អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្អាងថា "រដ្ឋគ្មានលុយ" គឺរាល់គម្រោងផ្គត់ផ្គង់សេវាផ្សេងៗជូនរដ្ឋពីសំណាក់ក្រុមហ៊ុនឯកជននានា តែងអនុវត្តន៍តាមគោលការណ៍"ក្រុមហ៊ុនផ្គត់ផ្គង់មុន រីឯរដ្ឋទូទាត់តាមក្រោយតាមលទ្ធភាពថវិកាជាក់ស្តែង" ខណៈរូបមន្តនៃការផ្គត់ផ្គង់សេវាជូនរដ្ឋបែបនេះត្រូវបានគេកត់សម្គាល់ឃើញថា តម្លៃនៃការផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជនទាំងនោះជូនរដ្ឋមានតម្លៃខ្ពស់ជាងទីផ្សារសេរីរហូតដល់ទៅជាង៣ដង ឬច្រើនជាងនេះទៀត ។
ទោះជាមានគោលការណ៍ដូចលើកឡើងខាងលើក្តី ក៏មានក្រុមហ៊ុនឯកជនចំនួន២ដែលល្បីឈ្មោះលេចធ្លោខាងយកលុយរដ្ឋទៅប្រើប្រាស់មុនក្នុងចំនួនច្រើនលានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់សេវាជូនរដ្ឋ និងអាចចាត់ទុកថាជាក្រុមហ៊ុនមានសំណាងបំផុតបើប្រៀបធៀបទៅនឹងបណ្តាក្រុមហ៊ុនឯកជនឯទៀតៗ ។ ក្រុមហ៊ុនឯកជនមហាសំណាងទាំង២នោះ គឺ ៖
១-ក្រុមហ៊ុន AZ Distribution Co., Ltd. មានលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជានាយក និងជាក្រុមហ៊ុនដែលគេស្គាល់ថា ទទួលបានកិច្ចព្រមព្រៀងសម្បទានរយៈពេល៣៥ឆ្នាំពីរាជរដ្ឋាភិបាលកម្ពុជា លើការផ្តល់សេវាកម្មយកលុយផ្លូវជាតិលេខ៤ចាប់ពីឆ្នាំ២០០១ តរៀងមក ។
ដោយយោងតាមចំណារឯកភាពចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៨ របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីទី២ និងសេចក្តីសម្រេចលេខ៣៣សសរ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៩៨ របស់រាជរដ្ឋាភិបាលនោះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៨ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នាយកក្រុមហ៊ុន AZ Distribution Co., Ltd. បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ លើការផ្គត់ផ្គង់រថយន្ត និងគ្រឿងចក្រវិស្វកម្មចំនួន២៧៩គ្រឿងជូនក្រសួងការពារជាតិ មានតម្លៃសរុបស្មើនឹងទឹកប្រាក់ចំនួន២៨.៧៦៤.០០០ដុល្លារអាមេរិក ។
ចំណុចគួរឲ្យកត់សម្គាល់ក្នុងកិច្ចសន្យានេះ គឺរដ្ឋត្រូវទូទាត់ប្រាក់ជំហានដំបូង(Down Payment) ជូនក្រុមហ៊ុនលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាមុនចំនួន២០ភាគរយនៃតម្លៃសរុបស្មើនឹងទឹកប្រាក់៥.៧៥២.៨០០ដុល្លារអាមេរិក ។ លើសពីនេះ ការទូទាត់ប្រាក់ចាប់ពីឆ្នាំទី២រហូតដល់ឆ្នាំទី៤ រដ្ឋត្រូវគិតការប្រាក់ឲ្យក្រុមហ៊ុនលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចំនួន៣ភាគរយក្នុង១ឆ្នាំទៀតផង ។
លោក អ៊ឹង ប៊ុនហ៊ូវ អាយុ៤៣ឆ្នាំ ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១១៩៦/៨០ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩៦ គឺបន្ទាប់ពីក្រុមហ៊ុន AZ Distribution Co., Ltd. ទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលលើការផ្គត់ផ្គង់សម្ភារៈ បរិក្ខារទូរស័ព្ទ មានតម្លៃរាប់លានដុល្លារអាមេរិកជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ បច្ចុប្បន្ន លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រី តែមិនទទួលប្រាក់បៀវត្សរ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១២៣៣ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
២-ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ មានលោក លី ឈួង ជានាយកក្រុមហ៊ុន ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០០៣ លោក លី ឈួង នាយកក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ និងត្រូវជាកូនប្រសារបស់ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២)នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានចុះកិច្ចសន្យាជាមួយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៣ តំណាងដោយឯកឧត្តម ជាម យៀប ជាប្រធានគណៈកម្មការសាងសង់ និងត្រូវជាឪពុកក្មេក លើការវិនិយោគសាងសង់អគាររដ្ឋសភាថ្មី មានតម្លៃទឹកប្រាក់សរុបចំនួន២៦.៦៧៣.៣៥០ដុល្លារអាមេរិក ។
