មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងរៀបចំលិខិតមួយច្បាប់ជូនដំណឹងទៅ លោក អាឡិក ស្ថាបនិកអង្គការមាតាធម្មជាតិ ឲ្យរៀបចំខ្លួនចាកចេញពីប្រទេសកម្ពុជា។
ទោះ លោក អាឡិក កំពុងរស់នៅប្រទេសកម្ពុជា ក្នុងនាមជាជនអន្តោប្រវេសន៍ខុសច្បាប់ក្តី ប៉ុន្តែក្រសួងមិនទាន់បញ្ជាក់ថា នឹងមានវិធានការបែបណាលើជនបរទេសរូបនេះនៅឡើយទេ។
លិខិតរបស់ក្រសួងមហាផ្ទៃ ជូនដំណឹងដល់ លោក អាឡិក ឲ្យបានដឹងថា គេកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ហើយ។ ក្នុងករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា នឹងចាប់ផ្ដើមផាកពិន័យជាប្រាក់ចំពោះការរស់នៅខុសច្បាប់នេះដាក់ចូលក្នុងថវិកាជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈ ថា នៅពេលនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងព្រាងលិខិតមួយច្បាប់ជូនដំណឹងឲ្យ លោក អាឡិក បានដឹងថា ពេលនេះគាត់កំពុងរស់នៅក្នុងប្រទេសកម្ពុជា ខុសច្បាប់ហើយ។ លោកបន្តថា លិខិតធ្វើរួច ក្រសួងនឹងផ្ញើចេញភ្លាមៗ៖ «ប្រសិនគ្មានការប្រែប្រួលទេ នាយកដ្ឋានអន្តោប្រវេសន៍នឹងផ្ញើលិខិតជូន លោក អាឡិក ដើម្បីឲ្យរៀបចំខ្លួន»។
ក្រសួងមហាផ្ទៃ បានលើកឡើងថា លោក អាឡិក បានប្រព្រឹត្តខុសនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិ ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដោយញុះញង់ប្រជាពលរដ្ឋបិទផ្លូវសាធារណៈ និងមិនឲ្យក្រុមការងាររបស់អាជ្ញាធរចុះជួបប្រជាពលរដ្ឋ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទិដ្ឋាការស្នាក់នៅកម្ពុជា របស់លោកបានផុតកំណត់កាលពីថ្ងៃទី២០ ខែកុម្ភៈ។
លោក ខៀវ សុភ័គ បញ្ជាក់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ គឺក្រសួងមានការយោគយល់ច្រើនចំពោះអ្នកការពារធនធានធម្មជាតិរូបនេះ ហើយលោកក៏មិនទាន់បញ្ជាក់ឲ្យដឹងថា ក្រសួងនឹងមានចំណាត់ការយ៉ាងណាចំពោះ លោក អាឡិក ដែរ។ ទោះបែបនេះក្តី លោក ខៀវ សុភ័គ ធ្លាប់ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរមានសមត្ថកិច្ច មិនមែនសំពះអង្វរសុំឲ្យ អាឡិក ចាកចេញពីប្រទេសកម្ពុជា នោះទេ។
ទន្ទឹមនឹងការប្រកាសចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដូចនេះ លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត និយាយថា ក្រសួងធ្វើដូចនេះមិនខុសច្បាប់ទេ។ ប៉ុន្តែក្រសួងមហាផ្ទៃ មិនគួរធ្វើទង្វើបែបនេះឡើយ។ លោក អ៊ូ វីរៈ យល់ថា សកម្មភាពការងាររបស់ លោក អាឡិក កន្លងមក មិនសមអាជ្ញាធរខ្មែរបណ្ដេញលោកចេញពីប្រទេសឡើយ ទោះក្នុងរូបភាពផុតទិដ្ឋាការក៏ដោយ៖ «តាមខ្ញុំយល់ កំហុស លោក អាឡិក មិនទាន់ដល់ថ្នាក់ត្រូវបណ្ដេញចេញពីកម្ពុជា ទេ ទោះក្នុងរូបភាពណាទេ»។
សំណុំរឿងជនបរទេសការពារបរិស្ថានប្រទេសកម្ពុជា នេះ បានឡើងដល់ប្រធានរដ្ឋសភា និងស្ថាប័នព្រះមហាក្សត្រហើយ ដោយអនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍អនុញ្ញាតឲ្យ លោក អាឡិក បន្តរស់នៅប្រទេសកម្ពុជា បានស្របច្បាប់។ គិតមកទល់ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ លោក កឹម សុខា ឲ្យដឹងថា លោកមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ ឲ្យដឹងថា លោកមិនទាន់ទទួលបានលិខិតពីក្រសួងមហាផ្ទៃ បញ្ជាក់ពីការជូនដំណឹងនេះនៅឡើយទេ។ អ្នកការពារធនធានធម្មជាតិរូបនេះ នៅតែអះអាងថា លោកមិនចាកចេញពីប្រទេសកម្ពុជា ទេ ព្រោះលោករង់ចាំការលិខិតឆ្លើយពីព្រះមហាក្សត្រ និងប្រធានរដ្ឋសភា ឆ្លើយតបនឹងលិខិតរបស់ លោក កឹម សុខា សិន៖«ជំហររបស់ខ្ញុំ គឺមិនចាកចេញពីប្រទេសកម្ពុជា ទេ»។
លោក អាឡិក សញ្ជាតិអេស្ប៉ាញ ដែលមករស់នៅប្រទេសកម្ពុជា ជាង ១២ឆ្នាំមកហើយ ជាអ្នកដែលហ៊ានបញ្ចេញសកម្មភាពខ្លាំងៗប្រឆាំងនឹងការអភិវឌ្ឍនៅតំបន់អារ៉ែង ឲ្យទៅជាតំបន់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro)។ លោក អាឡិក ថា លោកនឹងបង់ប្រាក់ពិន័យនៃការរស់នៅផុតទិដ្ឋាការជូនទៅរដ្ឋ ដើម្បីបន្តរស់នៅប្រទេសកម្ពុជា ដរាបណាសមត្ថកិច្ចមិនប្រើហិង្សាបញ្ជូនលោកចេញពីកម្ពុជា៕
No comments:
Post a Comment