អគ្គស្នងការរងនគរបាលជាតិ លោក ទូច ណារ៉ុថ ចាប់ដៃលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីដំឡើងឋានន្តរសក្ដិដល់មន្ត្រីនគរបាលកាលពីអំឡុងខែមករា ឆ្នាំ២០១៥។
RFA/Van Vichar
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវកុំឲ្យដាក់បញ្ចូលមន្ត្រីជាន់ខ្ពស់យោធា កងរាជអាវុធហត្ថ និងប៉ូលិស ក្នុងគណបក្សនយោបាយដើម្បីរក្សាឯករាជភាព និងអព្យាក្រឹតភាពរបស់មន្ត្រីប្រដាប់អាវុធទាំងនោះ។
សំណើនេះធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានធ្វើការពង្រឹងអំណាចក្នុងប្រទេសតាមរយៈការដាក់បញ្ចូលមេយោធា កងរាជអាវុធហត្ថ និងប៉ូលិសប្រមាណ ៨០នាក់ និងមន្ត្រីសន្តិសុខផ្សេងទៀតទៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា កងទ័ព និងកម្លាំងប្រដាប់អាវុធកម្ពុជា មិនអាចមានអព្យាក្រឹតភាព និងគោរពសិទ្ធិមនុស្សនោះបានទេ នៅពេលដែលមេដឹកនាំរបស់ពួកគេក្លាយជាកម្មសិទ្ធិរបស់គណបក្សកាន់អំណាច។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់ថា ប្រទេសម្ចាស់ជំនួយកម្ពុជា ត្រូវតែទាមទារអោយរដ្ឋាភិបាលកម្ពុជា បញ្ចប់វប្បធម៌តែងតាំងមន្ត្រីយោធាកងរាជអាវុធហត្ថ និងប៉ូលិសក្នុងគណបក្សកាន់អំណាច ហើយត្រូវតែបង្កើតកងកម្លាំងទាំងនោះឲ្យក្លាយកងកម្លាំងដែលមានវិជ្ជាជីវៈ និងមិនប្រកាន់បក្សពួក។
លោក ប្រ៊ែដ អាដាម បន្តថា កងកម្លាំងសន្តិសុខអាចធ្វើជាសមាជិកបក្សសាមញ្ញបាន ប៉ុន្តែប្រសិនបើពួកគេមានតួនាទីគ្រប់គ្រងកងសន្តិសុខទៅវិញនោះ ពួកគេមិនអាចកាន់តួនាទីជាន់ខ្ពស់ក្នុងបក្សបានទេ។ និយាយរួម បើមានតួនាទីខ្ពស់ក្នុងជួរកងកម្លាំងប្រដាប់អាវុធផង និងជាសមាជិកជាន់ខ្ពស់ក្នុងបក្សនយោបាយផង ពួកគេប្រាកដជាមិនអាចគ្រប់គ្រងតួនាទីក្នុងកិច្ចការរដ្ឋប្រកបដោយវិជ្ជាជីវៈបានឡើយ។
កាលពីចុងខែមករា និងដើមខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា បានធ្វើសមាជដោយបញ្ជូលសមាជិកថ្មីបន្ថែមចំនួន ៣០៦នាក់ រួមទាំងកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សរុបមកគណៈកម្មាធិការនេះមានសមាជិកចំនួន ៥៤៥នាក់។ ក្នុងនោះ គណបក្សនេះបានតែងតាំងកងកម្លាំងយោធា កងរាជអាវុធហត្ថ ប៉ូលិស តាមគ្រប់ច្រកល្ហក រួមទាំងនៅថ្នាក់ជាតិ តំបន់ និងខេត្ត ធ្វើជាគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ចំនួនសមាជិកនៃកម្លាំងគ្រប់គ្រងបញ្ជាការលើកងសន្តិសុខនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើនចំនួនបីដង គឺពី ៣៦នាក់ ទៅយ៉ាងតិចណាស់ ១១៦នាក់ ហើយអ្នកទាំងនោះសុទ្ធតែមានតួនាទីគ្រប់គ្រងសន្តិសុខជាតិ។
សេចក្ដីថ្លែងការណ៍អង្គការសិទ្ធិមនុស្សផ្សាយ កាលពីថ្ងៃពុធ ទី៤ កុម្ភៈ ឲ្យដឹងថា មន្ត្រីយោធានគរបាល និងកងរាជអាវុធហត្ថដែលទទួលតួនាទីថ្មីក្នុងបក្សប្រជាជនកម្ពុជា សុទ្ធតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដូចជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ លោក ម៉ក់ ជីតូ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក រ័ត្ន ស្រ៊ាង អគ្គស្នងការរង និងជាស្នងការប៉ូលិសរាជធានីភ្នំពេញ លោក ជួន សុវណ្ណ និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។
