ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ កាលពីម៉ោង ៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ នេះ។ ការដោះលែងនេះ បន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង ចេញដីកាឲ្យអ្នកទាំងពីរនៅក្រៅឃុំបណ្ដោះអាសន្នកាលពីម៉ោងជាង ៦យប់ថ្ងៃទី៦ កុម្ភៈ ដោយរកឃើញថា ពួកគេកំពុងបញ្ហាសុខភាព។ ក្រោយចេញពីមន្ទីរឃុំឃាំង អ្នកទាំងពីរបានទៅស្នាក់នៅបុរី៩៩៩ នាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
មេធាវីការពារក្តីគ្រួសារឧកញ៉ា ថោង សារ៉ាត់ លោក ម៉ន កែវស៊ីវិន ឲ្យដឹងថា ការណ៍ដែលចៅក្រមដោះលែងអ្នកស្រី កែវ សារី និងលោក ថោង ចំរើន ដែលជាឪពុកម្ដាយ លោក ថោង សារ៉ាត់ នេះ ព្រោះរកឃើញថា ថោង ចំរើន មានជំងឺច្រើន រួមមាន ជំងឺងងឹតភ្នែក ទឹកនោមផ្អែម និងរោគសរសៃប្រសាទ។ ចំណែកអ្នកស្រី កែវ សារី ក៏កំពុងមានជំងឺប្រចាំកាយដែរ។
តុលាការសម្រេចឃុំខ្លួនឪពុកម្ដាយលោកឧកញ៉ា ថោង សារ៉ាត់ នៅពន្ធនាគារព្រៃស កាលពីនៅថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីសង្ស័យថា អ្នកទាំងជាប់ពាក់ព័ន្ធការលាក់ទុកអាវុធខុសច្បាប់។
លោកមេធាវី ម៉ន កែវស៊ីវិន បញ្ជាក់ថា ការឃុំខ្លួនឪពុកម្ដាយឧកញ៉ា ថោង សារ៉ាត់ កន្លងមកគឺតុលាការចោទពីបទគ្រប់គ្រងអាវុធដោយពុំមានច្បាប់អនុញ្ញាត។ លោកបន្ថែមទៀតថា រាល់សកម្មភាព ឬការធ្វើដំណើរទៅណាមកណារបស់ឪពុកម្ដាយឧកញ៉ា ថោង សារ៉ាត់ ត្រូវជូនដំណឹងមកមេធាវីការពារក្តីទាំងបួននាក់របស់ខ្លួន ដើម្បីជូនដំណឹងបន្តមកតុលាការ៕
No comments:
Post a Comment