ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (ឆ្វេងទី២) ក្នុងពិធីទទួលប័ណ្ណសរសើរ "កូនសោប្រជាធិបតេយ្យ" នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ កុម្ភៈ ២០១៥។
Photo Supplied
អភិបាលក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) លោក រ៉ដនី អ៊ីលៀត (Rodney Elliott) បានផ្ដល់លិខិតសរសើរ ឬហៅថា កូនសោប្រជាធិបតេយ្យទៅឲ្យបេក្ខជនតំណាងរាស្ត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។
ពិធីនោះធ្វើឡើងកាលពីថ្ងៃទី៣ កុម្ភៈ នៅសាលាក្រុងឡូវែល ដោយមានការចូលរួមពីសំណាក់មន្ត្រីសាលាក្រុង និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ទៀត។ លិខិតសរសើរនោះបញ្ជាក់ថា កូនសោប្រជាធិបតេយ្យនេះ ផ្ដល់ឲ្យព្រះអង្គម្ចាស់ដោយសារព្រះអង្គខិតខំបម្រើការងារសម្រាប់ប្រទេសជាតិ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា ព្រះអង្គទទួលលិខិតសរសើរជំនួសឲ្យអ្នកប្រជាធិបតេយ្យទាំងអស់ក្នុងប្រទេសកម្ពុជា។ ព្រះអង្គប្ដេជ្ញានឹងបន្តធ្វើការងារបម្រើប្រទេសជាតិទៅមុខទៀត ក្រោយពេលសហគមន៍អន្តរជាតិទទួលស្គាល់ការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «ខ្ញុំសូមទទួលរង្វាន់ហ្នឹងក្នុងនាមខ្មែររាប់ពាន់នាក់ដែលធ្វើការតស៊ូលះបង់ ហើយទទួលការធ្វើបាបគាបសង្កត់គ្រប់បែបយ៉ាងក្នុងការការពារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នៅក្នុងកម្ពុជា ជាពិសេសព្រះសង្ឃ សមាជិកសហជីព សកម្មជនដីធ្លីទាំងអស់ដែលរងគ្រោះ និងចាប់ដាក់គុក»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យាងមកសហរដ្ឋអាមេរិក កាលពីចុងខែមករា ដើម្បីពន្យល់សកម្មជនគណបក្សសង្គ្រោះជាតិ ពីការវិវឌ្ឍន៍នយោបាយរបស់គណបក្សសង្គ្រោះជាតិ នៃការចូលរួមដំណើរការរដ្ឋសភា និងការចាប់ផ្ដើមឡើងនៃវប្បធម៌សន្ទនាគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គគ្រោងយាងទៅកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ៕
No comments:
Post a Comment