ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី7 មករា 2015 |
ស្តាប់សំឡេង៖ | ចម្លងទុក |
ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ គឺជាខួប៣៦ឆ្នាំដែលរបបខ្មែរក្រហមដួលរលំ ។ ថ្ងៃនេះក៏ជាថ្ងៃកត់សម្គាល់មួយ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនបច្ចុប្បន្នរួមមានលោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន សហការជាមួយរដ្ឋអំណាចវៀតណាមក្នុងការវាយរំលំរបបខ្មែរក្រហម ។
៣៦ឆ្នាំហើយដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម តែងយកអត្ថន័យថ្ងៃ៧មករាទៅប្រើរាល់ពេលជួបប្រជាពលរដ្ឋ ។
ទុនសំខាន់ដែលគណបក្សប្រជាជនកម្ពុជា អាចទទួលបានសំឡេងគាំទ្រកាលពីការបោះឆ្នោតឆ្នាំ១៩៩៣មកនោះគឺ គុណសម្បត្តិនៃការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម អាច ជួយស្រោចស្រង់ជាតិទាំងមូល ក៏ដូចជាការនាំមកនូវរបបរាជានិយមវិញជាដើម ។
របបខ្មែរក្រហមគឺជារបបមួយដែលមិនឲ្យពលរដ្ឋមានទ្រព្យជាកម្មសិទ្ធិ ហើយសម្លាប់ពលរដ្ឋអស់ពី១៧០០០០០ ទៅ២២០០០០០នាក់ ដោយការបង្អត់អាហារ ការកាប់សម្លាប់ និងការធ្វើទារុណកម្មចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ ។
បើនិយាយពីរបបកាប់សម្លាប់នោះ ប្រហែលជាអ្នកដែលមានអាយុជាង៤០ឆ្នាំឡើងទៅបានដឹង ហើយគិតថាថ្ងៃ៧មករាអាចជាថ្ងៃកំណើតទី២របស់ពួកគេដែរ ដោយសារពួកគេរួចផុតពីរបបទាសភាពនៃការសម្លាប់រង្គាលនោះ ។ អ្នកដែលឆ្លងកាត់របបខ្មែរក្រហមហើយយល់ថា ថ្ងៃ៧មករាជាថ្ងៃកំណើតទី២ប្រហែលមួយជីវិតរបស់ពួកគេ ត្រូវប្រគល់សន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាជារៀងរហូតហើយ ។
តែចំណុចដែលគួរឲ្យគត់សម្គាល់គឺនៅក្នុងការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣កន្លងទៅនេះ គឺគណបក្សប្រជាជនកម្ពុជាបានបាត់បង់សំឡេងឆ្នោត ដែលនឹកស្មានមិនដល់គឺអស់២២អាសនៈ ថយចុះពី៩០អាសនៈនៅអាណត្តិទី៤ មកត្រឹម៦៨អាសនៈនៅអាណត្តិទី៥នេះ ។
មូលហេតុមួយចំនួន ដែលអាចនាំឲ្យពលរដ្ឋឲ្យតម្លៃទៅលើថ្ងៃ៧មករាមានការថយចុះនោះ អាចមកពីពួកគាត់ឲ្យតម្លៃលើព្រិត្តិការណ៍បច្ចុប្បន្ន ដែលកំពុងជះឥទ្ធិពលលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ដូចជា បញ្ហារំលោភដីធ្លី ការវាយដំលើអ្នកតវ៉ាស្វែងរកដំណោះស្រាយអ្វីមួយ ពលរដ្ឋអត់ការងារធ្វើចាកចេញពីប្រទេសជាង១លាននាក់ សេវាសាធារណៈខ្សោយ កសិផលផលិតបានមិនមានទីផ្សារ ឬលក់ក្នុងតម្លៃថោកជាដើម ។
របាយការណ៍របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ផ្សព្វផ្សាយក្រោយការបោះឆ្នោតអាណត្តិទី៥ថា មូលហេតុដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាបាត់បង់សំឡេងឆ្នោតនោះមានចំណុច៤ដែលពលរដ្ឋមិនពេញចិត្តគឺ អយុត្តិធម៌សង្គម អំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ និងកសិផលមិនមានទីផ្សារលក់ ។
