ដោយ៖ ពៅ មេត្តា | ថ្ងៃអង្គារ ទី6 មករា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
គិតមកដល់៧មករាឆ្នាំ២០១៥នេះ មានរយៈពេល៣៦ឆ្នាំហើយ ដែលរបបខ្មែរក្រហមដួលរលំ តែអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអ្នកប្រវត្តិសាស្ត្រនៅតែបកស្រាយខុសគ្នាពីអត្ថន័យនៃថ្ងៃ៧មករានេះ ។
សម្រាប់អ្នកដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យតម្លៃថ្ងៃ៧មករាជាថ្ងៃខួបកំណើតទី២ ព្រោះរួចផុតពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ។ តែសម្រាប់ក្រុមដែលប្រឆាំងលើកឡើងថា ថ្ងៃ៧មករាជាថ្ងៃដែលវៀតណាមចូលឈ្លានពានកម្ពុជា និងដាក់គំនាបលើកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ។
បើតាមការបកស្រាយរបស់អ្នកប្រវត្តិសាស្ត្រ និងឯកសារមួយចំនួនបង្ហាញថា ៧មករា កើតចេញពីទំនាស់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម ទើបក្រុមដែលមានទំនាក់ទំនងជាមួយវៀតណាមស្វែងរកការជួយជ្រោមជ្រែងពីវៀតណាម ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រនយោបាយលោក សំបូរ មាណ្ណារ៉ា បែងចែកខ្មែរក្រហមជាក្រុមផ្សេងៗគ្នាដូចជា ខ្មែរក្រហមមកពីបារាំង មកពីចិន វៀតណាម និងខ្មែរក្រហមនៅក្នុងស្រុកជាដើម ។ លោកបន្តថា លុះអំឡុងឆ្នាំ១៩៧៧ ខ្មែរក្រហមមានទំនាស់កាន់តែខ្លាំងជាមួយវៀតណាម ហើយរបបនោះរឹតបន្តឹងខ្លាំងលើប្រជាពលរដ្ឋនៅភាគខាងកើត និងសម្លាប់មន្ត្រីក្នុងជួរថ្នាក់ដឹកនាំមួយចំនួន ទើបនាំឲ្យខ្មែរដែលនិន្នាការមកពីវៀតណាមស្វែងរកការជួយពីវៀតណាម ហើយងើបបះបោរ ។ លោកថា «ពេលមានបញ្ហាកើតឡើងអ៊ីចឹងទៅ នៅខាងបូព៌ាគឺមានការចោទប្រកាន់ថាជាយួន ថាជាក្រុមយួន ជាមនោគមវិជ្ជាយួន មានការសម្លាប់ក្រុមអ្នកបូព៌ា ចាប់យកទៅដាក់នៅពោធិ៍សាត់ នៅឯតំបន់លាជនៃពោធិ៍សាត់ ហើយឲ្យពាក់ក្រមាពណ៌បៃតង ហើយសម្លាប់ ។ អ៊ីចឹងបញ្ហាហ្នឹងវាកើតដល់ការចងចាំនៅក្នុងជីវិត បង្កើតចលនាតស៊ូ ព្រោះថា រស់នៅក៏ស្លាប់ អ៊ីចឹងមានតែចលនាតស៊ូ» ។
មូលហេតុដែលមេដឹកនាំខ្មែរក្រហមចាត់ទុកវៀតណាមជាសត្រូវ ដោយសារខ្មែរក្រហមចោទវៀតណាមថាមានមហិច្ឆតារៀបចំផែនការលេបយកទឹកដីខ្មែរ ។
លោក នួន ជា ប្រធានសភាប្រជាជនក្នុងរបបបីឆ្នាំប្រាំបីខែថ្លែងក្នុងសាលាក្តីខ្មែរក្រហមដោយអំពាវនាវឲ្យមេដឹកនាំខ្មែរសម័យក្រោយប្រយ័ត្នចំពោះវៀតណាម ។ លោកមានប្រសាសន៍ថា «មិនសុខចិត្តនៅក្រោមការដឹកនាំរបស់យួន បានជាយួនបង្កើតឲ្យមានសង្គ្រាមរហូតមកដល់សព្វថ្ងៃនេះយ៉ាងម៉េច យួនប៉ុន្មានលាន[នាក់]នៅប្រទេសកម្ពុជា អនិកជនយួនស្របច្បាប់ និងមិនស្របច្បាប់ មានប៉ុន្មានលាន តើប្រទេសខ្មែរអនាគតទៅអនាគតទៅជាស្អី ខ្ញុំសូមជម្រាបអ៊ីចឹង។ អនាគតប្រទេសកម្ពុជាយើង បើមិនខំទេ ខ្ញុំថារលាយហើយ» ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយលោក សុខ ទូច លើកឡើងថា ដោយតែមានការគាបសង្កត់ខ្លាំងទើបមន្ត្រីខ្មែរក្រហមដែលមានការបណ្តុះបណ្តាលពីវៀតណាម ប្រមូលផ្តុំបង្កើតជារណសិរ្ស២ធ្នូឆ្នាំ១៩៧៨នៅក្នុងស្រុកឈ្នួល ខេត្តក្រចេះ ។ លោកបែងចែកក្រុមខ្មែរក្រហមមានការជួយជ្រោមជ្រែងពីវៀតណាមជាពីរក្រុមគឺក្រុមប្រើកម្លាំង និងបញ្ញវន្ត ។ លោកបញ្ជាក់ថា «បញ្ញវន្តមកពីវៀតណាមនោះគឺមាន ប៉ែន សុវណ្ណ, រស់ សម័យ, កែវ ចិន្តា ឯកឧត្តម ជា សុធ ទាំងអស់ហ្នឹងទាំងអស់ហ្នឹងជាក្រុមបញ្ញវន្តដែលវៀតណាមបានយកទៅបំពាក់បំប៉នតាំងពីតូចៗមក ហើយឯក្រុមប្រើកម្លាំងនេះ គឺមានសម្តេច ហេង សំរិន គឺសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន ទាំងអស់ហ្នឹងគឺជាក្រុមប្រើប្រាស់កម្លាំងដែលរត់ចេញពីប្រទេសកម្ពុជាទៅ ដើម្បីកិច្ចការសម្លាប់របស់ពួកខ្មែរក្រហម» ។
សម្រាប់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលើកឡើងថា ការកើតឡើងនៃរបបខ្មែរក្រហម និងការជួលទៅវិញនៃរបបនេះសុទ្ធជាការរៀបចំរបស់វៀតណាមទាំងអស់ ។ លោកថា «បងប្អូនមានដឹងយៀកកុងនៅពេញព្រៃហ្នឹងអត់ ស្មានតែទ័ព ប៉ុល ពត ហ្នឹងវ៉ៃឈ្នះទ័ព លន់ នល់ បងប្អូនពិចារណាទៅ ។ គេរៀបចំបេក្ខជនដែលគេបណ្តុះបណ្តាលរួចស្រេចហើយនោះ បញ្ចូលនៅក្នុងស្រុកខ្មែរ បងប្អូនមើលប្រវត្តិ នួន ជា បណ្តុះបណ្តាលនៅឯណាបងធំទី២ ។ អាហ្នឹងហើយសម្លាប់ខ្មែរ រកមុខអត់ឃើញ ខ្ញុំអត់ចង់និយាយច្រើនទេ បងប្អូនទៅឆែកមើលខ្លួនឯង ។ បើអ្នកជួយមែន ដឹកទ្រព្យសម្បត្តិខ្មែរដល់ម្លឹងឬបងប្អូន ខ្មែរកំពុងតែរញ៉ែរញ៉ៃរកកូនចៅមិនឃើញ គេព្រួតគ្នាដឹកឥវ៉ាន់ខ្មែរទៅ» ។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញហៅថ្ងៃ៧មករាជាថ្ងៃដែលរំដោះប្រជាពលរដ្ឋខ្មែរ ថ្ងៃកំណើតទី២ ថ្ងៃរំដោះជាតិទាំងមូលចេញពីការកាប់សម្លាប់ឃោរឃៅ ឬជាថ្ងៃដែលនាំមកឲ្យមានរបបរាជានិយមឡើងវិញជាដើម ។ លោកនាយករដ្ឋមន្ត្រីបានហៅអ្នកប្រឆាំង៧មករាថា ជាសម្ព័ន្ធមិត្តរបស់ខ្មែរក្រហម ។
កាលពីខែមិថុនាឆ្នាំ២០១៣ សភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ ច្បាប់នោះចែងថា អ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម ត្រូវដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ដល់៤លានរៀល ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
No comments:
Post a Comment