ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានថ្លែងកាលពីម្សិលមិញថា គណបក្សប្រឆាំងនឹងបន្ថយសម្តីរិះគន់ទៅលើគណបក្សប្រជាជនពីព្រោះថា គណបក្សទាំងពីរពេលនេះជាដៃគូសន្ទនា ហើយត្រូវតែគោរពគ្នាទៅវិញទៅមក ជាគូប្រជែង ប៉ុន្តែ«មិនមែនជាសត្រូវ» ទេ។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានអត្ថាធិប្បាយបែបនេះ តែប៉ុន្មានម៉ោងបន្ទាប់ពីជួបប្រជុំជាមួយនឹងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋសភា ដែលប្រធានក្រុមភាគច្រើននិងប្រធានក្រុមភាគតិចក្នុងរដ្ឋសភា ដែលទើបតែងតាំងថ្មី បានថ្លែងពីសារៈសំខាន់នៃការគោរពកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំមុន។
សម្តីរបស់លោក សម រង្ស៊ី បានធ្វើឡើងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់គណបក្សសង្គ្រោះជាតិ ជាពិសេសគឺលោក កឹម សុខា អនុប្រធាន ដែលបានបន្តរិះគន់មកលើរូបលោកផ្ទាល់ បើទោះជាកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំមុន បានសន្យាអនុវត្តវប្បធម៌នយោបាយថ្មីក៏ដោយ។
មួយថ្ងៃមុនពេលលោក ហ៊ុន សែន ថ្លែងសុន្ទរកថា លោក កឹម សុខា បានធ្វើការវាយប្រហារពាក្យសម្តីខ្លាំងៗមកលើលោកនាយករដ្ឋមន្រ្តី ក្នុងវេទិកាសាធារណៈ នៅរាជធានីភ្នំពេញ ដែលបណ្ដាលឲ្យ លោក ហ៊ុន សែន ឆ្លើ្លយតបវិញ។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃចន្ទសប្តាហ៍មុនថា៖ «ថ្ងៃនេះ ខ្ញុំវាយបកវិញ ហើយខ្ញុំសូមប្រាប់ឯកឧត្តម សម រង្ស៊ី វប្បធម៌សន្ទនា ឯកឧត្តម គ្មានប្រសិទ្ធភាពទេ។ យើងមិនចាំបាច់សន្ទនាទៀតទេ»។
ចាប់តាំងពីមានការថ្លែងព្រមានរបស់លោក ហ៊ុន សែន ដែលរួមបញ្ចូលនូវការអំពាវនាវឲ្យកាត់ទោសតំណាងរាស្រ្តគណបក្សប្រឆាំងទាំង ៧ រូប ឲ្យឆាប់រហ័សលើបទចោទបះបោរ គណបក្សសង្គ្រោះជាតិកាន់តែស្ងៀមស្ងាត់ ដោយលោក សម រង្ស៊ី បានថ្លែងជាច្រើនលើកថា លោកចង់កាត់បន្ថយភាពតានតឹង។
ក្នុងបទសម្ភាសមួយកាលពីម្សិលមិញ លោក សម រង្ស៊ី បានថ្លែងថា លោករីករាយ ដែល «វប្បធម៌នៃការលុបបំបាត់ត្រូវបានជំនួសដោយវប្បធម៌សន្ទនា» លោកក៏ទទួលស្គាល់ថា វាមានន័យថា គណបក្សប្រឆាំងត្រូវបន្ទន់សំឡេងរបស់ខ្លួនបន្ដិច។
លោកបញ្ជាក់ថា៖ «មានន័យថា យើងត្រូវគោរពគ្នាទៅវិញទៅមកជាដៃគូសន្ទនា។ យើងត្រូវគោរពគ្នាទៅវិញទៅមកទាំងសកម្មភាព និងទាំងសម្តី។ យើងមានវិធីជាច្រើនក្នុងការនិយាយ»។ «ហើយ យើងក៏ត្រូវទទួលយកការពិត ដែលយើងមិនមែនជាសត្រូវទេ។ យើងជាគូប្រជែងដែលប្រជែងដើម្បីអំណាច»។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានច្រានចោលនូវការលើកឡើងថា នេះមានន័យថា គណបក្សរបស់លោកលែងធ្វើការរិះគន់ខ្លាំងៗជាសាធារណៈលើគណបក្សប្រជាជនឬក៏ថា គណបក្សរបស់លោកចុះញ៉មចំពោះការថ្លែងគំរាមរបស់លោក ហ៊ុន សែន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា គណបក្សប្រឆាំងឥឡូវនេះនឹងព្យាយាមផ្តោតលើការបង្ហាញខ្លួនឯងជាជម្រើសផ្សេងជំនួសរដ្ឋាភិបាលបច្ចុប្បន្នក្នុងសុន្ទរកថា។
