ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃសុក្រ ទី6 កុម្ភៈ 2015,
បិតាឯករាជ្យជាតិនៃ ប្រទេសទីម័រលោក Xanana Gusmao សម្រេចលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដែលលិខិតសុំលាលែងបាន ធ្លាក់ដល់ការិយាល័យប្រធានាធិបតីហើយនៅថ្ងៃសុក្រនេះ ។
ស្ថិតក្នុងវ័យ៦៨ឆ្នាំ វីរជនទីម័ររូបនេះ ដែលបានដឹកនាំការបះបោរ ដណ្ដើមឯករាជ្យពីអាណានិគមឥណ្ឌូនេស៊ី នៅឆ្នាំ១៩៩០ ហើយបានក្លាយជាប្រធានាធិបតីដំបូង នៅឆ្នាំ២០០២ បាននិយាយថា «ពេលាវេលា១០ ឆ្នាំនៃការកាន់អំណាចរបស់ខ្ញុំគឺសមល្មម ដែលខ្ញុំត្រូវចាកចេញ ដើម្បីទុកឱកាសសំរាប់មេដឹកនាំជំនាន់ក្រោយ» ។
បិតាឯករាជ្យជាតិនៃប្រទេសទីម័រលោក ដែលត្រូវបានប្រជាជនចាត់ទុកជាវីរជន បានកាន់តំណែងកំពូលរបស់រដ្ឋចំនួន២គឺ ប្រធានាធិបតី នៅឆ្នាំ២០០២ ហើយនៅឆ្នាំ២០០៧ លោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ។
ការិយាល័យប្រធានាធិបតី បានឲ្យបណ្ដាញផ្សាយព័ត៌មាន BBC ដឹងថា លោកប្រធានាធិបតី Taur Matan Ruak នឹងពិចារណាការដាក់ពាក្យសុំលាលែងរបស់លោក Gusmao ហើយអាចនឹងផ្ដល់ព័ត៌មាននេះនៅពេលឆាប់នេះ ។
លោក Xanana Gusmao ជាមេដឹកនាំបដិវត្តន៍ប្រជាជន ទាមទារឯករាជ្យពីអាណានិគមឥណ្ឌូនេស៊ីនៅឆ្នាំ១៩៩៩ ហើយក្នុងបុព្វហេតុនេះលោក ធ្លាប់ជាប់ពន្ធនាគារ រយៈពេល ១៧ឆ្នាំ ។
លោក Gusmao បានដោះស្រាយវិបត្តិជាច្រើន បន្ទាប់ពីប្រទេសតូចមួយនេះទទួលបានឯករាជ្យដូចជា ក្រុមលម្អៀងឥណ្ឌូនេស៊ី បង្កើតហិង្សាក្នុងសង្គម និងមន្ត្រីខិលខូចមួយចំនួន ប្រព្រឹត្តអំពើអយុត្តិធម៌ និងពុករលួយ ។ ប៉ុន្តែអ្នកវិភាគនិយាយថា ការលាលែងរបស់លោក គឺជាសញ្ញាមួយ ដែលលោកទទួលខុសត្រូវករណី គណៈមន្ត្រីរបស់លោក មួយចំនួន នឹងត្រូវកោះហៅឡើងតុលាការនៅពេលឆាប់ៗនេះ ដោយសារតែបង្ករឿងអាស្រូវ ។
នេះជាការកត់សម្គាល់មួយជាប្រវត្តិសាស្ត្រ ដែលមេដឹកនាំកំពូលម្នាក់នៃអំណាចរដ្ឋ នៅអាស៊ីអាគ្នេយ៍ បានលាលែងពីតំណែង បន្ទាប់ពីកាន់អំណាចរយៈពេល១០ឆ្នាំ ខណៈមេដឹកនាំមួយចំនួនទៀត នៅអាស៊ីបន្តក្រាញអំណាច បើទោះជាបានដឹកនាំប្រទេសតាមរយៈហិង្សានយោបាយ ឬបន្លំសន្លឹកឆ្នោតក៍ដោយ ហើយមេដឹកនាំខ្លះទៀត បន្តកាន់អំណាច ទោះជា រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ហាមឃាត់ក៏ដោយ គឺជាដូចអតីតប្រធានាធិបតីស្រីលង្កា មាហិនដា រ៉ៃយ៉ាប៉ាសេក ជាដើម ។ ប៉ុន្តែទីបំផុតមេដឹកនាំរូបនេះត្រូវបានប្រជាជនទម្លាក់ តាមរយៈការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥នេះ ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
No comments:
Post a Comment