បញ្ហាថ្មីៗដែលធ្វើឲ្យសំឡេងឆ្នោតគណបក្សប្រជាជនថយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹងដែរ ព្រោះនៅថ្ងៃបើកអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៅក្នុងអាណត្តិទី៥កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីដាក់ចេញផែនការធ្វើកំណែទម្រង់ស៊ីជម្រៅ ហើយលោកក៏បានស្តីបន្ទោសមន្ត្រីរបស់ខ្លួន ដែលបំពេញការងារមិនបានល្អ ធ្វើឲ្យប្រជាពលរដ្ឋដកសេចក្តីទុកចិត្ត ។
អត្ថបទវិភាគផ្សេងទៀត
ខណៈពលរដ្ឋមានវ័យចាស់ កាត់បន្ថយការឲ្យតម្លៃលើថ្ងៃ៧មករាដោយសារបញ្ហាផ្សេងៗកំពុងកើតមានក្នុងជីវភាពប្រចាំថ្ងៃនេះ បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក រស់ រ៉ាវុធ លើកឡើងថា យុវជនជំនាន់ថ្មីក៏មិនសូវឲ្យតម្លៃលើថ្ងៃ៧មករាដែរ ដោយសារពួកគេសិក្សាឃើញថា ថ្ងៃនោះជាថ្ងៃដែលវៀតណាមឈ្លានពាន ។ លោកបញ្ជាក់កថា «ឥទ្ធិពលនយោបាយភាគច្រើន ដែលកើតមាននៅកម្ពុជា សុទ្ធតែ នយោបាយបណ្តាលមកពីវៀតណាមទាំងអស់ អ៊ីចឹងហើយបានជាការអះអាងរបស់អ្នកស្រាវជ្រាវ ក៏ដូចជាការអះអាងរបស់យុវជនជំនាន់ក្រោយថា ជាការឈ្លានពានរបស់វៀតណាម និងមិនខុសទេ ។ អ៊ីចឹងវាមានន័យហូរហែរមកអ៊ីចឹងហើយបានជា ៧មករាហ្នឹង វាមានឥទ្ធិពលតែលើមនុស្សចាស់ ក្រុមក្មេងជំនាន់ក្រោយវាអត់ឥទ្ធិពលទេ» ។
រយៈពេល៣៦ឆ្នាំហើយ តែការបកស្រាយអត្ថន័យថ្ងៃ៧មករានៅតែខុសគ្នា គឺសម្រាប់អ្នកដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យតម្លៃថ្ងៃ៧មករាជាថ្ងៃខួបកំណើតទី២ ព្រោះរួចផុតពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ។ តែសម្រាប់ក្រុមដែលប្រឆាំងលើកឡើងថា ថ្ងៃ៧មករាជាថ្ងៃដែលវៀតណាមចូលឈ្លានពានកម្ពុជា និងដាក់គំនាបលើកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ។
អ្នកវិភាគបញ្ហាសង្គមលោក អ៊ូ វីរៈ លើកឡើងថា ថ្ងៃ៧មករាជាថ្ងៃរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ហើយជាថ្ងៃចាប់ផ្តើមវៀតណាមដាក់អាណានិគមដែរ ។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលស្វែងការជួយពីវៀតណាមនោះ ដំបូងឡើយជាអ្នកស្នេហាជាតិ តែក្រោយមកដោយសារការលោភលន់ ទើបនាំឲ្យពលរដ្ឋមិនពេញចិត្ត ។ លោកមានប្រសាសន៍ថា «ខ្ញុំមើលពួកគាត់មិនមែនជាមនុស្សអាក្រក់ទេ មិនមែនជាមនុស្សពុករលួយទេ មិនមែនជាមនុស្សឃោរឃៅទេ ។ កាលនោះពួកគាត់ជាមនុស្សស្នេហាជាតិដែរ ប៉ុន្តែដោយសារវីវក់នឹងអំណាច វីវក់នឹងទ្រព្យសម្បត្តិ វីវក់នឹងស្រីក្មេង វីវក់នឹងរឿងហេតុផ្សេងៗ នាំឲ្យពួកគាត់ភ្លេចគិតពីដើមហេតុ» ។
ក្រោយថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរមានជាង៥លាននាក់ តែបច្ចុប្បន្នប្រជាជនកើនដល់ប្រមាណ១៥លាននាក់ ។ ដូច្នេះចំនួនអ្នកដែលឆ្លងកាត់សម័យខ្មែរកាន់តែតិចទៅៗ ហើយចំនួនអ្នកដែលកើតមិនទាន់សម័យខ្មែរក្រហមកាន់តែច្រើនឡើងៗ ដូច្នេះបើគណបក្សប្រជាជនកម្ពុជានៅតែយកខ្លឹមសារ៧មករា ធ្វើជាគោលសំខាន់ក្នុងការស្វែងរកសន្លឹកឆ្នោតទៀតនោះ ប្រហែលជាមិនសូវមានប្រសិទ្ធភាពទៀតទេ ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
No comments:
Post a Comment