ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញនេះ បានប្រតិកម្មទៅនឹងអង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកដែលរិះគន់រូបលោកថា បានប្រើប្រាស់អំណាចនីតិប្រតិបត្តិ បំពានទៅលើអំណាចតុលាការ ពាក់ព័ន្ធនឹងការស្នើរបស់លោក ទៅកាន់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ករណីសំណុំរឿងឪពុកម្តាយលោក ថោង សារ៉ាត់ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាង កំពុងស៊ើបអង្កេត និងសាកសួររាល់អ្នកពាក់ព័ន្ធនឹងសំណុំរឿងលោក ថោង សារ៉ាត់។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី បានថ្លែងពីកិច្ចអន្តរាគមន៍ក្រោយការអំពាវនាវរបស់លោក ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន គឺមិនមែនជាការបង្ហាញអំណាចនីតិប្រតិបត្តិ ជ្រៀតជ្រែកលើអំណាចតុលាការ ដូចការចោទប្រកាន់របស់ក្រុមអ្នករិះគន់នោះទេ។
លោកថា៖ «មានអ្នកខ្លះក៏ថា ខ្ញុំល្អទៅ អ្នកខ្លះថា បំពានអំណាចហើយ ខ្ញុំមិនបានបំពានអំណាចទេ ប៉ុន្តែសុំឲ្យពិនិត្យមើលពីទំនាក់ទំនងអង្គទាំង ៣ អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ វាមិនអាចនៅដាច់ពីគ្នាទេ»។
លោក ក៏បានលើកការប្រៀបធៀប ករណីសំណុំរឿងឪពុកម្តាយលោក ថោង សារ៉ាត់៖ «ឥឡូវឃើញរឿងនៅពីក្រោយច្រើនទេ អាហ្នឹងហើយដែលខ្ញុំចង់និយាយថា បិទក្រោលសេះ មុនពេលសេះចេញផុត ឬក៏ទៅយកសេះ ដែលមិនទាន់ទៅឆ្ងាយចូលក្នុងក្រោលវិញ។ ខ្ញុំមិនចង់អត្ថាធិប្បាយច្រើនទេ ដើម្បីកុំឲ្យវាក្លាយជាបញ្ហាដាក់បន្ទុក»។
លោកនាយករដ្ឋមន្រ្តី ក៏បានរិះគន់ទៅកាន់ក្រុមអង្គការសង្គមស៊ីវិល ចៀសវាងការដើរតួនាទីធំជាងសភា ធំជាងរាជរដ្ឋាភិបាល និងតុលាការទៀត៖ «កុំអាងខ្លួនជាអង្គការក្រៅរដ្ឋាភិបាល មកអង្គុយលើក្បាលនីតិប្រតិបត្តិឲ្យសោះ»។
កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានចុះផ្សាយនូវវិចារណកថា ដកស្រង់សម្តីរបស់អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ លោក សួន ប៊ុនធឿន ពាក់ព័ន្ធនឹងការព្រួយបារម្ភ ទៅលើឥទ្ធិពលហួសហេតុនៃស្ថាប័ននីតិប្រតិបត្តិទៅលើការបំពេញមុខងាររបស់តុលាការ៖ «ទោះបីជាមានសញ្ញាបង្ហាញថា ការដោះលែងលោក ថោង ចំរើន និងអ្នកស្រី កែវ សារី អាចបណ្តាលមកពីការអនុវត្តខុសនីតិវិធីនៅក្នុងតុលាការកម្ពុជាក្តី ក៏ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវតែជាស្ថាប័នឯករាជ្យ»។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗប្រឆាំងនឹងការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ នៅក្រៅឃុំ ដោយលើកការសង្ស័យថា ការដោះលែងនោះ អាចនឹងពាក់ព័ន្ធនឹងអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ហើយលោកក៏បានស្នើភ្លាមៗទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកការស៊ើបអង្កេតទៅលើសំណុំរឿង។
ភ្លាមៗនោះ ក្រសួង ក៏បានបើកអធិការកិច្ចលើសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រម លី សុខលេង កាន់សំណុំរឿងនោះ ចំណែកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានបើកកិច្ចប្រជុំបន្ទាន់ និងផ្លាស់ប្តូរតួនាទីរបស់អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ដោយដាក់លោក តាំង ស៊ុនឡាយ ជាប្រធានថ្មី។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានឲ្យដឹងថា ដំណើរការអធិការកិច្ច នៅមិនទាន់បានបញ្ចប់នៅឡើយទេ ហើយការសម្រេចដកលោក អំាង មាលតី គឺដើម្បីបង្កើនភាពងាយស្រួលនៃសេវាយុត្តិធម៌ដល់ពលរដ្ឋតែប៉ុណ្ណោះ។ លោកថា៖ «ឧត្តមក្រុមប្រឹក្សាយើង មានក្រុមគណៈកម្មការវិន័យ ដែលនឹងដាក់ទោសទៅលើចៅក្រម ដែលមានកំហុស អាស្រ័យទៅតាមកម្រិតនៃកំហុស ដែលរកឃើញនោះ»។
កាលពីថ្ងៃម្សិលមិញនេះដែរ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានឲ្យដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងរបស់ឪពុកម្តាយលោក ថោង សារ៉ាត់ គឺអង្គភាពនេះ បានធ្វើការស៊ើបអង្កេតតាំងពី ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីអំពើឃាតកម្មលើលោក ឧកញ៉ា អ៊ឹង ម៉េងជឺ បានកើតឡើងម៉្លេះ និងបានស្តាប់នូវចម្លើយរបស់មនុស្សសំខាន់ៗមួយចំនួន រួមមាន អ្នកស្រី កែវ សារី ម្តាយលោក ថោង សារ៉ាត់ អ្នកស្រី ទាវ ធីតា ប្រពន្ធ ទី២ ប្អូនស្រីពៅ លោកថោង សារ៉ាត់ ដែលជាអ្នកកាន់លុយក្រុមហ៊ុន និងលោកមេធាវី រស់ ផល្លា ការពារក្តីអ្នកស្រី ទាវ ផល្លា។
លោក ឱម យ៉ិនទៀង បានបន្តថា៖ «យើងក៏ត្រូវការជួបមនុស្សពីរបីនាក់ទៀត ក្នុងនោះ មានលោក ពេជ្រ ព្រហ្មមុនី និងលោក អំាង មាលតី ដើម្បីស្តាប់ចម្លើយរបស់ពួកគាត់ដែរ។ នៅពេលដែលយើងខ្ញុំ ប្រមូលបានច្រើនជាងនេះដែរ យើងខ្ញុំប្រហែលជាមានវិធានការឆែកមើលបញ្ជីស្នាម លុយកាក់ទាំងអស់ នៅក្នុងក្រុមហ៊ុនមានជ័យ របស់ ថោង សារ៉ាត់ ដែរ ដើម្បីឲ្យឃើញថា ការចំណាយ ការគ្រប់គ្រង លុយកាក់ហ្នឹង វាយ៉ាងម៉េចលុយណាចេញទៅណា លុយណាចេញទៅណា?»៕
No comments:
Post a Comment