពលរដ្ឋមែន៖ «សម្ដេចគាត់អត់ដឹងរឿង ដែលអាជ្ញាធរអប្សរាយកដីប្រជាពលរដ្ឋទៅគ្រប់គ្រងទេ ដឹងតែកូនចៅថ្នាក់ក្រោម ដល់ពេលគាត់មកមើលផ្ទាល់ គឺគាត់បានប្រគល់ឱ្យយើងវិញ»។
ទោះយ៉ាងណា ចំពោះប្រជាពលរដ្ឋក្រីក្រខ្លះទៀតនៅភូមិព្រៃគុយ ដែលអាជ្ញាធរអប្សរាបានរុះរើផ្ទះ និងបណ្ដេញឱ្យចាកចេញកាលពីពេលកន្លងទៅនោះ បាននិយាយថា បើសិនជារដ្ឋាភិបាលប្រគល់ដីនោះឱ្យគាត់វិលត្រឡប់ទៅរស់នៅវិញ ក៏គាត់នៅតែប្រឈមមុខនឹងបញ្ហា។
បុរសអ្នកភូមិព្រៃគុយ សង្កាត់អំពិល គឺលោក ហែម សំបូរ មានប្រសាសន៍ថា អាជ្ញាធរអប្សរាបានបណ្ដេញឱ្យគាត់ចាកចេញពីដីដែលធ្លាប់រស់នៅ ព្រមទាំងរុះរើបំផ្លាញផ្ទះសំបែងរបស់គាត់ឱ្យខូចខាតខ្ទេចខ្ទីផង។ បុរសដដែលបញ្ជាក់ថា បន្ទាប់ពីការបណ្ដេញចេញមក គឺក្រុមគ្រួសាររបស់គាត់មិនមានដីផ្សេងរស់នៅទេ គឺបានទៅសុំផ្ទះគេនៅភូមិចុងកៅស៊ូ ដើម្បីជ្រកកោនបណ្ដោះអាសន្ន។
លោក ហែម សំបូរ រៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ ពោរពេញដោយទុក្ខព្រួយថា បច្ចុប្បន្នជីវភាពគ្រួសារគឺទីទាល់ក្រ ដោយមានមុខរបររត់រ៉ឺម៉កម៉ូតូប៉ុណ្ណោះ។ ប៉ុន្តែបើរដ្ឋាភិបាលឱ្យគាត់វិលត្រឡប់ទៅរស់នៅលើទឹកដីរបស់គាត់វិញ ក៏គាត់មិនមានលទ្ធភាពរកលុយសង់ផ្ទះបានឡើយ។ គាត់ចង់ទាមទារឱ្យអាជ្ញាធរអប្សរាចេញសងការខូចខាតកន្លងទៅ៖ «បើសិនជាគេប្រគល់ឱ្យនៅវិញ គឺអត់លុយធ្វើផ្ទះទេ ព្រោះអប្សរាពេលគេមករើរុះ គឺស័ង្កសីដំបូលផ្ទះគេហែកដូចជាក្រដាសអ៊ីចឹង។ ផ្ទះអីគេរុញចោលបាក់បែកឈើ ហើយខ្ញុំអត់មានអីទេ អាហ្នឹងខ្ញុំត្រូវឱ្យសង»។
ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ដែលប្រមុខរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ផ្ទៃដីជាង ១១៥ហិកតារចេញពីតំបន់គ្រប់គ្រងរបស់អាជ្ញាធរអប្សរាប្រគល់មកឱ្យប្រជាពលរដ្ឋវិញនោះ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីអាជ្ញាធរអប្សរា ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ចាត់ទុកការកាត់ផ្ទៃដីជាង ១១៥ហិកតារ ពីអាជ្ញាធរអប្សរាហើយប្រគល់មកឱ្យប្រជាពលរដ្ឋគ្រប់គ្រងវិញ គឺជាវិធានការដោះស្រាយតាមរូបមន្តស្បែកខ្លា។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះប្រមុខរដ្ឋាភិបាលដែលដោះស្រាយទំនាស់ដីធ្លីក្នុងតំបន់អាជ្ញាធរអប្សរាមកឱ្យអ្នកភូមិវិញនោះ។ លោក សួស ណារិន បញ្ជាក់ថា ជាយូរមកហើយអង្គការក្រៅរដ្ឋាភិបាលតែងទាមទារឱ្យរដ្ឋាភិបាលដោះស្រាយទំនាស់ដីធ្លីនៅក្នុងតំបន់អប្សរានោះ តាមនីតិវិធី ៣យ៉ាង គឺទី១ ឱ្យឆ្វៀលផ្ទៃដីដែលប្រជាពលរដ្ឋរស់នៅចេញពីតំបន់គ្រប់គ្រងរបស់អាជ្ញាធរអប្សរាទី២ បើសិនជាអាជ្ញាធរអប្សរាត្រូវការយកដីនោះ គឺត្រូវទូទាត់សំណងទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន និងទី៣ ត្រូវដោះស្រាយដោយឱ្យអាជ្ញាធរអប្សរាបង្ខិតបង្គោលព្រំដែននៃតំបន់គ្រប់គ្រងរបស់ខ្លួនឱ្យផុតពីតំបន់ដែលប្រជាពលរដ្ឋរស់នៅជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Confiscate land from villagers illegally by authority force and give back to villagers by strong and no back down revolted against this unlawful action was not a nice gesture or pitiful action from this unjustifiable authorities . They not supposed to have this kind of unlawful event in the first place . Developed mandated is not suppose to happen in the village that people live for many decades before the government made plan . If the government want to put the place in the plan development they ought to legally study and give right to citizen of that land to have right to defend their propertieid . They do this brutal suppression of the owner occupation right first and try do be nice by give back the same land forceful confiscate was a real scheme demagogue to gain sympathy from people for their kindness . If villager is not stand strong and fight back with this scheme the authority under Yuon complete control will swallow this land for their purpose interest for ever . Please Khmer people need to learn about such trick, don't you happy about this acheme . Thank you
Post a Comment