ភ្នំពេញ: ភាពក្លាហានរបស់កំពូលតារាចម្រៀង កញ្ញា មាស សុខសោភា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរមិនតិចឡើយក្នុងនាមនាងជាតារាចម្រៀងខ្មែរម្នាក់គត់ដែលហ៊ានបញ្ចេញទស្សនៈគាំទ្រសកម្មជនការពារព្រៃឈើតំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន។
សារជាភាសាអង់គ្លេសត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀង មាស សុខសោភា ដែលបកប្រែជាភាសាខ្មែរថា៖ «អរគុណ អាឡិច!! សង្ឃឹមយ៉ាងមុតមាំថា អ្នកនឹងនៅព្រះរាជាណាចក្រយើងជានិរន្តរ៍តទៅ!! អង្គការមាតាធម្មជាតិកម្ពុជា ការពារព្រៃឈើតំបន់អារ៉ែង»។
គួររំឭកថា មាស សុខសោភា បានធ្វើការយ៉ាងសស្រោកសស្រាំក្នុងការដាំកូនឈើ និងបំបួសដើមឈើនៅតំបន់ឱរ៉ាល់ ជាកន្លែងចម្រូងចម្រាសរវាងប្រជាសហគមន៍ និងក្រុមហ៊ុនទទួលសិទ្ធិអភិវឌ្ឍន៍ ធ្វើឲ្យមានការបារម្ភពីសុវត្ថិភាពរបស់នាងផងដែរ។
សារបង្ហាញពីជំហរការពារលោក អាឡិច ឆ្លុះបញ្ចាំងថា នាងមិនយល់ស្របការសម្រេចរបស់រដ្ឋាភិបាល ដែលចង់ឲ្យសកម្មជនព្រៃឈើរូបនេះចាកចេញពីទឹកដីកម្ពុជាឡើយ។ ទោះជាយ៉ាងណាកញ្ញា មាស សុខសោភា បានអះអាងជាថ្មីថា អ្វីដែលនាងធ្វើនេះគឺមិនមានពាក់ព័ន្ធនឹងនយោបាយនោះទេ។
តារាចម្រៀងដែលប្ដេជ្ញាប្រើប្រាស់ជីវិតរបស់នាងដាំដើមឈើឲ្យបាន ១ ម៉ឺនដើមនោះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ចំពោះទស្សនៈដែលខ្ញុំបង្ហាញពីការគាំទ្រវត្តមាន លោក អាឡិច នៅប្រទេសខ្មែរបន្តនោះ ក្នុងនាមខ្ញុំជាខ្មែរម្នាក់ទេ មិនធ្វើឡើងដើម្បីនយោបាយបម្រើឲ្យបក្សណានោះទេ»។
តារាចម្រៀងស្រីរូបនេះសុំមិនបកស្រាយវែងឆ្ងាយដោយនាងគ្រាន់តែនិយាយថា៖ «គាត់ជាបរទេស ហើយស្រឡាញ់ធម្មជាតិដូចខ្ញុំ មិនងាយរកទេ គេមកស្រឡាញ់ជួយការពារធម្មជាតិឲ្យខ្មែរនោះ»៕
1 comment:
សូមសសើរនូវចិតិ្តភក្ដីភាពនៃកញ្ញា ចំពោះជាតិ កញ្ញាពិតជាកូនខ្មែរដ៏ថ្លៃថ្នូរ ម្នាក់ក្នុងសង្គមបច្បុបន សូមលើកទឹកចិត្តដ៏អង់អាច ខ្ញំុជាខ្មែរសូមថ្លែងនូវ អំណរគុណ ។ ពី សរអា
Post a Comment