ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃសុក្រ ទី13 កុម្ភៈ 2015,
ថវិកាជាង២០០០ដុល្លារត្រូវបានប្រគល់ជូនក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលថវិកានេះបានមកពីភរិយាលោក ស៊ុក សុភា ផ្ទាល់ និងប្រាក់បានពីការរៃអង្គាសពីសប្បុរសជននៅក្នុង និងក្រៅប្រទេសនានា ។
បន្ទាប់ពីមានការស្នើសុំពីអ្នកនាងសារីនណា ភរិយាតារាសម្ដែងស៊ុក សុភា ភ្នាក់ងារសារព័ត៌មានVOD ផ្នែកកម្សាន្ត កាលពីថ្ងៃទី១២ ខែមករា បាននាំយកថវិកាជាង២០០០ដុល្លារសហរដ្ឋអាមេរិក ទៅជូនដល់ក្រុមគ្រួសាររបស់លោកស៊ីន ស៊ីសាមុត ដោយមានការចូលរួមពីសប្បុរសជនមួយរូប និងតារាចម្រៀងកញ្ញា គង់ ច័ន្ទរដ្ឋា ដើម្បីធ្វើសាក្សី និងប្រគល់ប្រាក់ ។
ថវិកាដែលត្រូវបានប្រគល់ជូននោះមានចំនួនសរុប ២១៧០ដុល្លារអូស្ត្រាលី ដែលមានតម្លៃប្រហាក់ប្រហែលជិត១៧០០ដុល្លារអាមេរិក និងប្រាក់ដុល្លារចំនួន៣៤៥ដុល្លារ ដែលបានពីការរៃអង្គាសរបស់ភរិយាលោកស៊ុក សុភា និងថវិការបស់អ្នកនាងផ្ទាល់ ។
ដើមចមដែលនាំឲ្យមានកញ្ចប់ថវិកានេះ គឺដោយសារតែអ្នកនាងសារីនណា ដែលរស់នៅប្រទេសអូស្ត្រាលីបានស្នើឲ្យភ្នាក់ងារVOD ជួយទទួលថវិកាចំនួន៥០០ដុល្លារអូស្ត្រាលី យកទៅប្រគល់ជូនដល់ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត បន្ទាប់ពីលោកស៊ីន ច័ន្ទឆាយ៉ា បានចែកឋានទៅ ។ បន្ថែមពីលើថវិកាផ្ទាល់ខ្លួន អ្នកនាងក៏បានអំពាវនាវនៅលើFacebook និងបានកៀរគរមិត្តភក្តិក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា និងនៅកម្ពុជាជាដើម រហូតទទួលបានជំនួយជាង២០០០ដុល្លារសហរដ្ឋអាមេរិក និងឲ្យភ្នាក់ងារVOD យកទៅប្រគល់ជូនដល់កូនចៅលោក ស៊ីន ស៊ីសាមុត។
អត្ថបទទាក់ទង និងអត្ថបទកម្សាន្តផ្សេងទៀត
- កូនប្រុសលោក ស៊ីន ស៊ីសាមុត គឺលោក ស៊ីន ច័ន្ទឆាយា ទទួលមរណភាព
- គ្រួសារលោកស៊ិន ស៊ីសាមុត ទទួលបានកម្មសិទ្ធិបញ្ញាលើចម្រៀង៧៣បទ
- តារាបាត់មុខយូរ ទៀង ពេជ្រម៉ូនីតា ប្រកាសត្រឡប់ចូលសិល្បៈវិញ
- វ៉េត រតនា មកស្រុកដើម្បីសម្រេចផែនការ៤
- លោក ខៀវ កាញារីទ្ធ ឲ្យ នូ ស៊ិប និងផ្លុង មឿក ផ្អែកខ្នង
អ្នកនាងសារីណាឲ្យដឹងថា ទឹកប្រាក់៥០០ដុល្លារអូស្ត្រាលីដែលអ្នកនាងធ្វើជាអំណោយនោះ ជាកាដូរបស់ស្វាមីដែលបានជូនអ្នកនាងសម្រាប់ទិវានៃក្ដីស្រឡាញ់ (Valentine’s day) ប៉ុន្តែដោយសារអ្នកនាងមើលឃើញទុក្ខលំបាករបស់គ្រួសារលោក ស៊ីន ស៊ីសាមុត ទើបសម្រេចបង្វែរចូលបុណ្យ ដោយបានប្រមែប្រមូលថវិកាពីប្រភពដែលអ្នកនាងបានស្គាល់ ដើម្បីឲ្យបានប្រាក់ជំនួយច្រើននោះផង។
អ្នកនាងនិយាយថា «ខ្ញុំគិតថាកាដូValentine’s day (ទិវាក្ដីស្រឡាញ់)របស់ប្ដីខ្ញុំឆ្នាំនេះ ពិតជាមានន័យណាស់ ព្រោះដោយសារតែខ្ញុំបានបង្វែរចូលបុណ្យ ទើបជំរុញឲ្យខ្ញុំកៀរគរបានជំនួយបានដល់ជាង២០០០ដុល្លារអាមេរិក ដើម្បីជួយពួកគាត់ ។ ខ្ញុំក៏អរគុណដល់(អ្នកយកព័ត៌មាន)VOD ផងដែរ ដែលបានសហការចាំទទួលប្រាក់ដែលបានផ្ញើពីកន្លែងផ្សេងគ្នា និងបានយកទៅប្រគល់ឲ្យគ្រួសារលោកស៊ីន ស៊ីសាមុត ដោយបានទាំងបង្ហោះរូបវីដេអូឃ្លីបឲ្យខ្ញុំបានឃើញ» ។