ច្បាប់ស្ដីពីគណបក្សនយោបាយនៅកម្ពុជា បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធមិនត្រូវលំអៀង ឬមាននិន្នាការប្រឆាំងនឹងគណបក្សណាមួយឡើយ។ ច្បាប់នេះ ក៏បានហាមមិនឲ្យគណបក្សនយោបាយបង្កើនរចនាសម្ព័ន្ធបក្សក្នុងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែប្រភពជាច្រើនបានបញ្ជាក់ប្រាប់អង្គការសិទ្ធិមនុស្សថា មេបញ្ជាការយោធាបានបង្កើតបណ្ដាញបក្សកាន់អំណាចក្នុងស្ថាប័នយោធាប៉ូលិស និងកងរាជអាវុធហត្ថ។
អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា ការដាក់បញ្ចូលកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថ និងប៉ូលិសឲ្យមានតួនាទីជាន់ខ្ពស់ក្នុងបក្សកាន់អំណាចបានបង្កើតឲ្យមានជម្លោះផលប្រយោជន៍ ដោយសារតែសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវតែអនុវត្តគោលការណ៍ និងសេចក្ដីសម្រេចរបស់គណបក្ស។
លោក ប្រ៊ែដ អាដាម បន្ថែមទៀតថា សមាជិកបក្សប្រជាជនកម្ពុជា ដែលមានតួនាទីខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា តែងតែរួចខ្លួនពីការរំលោភសិទ្ធិមនុស្ស។ លោកបន្តថា សមត្ថកិច្ចជាន់ក្រោមព្រះរាជអាជ្ញា និងចៅក្រម តែងតែខ្លាចអំណាចរបស់មន្ត្រីជាន់ខ្ពស់គ្រប់គ្រងផ្នែកសន្តិសុខ ហើយការដែលមន្ត្រីយោធា និងប៉ូលិសទាំងនោះចូលជាសមាជិកជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា ដូច្នេះ វាកាន់តែធ្វើអោយមន្ត្រីតុលាការភ័យខ្លាចខ្លាំងថែមទៀតក្នុងការបំពេញ ការងារដោយវិជ្ជាជីវៈ។
ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា ការដាក់អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថ និងប៉ូលិស រាជធានីទៅក្នុងគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជានោះ មិនប៉ះពាល់ដល់អព្យាក្រឹតភាពរបស់មន្ត្រីទាំងនោះទេ៖ «អ្វីដែលសំខាន់ពួកគាត់អនុវត្តទៅតាមតួនាទីរបស់គាត់នៅក្នុងផ្លូវរដ្ឋ ការងាររដ្ឋ គាត់អត់ធ្វើការប្រលូកនឹងកិច្ចការបក្សទេ។ សូម្បីតែខ្ញុំអាជ្ញាធរដែនដីដូចគ្នាការងារបក្សជារឿងមួយផ្សេង ជារឿងផ្ទាល់ខ្លួន ប៉ុន្តែការងាររដ្ឋដែលបំពេញការផ្តល់សេវាសាធារណៈ និងផ្តល់ការងារសន្តិសុខ គាត់ធ្វើតាមតួនាទី»។
បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់ដឹកនាំកងទ័ពកំពុងមានតួនាទីក្នុងគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា រួចហើយរួមមានអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ លោក គន់ គីម និងលោក មាស សុភា និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បន្តថា អង្គភាពជាច្រើនដែលគ្រប់គ្រងដោយគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រវត្តិរំលោភសិទ្ធិមនុស្ស ការបាញ់សម្លាប់បាតុករ បង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង ឃាតកម្មនយោបាយ ធ្វើទារុណកម្ម ការចាប់ឃុំខ្លួនយ៉ាងអនាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងរត់ពន្ធមនុស្ស៕
No comments:
Post a Comment