ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី30 មករា 2015,
មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃសុក្រនេះ បានដាក់របៀបវារៈនៃការពិនិត្យមើលរបាយការណ៍ស្តីពីកំណែទម្រង់នៃការបោះឆ្នោតសម្រាប់សមាជិកបក្សក្នុងការពិភាក្សា និងធ្វើសេចក្តីសម្រេច។
ក្នុងការបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅរសៀលថ្ងៃសុក្រនេះ លោក ហេង សំរិន បានឡើងថ្លែងតាមសុន្ទរកថាគណបក្សប្រជាជនកម្ពុជាបានធ្លាក់សំឡេងគាំទ្រ២២អាសនៈ ហើយគណបក្សប្រឆាំងបានទទួលសំឡេងគាំទ្រទាំងនេះ រហូតបាន៥៥អាសនៈ ដែលកត្តានេះគណបក្សប្រជាជនកម្ពុជាត្រូវតែគិតពិចារណាឲ្យបានស៊ីជម្រៅ។ លោកបន្តថាបញ្ហាជាច្រើនដែលគណបក្សប្រជាជនកម្ពុជាត្រូវតែដោះស្រាយ ដែលក្នុងនោះមានកំណែទម្រង់ និងការកែប្រែកម្មវិធីនយោបាយរបស់គណបក្ស។
លោក ហេង សំរិន ថ្លែងឲ្យដឹងទៀតថាការកែទម្រង់ជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សនឹងធ្វើកំណែទម្រង់ឲ្យបានខ្លាំងខ្លា និងមានប្រសិទ្ធិភាព។ លោកបានបញ្ជាក់ថា«តាមស្មារតីនេះ អង្គមហាសន្និបាតរបស់យើងលើកនេះ មានប្រធានបទសំខាន់ គឺការកែទម្រង់ គឺជាអាយុជីវិត និងភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជាយើង»។
លោក ហេង សំរិន ថ្លែងបន្តថាក្នុងមហាសន្និបាតវិសាមញ្ញានេះ នឹងមានការបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន អនុម័តរបាយការណ៍ស្តីពីសភាពការណ៍នៅឆ្នាំ២០១៣-២០១៨ ដាក់ទិសដៅរបស់គណបក្សនៅរយៈពេលបន្ត និងស្តាប់របាយការណ៍ស្តីពីកំណែទម្រង់នៃការបោះឆ្នោត។
បន្ទាប់ពីការថ្លែងរបស់លោក ហេង សំរិន មហាសន្និបាតបានប្រកាសប្រជុំបិទទ្វា ដោយមិនឲ្យមានវត្តមានអ្នកសារព័ត៌មាន ។
គួររំឮកថា ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាលោកលែងខ្វល់នឹងច្បាប់បោះឆ្នោតដែលក្រុមការងាររបស់គណបក្សទាំងពីរកំពុងតែជួបពិភាក្សាគ្នា ដោយលោកថាចំណុចខ្វែងគំនិតគ្នាត្រូវដាក់ឲ្យសភា ដើម្បីអនុម័តមិនបាច់ឆ្លងថ្នាក់ដឹកនាំនោះទេ។ លោកបានប្រតិកម្មខ្លាំងៗ និងក្នុងន័យគំរាមដល់គណបក្សប្រឆាំងពីការកែទម្រង់ការបោះឆ្នោតថា«អាច្បាប់បោះឆ្នោត មិនបោះឆ្នោត អាណាធ្វើទាន់ មិនទាន់ក៏ហីទៅ។ បើលោកឯងដើរចេញពីការស្រុះស្រួលហើយ។ ពេលវេលានៅគគោក! នាំគ្នាទៅណាបាត់អស់ ត្រឡប់មកវិញ បង្ខំ»។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អះអាងថាលោកនឹងខិតខំធ្វើឲ្យដំណើរកែទម្រង់ការបោះឆ្នោត និងស្ថាប័នរដ្ឋផ្សេងៗ ឲ្យមានភាពរលូនឡើងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងថាលែងខ្វល់នឹងកំណែទម្រង់នេះទៀតហើយ។
ក្រុមការងាររបស់គណបក្សទាំងពីរបានផ្អាកការពិភាក្សាបន្តទៀតនៅសប្តាហ៍នេះ ដោយសារគណៈកម្មការខាងគណបក្សប្រជាជនកម្ពុជាជាប់រវល់ចុះមូលដ្ឋាន និងជាប់រវល់ធុរៈផ្ទាល់ខ្លួន។
រហូតមកដល់ពេលនេះ ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សទាំងពីរកំពុងខ្វែងគំនិតគ្នាលើចំណុចមួយចំនួននៃការកែទម្រង់ការបោះឆ្នោត ដូចជាចំនួនថ្ងៃឃោសនាបោះឆ្នោត ការកំណត់ឲ្យមិនមន្រ្តីរាជការ កងកម្លាំងចូលឃោសនាបោះឆ្នោត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដោយទុកឲ្យថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរជាអ្នកសម្រេច។ ក្រុមការងារកំពុងតែជួបចរចាគ្នាលើជំពូកទី៨នៃច្បាប់បោះឆ្នោត ដែលនិយាយពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបោះឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត និងការប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។
តាមគម្រោង ការពិភាក្សាពីកំណែទម្រង់ការបោះឆ្នោត នឹងត្រូវបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០១៥។
គេហទំព័ររបស់គណបក្សប្រជាជនកម្ពុជាបង្ហាញថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនឹងដំណើរ ការចាប់ពីរសៀលថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ក្នុងមហាសន្និបាតនេះនឹងមានការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលដែលជាយុវជន ជំនាន់ក្រោយមួយចំនួន បន្ថែមលើសមាជិកជាង២៦០នាក់ ដែលមានស្រាប់។ លោក ហេង សំរិន បញ្ជាក់ថាមហាសន្និបាតិវិសាមញ្ញនេះបានខកខានធ្វើ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ដោយសារគណបក្សប្រឆាំងបង្កភាពវឹកវរ និងចលាចលក្នុងសង្គម៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment