មិនដឹងថាវាជារឿងល្បែងនយោបាយ ឬជារឿងពុករលួយក្នុងទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នោះទេ ប៉ុន្តែករណីដោះលែងជនត្រូវចោទឈ្មោះ ថោង ចំរើន ហៅមិន និងឈ្មោះ កែវ សារី ហៅហាយ ត្រូវជាឪពុក-ម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ហៅប៊ិន ទឹង ដែលជាប់ចោទពីបទកាន់កាប់អាវុធខុសច្បាប់ ឲ្យឋិតនៅក្រៅឃុំបណ្តោះអាសន្ន នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយលោក លី សុខលេង ជាចៅក្រមស៊ើបសួរ និងលោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការទទួលបន្ទុកសំណុំរឿង មានបង្កប់ទៅដោយភាពមិនប្រក្រតីជាច្រើនចំណុច ដូចខាងក្រោម ៖
១-ជនត្រូវចោទ និងមេធាវីការពារក្តីឲ្យជនត្រូវចោទទាំង២នាក់ បានដាក់ពាក្យស្នើសុំឋិតនៅក្រៅឃុំលើកទី១(ជនត្រូវចោទត្រូវបានតុលាការចេញដីកាបង្គាប់ឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤) តែត្រូវបានចៅក្រមស៊ើបសួរ និងតំណាងអយ្យការសម្រេចបដិសេធ ។ ក្រោយមក ជនត្រូវចោទ និងមេធាវីការពារក្តីក៏បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ តែត្រូវសាលាឧទ្ធរណ៍បដិសេធទៀត(តម្កល់ការសម្រចរបស់សាលាដំបូងរាជធានីភ្នំពេញ) ។ តាមការប្រកាសជាសាធារណៈរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ដែលគេគិតថា បុរសខ្លាំងអាចដឹងតាមរយៈមានអ្នករាយការណ៍ប្រាប់នោះ គឺជនត្រូវចោទ និងមេធាវីការពារក្តីបានប្តឹងបន្តទៅតុលាការកំពូលទៀត ប៉ុន្តែតុលាការកំពូលមិនទាន់បានសម្រេចលើបណ្តឹងសាទុក្ខនោះផង បែរជាម្ចាស់បណ្តឹងដកបណ្តឹងចេញពីតុលាការកំពូលវិញ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ (Sic!) ។
២-តាមនីតិវិធីនៃច្បាប់ ជនត្រូវចោទ និងមេធាវីការពារក្តីមានសិទ្ធិប្តឹងសុំនៅក្រៅឃុំមកសាលាដំបូងសាជាថ្មី ហើយក្នុងករណីនេះអាចមេធាវីការពារក្តីដាក់ពាក្យប្តឹងជាលើកទី២ សុំឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំ ទើបនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យជនត្រូវចោទបាននៅក្រៅឃុំតែម្តង ។ ដូច្នេះ គេចោទជាសំណួរថា ចុះហេតុអ្វីចាំបាច់ដកបណ្តឹងសាទុក្ខពីតុលាការកំពូលមកវិញ ? ឬមកពីទំនងជាដឹងថា ចរចាមិនត្រូវគ្នាជាមួយចៅក្រមនៅតុលាការកំពូល ?
៣-អាវុធដែលជនត្រូវចោទរក្សាទុក និងកាន់កាប់ដោយគ្មានការអនុញ្ញាតនោះមានចំនួនរហូតដល់ជិត១០ដើម (បុរសខ្លាំងប្រកាសថា មានចំនួន៨ដើម) គឺវាហួសចំណុះដែលគេអាចចាត់ទុកថា ជាក្រុមប្រដាប់អាវុធមួយក៏ថាបាន បែរជាតុលាការអនុញ្ញាតឲ្យជនត្រូវចោទបាននៅក្រៅឃុំទៅវិញ ។
៤-តំណាងអយ្យការទទួលបន្ទុកសំណុំរឿងដំបូង គឺលោក កែវ សុជាតិ (ជាតំណាងអយ្យការដែលបើកការស៊ើបសួរចោទប្រកាន់ទៅលើជនត្រូវចោទ) ត្រូវបានផ្លាស់ប្តូរទៅលោកស្រី វ៉ា សក្តា វិញ នៅពេលសម្រេចដោះលែងជនត្រូវចោទឲ្យនៅក្រៅឃុំ ។
៥-ព័ត៌មានបែកធ្លាយចេញមកក្រៅថា ក្រោយពេលដោះលែងជនត្រូវចោទទាំង២នាក់ឲ្យនៅក្រៅឃុំនារាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នោះ នៅភូមិគ្រឹះរបស់ជនត្រូវចោទឋិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការរៀបចំកម្មវិធីជប់លៀងមួយ ស្រាប់តែលេចវត្តមានលោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ឈ្មោះ ពេជ្រ ព្រហ្មមុន្នី ជាមន្ត្រីជំនិត ជាអ្នកទទួលបន្ទុកសន្តិសុខ សណ្តាប់ធ្នាប់សាលាដំបូងរាជធានីភ្នំពេញ និងជាគ្រូមន្តអាគមអូមអាមរបស់លោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ចូលរួមកម្មវិធីនោះដែរ ។
៦-ជនត្រូវចោទទាំង២នាក់ ថ្វីដ្បិតត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវបានដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពោលគឺមិនឲ្យផ្លាស់ប្តូរទីលំនៅដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចតុលាការ និងមិនអនុញ្ញាតឲ្យធ្វើដំណើរចេញទៅក្រៅប្រទេស…ចុះហេតុអ្វីបានជារាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយសម្អាងលើសុខភាពផ្ទាល់ខ្លួន ជនត្រូវចោទទាំង២នាក់នេះថ្លើមធំហ៊ានជិះរថយន្តសាមុយបម្រុងធ្វើដំណើរទៅស្រុកយួន រហូតដល់សមត្ថកិច្ចចាប់ខ្លួនបានមកវិញនៅត្រង់ចំណុចកំពង់ចម្លងអ្នកលឿង ខេត្តព្រៃវែង តើរឿងនេះមានអាថ៌កំបាំងអ្វីផ្សេងទៀត ?
ភ្លាមៗក្រោមទម្ងន់កណ្តាប់ដៃដែករបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី លោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញមិនដល់មួយឆ្នាំ ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដកហូតតំណែងយ៉ាងតក់ក្រហល់ ដោយដាក់ជំនួសលោកចៅក្រម តាំង ស៊ុនឡាយ អតីតអនុប្រធានសាលាដំបូងជាប្រធានសាលាដំបូងរាជធានីភ្នំពេញវិញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ និងលោកឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី មន្ត្រីជំនិតរបស់លោកចៅក្រម អាំង មាលតី ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនសយកមកដាក់ពន្ធនាគារកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ផងដែរ ហើយត្រូវបានឋិតក្រោមការស៊ើបអង្កេតស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។
សរុបសេចក្តីមក មជ្ឈដ្ឋាននានាកំពុងរង់ចាំតាមដានមើលលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក្នុងសំណុំរឿងដោះលែងឪពុក-ម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ដែលមានបង្កប់ដោយភាពមិនប្រក្រតីច្រើនចំណុចនោះ តើមានអំពើពុករលួយលើទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិកកើតឡើងដូចការប្រកាសរបស់បុរសខ្លាំងដែរឬទេ ហើយជនណាខ្លះមានការពាក់ព័ន្ធក្នុងរឿងក្តៅគគុកនេះ ? ៕
No comments:
Post a Comment