ដោយ៖ ញឹម គឹមសាន្ត | ថ្ងៃព្រហស្បតិ៍ ទី5 កុម្ភៈ 2015,
អតីតនាយករដ្ឋមន្រ្តី និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ប៉ែន សុវណ្ណ (រូបថតគណបក្សសង្រ្គោះជាតិ)
មន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ ត្រូវបានបញ្ជូនមកដើម្បីសម្រាកព្យាបាលជំងឺនៅកម្ពុជាវិញហើយកាលពីម៉ោង៨ ព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទទួលការព្យាបាលនៅប្រទេសសិង្ហបុរីកន្លងមក ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យVODដឹងថា លោក ប៉ែន សុវណ្ណ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នៅមន្ទីរពេទ្យណានោះទេ ។ លោកបន្តថា «គាត់ត្រូវបានឡានពេទ្យទៅយកគាត់ដល់ព្រលានយន្តហោះ ដឹកគាត់យកមកព្យាបាលបន្ត អ្វីដែលយើងអាចដឹងបាន គ្រាន់តែថាគាត់អាចរួចផុតជីវិត» ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា ស្ថានភាពជំងឺរបស់លោក ប៉ែន សុវណ្ណ មិនទាន់អាចកំណត់បានថាយ៉ាងណានៅឡើយទេ ហើយចំពោះអ្វីដែលគេអះអាងថា លោកប៉ែន សុវណ្ណ អាចនឹងស្លាប់មួយជំហៀងខ្លួននោះ លោកថាលោកនឹងចាំតាមដានបន្តទៅទៀត ។ លោកបន្តថា «គ្រាន់តែថាជួយស្រោចស្រង់ជីវិតគាត់បានហើយ ក៏ប៉ុន្តែគាត់នៅតែមិនទាន់ងើបរួមមិនទាន់ដើរបាន គាត់ត្រូវការបន្តការព្យាបាលនៅក្នុងប្រទេស...ខ្ញុំមិនអាចលម្អិតរឿងផ្ទាល់ខ្លួនរបស់គាត់អស់ពេកទេ» ។
គួររំឮកថា លោក ប៉ែន សុវណ្ណ មានអាយុ៧៩ឆ្នាំ មានជំងឺស្ទះសរសៃឈាមខួរក្បាល ត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរី តាមជើងយន្តហោះពិសេសមួយ កាលពីពីយប់រំលងអាធ្រាត្រ ចូលព្រឹកថ្ងៃទី១៩ខែមករាកន្លងទៅ ។
កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ លោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រី ទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់ពីដួលរលំរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១ ។ បច្ចុប្បន្នលោកជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់គណបក្សសង្គ្រោះជាតិ៕
សូមសរសេរមកលោក ញឹម គឹមសាន្ត តាមរយៈ nhimkimsan2012@gmail.com
No comments:
Post a Comment