គម្រោងសាងសង់អគារ Gold Tower 42 ដែលមានទុនវិនិយោគប្រហែល ២៤០ លានដុល្លារស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស ជាមួយមហាវិថីព្រះសីហនុ គ្រោងនឹងចាប់ផ្តើមដំណើរការសាងសង់ឡើងវិញហើយនៅអំឡុង ខែមីនា ខាងមុខនេះ បន្ទាប់ពីត្រូវបានទុកចោលជាង ២ ឆ្នាំកន្លងមក។
លោក ឡៅ ទិព្វសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ និងជាអ្នកនាំពាក្យនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពីរសៀលថ្ងៃពុធកន្លងមកថា ការសាងសង់អគារ Gold Tower 42 បន្តនឹងត្រូវចាប់ផ្តើមនៅក្នុងអំឡុង ខែមីនា ឆ្នាំ២០១៥ នេះ។
លោកបានបន្តទៀតថា កាលពី ខែមករា កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញតំណាងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អគារ Gold Tower 42 មកពិភាក្សាគ្នាម្តងរួចមកហើយអំពីការងារបន្តសាងសង់គម្រោងខាងលើ។ ភាគីតំណាងក្រុមហ៊ុនបានសន្យាថា ការសាងសង់អគារ Gold Tower 42 បន្តនឹងត្រូវចាប់ផ្តើមនៅក្នុងអំឡុង ខែមីនា ខាងមុខនេះ។
លោក ឡៅ ទិព្វសីហា មានប្រសាសន៍ថា៖ «ក្រសួងនឹងមិនបណ្តែតបណ្តោយឲ្យក្រុមហ៊ុនសាងសង់អគារ Gold Tower 42 ទុកចោលការសាងសង់សំណង់ដ៏ធំបែបនេះនៅកណ្តាលរាជធានីភ្នំពេញទៀតទេ។ ក្រសួងនឹងបន្តពិនិត្យតាមដានការសាងសង់អគារខាងលើជាបន្តទៀត។ ប្រសិនបើក្រុមហ៊ុនមិនធ្វើអ្វីតាមការសន្យា ក្រសួងនឹងកោះហៅតំណាងក្រុមហ៊ុនមកពិភាក្សាជាថ្មីម្តងទៀត»។
ទាក់ទងទៅនឹងការទុកអគារចោលនារយៈពេលជាង ២ ឆ្នាំកន្លងមក អ្នកនាំពាក្យខាងលើបានឲ្យដឹងថា៖ «បើទោះបីជាបច្ចុប្បន្ននេះយើងមើលទៅអគារ Gold Tower 42 ហាក់ត្រូវបានគេបោះបង់ចោលក៏ដោយ តែតាមការពិតក៏មានក្រុមហ៊ុនមួយកំពុងទទួលភារកិច្ចក្នុងការបោសសម្អាត និងថែរក្សាអគារនេះជាប្រចាំផងដែរ»។
Gold Tower 42 ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសកូរ៉េ YUNWOO ដោយទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុន DAIHAN Real Estate ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅប្រទេសកូរ៉េ។ មហាវិបត្តិហិរញ្ញវត្ថុសកល កាលពីពាក់កណ្តាល ឆ្នាំ២០០៨ បានធ្វើឲ្យ DAIHAN Real Estate ជួបបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង។
នៅពេលសួរអំពីក្រុមហ៊ុនដែលគ្រោងនឹងសាងសង់អគារ Gold Tower 42 ជាក្រុមហ៊ុនដែលវិនិយោគអគារនេះពីដំបូង ឬក្រុមហ៊ុនថ្មីនោះលោក សីហា បានប្រាប់ថា លោកមិនច្បាស់អំពីបញ្ហានេះទេ។
Gold Tower 42 ដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅកម្ពុជា បន្ទាប់ពីបញ្ចប់ការសាងសង់នោះបានចាប់ផ្ដើមដំណើរការសាងសង់ដំបូងនាអំឡុង ខែមីនា ឆ្នាំ២០០៨។ បញ្ហាវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍បានធ្វើឲ្យការសាងសង់អគារនេះត្រូវបានផ្អាកការសាងសង់ជាច្រើនលើក ដោយលើក ទី១ នៅក្នុងអំឡុង ឆ្នាំ២០០៩ តែបានចាប់ផ្តើមសាងសង់ឡើងវិញនៅក្នុង ឆ្នាំ២០១០។ បន្ទាប់ពីបានចាប់ដំណើរការសងសង់បានមួយរយៈ សំណង់ខាងលើក៏បានផ្អាកជាថ្មីម្តងទៀតនៅក្នុង ឆ្នាំ២០១២ និងលើកចុងក្រោយក្នុង ឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន។ មុនផ្អាកសាងសង់លើកចុងក្រោយអគារ Gold Tower 42 បានសាងសង់ឡើងដល់ជាន់ ទី៣២ ហើយ នៅក្នុងចំណោមកម្ពស់សរុប ៤២ ជាន់។
