ដោយ៖ ណាត សុភាព | ថ្ងៃសៅរ៍ ទី7 កុម្ភៈ 2015,
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ហៅគម្រោងរបស់សាលារាជធានីភ្នំពេញដែលគ្រោងចុះត្រួតពិនិត្យវត្តសាមគ្គីរង្សីនៅថ្ងៃ១០ ខែកុម្ភៈ ខាងមុខនេះ ជាការរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ និងស្ថាប័នព្រះសង្ឃធ្ងន់ធ្ងរ ។
គម្រោងចុះត្រួតពិនិត្យវត្តសាមគ្គីរង្សី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនេះធ្វើឡើងបន្ទាប់ពីមានព្រះសង្ឃមួយអង្គសុគតក្នុងជម្លោះរវាងព្រះសង្ឃនឹងព្រះសង្ឃកាលពីវេលាម៉ោង៨និង ២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ។
តាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលVOD ទទួលបាននៅថ្ងៃសៅរ៍នេះឲ្យដឹងថា សាលារាជធានីភ្នំពេញគ្រោងចុះត្រួតពិនិត្យវត្តសាមគ្គីរង្សីនៅថ្ងៃទី១០កុម្ភះ ខាងមុខនេះ ជាទង្វើអាក្រក់មួយដែលមិនផ្តល់តម្លៃឲ្យព្រះពុទ្ធសាសនានិងជាចេតនានយោបាយរបស់លោក ហ៊ុន សែន ដែលធ្វើឡើងដើម្បីបង្ហាញពីការស្តាប់តាមបញ្ជារបស់ប្រទេសវៀតណាមព្រោះវត្តនេះគឺជាវត្តសម្រាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោមនិងខ្មែរកម្ពុជាក្រោមភៀសព្រះកាយ ឬភៀសខ្លួនពីការធ្វើបុកទុក្ខម្នេញរបស់រដ្ឋាភិបាលវៀតណាមមកស្នាក់នៅវត្តមួយនេះ ។
សេចក្តីថ្លែងការណ៍ក៏អំពាវនាវទៅសាលារាជធានីភ្នំពេញក៏ដូចជារដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាឡើងវិញចំពោះទង្វើរបស់ខ្លួនដែលកំពុងបម្រើបរទេសដោយមិនបានបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរនិងកំពុងជាន់ឈ្លីព្រះពុទ្ធសាសនា ។
សូមជម្រាបថា វត្ដសាមគ្គីរង្សីជាកន្លែងសម្រាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់និងពលរដ្ឋខ្មែរ សិស្ស និស្សិតខ្មែរកម្ពុជាក្រោមស្នាក់នៅបន្តការសិក្សានឹងមានអ្នកខ្លះទៀតរត់គេចពីការតាមខ្លួនពីអាជ្ញាធរវៀតណាមដោយសារពួកគេធ្លាប់រិះគន់រឿងទឹកដីខ្មែរកម្ពុជាក្រោមជាដើម ។ ម្យ៉ាងទៀត វត្តនេះធ្លាប់ផ្តល់កន្លែងសម្រាប់ឲ្យអ្នកមានជម្លោះដីធ្លីមកពីខេត្តនានាស្នាក់នៅដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ជួយរកដំណោះស្រាយជូនពួកគេ ។
ដោយឡែក នៅដើមឆ្នាំ២០១៥នេះសាលារាជធានីភ្នំពេញ សហការណ៍ជាមួយមន្ត្រីក្រសួងធម្មការ និងសាសនា អាជ្ញាធរខណ្ឌ កងប្រដាប់អាវុធ ចុះទៅត្រួតពិនិត្យនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដែរដោយលើកហេតុផលថា ចុះស្រង់ស្ថិតិព្រះសង្ឃនិងរៀបចំសណ្តាប់ធ្នាប់នៅក្នុងវត្ត ។ តែសង្គមស៊ីវិលថា ការចុះត្រួតពិនិត្យនោះធ្វើឡើងក្រោមហេតុផលនយោបាយដើម្បីដាក់សម្ពាធលើព្រះសង្ឃខ្លះដែលផ្តល់ជំរកឲ្យអ្នកមានជម្លោះដីធ្លីមកពីខេត្តស្នាក់នៅដើម្បីតវ៉ាទាមទារលំនៅឋាននិងដីធ្លីពួកគេ ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
2 comments:
Since when have the ruling party ever been held accountable for breaking the laws of the country. The impunity is as thick as blood.
Dear Khmers,
Let's stop wasting our time and
efforts dealing with Hun Sen.
To solve Khmer problems, prosecute
Hanoi's key leaders.
Post a Comment