ភ្នំពេញៈ ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុបបានវិនិយោគប្រាក់៨លានដុល្លារលើរោងចក្រកែច្នៃស្បែកជ្រូកសម្រាប់ផលិតស្រោមពូករថយន្ត កាបូបដៃនិងផលិតប្រើប្រាស់ផ្សេងទៀត។
រោងចក្រដែលកំពុងដំណើរការសាងសង់នេះនឹងបើកដំណើរការនៅចុងឆ្នាំ២០១៥។ នេះបើតាម លោក ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប។
តាម លោក ម៉ុង ឫទ្ធី នេះជារោងចក្រផលិតស្បែកកែច្នៃដំបូងបង្អស់នៅកម្ពុជា ដែលបានវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុនចិន។ យ៉ាងណាក៏ដោយ លោកមិនទាន់អាចបញ្ជាក់ពីភាគហ៊ុនដែលភាគីនីមួយៗមានក្នុងគម្រោងវិនិយោគនេះនោះទេ ខណៈរោងចក្រកំពុងស្ថិតក្នុងដំណាក់កាលសាងសង។
រោងចក្រនេះមានទីតាំងនៅក្នុងកំពង់ផែកែវផុសរបស់លោក ម៉ុង ឫទ្ធី ស្ថិតក្នុងខេត្តព្រះសីហនុ ហើយនឹងត្រូវសាងសង់ឡើងលើផ្ទៃដីសរុប៦,៦ ហិកតា ដែលនឹងមានរោងចក្រសម្រាប់កែច្នៃស្បែកជ្រូក អគារស្នាក់នៅរបស់បុគ្គលិក អាហារដ្ឋាន មណ្ឌលសុខភាព។ រោងចក្រនឹងសាងសង់ឡើងដោយមានទំហំទទឹង ៣១ ម៉ែត្រ និងបណ្តោយ៨០ ម៉ែត្រ។ នៅជំហានដំបូងនឹងផ្តល់កាងារដល់ប្រជាជនចំនួន៥០០ នាក់។
លោក ម៉ុង ឫទ្ធី បានបន្ថែមថា ទឹកប្រាក់វិនិយោគ៥លានដុល្លារគឺជាដំណាក់កាលវិនិយោគដំបូង ហើយនឹងបន្ថែម៣លានដុល្លារទៀត(សរុប៨ លានដុល្លារ) ដែលនឹងអាចផ្តល់ការងារសរុប១០០០ នាក់។
លោកបានថ្លែងថា៖ «នេះជារោងចក្រទីមួយហើយនៅស្រុកខ្មែរ។ ការពិតប្រទេសជិតខាងយើងជាពិសេសប្រទេសចិន គេយកលុយរាប់សិបឆ្នាំមកហើយលើផលិតកម្មហ្នឹង តែយើងអត់ដែលធ្វើ។ ស្បែកជ្រូកគេទិញក្នុងមួយតោន ២ ០០០[ដុល្លារ] គេលក់វិញរាប់ម៉ឺនបន្ទាប់ពីកែច្នៃហើយ»។
លោកបន្តថា ផលិតកម្មកែច្នៃស្បែកនេះនឹងផ្តោតសំខាន់លើការនាំចេញ ខណៈទីផ្សារក្នុងស្រុកទំនងជាមានទំហំតូចទេ។
លោកអះអាងថា៖ «ស្បែកដែលកែច្នៃហើយគេអាចយកទៅធ្វើអ្វីដែលមានតម្លៃដូចជា ស្បែកពូកឡាន កាបូប ស្បែកជើងអីជាដើម។ ប្រទេសមួយចំនួន រដ្ឋាភិបាលគេបានហាមក្នុងការបរិភោគស្បែកជ្រូក អ៊ីចឹងយកស្បែកជ្រូកពីប្រទេសណាដែលគេអត់បរិភោគដើម្បីយកមកកែច្នៃ»។
លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងថា នាពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស្បែកជើង និងកាបូបប្រមាណជាង៥០រោងចក្រ ដែលប្រើប្រាស់ស្បែកកែច្នៃជាវត្ថុធាតុដើម។
លោកបានលើកឡើងថា វត្ថុធាតុដើមស្ទើរតែទាំងអស់ដែលចាំបាច់ក្នុងការផលិតត្រូវបាននាំចូលពីក្រៅប្រទេស ដែលភាគច្រើនត្រូវបានផ្តល់លក្ខខណ្ឌតម្រូវដោយអ្នកបញ្ជាទិញ ឬ ត្រូវបានជួយជាយោបល់ពីអ្នកផ្គត់ផ្គងវត្ថុធាតុដើមនេះតែម្តង។
លោករំពឹងថា រោងចក្រផលិតស្បែកពាក់កណ្តាលសម្រេចនេះអាចនឹងផ្តល់ផលចំណេញដល់វិស័យឧស្សាហកម្មកាត់ដេរស្បែកជើងនិងកាបូបបើស្បែកដែលកែច្នៃពាក់កណ្តាលសម្រេចនេះមានគុណភាពគ្រប់គ្រាន់ និងទទួលបានការទទួលស្គាល់ពីអ្នកបញ្ជាទិញ។
លោកថ្លែងថា៖ «រោងចក្រកាបូប និងស្បែកគឺត្រូវការស្បែកក្នុងការផលិត។ បើយើងមានរោងចក្រដែលផលិតវត្ថុធាតុដើមក្នុងស្រុកមែន ហើយគុណភាពពិតជាល្អមែននោះ វានឹងកាត់បន្ថយការចំណាយថ្លៃសេវា និងដឹកជញ្ជូនក្នុងការនាំចូលវត្ថុធាតុដើម បើទោះបីជាការនាំចូលមិនទាមទារការបង់ពន្ធក៏ដោយ»។
លោកបញ្ជាក់ថា យ៉ាងណាក៏ដោយវានៅអាស្រ័យលើការសម្រេចចិត្តរបស់អ្នកបញ្ជាទិញសិនថា «តើគាត់នឹងជ្រើសប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុកជាជាងការនាំចូល ឬយ៉ាងណា?»៕
No comments:
Post a Comment