លោកស្រី រ័ត្ន ប៊ុនរ៉ានី អគ្គនាយកក្រុមហ៊ុន Century 21 Kingdom Property បាននិយាយថា Gold Tower 42 គឺជាអគារខ្ពស់ជាងគេនៅកម្ពុជា ប្រសិនបើក្រុមហ៊ុនចាប់ផ្តើមបន្តការសាងសង់នោះ គឺជាការល្អណាស់សម្រាប់ទីផ្សារខុនដូនៅកម្ពុជា ព្រោះវានឹងជួយបង្កើននូវទំនុកចិត្តសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងការចូលមកបោះទុនវិនិយោគនៅកម្ពុជា។
លោកស្រីបានបន្តថា ការចាប់ផ្តើមសាងសង់បន្តនៅពេលនេះ គឺអាចនិយាយថា ចំពេលល្អ ព្រោះការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទៅក្នុងតំបន់សេដ្ឋកិច្ចអាស៊ានក៏ជិតមកដល់ផងដែរ។
លោកស្រីបានថ្លែងថា៖ «នៅពេលការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលមកដល់ ប្រទេសទាំងអស់នឹងលុបចោលនូវរបាំងពន្ធគយ ដូច្នេះនឹងមានអ្នកវិនិយោគបរទេសជាច្រើនចូលមកវិនិយោគនៅកម្ពុជា។ ការមានអគារខ្ពស់ៗ វាបង្ហាញពីការរីកចម្រើន និងផ្តល់ភាពកក់ក្តៅសម្រាប់អ្នកវិនិយោគ»។
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអេស្ទេត បានប្រាប់ថា ការចាប់ផ្តើមសាងសង់បន្តរបស់អគារ Gold Tower 42 គឺជារឿងដ៏សំខាន់ ពីព្រោះអគារនេះជានិមិត្តរូបនៃភាពរីកចម្រើនវិស័យសំណង់នៅកម្ពុជា។ ការផ្អាកសកម្មភាពសាងសង់របស់គម្រោងដ៏ធំនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគនៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប លោក ស៊ឹង ប៊ុណ្ណា បានប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ នាពេលកន្លងមកថា លោកធ្លាប់បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគារ Gold Tower 42 ដោយគេបាននិយាយថា អគារនេះនឹងត្រូវចាប់ផ្តើមសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ។ តែទោះបីយ៉ាងណាគេមិនបានបញ្ជាក់ឲ្យដឹងពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់ឡើងវិញនោះទេ។
លោកបានបន្តថា ការទុកចោលអគារដ៏ធំបែបនេះចោលនៅកណ្តាលក្រុងមិនល្អនោះទេ ដោយវាបង្ហាញពីរូបភាពអវិជ្ជមានសម្រាប់វិស័យសំណង់ និងសម្រស់រាជធានីភ្នំពេញផងដែរ។
វាជាការល្អណាស់ប្រសិនបើម្ចាស់គម្រោងចាប់ផ្តើមសាងសង់ឡើងវិញ ស្របពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះជាថ្មីឡើងវិញ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា បើម្ចាស់គម្រោង Gold Tower 42 ចាប់ផ្តើមសាងសង់ឡើងវិញនាពេលឆាប់ៗនេះពួកគេនឹងទទួលជោគជ័យ ព្រោះវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះល្អប្រសើរ»៕
1 comment:
The most beautiful city in world in the next 30 years would be a city that are not covered by junk of tall concrete jungle.
Building and planning of city and rural development has a direct impact to human both mind and body.
Most tourists want to see cities that have their olden day or classic look,which reflect a unique identity and history.
True Khmer
Post a Comment