ជំនួយដែលបានទទួលមួយភាគធំបានពីសប្បុរសជននៅអូស្ត្រាលី និងមួយភាគទៀតបានសប្បុរសជននៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសកម្ពុជា។ អ្នកនាងសារីនណា ជាអ្នកចាត់ចែងអំពាវនាវទាំងអស់ ដោយភ្នាក់ងារVOD ជាអ្នករ៉ាប់រងទទួល និងដើរប្រមូលថវិកាទាំងនោះ រួចចាត់ចែងយកទៅប្រគល់ជូនដល់ក្រុមគ្រួសារលោកស៊ីន សាមុត ដល់ផ្ទះជួលនៅម្ដុំទឹកល្អក់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
អ្នកនាងសារីនណា ក៏បានសម្ដែងការអរគុណដល់មិត្តភក្តិបងប្អូន ដែលបានរួមចំណែកផ្ដល់ថវិកា ជួយដល់ក្រុមគ្រួសាររបស់លោកស៊ីន ស៊ីសាមុត តាមការអំពាវនាវរបស់ខ្លួនផងដែរ ។
ក្នុងចំណោមទឹកប្រាក់ដែលភ្នាក់ងារVOD ទទួលបាន អ្នកនាងបានស្នើឲ្យប្រគល់ជូនអ្នកស្រី សម សាន្ត ភរិយាសពលោក ស៊ីន ច័ន្ទឆាយ៉ា និងកូនប្រុសគឺលោក ស៊ីន សេដ្ឋាកុល ចំនួន២១៧០ដុល្លារអូស្រាលីស្មើនឹងជិត១៧០០ដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយជីវភាព បន្ទាប់ពីលោក ស៊ីន ច័ន្ទឆាយ៉ា កូនប្រុសតែមួយរបស់លោក ស៊ីន ស៊ីសាមុត ទទួលមរណភាព និងថវិកា៣៤៥ដុល្លារអាមេរិកទៀត ប្រគល់ជូនលោកយាយ ខាវ ថងញឹក ភរិយារបស់លោក ស៊ីន ស៊ីសាមុត ដែលរស់នៅខេត្តស្ទឹងត្រែង ។លោក ស៊ីន សេដ្ឋាកុល បានសម្ដែងការអរគុណ និងចាត់ទុកថានេះជាការជួយសង្គ្រោះមួយដ៏ធំ ក្នុងកាលៈទេសៈដែលលោក និងគ្រួសារជួបទុក្ខធ្ងន់ ព្រោះតែស្ថាបនិកគ្រួសារដ៏សំខាន់ម្នាក់បានចែកឋានទៅ ។ លោកនិយាយថាជំនួយដែលបានផ្ដល់ជូននេះមានចំនួនច្រើនជាងជំនួយដែលលោកធ្លាប់ទទួលចាប់តាំងពីឪពុកគឺ លោក ស៊ីន ច័ន្ទឆាយ៉ា ទទួលអនិច្ចកម្មកាលពីថ្ងៃទី២០ ខែមករា ដោយសារជំងឺខ្យល់គរ ឬគាំងបេះដូង ។
លោក ស៊ីន សេដ្ឋាកុល សន្យាចាត់ចែងថវិកាជំនួយ ពង្រឹងសមាគមស៊ីន ស៊ីសាមុត បន្តពីឪពុក បន្ទាប់ពីសមាគមនេះ ក៏មានរឿងភ័យបារម្ភពី ព្រោះតែគ្មានប្រាក់សម្រាប់ទប់ថ្លៃឈ្នួលផ្ទះ និងត្រូវរ៉ាប់រងជាច្រើនទៀត ដើម្បីបន្តដំណើរទៅមុខ ។ លោកថា លោកទទួលបានចំណូលពីរបរបើកវង្សតន្ត្រី និងចេញច្រៀងផងដែរ បើទោះជាមុខរបរនេះ ក៏ទទួលបានប្រាក់ដោយត្រដាបត្រួស ព្រោះតែខ្វះដើមទុនពង្រីកឲ្យល្អ ។ លោកនិយាយថា «ផ្ទះខ្ញុំដែលបើកសមាគមស៊ីន ស៊ីសាមុត ហ្នឹង មួយខែតម្លៃ៣៥០ដុល្លារ ហើយខ្ញុំគិតថាវានឹងពិបាក បើរំពឹងតែសិស្សមកហាត់ច្រៀង និងហាត់ភ្លេងដូចរាល់ថ្ងៃ តែខ្ញុំនឹងប្រឹងប្រែងមិនឲ្យសមាគមនេះបិទទ្វារនោះទេ ព្រោះតែកេរ្តិ៍របស់ឪពុកខំបង្កើតកាលពីឆ្នាំ២០០៦» ៕
សូមសរសរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
No comments:
Post a Comment