ពលករខ្មែរដែលកងយោធាថៃបញ្ជូនមកយ៉ាងគំហុកក្នុងខែមិថុនាឆ្នាំមុន។ ម៉ៃ រីរៈ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការងារថៃ បានឲ្យដឹងកាលពីម្សិលមិញនេះថា បច្ចុប្បន្នពលករខ្មែរមិនស្របច្បាប់ដែលកំពុងបម្រើការងារនៅប្រទេសថៃ មានជាង ៨៤ ម៉ឺននាក់ ខណៈពលករស្របច្បាប់មានជាង ៨ ម៉ឺន ៧ ពាន់នាក់ ដែលទៅធ្វើការនៅថៃ តាមរយៈអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ។
ក្នុងសន្និសីទសារព័ត៌មាន ក្រៅកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស កម្ពុជា-ថៃ ស្តីពីការធ្វើវិសោធនកម្មលើ អនុស្សរណៈយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការងាររបស់ពលករ នៅថ្ងៃទី ៤ កុម្ភៈ ម្សិលមិញនេះ អនុរដ្ឋលេខាធិការអចិន្រៃ្តយ៍នៃក្រសួងការងារថៃ លោក Winai Luewirojn បានបង្ហាញនិងអាននូវរបាយការណ៍អំពី តួលេខនៃពលករខ្មែរសរុបដែលកំពុងបម្រើការងារនៅក្នុងប្រទេស ថៃ មានដល់ជាង ៩៣ ម៉ឺននាក់ ក្នុងនោះ ពលករស្របច្បាប់ ក្រោមអនុស្សរណៈយោគយល់គ្នា គឺមានតែជាង ៨ ម៉ឺន ៧ ពាន់នាក់ (៨៧ ៣៨៩នាក់) ទេ។
របាយការណ៍ដដែលនោះ ក៏បានបង្ហាញថា ពលករមិនស្របច្បាប់មានជាង ៨៤ ម៉ឺននាក់ (៨៤៦ ១១៩នាក់) ក្នុងនោះ ជាង ១០ ម៉ឺននាក់ (១០៧១៧២ នាក់) ទទួលបាននូវការកំណត់សញ្ជាតិ និងជាង ៧៣ ម៉ឺន (៧៣៨ ៩៤៨នាក់) បានចុះបញ្ជីនៅការិយាល័យច្រកចេញចូលតែមួយ កាលពីក្នុងឆ្នាំ២០១៤ កន្លងមក។
សម្រាប់អនុរដ្ឋលេខាធិការក្រសួងការងារកម្ពុជាលោក ហ៊ូ វុទ្ធី បានឲ្យដឹងថា តួលេខពលករខ្មែរ ដែលបម្រើការងារនៅប្រទេស ថៃ គឺមានជាង ៦៥ ម៉ឺននាក់ គិតត្រឹមឆ្នាំ២០១៤។
លោកជម្រាបខ្លីថា៖ «យើងបានទទួលតួលេខនេះ តាំងពីដាច់ឆ្នាំ យើងបានបូកសរុប ហើយយើងបានប្រើលេខនេះតាំងពីដាច់ឆ្នាំមក គឺថាប្រហែលជា ៦៥ ម៉ឺននាក់ ដែលខាងថៃនិងយើងបានធ្វើជាមួយគ្នា យើងបានធ្វើស្របច្បាប់អស់ហើយ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើគិតត្រឹមពាក់កណ្តាលខែ មករា នោះ ពលករខ្មែរស្របច្បាប់ដែលកំពុងបំពេញការងារនៅប្រទេសថៃ មានជាង១៥ម៉ឺននាក់ ក្នុងនោះ ៩ ម៉ឺន មានលិខិតឆ្លងដែនត្រឹមត្រូវ ចំណែក ៦ ម៉ឺននាក់ទៀត មានលិខិតឆ្លងដែននិងទទួលបានទិដ្ឋាការពីស្ថានទូតថៃ គិតចាប់ពីខែ មិថុនា ឆ្នាំ ២០១៤ មកទល់ពេលនេះ។
លោកបន្តថា៖ «សម្រាប់ពលករមិនមានឯកសារច្បាស់លាស់ និងលិខិតឆ្លងដែនដែលចុះបញ្ជីនៅប្រទេសថៃ ដើម្បីទទួលលិខិតឆ្លងដែន គឺមានជាង ៦៦ ទៅជាង៦៧ម៉ឺននាក់»។
ជុំវិញតួលេខ និងកាលបរិច្ឆេទខុសគ្នានេះ បើតាមលោក កុយ គួង បានបញ្ជាក់ថា៖ «តួលេខ (ទាំងស្របនិងមិនស្របច្បាប់) នេះ គឺយើងបានពីស្ថានទូតកម្ពុជា ដែលធ្វើការជាមួយក្រសួងការងារថៃ... ខ្ញុំអត់ដឹងថា ពេលខ្លះគេយករបៀបម៉េចទេ ខ្ញុំប្រាប់ជារួមពលករខុសច្បាប់ ដែលចុះបញ្ជីគឺ ៦៧ ម៉ឺននាក់ ស្របច្បាប់ ១៥ ម៉ឺននាក់ យើងគិតត្រឹមពាក់កណ្តាលខែមករាហ្នឹង»។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរជាង ២៧ ម៉ឺននាក់ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ដោយចោទប្រកាន់ថា ចូលធ្វើការនៅក្នុងប្រទេសថៃ ខុសច្បាប់ ហើយក្រោយមក ប្រទេសថៃ បានទទួលយកពលករខ្មែរវិញ ដោយតម្រូវឲ្យមានការបំពេញឯកសារស្របច្បាប់នៅក្នុងប្រទេស ថៃ ដែលក្នុងចំណោមឯកសារទាំងនោះ ត្រូវមានលិខិតឆ្លងដែនស្របច្បាប់ មុននឹងបំពេញឯកសារធ្វើការងារផ្សេងៗទៀត។
ក្នុងជំនួបក្រុមការងាររវាងប្រទេសទាំងពីរដែលចាប់ផ្តើមពីថ្ងៃទី៣ កុម្ភៈ មកដល់ម្សិលមិញនេះ ភាគីទាំងពីរបានឲ្យដឹងថា ជំនួបនេះបានជជែកពិភាក្សាទៅលើមាត្រាមួយចំនួននៃអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ ២០០៣ ដើម្បីធ្វើវិសោធនកម្មនិងបង្កើនភាពងាយស្រួល ដល់ការងារពលករ កិច្ចការពារ លក្ខខណ្ឌការងារ និងសិទ្ធិស្របច្បាប់...៕
No comments:
Post a Comment