លោកថ្លែងថា៖ «វាអាចមានន័យថា យើងត្រូវផ្លាស់ប្តូរបន្តិចនូវពាក្យសម្តី ប៉ុន្តែ វាមិនផ្លាស់ប្តូរអ្វីទេ។ ការពិតយើងព្យាយាមសម្រេចគោលបំណងតែមួយ ដើម្បីកំណែទម្រង់ប្រទេស»។
គណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មតាមផ្លូវដែលបានស្រែករិះគន់កាលពីចុងឆ្នាំ ២០១៣ បន្ទាប់ពីអះអាងថា មានការបន្លំការបោះឆ្នោតជាតិ ដោយគណបក្សកាន់អំណាច។ ម្តងនោះ មានបាតុកររាប់ម៉ឺននាក់ បានចូលរួមក្នុងបាតុកម្មដឹកនាំដោយគណបក្សប្រឆាំង ដែលអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ពេលជាប់គាំងនយោបាយជិតមួយឆ្នាំ លោកនាយករដ្ឋមន្រ្តី ជាញឹកញាប់បានចាត់ទុកលោក កឹម សុខា ថា ជាជនក្បាលរឹង បើធៀបនឹងលោក សម រង្ស៊ី ហើយថែមទាំងបានចោទលោក កឹម សុខា ម្តងនោះថា បានធ្វើឲ្យកិច្ចព្រមព្រៀងទទួលបរាជ័យ។
លោក កឹម សុខា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិល ថាតើលោកពេញចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានគណបក្សសង្គ្រោះជាតិក្នុងការផ្លាស់ប្តូរពាក្យពេចន៍ខ្លួនឬយ៉ាងណា?
លោក ស ខេង ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីប្រជុំជាមួយនឹងលោក សម រង្ស៊ី ក្នុងន័យផ្សេង ដោយថ្លែងថា គណបក្សទាំងពីរឈរលើគោលការណ៍សហការគ្នាបម្រើពលរដ្ឋនិងលើកកម្ពស់វប្បធម៌សន្ទនា។
លោករដ្ឋមន្រ្តីបានលើកឡើងជាប្រយោលអំពីភាពតានតឹងថ្មីៗនេះ។ លោក ស ខេង បានបញ្ជាក់ថា៖ «យើងកំពុងពិនិត្យសកម្មភាពរបស់គណបក្សទាំងពីរ ហើយថា តើស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ឬក៏យ៉ាងណា?»។
មេដឹកនាំទាំងពីរនៃក្រុមភាគតិច និងភាគច្រើនក្នុងសភា នឹងជួបប្រជុំគ្នាជាផ្លូវការរៀងរាល់ ៣ ខែម្តង៕ TK
1 comment:
Even if Cpp abusing their power and killing their citizens-you're reducing to critizise their actions? It's sound like cover up to keep your position, am I right? Why don't you will not stop CRITIZISE as long Cpp Hanoi's thugs still abuses human rights and suppresses human rights? If Cpp didn't wants to be criticized they must stop abusing it power and it own citizens! Please DO NOT reduce your criticism on wrong doing whether its Cpp or Cnrp, in democracy we criticize all wrong doers!!!!
Post a Comment