ចំណុចគួរឲ្យកត់សម្គាល់ក្នុងកិច្ចសន្យានេះ គឺរដ្ឋត្រូវផ្តល់ប្រាក់បុរេប្រទានចំនួន១១លានដុល្លារអាមេរិកជាមុន ជូនក្រុមហ៊ុនលោក លី ឈួង ។ លើសពីនេះ កិច្ចសន្យាបានចែងដែរថា បើរដ្ឋយឺតយ៉ាវក្នុងការទូទាត់ប្រាក់ជូនក្រុមហ៊ុនលោក លី ឈួង គឺរដ្ឋត្រូវបង់ប្រាក់ពិន័យជូនក្រុមហ៊ុនលោក លី ឈួង ក្នុងអត្រា១២ភាគរយក្នុង១ឆ្នាំ ។
ក្រោយពេលសាងសង់អគាររដ្ឋសភាថ្មីរួចរាល់មក តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈទ្រង់បានត្រាស់បង្គាប់បំពាក់គ្រឿងឥស្សរិយយសព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុន្នីវង្សកុសុមនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ជូនឯកឧត្តម ជាម យៀប ជាប្រធានគណៈកម្មការសាងសង់ និងគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ជូនលោក លី ឈួង ជានាយកក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៧/២១៣ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០៧ ។
ក្រៅពីទទួលបានគម្រោងសាងសង់អគាររដ្ឋសភាថ្មីមានតម្លៃទឹកប្រាក់ជិត៣០លានដុល្លារអាមេរិក ដោយយកលុយរដ្ឋចំនួន១១លានដុល្លារអាមេរិកជាមុនធ្វើជាដើមទុនរកស៊ីនោះ ក្រុមហ៊ុនលោក លី ឈួង ទទួលបានគម្រោងផ្គត់ផ្គង់ និងផ្លាស់ប្តូរឧបករណ៍គ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពចំនួន១០ឈុតនៅវិមានសន្តិភាព មានតម្លៃទឹកប្រាក់សរុបជិត២លានដុល្លារអាមេរិក និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។
មជ្ឈដ្ឋានអ្នកជំនួញនៅកម្ពុជា បានលើកឡើងថា បើក្រុមហ៊ុនឯកជនណាមួយ ឧទាហរណ៍ជាក់ស្តែងដូចជាក្រុមហ៊ុនទាំងពីរខាងលើទទួលបានគម្រោងផ្គត់ផ្គង់សេវាជូនរដ្ឋ ហើយទទួលបានលុយរដ្ឋយកមកប្រើប្រាស់ធ្វើជាដើមទុនរកស៊ីជាមុនទៅហើយនោះ រឿងអ្វីត្រូវព្រួយបារម្ភក្នុងការរកស៊ីខាត គឺមានតែទទួលបានប្រាក់ចំណេញកប់ក្តោង រួមជាមួយនឹងលាភសក្ការៈបានធ្លាក់ទៅក្នុងហៅប៉ៅមន្ត្រីពុករលួយជាតួអង្គមួយចំនួន ៕
1 comment:
Very true Mr. Pm.hun sen can't manage the entire state officials. .he has no clue at all on how to discipline or manage staff. Zero ! sir you have zero people skills. ...you hear me sir and you know yourself very well. Right? ...Looke all your state officials they only work 1 or 2 hours a day. ..let me make it clear again. your state employees only works 1 to 2 hour a day. ..Right ? And most ministries they only go to office collect the money they not even work. ...All your ministry officer they only come to work in the morning and absence noon time every day every month and every year. ..that why all things run by government are miserable fail...Right? . Your people rampage cheating you every corner. ..you know that yourself right. ?. You Mr. Pm are totaly lack of people skills you very inferior on human skill or management. .and raincy or kem sok svar even worst. .. If you keep doing what you used to you end up in perish. .. and your ke tom romroung sijomrouv are useless if you do not set up a person who supervise all your official work habit. .its very important to hire your most trusted peoples to keep and eye very eagles eye monitor direct supervise all ministries official performance. .resaerch .Evaluate and activate.. that the ruler every one must do it and no one could ever ever ever Bend that rule. Now you clearly understand it . right. ?..those supervisor must be respectable sincere and harmony work in same office by all official.. and ...you do it or you lose it....
Post a Comment