សមាជិកនៃគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងមហាសន្និបាត ក្នុងរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន។
ភ្នំពេញៈ យោងតាមការវិភាគរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានបង្កើនចំនួនសមាជិកក្នុងគណៈកម្មាធិការកណ្តាលរបស់ខ្លួនដល់ទៅ ៣ ដង ដែលមានប្រតិបតិ្តការបញ្ជាលើកងកម្លាំងសន្តិសុខរបស់រដ្ឋ។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា ក្នុងមហាសន្និបាតទូទាំងប្រទេស របស់គណបក្សប្រជាជន កាលពីចុងសប្តាហ៍មុន ដែលគួរកត់សម្គាល់ដោយសារតែការបង្កើនចំនួនសមាជិកក្នុងគណៈកម្មាធិការកណ្តាល ដែលមិនធ្លាប់មានពីមុនមកនោះ សមាជិកដែលមានសិទិ្ធអំណាចបញ្ជាលើកងកម្លាំងសន្តិសុខ បានកើនឡើងពី ៣៦ ទៅយ៉ាងហោចណាស់ ១១៦ នាក់។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានបន្ថែមថា៖ «មហាសន្និបាតគណបក្សបានតែងតាំងរាល់មន្រ្តីថ្នាក់ខេត្ត ថ្នាក់តំបន់ និងថ្នាក់ជាតិសំខាន់ៗ ដែលបញ្ជាលើកងកម្លាំងសន្តិសុខឲ្យមកធ្វើជាសមាជិកក្នុងគណៈកម្មាធិការកណ្តាលរបស់ខ្លួន»។
អង្គការនេះ បានឲ្យដឹងទៀតថា សមាជិកថ្មីរួមបញ្ចូលកងទ័ព កងរាជអាវុធហត្ថ និងមន្រ្តីនគរបាល ព្រមទាំងអភិបាលខេត្តនិងក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស ដែលតែងតែធ្វើការរិះគន់ញឹកញាប់លើគណបក្សកាន់អំណាចដែលរដ្ឋាភិបាលបានចោទប្រកាន់ថា បានមានទស្សនៈលម្អៀងចំពោះកម្ពុជានោះ បានបន្តថា សមាជិកជាច្រើនដែលបញ្ជាកងសន្តិសុខ ធ្លាប់មានប្រវតិ្តរំលោភសិទិ្ធមនុស្ស។
លោក Brad Adams នាយកប្រចាំអាស៊ីរបស់អង្គការនេះ បានថ្លែងថា៖ «ការកាន់តំណែងខ្ពស់ក្នុងគណបក្សកាន់អំណាចរបស់កម្ពុជា បានបញ្ជាក់ថា គឺជាវិធីងាយស្រួលសម្រាប់អ្នករំលោភសិទិ្ធមនុស្សគេចផុតពីប្រព័ន្ធយុតិ្តធម៌»។
លោកបន្តថា៖ «មន្រ្តីនគរបាលថ្នាក់ទាប ព្រះរាជអាជ្ញា និងចៅក្រមខ្លាចកម្លាំងសន្តិសុខ ប៉ុន្តែ ឥឡូវនេះ គេក៏ត្រូវព្រួយបារម្ភ ចំពោះការសងសឹក ពីសំណាក់គណបក្សប្រជាជនផងដែរ ប្រសិនបើពួកគេបំពេញការងាររបស់ខ្លួន»។
លោកបានបន្តទៀតថា មិនអាចទេ ដែលកម្ពុជានឹងមាន «កងកម្លាំងសន្តិសុខដែលមិនលម្អៀង គោរពសិទិ្ធមនុស្ស ដរាបណាមេបញ្ជាការរបស់ពួកគេ ស្មោះស្ម័គ្រនឹងគណបក្សកាន់អំណាច»។
ប៉ុន្តែ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាសមាជិកថ្មីម្នាក់ដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការកណ្តាលបានថ្លែងថា សមាជិកកងសន្តិសុខ មានសិទិ្ធទទួលតំណែងក្នុងគណបក្សនយោបាយ។
លោកបានបន្តថា៖ «យើងមុខងារសាធារណៈដឹងច្បាស់ពីមុខងារ ការងារនិងបញ្ហាច្បាប់របស់យើង។ ខ្ញុំមិនគិតថា [ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន] មានឥទិ្ធពលលើសេចក្តីសម្រេចដែលយើងធ្វើនោះទេ»។ «យើងគ្រាន់តែអនុវត្តច្បាប់ ហើយអ្នកណាធ្វើខុសនឹងប្រឈមចំពោះមុខច្បាប់»។
លោក ម៉ក់ ជីតូ បានបន្ថែមថា គណបក្សប្រជាជន មិនគាំទ្រមន្រ្តីរាជការ ឬសមាជិកកងកម្លាំងប្រដាប់អាវុធ បំពេញភារកិច្ចរបស់គណបក្ស ក្នុងអំឡុងម៉ោងធ្វើការទេ។
លោកបានបន្ថែមថា៖ «ប៉ុន្តែ ប្រសិនបើពួកគេធ្វើការក្រៅម៉ោងធ្វើការ វាជាសិទិ្ធរបស់ពួកគេ»។
ទោះជាយ៉ាងណា លោក ម៉ក់ ជីតូ បានបញ្ជាក់ថា របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស គ្មានតម្លៃទេ ព្រោះពួកគេគ្រាន់តែ «ប្រមូលរបាយការណ៍អាក្រក់ពីតាមផ្លូវ និងពីព្រៃមកនិយាយ»។ «ខ្ញុំមិនជឿជាក់លើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទេ ព្រោះរបាយការណ៍របស់ពួកគេមកពីក្រុមមនុស្ស ដែលមិនចង់ឲ្យប្រជាជនខ្មែរមានសុភមង្គល»។
នៅក្នុងមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា កាលពីចុងសប្តាហ៍មុន ដែលកោះប្រជុំត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៧ និង ២០១៨ នោះ អ្នកនយោបាយវ័យក្មេងជាច្រើននាក់ ក៏ត្រូវបានបោះឆ្នោតឲ្យធ្វើជាសមាជិកគណៈកម្មាធិការកណ្តាលផងដែរ ធ្វើឲ្យគណៈកម្មាធិការនេះ កើនសមាជិករហូតដល់ចំនួនសរុប ៥៤៥ នាក់៕ TK
No comments:
Post a Comment