Posted by DTN7 on February 22, 2015
សមាជគណបក្សហ្វ៊ុនស៊ិនប៉ិចដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ សម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស និងជ្រើសតាំងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធានគណបក្សនោះ ត្រូវបានក្រសួងមហាផ្ទៃចេញលិខិតលេខ៣៣៥សជណ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បញ្ជាក់ថា បានទទួលលិខិតជូនដំណឹងពីលទ្ធផលនៃសមាជគណបក្សហ្វ៊ុនស៊ិនប៉ិចរួចហើយ ។
ដោយឡែក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ លោក សាយ ហាក់ ដែលអះអាងថាជាអគ្គលេខាធិការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា លិខិតដែលឯកឧត្តម ញឹក ប៊ុនឆៃ អនុប្រធានទី២គណបក្ស ដែលបានយកត្រាគណបក្សទៅប្រើប្រាស់លើលិខិតអញ្ជើញ និងលិខិតផ្សេងៗ ពុំអាចចាត់ទុកជាលិខិតផ្លូវការ ព្រោះលិខិតនោះធ្វើឡើងដោយពុំមានការផ្ទេរសិទ្ធិពីសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។
ស្រាប់តែនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ អគ្គលេខាធិការដ្ឋានគណបក្សហ្វ៊ុនស៊ិនប៉ិចបានចេញសេចក្តីបំភ្លឺមួយ ដោយបានបញ្ជាក់ថា លោក សាយ ហាក់ ពុំទាន់មានឋានៈ និងតួនាទីអ្វីក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចទេ ពីព្រោះក្នុងលក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិចដែលនៅជាធរមាន ពុំមានរចនាសម្ព័ន្ធស្តីពីអគ្គលេខាធិការប្រតិបត្តិគណបក្សទេ ។ លោក សាយ ហាក់ កំពុងរំលោភបំពានលក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច និងថ្នាក់ដឹកនាំរបស់ខ្លួនហើយ ។
ដូច្នេះ យោងតាមសេចក្តីបំភ្លឺលេខ០១៦ហសប/១៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ របស់អគ្គលេខាធិការដ្ឋានគណបក្សហ្វ៊ុនស៊ិនប៉ិច និងសេចក្តីជូនដំណឹងលេខ០០២/១៥អ.សហស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ របស់លោក សាយ ហាក់ ដែលអះអាងថាជាអគ្គលេខាធិការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ គឺមានលក្ខណៈមិនស៊ីចង្វាក់គ្នាទាល់តែសោះ ហើយធ្វើឲ្យមជ្ឈដ្ឋាននានាចោទជាសំណួរថា តើគណបក្សហ្វ៊ុនស៊ិនប៉ិចបច្ចុប្បន្នដែលសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទើបយាងឡើងធ្វើជាព្រះប្រធានសាជាថ្មីនោះ សហជីវិន សាយ ហាក់ ជាអ្នករំលោភលើ សហជីវិន ញឹក ប៊ុនឆៃ ឬក៏សហជីវិន ញឹក ប៊ុនឆៃ ជាអ្នកប្រព្រឹត្តខុស ហើយរំលោភលើសហជីវិន សាយ ហាក់ ?
មជ្ឈដ្ឋានអ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា នេះអាចជាទម្លាប់ ឬជាប្រពៃណីរបស់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ឋិតក្រោមម្លប់ដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលចូលចិត្តបង្កបញ្ហាឲ្យមានជម្លោះផ្ទៃក្នុង ទើបលទ្ធផលរបស់គណបក្សមួយនេះបាត់បង់សំឡេងឆ្នោតគាំទ្រពីទទួលបាន៥៨អាសនៈនៅក្នុងរដ្ឋសភា ឈ្នះលើគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែ មកទទួលបាន០០អាសនៈនៅក្នុងរដ្ឋសភាទល់បច្ចុប្បន្ន ៕
No comments:
Post a Comment