ភ្នំពេញៈ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ជនបរទេសដែលធ្វើជំរឿននៅ ឆ្នាំ២០១៤ មានជាង ១០ ម៉ឺននាក់ ក្នុងនោះ ជនបរទេសអនោ្តប្រវេសន៍ដែលបានបង្ហាញមុខ មានជាង ៣ ម៉ឺន ៣ ពាន់នាក់ និងជនបរទេសដែលប្រើប្រាស់លិខិតស្នាមមិនប្រក្រតី មានជាង ៧ ម៉ឺន ២ ពាន់នាក់។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា បន្ទាប់ពីធ្វើជំរឿនស្ថិតិ នៅ ឆ្នាំ២០០២ នៅ ឆ្នាំ២០១៤ នេះ ក្រសួងមហាផ្ទៃ បានរៀបចំធ្វើសម្រង់ស្ថិតិជនបរទេសឡើងវិញ ដោយកំណត់ជនបរទេសជា ២ ប្រភេទ។ ទី១ ក្នុងតួលេខជនបរទេសអន្តោប្រវេសន៍ ឆ្នាំ២០០២ ដែលមានចំនួន ៧០០១២ នាក់បានបង្ហាញមុខជាក់ស្តែងនៅ ឆ្នាំ២០១៤ មានចំនួនតែ ៣៣៤៣០ នាក់ ដែលមាន ២១ សញ្ជាតិ ខណៈជនបរទេសដែលប្រើប្រាស់លិខិតស្នាមមិនប្រក្រតី ក្រៅពីជនបរទេសជាអន្តោប្រវេសន៍ ត្រូវបានរកឃើញថា មានចំនួន ៧២២០៤ នាក់។
ជនអន្តោប្រវេសន៍ទាំងនោះ រួមមាន ជនជាតិវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន ចិនតៃវ៉ាន់ កូរ៉េ ជប៉ុន អាមេរិក អាល្លឺម៉ង់ ឥណ្ឌា បារាំង ហូឡង់ ស្វ៊ីស ស្លូវ៉ានៀ តង់ហ្សានី អ៊ុយក្រែន ប៊ែលហ្ស៊ិក ហ្វីជី និងអន្តោប្រវេសន៍នីហ្សេរីយ៉ា។
ការធ្លាក់ចុះតួលេខជនអន្តោប្រវេសន៍ដែលបានបង្ហាញមុខនៅ ឆ្នាំ២០១៤ ក្រសួងបញ្ជាក់ពីមូលហេតុថា «ជនបរទេសមួយចំនួន បានកាន់កាប់លិខិតបញ្ជាក់អត្តសញ្ញាណជាខ្មែរ និងលិខិតរដ្ឋបាលរបស់កម្ពុជាផ្សេងៗ តាមមធ្យោបាយមិនស្របច្បាប់ និងបានលាក់ទុក ឬបោះបង់ចោលលិខិតបញ្ជាក់ជា ជនបរទេសអន្តោប្រវេសន៍ ហើយពួកគេទាំងនោះ មិនមកបង្ហាញមុខ ពេលសមត្ថកិច្ចចុះធ្វើសម្រង់ស្ថិតិឡើងវិញនោះទេ។ ជនបរទេសមួយចំនួនធ្វើបម្លាស់ទីញឹកញាប់ ជាហេតុធ្វើឲ្យពួកគេមិនបានសហការក្នុងការធ្វើស្ថិតិឡើងវិញ មួយចំនួនខ្វះលទ្ធភាពបង់អាករសម្រាប់ទទួលបានប័ណ្ណស្នាក់នៅអចិន្រៃ្តយ៍ និងមួយចំនួនទៀតចាកចេញពីកម្ពុជា»។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ សំបូរ បញ្ជាក់ថា៖ «តាមជំរឿនស្ថិតិជនបរទេសទាំងចាស់ទាំងថ្មី ដែលបានរកឃើញមានជាង ១០ ម៉ឺននាក់ ក្នុងនោះ ជនអន្តោប្រវេសន៍ចាស់ មានជាង ៣ ម៉ឺននាក់និងជនអន្តោប្រវេសន៍ដែលបានធ្វើជំរឿនថ្មី មានប្រមាណ ៨ ម៉ឺននាក់»។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៤ ថា កម្ពុជាបាននិងកំពុងបន្តពង្រឹងនិងអនុវត្តច្បាប់ ធ្វើយ៉ាងណាដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍ដែលចូលមកកម្ពុជា។
លោក ស ខេង បានថ្លែងថា៖ «យើងក៏បានខិតខំអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីលើកកម្ពស់ការគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងរបាយការណ៍ទៀតថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ក្រសួងបានបណ្តេញចេញជនបរទេសដែលរស់នៅកម្ពុជាខុសច្បាប់ និងមានការពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដូចជា បទល្មើសអន្តោប្រវេសន៍ និងបទល្មើសព្រហ្មទណ្ឌ មាន ១៣២៥ នាក់មាន ៣៣ សញ្ជាតិ ក្រោមកិច្ចសហការជាមួយតំណាងស្ថានទូត និងតំណាងកុងស៊ុលនៃប្រទេសសាមីផងដែរ។
តាមប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក សុខ ណុប ធ្លាប់មានប្រសាសន៍ថា ក្នុងចំណោមជនបរទេសដែលបណ្តេញចេញពីកម្ពុជាជាង ១ ពាន់នាក់ មានជនជាតិវៀតណាមច្រើនជាងគេ គឺប្រមាណជា ៩០ ភាគរយ៕
No comments:
Post a Comment