សមាជិករដ្ឋសភាកម្ពុជា បានដាក់លិខិតទៅនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) សុំឲ្យបញ្ឈប់កងទ័ពថៃ បាញ់សម្លាញ់ប្រជាពលរដ្ឋខ្មែរបន្តទៀត។ ការដាក់លិខិតទៅនាយករដ្ឋមន្ត្រីថៃ តាមរយៈស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរចំនួន ៣នាក់ និងរបួសម្នាក់ កាលពីថ្ងៃទី៥ កុម្ភៈ នៅតំបន់ត្រពាំងទឹម ជិតច្រកព្រំដែនអានសេះ នៅពេលពលរដ្ឋខ្មែរទាំងនោះនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជិត ២០នាក់ បានចុះហត្ថលេខាលើលិខិតរួមគ្នាផ្ញើទៅនាយករដ្ឋមន្ត្រីថៃ សម្ដែងពីការព្រួយបារម្ភ និងសុំឲ្យរដ្ឋាភិបាលថៃ បញ្ឈប់ទាហានថៃ កុំឲ្យបាញ់សម្លាប់ពលរដ្ឋខ្មែរជាបន្ទាន់។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅនាយករដ្ឋមន្ត្រីតាមរយៈស្ថានទូតថៃ នៅកម្ពុជា នៅថ្ងៃទី១១ កុម្ភៈ ដើម្បីសុំឲ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ទប់ស្កាត់ទាហានថៃ កុំឲ្យបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរទៀត ទោះបីចូលទៅថៃ ស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ៖ «តាមពិតគឺអាចប្ដឹងទៅអាស៊ាន ឬប្ដឹងទៅអង្គការសហប្រជាជាតិ ព្រោះរឿងនេះអាចជារូបភាពប្រឆាំងពូជសាសន៍ និងអាចជារូបភាពបទឧក្រិដ្ឋអន្តរជាតិ»។
ខ្លឹមសារក្នុងលិខិតរបស់ក្រុមតំណាងរាស្ត្រនេះ ជំរុញឲ្យរដ្ឋាភិបាលថៃ ធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងប្រកាសលទ្ធផលជាសាធារណៈមុននឹងសំណុំរឿងនេះប្រកាសបិទ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចាត់ទុកការបាញ់សម្លាប់នេះ ជាការបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់ និងជាការខកខានរបស់រដ្ឋដើម្បីចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលទទួលខុសត្រូវចំពោះអ្នកដែលសម្លាប់មនុស្ស ហើយក៏ដូចជាការលើកទឹកចិត្ដរបស់រដ្ឋនៃការសម្លាប់ក្រៅប្រព័ន្ធច្បាប់នេះ។
ការដាក់លិខិតទៅរដ្ឋាភិបាលថៃនេះ នៅក្រោយពេលទាហានថៃ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ៣នាក់ និងម្នាក់ទៀតរងរបួសនៅតំបន់ត្រពាំងទឹម ជិតច្រកព្រំដែនអានសេះ ក្នុងពេលដែលពលរដ្ឋខ្មែរទាំងនោះនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ។
ការបាញ់សម្លាប់នេះ ជាការំលោភកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលថៃ និងកម្ពុជា ដែលនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិការទ្វេភាគីកម្ពុជា-ថៃ លើកទី៩ នៅខែត្រសៀមរាប កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៥ ដែលភាគីថៃ បានយល់ព្រមជាថ្មីទៀតក្នុងការឈប់ប្រើអាវុធបាញ់សម្លាប់ពលរដ្ឋខ្មែរនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១២ កុម្ភៈ នេះ។
មន្ត្រីនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង មានប្រសាសន៍ថា ក្រសួងការបរទេសនឹងផ្ញើកំណត់ទូតទៅរដ្ឋាភិបាលខ្មែរជាថ្មីម្ដងទៀត ចំពោះការបាញ់សម្លាប់ពលរដ្ឋខ្មែរនេះ។ លោកបន្ថែមថា ចំពោះការដាក់លិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅរដ្ឋាភិបាលថៃនេះ ជាសិទ្ធិរបស់ក្រុមតំណាងរាស្ត្រ។ លោក កុយ គួង បញ្ជាក់ថា ភាគីថៃ រំលោភលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយកម្ពុជា ម្ដងហើយម្ដងទៀត៖ «កន្លងមកគឺមានជំនួបថ្នាក់ដឹកនាំកំពូលរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាលកម្ពុជា មានការស្នើឲ្យបញ្ឈប់ការបាញ់ពលរដ្ឋខ្មែរទៀតផង»។
របាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៤ ទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរចំនួន ៥នាក់ និង ៥នាក់ទៀតរងរបួស។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) កន្លងមកបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំដើមឆ្នាំ២០១៤ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន ១២៣នាក់ ដែលក្រុមយោធាថៃ បានបាញ់ប្រហារ។
មន្ត្រីអង្គការសិទ្ធិមនុស្សកន្លងមកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹងករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរឆ្លងព្រំដែនខ្មែរ-ថៃនេះ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដើម្បីបញ្ឈប់ការបាញ់សម្លាប់នេះទៅថ្ងៃអនាគត តែមកទល់ពេលនេះរដ្ឋាភិបាលបានត្រឹមធ្វើកំណត់ទូតម្ដងហើយម្ដងទៀតជាច្រើនលើកច្រើនសា តែលទ្ធផលនៅដដែល៕
2 comments:
Appreciate your greatest work. Mike
From this minutes not one more khmer die non no more that's it...thai or thief's must learn to respect human rights....Mike
Post a Comment